ការឈ្លានពានកម្ពុជា៖ តើថៃបាត់បង់កិត្តិយសអ្វីខ្លះនៅលើវេទិកាសភាប្រើភាសាបារាំង?
ក្នុងទំនាក់ទំនងអន្តរជាតិ កម្លាំងយោធាអាចផ្លាស់ប្តូរស្ថានការណ៍នៅលើដីជាក់ស្តែងបាន ប៉ុន្តែមិនអាចកំណត់ថាអ្នកណាត្រឹមត្រូវនៅចំពោះមុខសហគមន៍អន្តរជាតិបានទេ អ្វីដែលកំណត់ភាពស្របច្បាប់របស់ប្រទេសមួយបាន គឺការគោរពច្បាប់អន្តរជាតិ ការគោរពអធិបតេយ្យភាពរបស់ប្រទេសដទៃ និងសមត្ថភាពរក្សាកិត្តិយសរបស់ប្រទេសខ្លួននៅលើវេទិការអន្តរជាតិ។
សេចក្តីសម្រេចដែលសភាប្រើភាសាបារាំង APF អនុម័តនៅទីក្រុងយ៉ាអ៊ូនដេ ប្រទេសកាមេរ៉ូន កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ បានបង្ហាញឱ្យឃើញថា ជម្លោះព្រំដែនកម្ពុជា–ថៃ លែងជាបញ្ហាទ្វេភាគីទៀតហើយ ប៉ុន្តែនេះបានក្លាយជាបញ្ហាដែលទាក់ទាញការយកចិត្តទុកដាក់ខ្ពស់ពីសហគមន៍អន្តរជាតិ។
អ្វីដែលគួរឱ្យកត់សម្គាល់ជាងនេះ គឺAPFមិនត្រឹមតែសម្តែងការព្រួយបារម្ភចំពោះការបាត់បង់ជីវិតនិងការប៉ះទង្គិចតាមព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែបានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ លើសពីនេះ ក៏បានរំលឹកឡើងវិញអំពីសារៈសំខាន់នៃសាលក្រមតុលាការយុត្តិធម៌អន្តរជាតិ និងគោលការណ៍ច្បាប់អន្តរជាតិ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ដោះស្រាយវិវាទដោយសន្តិវិធីផងដែរ។
សេចក្តីសម្រេចនេះក៏បានកត់សម្គាល់អំពីសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងយោធា ការរៀបចំពិធីសាសនា និងការបែងចែកដីធ្លីនៅក្នុងទឹកដីកម្ពុជារបស់ភាគីថៃដែលជាតំបន់វិវាទថែមទៀតផង។ ក្នុងនោះ ទោះបីមិនបានបញ្ចេញឈ្មោះប្រទេសណាដោយផ្ទាល់ក៏ដោយ ក៏ខ្លឹមសារនៃសេចក្តីសម្រេចនោះបានបង្ហាញថា សហគមន៍អន្តរជាតិកំពុងតាមដានយ៉ាងដិតដល់នូវសកម្មភាពដែលអាចបង្កើត “អង្គហេតុថ្មី” នៅក្នុងតំបន់ជម្លោះកម្ពុជា-ថៃផងដែរ។
ចំណុចនេះភាគីថៃគួរពិចារណាឲ្យបានស៊ីជម្រៅជាងនេះ ព្រោះនៅក្នុងយុគសម័យឌីជីថល បច្ចេកវិទ្យាព័ត៌មាន បណ្តាញសង្គមបានផ្លាស់ប្តូររបៀបដែលពិភពលោកគិតនិងតាមដានព្រឹត្តិការណ៍ព័ត៌មានអន្តរជាតិ។ ពេលនេះព័ត៌មានត្រូវបានផ្សព្វផ្សាយយ៉ាងឆាប់រហ័ស ហើយប្រជាពលរដ្ឋស្ទើរតែគ្រប់រូបអាចដើរតួនាទីជាអ្នករាយការណ៍ព័ត៌មាន និងជាអ្នកបញ្ចេញទស្សនៈបាន។ ក្នុងបរិបទបែបនេះ ការយល់ដឹងនិងការគោរពច្បាប់អន្តរជាតិ បានក្លាយជាកត្តាសំខាន់ជាងពេលណាៗទាំងអស់។
ហេតុនេះ កិត្តិយសរបស់ប្រទេសមួយលើឆាកអន្តរជាតិ មិនត្រូវបានវាស់វែងតាមទំហំកងទ័ព ឬសមត្ថភាពប្រើប្រាស់កម្លាំងយោធានោះទេ ប៉ុន្តែត្រូវបានវាស់វែងតាមកម្រិតនៃការគោរពច្បាប់អន្តរជាតិ ការគោរពអធិបតេយ្យភាពរបស់ប្រទេសដទៃ និងសមត្ថភាពក្នុងការរក្សាភាពជឿជាក់របស់ខ្លួននៅចំពោះមុខសហគមន៍អន្តរជាតិ។ រាល់សេចក្តីសម្រេចដែលបង្ហាញការព្រួយបារម្ភចំពោះសកម្មភាពណាមួយជាឯកតោភាគី អាចប៉ះពាល់ដល់រូបភាព និងភាពជឿទុកចិត្តរបស់ប្រទេសនោះក្នុងរយៈពេលវែងបាន។
សម្រាប់កម្ពុជា សេចក្តីសម្រេចនេះបានបង្ហាញថា យុទ្ធសាស្ត្រផ្អែកលើការទូត និងច្បាប់អន្តរជាតិកំពុងទទួលបានការឆ្លើយតបជាវិជ្ជមានពីវេទិកាពហុភាគីហើយ។ ការគាំទ្រឲ្យគោរពអធិបតេយ្យភាព ការជំរុញឲ្យអនុវត្តយន្តការគណៈកម្មការចម្រុះព្រំដែន (JBC) និងការអំពាវនាវឲ្យដោះស្រាយវិវាទដោយសន្តិវិធី សុទ្ធតែស្របនឹងជំហរដែលកម្ពុជាចង់បាននិងប្រកាន់ខ្ជាប់ជានិច្ចក្នុងពេលកន្លងមករហូតមកដល់បច្ចុប្បន្ន។
ប៉ុន្តែអ្វីដែលមានន័យជាងនេះ គឺការប្រកួតប្រជែងដើម្បីរក្សាកិត្តិយសជាតិ។ នៅក្នុងទំនាក់ទំនងអន្តរជាតិ កិត្តិយសជាតិមិនមែនកើតចេញពីការអះអាងរបស់ខ្លួនឯងទេ ប៉ុន្តែតែត្រូវកើតចេញពីការទទួលស្គាល់របស់អ្នកដទៃ។ នៅពេលវេទិកាអន្តរជាតិមួយអំពាវនាវឲ្យគោរពអធិបតេយ្យភាពរបស់កម្ពុជា បញ្ឈប់សកម្មភាពឯកតោភាគី និងដោះស្រាយវិវាទតាមច្បាប់អន្តរជាតិ នោះហើយជាសម្ពាធខាងកិត្តិយសដែលបានជះត្រឡប់ទៅរកភាគីដែលកំពុងត្រូវបានគេមើលឃើញថា ជាអ្នកបានបង្កើនភាពតានតឹង។
ដូច្នេះ សេចក្តីសម្រេចចិត្តរបស់ APF មិនបានផ្លាស់ប្តូរព្រំដែន ឬដោះស្រាយបញ្ហាបានភ្លាមៗទេ ប៉ុន្តែវាបានផ្លាស់ប្តូរបរិយាកាសនយោបាយ និងការទូតជុំវិញបញ្ហាវិវាទនេះផងដែរ។ ពេលនេះកម្ពុជាទទួលបានការគាំទ្របន្ថែមលើគោលការណ៍អធិបតេយ្យភាព និងច្បាប់អន្តរជាតិ ខណៈថៃកំពុងត្រូវប្រឈមនឹងសំណួរមួយដែលមិនអាចមើលរំលងបានថា តើខ្លួននឹងរក្សាកិត្តិយស និងភាពជឿជាក់នៅលើវេទិកាអន្តរជាតិបានដោយរបៀបណា? ប្រសិនបើសហគមន៍អន្តរជាតិកាន់តែអំពាវនាវឲ្យបញ្ឈប់សកម្មភាពដែលអាចបង្កើនភាពតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងតម្រូវឲ្យគោរពកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានចុះហត្ថលេខានិងច្បាប់អន្តរជាតិឲ្យបានពេញលេញនោះ៕
ដោយ៖ ពិន វិជ័យ




