ខ្មែរប៉ុស្ដិ៍ Close

អ្នករាយការណ៍ពិសេសUN វាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលក្នុងការជួយសង្គ្រោះនិងគាំទ្រជនភៀសសឹកដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ

ដោយ៖សូ សែនឬទ្ធា | 2 ម៉ោងមុន ព័ត៌មានទូទៅ 38
អ្នករាយការណ៍ពិសេសUN វាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលក្នុងការជួយសង្គ្រោះនិងគាំទ្រជនភៀសសឹកដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ អ្នករាយការណ៍ពិសេសUN វាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលក្នុងការជួយសង្គ្រោះនិងគាំទ្រជនភៀសសឹកដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ

ក្នុងឱកាសជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោក Thomas Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុក ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងបើកចំហនិងប្រកបដោយការយោគយល់គ្នា។

ក្នុងឱកាសជំនួបនោះ លោក Thomas Andrews បានជម្រាបជូនសម្តេចធិបតីថា ក្នុងដំណើរបំពេញបេសកកម្មការងារនេះ លោកបានជួបពិភាក្សាការងារជាមួយឥស្សរជនជាន់ខ្ពស់, តំណាងក្រសួងស្ថាប័ន, អង្គការសង្គមស៊ីវិលនិងបានបំពេញទស្សនកិច្ចនៅជំរុំជនភៀសសឹកដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។ លោក Thomas Andrews បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការជួយសង្គ្រោះ និងគាំទ្រជនភៀសសឹកដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។ បន្ថែមលើនេះ, លោកក៏បានកោតសរសើរចំពោះកម្ពុជាដែលបានទទួលយកលិខិតូបករណ៍ពាក់ព័ន្ធនឹងសិទ្ធិមនុស្សចំនួន៨លើ៩ ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្តនិងត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយកម្ពុជា ក្នុងស្មារតីស្ថាបនា ដោយផ្អែកលើច្បាប់ជាតិ និងអន្តរជាតិ។

ជាការឆ្លើយតប, សម្តេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះលោក Thomas Andrews ដែលទទួលបានការតែងតាំងជាអ្នករាយការណ៍ពិសេសបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ហើយសម្តេចធិបតី បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិសេរីភាពជាមូលដ្ឋាន ដោយផ្អែកលើច្បាប់ជាតិនិងលិខិតូបករណ៍អន្តរជាតិនានា ជាពិសេសការលើកកម្ពស់សិទ្ធិទទួលបានសេវាថែទាំសុខភាពនិងការអប់រំជាដើម។

ទន្ទឹមនឹងនោះ, សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការប្រើប្រាស់សិទ្ធិនិងសេរីភាព ត្រូវធ្វើឡើងប្រកបដោយការទទួលខុសត្រូវនិងស្របតាមដែនកំណត់នៃច្បាប់។ ទោះជាប្រទេសតូច ឬធំក្តី ការអនុវត្តច្បាប់ និងការលើកកម្ពស់សិទ្ធិមនុស្ស គឺត្រូវស្ថិតនៅក្រោមច្បាប់ ហើយប្រទេសនីមួយៗសុទ្ធតែមានលក្ខណៈពិសេសផ្សេងៗពីគ្នា។ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យអ្នករាយការណ៍ពិសេស បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនិងលើកទឹកចិត្តឱ្យការសរសេររបាយការណ៍ដោយផ្អែកលើព័ត៌មានគ្រប់ជ្រុងជ្រោយនិងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់សំដៅរួមចំណែកដល់ការអនុវត្តនិងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជាឱ្យកាន់តែល្អប្រសើរថែមទៀត។

មុននឹងបញ្ចប់, សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានជម្រាបជូនលោក Thomas Andrews អំពីការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃ៕

អត្ថបទទាក់ទង