ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា ចូលរួមរំលែកទុក្ខជាមួយ រដ្ឋាភិបាលជប៉ុន ចំពោះមហន្តរាយគ្រោះទឹកជំនន់ដែលកំពុងកើតមាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨ ឯកសារ 11
កម្ពុជា ចូលរួមរំលែកទុក្ខជាមួយ រដ្ឋាភិបាលជប៉ុន ចំពោះមហន្តរាយគ្រោះទឹកជំនន់ដែលកំពុងកើតមាន កម្ពុជា ចូលរួមរំលែកទុក្ខជាមួយ រដ្ឋាភិបាលជប៉ុន ចំពោះមហន្តរាយគ្រោះទឹកជំនន់ដែលកំពុងកើតមាន

ភ្នំពេញ៖ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅទី១០ ខែកក្កដា ឆ្នាំ២០១៨ បានផ្ញើលិខិត១ច្បាប់ជូន នាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe ដើម្បីចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ចំពោះករណីគ្រោះទឹកជំនន់ ដែលបណ្តាលឱ្យពលរដ្ឋជប៉ុន ស្លាប់កើនដល់១៧៩នាក់ បាត់ខ្លួនជាង៥០នាក់ និងរងរបួសជាច្រើននាក់។

ក្នុងសារលិខិតលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មានអារម្មណ៍សោកសៅជាពន់ពេក នៅពេលបានទទួលពត៌មានអំពីការបាត់បង់ជីវិត មនុស្សជាច្រើនក្នុងគ្រោះទឹកជំនន់ និងបាក់ដីដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបានបង្កការខូចខាត យ៉ាងធ្ងន់ធ្ងរនៅប៉ែកខាងត្បូង និងខាងលិច ប្រទេសជប៉ុន តាំងពីចុងសប្តាហ៍មុន»។

លោកនាយករដ្ឋមន្រ្ដីបានបន្តថា៖ «តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវការចូលរួមមរណទុក្ខដ៏ក្រៀម ក្រំបំផុតចំពោះឯកឧត្តម និងប្រជាជនជប៉ុន ពិសេសគ្រួសារនៃសព ក្នុងគ្រាទុក្ខសោកដោយការ បាត់បង់ដ៏ធំធេងនេះ។ ខ្ញុំសូមឯកឧត្តមទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ និង មនោសញ្ចេតនាសាមគី្គភាព ដ៏ជ្រាលជ្រៅបំផុតរបស់ខ្ញុំ»។

សូមបញ្ជាក់ថា អាជ្ញាធជប៉ុន​បានអះអាង​នៅថ្ងៃពុធនេះថា ចំនួនមនុស្ស​​ស្លាប់ដោយសារ​បំណាក់ដី និងគ្រោះ​ទឹកជំនន់ ដែលបង្កឡើង​ដោយភ្លៀងធ្លាក់​​យ៉ាងគំហុក នៅតាមតំបន់​ភាគខាងលិច​ប្រទេសជប៉ុន​បានកើនដល់ ១៧៩នាក់ហើយ រីឯមនុស្ស​បាត់​ខ្លួន ៥៦​នាក់ ទៀតត្រូវបាន​គេជឿជាក់​ថា ជាប់ក្រោម​ល្បាប់ភក់ និងគំនរអគារ-លំនៅឋាន ដែលបាក់បែក។ នេះបើតាម​​ការចេញផ្សាយ​ដោយ​ទូរទស្សន៍ជប៉ុន NHK​ នៅព្រឹក​ថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨។

រដ្ឋាភិបាល​ជប៉ុន​បានបញ្ជូនប៉ូលិស​ ក្រុមអ្នកពន្លត់អគ្គិភ័យ និងកងទ័ពរាប់ម៉ឺននាក់ រួមទាំងឧទ្ធម្ភាគចក្រជិតមួយពាន់គ្រឿងគ្រឿង ឱ្យទៅចូលរួមក្នុងប្រតិបត្តិការរុករក និងជួយសង្រ្គោះ​នៅតាម​តំបន់រងគ្រោះធ្ងន់ខ្លាំង ដូចជាខេត្តហ៊ីរ៉ូស៊ីម៉ា អូកាយ៉ាម៉ា, អ៊ីហ៊ីមី, ក្យូតូ, យ៉ាម៉ាហ្គូជី, ហ្វូគូកា,ខាហ្គូស៊ីម៉ា, ក្យូហ្គោ, ស្ស៊ីហ្គា, ជីហ្វូ,កូជី, និងសាហ្គា។

ខេត្តហ៊ីរ៉ូស៊ីម៉ា គឺជាតំបន់រងគ្រោះធ្ងន់ធ្ងរជាងគេដោយ​មានមនុស្ស ៦០នាក់បានស្លាប់។ ចំណែកឯ​ថវិកាជំនួយបន្ទាន់ ១៨លានដុល្លារអាមេរិក ក៏ត្រូវបានរៀបចំរួចរាល់ផងដែរ​ដើម្បី​សង្គ្រោះស្ថានការណ៍ក្រោយទឹកជំនន់ ខណៈការខូចខាតគ្រាន់តែ​ទៅលើ​ប្រព័ន្ធផ្គត់ផ្គង់វិស័យកសិកម្មនោះ គឺស្ថិតនៅក្នុងទំហំ​ទឹកប្រាក់ ៦៣លានដុល្លារអាមេរិកទៅហើយ។

គួរបញ្ជាក់ថា ការបំផិ្លចបំផ្លាញដោយគ្រោះធម្មជាតិ​ដ៏អាក្រក់នេះមានសភាពធ្ងន់ធ្ងរ ស្របពេលផ្ទះ ១១,២០០ខ្នង គ្មានអគ្គីសនី ប្រើប្រាស់ និង៣០០,០០០ខ្នង​ទៀតគ្មានទឹកស្អាតប្រើប្រាស់នៅក្នុងខេត្តចំនួន១២។ មួយវិញទៀត បើតាមអ្នកនាំពាក្យរដ្ឋាភិបាល ជប៉ុន លោកយ៉ូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) ដោយសារតែគ្រោះធម្មជាតិនេះ លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បានលុបចោលដំណើរ​ទស្សនកិច្ចទៅ​កាន់ប្រទេសប៊ែលហ្សិក បារាំង អារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប ដែលដំបូងឡើយគ្រោងនឹងធ្វើ ឡើងនៅថ្ងៃពុធនេះ៕

អត្ថបទទាក់ទង