ខ្មែរប៉ុស្ដិ៍ Close

ការកែទម្រង់វិស័យ SMEs៖ ជំហានយុទ្ធសាស្ត្រជំរុញសេដ្ឋកិច្ច និងការពារផលប្រយោជន៍ប្រជាពលរដ្ឋ

ដោយ៖សូ សែនឬទ្ធា | ថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ ទស្សនៈ - នយោបាយ 444
ការកែទម្រង់វិស័យ SMEs៖ ជំហានយុទ្ធសាស្ត្រជំរុញសេដ្ឋកិច្ច និងការពារផលប្រយោជន៍ប្រជាពលរដ្ឋ ការកែទម្រង់វិស័យ SMEs៖ ជំហានយុទ្ធសាស្ត្រជំរុញសេដ្ឋកិច្ច និងការពារផលប្រយោជន៍ប្រជាពលរដ្ឋ

សហគ្រាសធុនតូច និងមធ្យម (SMEs) ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជា «ឆ្អឹងខ្នង» នៃសេដ្ឋកិច្ចជាតិ ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ។ ទោះជាយ៉ាងណា សក្ដានុពលនៃវិស័យនេះមិនអាចអភិវឌ្ឍបានពេញលេញឡើយ ប្រសិនបើនីតិវិធីរដ្ឋបាល ជាពិសេសការចុះបញ្ជីអាជីវកម្ម នៅតែមានភាពស្មុគស្មាញ និងចំណាយពេលយូរ។ ហេតុនេះ ការកែទម្រង់ និងសម្រួលនីតិវិធីចុះបញ្ជីឱ្យកាន់តែសាមញ្ញ ឆាប់រហ័ស និងមានប្រសិទ្ធភាព គឺជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់អាជីវកម្មក្នុងស្រុក អាចចាប់ផ្តើមប្រតិបត្តិការដោយទំនុកចិត្ត ពង្រីកការវិនិយោគ និងរួមចំណែកកាន់តែច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

​           ចំណុចលេចធ្លោបំផុតនៃការកែទម្រង់លើកនេះ គឺការដាក់ចេញនូវបទបញ្ជាយ៉ាងច្បាស់លាស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធកំណត់ពេលវេលាជាក់លាក់សម្រាប់ការពិនិត្យ និងផ្តល់ការអនុញ្ញាតចំពោះផលិតផលដែលមានហានិភ័យទាប និងមិនប៉ះពាល់ផ្ទាល់ដល់សុខភាពមនុស្ស។ បន្ទាប់ពីការពិនិត្យ និងសម្រួលនីតិវិធីយ៉ាងហ្មត់ចត់ រយៈពេលចេញលិខិតអនុញ្ញាតឱ្យចរាចរផលិតផលប្រភេទនេះ ត្រូវបានកាត់បន្ថយមកនៅត្រឹម ៦ ថ្ងៃប៉ុណ្ណោះ។ ការពន្លឿននីតិវិធីនេះ មិនត្រឹមតែជួយកាត់បន្ថយពេលវេលា និងថ្លៃដើមប្រតិបត្តិការរបស់អាជីវករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលក្នុងស្រុក ឱ្យអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារបានឆាប់រហ័ស និងមានប្រសិទ្ធភាពជាងមុន ដែលជាកត្តាជំរុញដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ។

ទន្ទឹមនឹងការជំរុញល្បឿនសម្រាប់ផលិតផលទូទៅ រាជរដ្ឋាភិបាលក៏មិនមើលរំលងនូវសុវត្ថិភាពរបស់​អ្នកប្រើប្រាស់នោះដែរ។ ចំពោះផលិតផលដែលមានហានិភ័យមធ្យម និងខ្ពស់ ជាពិសេសប្រភេទសាប៊ូ ឬផលិតផលដែលប៉ះពាល់ផ្ទាល់ដល់រាងកាយ ដំណើរការនៃការធ្វើតេស្តលក្ខណៈមីក្រូជីវសាស្ត្រ រូបវន្ត និងគីមី រួមទាំងការពិនិត្យវត្ថុធាតុដើមនៅតែត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់។ អ្វីដែលជាចំណុចពិសេសនៃ​វិធានការថ្មីនេះ គឺទោះបីជាត្រូវធ្វើតេស្តត្រួតពិនិត្យល្អិតល្អន់យ៉ាងណាក៏ដោយ ក៏ការកំណត់កាលបរិច្ឆេទនៃ​ការបញ្ចប់ការធ្វើតេស្តត្រូវបានកំណត់យ៉ាងច្បាស់លាស់ ដើម្បីធានាថាដំណើរការពិនិត្យមិនក្លាយជារបាំង​រាំង​ស្ទះនៃការធ្វើអាជីវកម្មឡើយ។

ការអនុវត្តគម្រោងសាកល្បង (Pilot Project) ទៅលើសិប្បកម្មខ្នាតតូចដែលរៀបចំដោយក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ គឺជាសាក្សីបង្ហាញពីការយកចិត្តទុកដាក់ និងការរៀប​ចំ​យន្ត​ការ​យ៉ាងល្អិតល្អន់។ ការសាកល្បងនេះមានគោលបំណងស្វែងរកតុល្យភាពរវាង «ល្បឿននៃការចូល​ទី​ផ្សារ» និង «គុណភាពសុវត្ថិភាព​ផលិតផល»។ តាមរយៈការប្រជុំពិភាក្សា និងការកែសម្រួលយន្តការ​អនុវត្តជាក់ស្តែងជា​និរន្តរ៍ រដ្ឋាភិបាលកំពុងបង្កើត​បរិយាកាសអំណោយផល​មួយដែលជួយឱ្យម្ចាស់សិប្បកម្មក្នុ​ងស្រុក​អាចពង្រីកសក្ដានុពលរបស់ខ្លួន និងឆ្លើយតបបានយ៉ាងពេញលេញចំពោះតម្រូវការប្រើប្រាស់របស់​ប្រជាពលរដ្ឋ។ ចំណុចរបត់ដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងនេះ កើតចេញពីឆន្ទៈនយោបាយ និងការប្តេជ្ញា​ចិត្តខ្ពស់​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការសម្លឹងឃើញយ៉ាងច្បាស់នូវបញ្ហា​ប្រឈម និងភាពស្មុគស្មាញដែលម្ចាស់សហគ្រាសជួបប្រទះនាពេលកន្លងមក បានក្លាយជាកម្លាំងចល​ករ​ជំរុញឱ្យមានការកែ​ទម្រង់ជារចនាសម្ព័ន្ធ។ ការដឹកនាំដោយផ្ទាល់​របស់​ប្រមុខរាជរដ្ឋាភិបាលបានឆ្លុះបញ្ចាំង​ពី​ទស្សនវិស័យច្បាស់លាស់ក្នុងការផ្លាស់ប្តូរស្ថាប័នរដ្ឋឱ្យក្លាយជា «ដៃគូសម្របសម្រួល» ជាជាងការ​ធ្វើ​ជា «របាំងរារាំង» ដល់ការលូតលាស់នៃអាជីវកម្មក្នុងស្រុក។

ទន្ទឹមនឹងនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ ដើម្បីលុបបំបាត់ភាពស្មុគស្មាញ និងការជាន់គ្នានៃនីតិវិធីរដ្ឋបាល ដោយតម្រូវឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់សម្របសម្រួលការងារជាប្រព័ន្ធ និងជាធ្លុងមួយ។ ជាលទ្ធផល សហគ្រិនលែងចាំបាច់ត្រូវរត់បំពេញនីតិវិធី ឬដាក់ពាក្យស្នើសុំការអនុញ្ញាតនៅតាមក្រសួង និងស្ថាប័នជាច្រើនដូចកន្លងមកទៀតឡើយ។
ជាមួយគ្នានេះ ការសម្រួលនីតិវិធីត្រូវបានអនុវត្តស្របគ្នានឹងការពង្រឹងកិច្ចការពារផលប្រយោជន៍ស្របច្បាប់របស់អាជីវករ។ រាជរដ្ឋាភិបាលបានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្ក្រាបផលិតផលក្លែងក្លាយ និងទប់ស្កាត់ការប្រកួតប្រជែងមិនស្មើភាព ដើម្បីធានាឱ្យសហគ្រាសដែលប្រកបអាជីវកម្មដោយស្របច្បាប់ទទួលបានការការពារ និងអាចប្រកួតប្រជែងដោយយុត្តិធម៌នៅលើទីផ្សារ។
ទិដ្ឋភាពដ៏លេចធ្លោមួយទៀតនៃការកែទម្រង់នេះ គឺការធ្វើបរិវត្តកម្មឌីជីថល និងការបង្កើតប្រព័ន្ធចុះ​បញ្ជី​តាមច្រកចេញចូលតែមួយ។ ការកំណត់មិនឱ្យម្ចាស់សហគ្រាសកាន់ឯកសាររត់ដើរពីស្ថាប័នមួយទៅ​ស្ថាប័នមួយ ប៉ុន្តែជំនួសមកវិញនូវការរៀបចំប្រព័ន្ធបច្ចេកវិទ្យាដែលអនុញ្ញាតឱ្យឯកសារ «រត់» ទៅគ្រប់ក្រសួង​ពាក់ព័ន្ធដោយស្វ័យប្រវត្តិ គឺជាចំណុច​វិជ្ជមាន​ដ៏ធំធេងនៃ​អភិបាល​កិច្ច​រដ្ឋបាល។ បច្ចេកវិទ្យានេះមិនត្រឹម​តែបង្កើនភាពងាយស្រួល និងតម្លាភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយអំពើពុករលួយ និងចំណាយ​មិនផ្លូវការផ្សេងៗទៀតផង។

ជាការសន្និដ្ឋាន ការកែទម្រង់នីតិវិធីចុះបញ្ជីសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) មិនមែនគ្រាន់តែជាការសម្រួលនីតិវិធីរដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែជាកំណែទម្រង់យុទ្ធសាស្ត្រដែលមានសារៈសំខាន់ក្នុងការពង្រឹងបរិយាកាសធុរកិច្ច និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ការរួមបញ្ចូលគ្នារវាងការសម្រួលនីតិវិធី ការប្រើប្រាស់ប្រព័ន្ធឌីជីថល និងការធានាស្តង់ដារសុវត្ថិភាព និងគុណភាពផលិតផល គឺជាមូលដ្ឋាគ្រឹះនៃប្រព័ន្ធអាជីវកម្មដែលមានប្រសិទ្ធភាព តម្លាភាព និងភាពប្រកួតប្រជែង។នៅពេលដែលសហគ្រិនអាចចាប់ផ្តើមអាជីវកម្ម និងនាំផលិតផលរបស់ខ្លួនចូលទីផ្សារបានកាន់តែលឿន ដោយចំណាយពេល និងថ្លៃដើមតិចជាងមុន ព្រមទាំងទទួលបានការគាំទ្រពីរដ្ឋ នោះមិនត្រឹមតែបង្កើនឱកាសសម្រាប់អាជីវកម្មក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការបង្កើតការងារ បង្កើនប្រាក់ចំណូល និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែង។ ដូច្នេះ ការកែទម្រង់នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកសេដ្ឋកិច្ចដែលមានភាពរឹងមាំ បរិយាបន្ន និងចីរភាព ដែលផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋ អាជីវកម្ម និងប្រទេសជាតិទាំងមូល៕

ដោយៈ ឌី វីរៈ