ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំកែទម្រង់ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត

ដោយ៖សូ សែនឬទ្ធា | 2 ម៉ោងមុន ព័ត៌មានទូទៅ 35
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំកែទម្រង់ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំកែទម្រង់ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការដឹកនាំកែទម្រង់ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (គ.ក.វ.ផ.ល.) បានអញ្ជើញដឹកនាំកិច្ចប្រជុំ គ.ក.វ.ផ.ល. ដើម្បីពិនិត្យវឌ្ឍនភាពការងារលើគម្រោងវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) នៃទីស្ដីការគណៈរដ្ឋមន្រ្តី និងកំណត់ទិសដៅការងារអនុវត្តបន្ត។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា កន្លងមក មានលិខិតបទដ្ឋានគតិយុត្តមួយចំនួន បានធ្វើឱ្យមានផលប៉ះពាល់ដល់ការធ្វើអាជីវកម្ម សេដ្ឋកិច្ច សង្គម និងប្រជាពលរដ្ឋ ដោយសារពុំបានធ្វើការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) ឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយជាមុន។ ក្នុងន័យនេះ RIA គឺជាឧបករណ៍ដ៏សំខាន់មួយ ដើម្បីធានាថាការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ប្រកបដោយគុណភាព មានភស្តុតាងគាំទ្រ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន តាមរយៈការបង្កើតវិធានចាំបាច់ និងការរៀបចំស្ថាបត្យកម្ម (Architecture) នៃប្រព័ន្ធការងារ ព្រមទាំងការបង្កើតក្រុមការងារដែលមានសមត្ថភាព ដើម្បីដឹកនាំ និងសម្របសម្រួលការងារនេះប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តថា កន្លងមកការអនុវត្ត RIA នៅមានលក្ខណៈរាយប៉ាយ និងមិនទាន់មានក្របខ័ណ្ឌការងារច្បាស់លាស់នៅឡើយ។ ដូចនេះ យើងចាំបាច់ត្រូវពិនិត្យឡើងវិញ ដោយត្រូវរៀបចំប្រព័ន្ធគ្រប់គ្រងការងារ RIA ឱ្យមានលក្ខណៈជាយុទ្ធសាស្ត្រ និងមានក្របខ័ណ្ឌច្បាស់លាស់ ព្រមទាំងបញ្ចូល RIA ជាផ្នែកមួយនៃដំណើរការរៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង ស្ថាប័ន។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានសង្កត់ធ្ងន់ថា ច្បាប់ដែលតឹងរ៉ឹងពេកអាចនឹងក្លាយជាឧបសគ្គដល់ការអភិវឌ្ឍ និងសេរីភាពបុគ្គល។ ក៏ប៉ុន្តែកង្វះខាតនៃច្បាប់សម្រាប់ប្រទេសជាតិមួយ នឹងអាចនាំទៅរកភាពអនាធិបតេយ្យវិញ។ ដូចនេះ ត្រូវរក្សាតុល្យភាពរវាងការគ្រប់គ្រងរបស់រដ្ឋ (Visible Hand) និងយន្តការទីផ្សារ (Invisible Hand) ដោយប្រើប្រាស់ RIA ជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការវាយតម្លៃផលប៉ះពាល់ និងគាំទ្រការសម្រេចចិត្ត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តល់នូវការណែនាំតម្រង់ទិសមួយចំនួន ដើម្បីការកែទម្រង់ RIA នេះ ឱ្យមានសន្ទុះលឿនទៅមុខទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីជាគុណប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមជាតិ ពិសេសវិនិយោគ អាជីវកម្ម និងជីវភាពរស់នៅរបស់ប្រជាជន ដូចជា៖ ការរៀបចំអង្គភាពគ្រប់គ្រងគម្រោង (PMU), ការបង្កើតក្រុមការងារពិសេស (Task Force) ចំនួន ២ និងការរៀបចំផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពការងារ និងគម្រោងផែនការថវិកា សម្រាប់អនុវត្តកម្មវិធី RIA ព្រមទាំងការបង្កើតយន្តការដឹកនាំ និងសម្របសម្រួលបន្ថែម ដើម្បីតាមដាន ត្រួតពិនិត្យ និងជំរុញការរៀបចំនិងការអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាព និងសមិទ្ធកម្ម។

x

អត្ថបទទាក់ទង