ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច៖ ប្រសិនបើថៃពិតជាមិនបានប្រើច្បាប់ព្រៃទេ ត្រូវហ៊ានឡើងតុលាការយុត្តិធម៌អន្តរជាតិ(ICJ)ជាមួយកម្ពុជា

ដោយ៖Sreyleak | ថ្ងៃចន្ទ ទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 276
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច៖ ប្រសិនបើថៃពិតជាមិនបានប្រើច្បាប់ព្រៃទេ ត្រូវហ៊ានឡើងតុលាការយុត្តិធម៌អន្តរជាតិ(ICJ)ជាមួយកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច៖ ប្រសិនបើថៃពិតជាមិនបានប្រើច្បាប់ព្រៃទេ ត្រូវហ៊ានឡើងតុលាការយុត្តិធម៌អន្តរជាតិ(ICJ)ជាមួយកម្ពុជា

ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចប្រជុំស្ថាប័នបណ្ឌិត្យសភាលើកទី១២ រវាងរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត្យសភាឡាវ និងបណ្ឌិត្យសភាវៀតណាម ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរយៈពេល២ថ្ងៃនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា ប្រទេសថៃ ជាសមាជិកមួយរបស់អាស៊ាន ហើយក៏ជាប្រទេសមួយដែលហ៊ានដុតកម្ទេចធម្មនុញ្ញរបស់អាស៊ាន ពីព្រោះថៃបានឈ្លានពានទឹកដីកម្ពុជាដោយខុសច្បាប់។ ដូច្នេះ ប្រសិនបើថៃ ពិតជាមិនបានប្រើច្បាប់ព្រៃឈ្លានពានកម្ពុជាទេ គឺត្រូវហ៊ានឡើងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជាមួយកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត សុខ ទូច ក៏បានលើកឡើងពីកត្តាមួយចំនួនដែលប្រទេសថៃ មិនអាចរំលោភបំពានលើដែនអធិបតេយ្យភាពរបស់កម្ពុជា បានពីព្រោះទីតាំងប្រាង្គប្រាសាទដែលថៃ កំពុងតែឈ្លានពានដើម្បីយកាន់កាប់ដោយខុសច្បាប់ គឺមានអាយុមុនប្រទេសថៃ បានកកើតជារដ្ឋទៅទៀត។ ដូច្នេះ គ្រាន់តែប្រាង្គប្រាសាទទាំង៣ ដែលកងទ័ពថៃកំពុងប៉ុនប៉ងកាន់កាប់នេះអាចសបញ្ជាក់ថា តើនរណាជាម្ចាស់ទឹកដីពិតប្រាកដទៅហើយ។ ប្រទេសថៃ មិនអាចបង្វែរ និងលុបប្រវត្តិសាស្ត្រពិតបាននោះទេ។

ការចេញមកបញ្ជាក់បែបនេះរបស់ឯកឧត្តមបណ្ឌិត សុខ ទូច បានធ្វើឡើងបន្ទាប់ពីប្រទេសថៃ បានប្រើប្រាស់កងទ័ព ព្រមទាំងយន្តហោះចម្បាំងស៊េរីទំនើបៗ និងសព្វាវុធយោធាធន់ធ្ងន់ បើកការវាយប្រហារ ឈ្លានពានមកលើទឹកដីកម្ពុជា ទាំងកម្រោល រហូតធ្វើឱ្យជនស៉ីវិល និងកងទ័ពខ្មែរជាច្រើននាក់បានស្លាប់។ បន្ថែមពីនេះ កងទ័ពថៃ បានបើកការវាយប្រហារបំផ្លិចបំផ្លាញលើទីតាំងស៊ីវិល វត្តអារាម សាលារៀន មណ្ឌលសុខភាព លំនៅឋានរបស់ប្រជាពលរដ្ឋខ្មែរ ដីស្រែ ចម្ការពលរដ្ឋស្លូតត្រង់កម្ពុជា ជាច្រើនត្រូវបានរងគ្រោះដោយសារគ្រាប់ទម្លាក់ពីយន្តហោះច្បាំង F-16 និង Gripen ដែលបណ្តាលឱ្យជនស៉ីវិលកម្ពុជា ជាង២២ម៉ឺននាក់ ភៀសសឹកចោលផ្ទះសម្បែងរស់នៅដោយភាពភ័យខ្លាច ដោយសារទម្ងន់គ្រាប់បែករបស់កងទ័ពថៃ។

បន្ថែមពីនេះ អ្វីដែលគួរឱ្យហួសចិត្ត និងមិនដែលនឹកស្មានដល់នោះបន្ទាប់ពីបទឈប់បាញ់រវាងកងទ័ពទាំងពីរបានចូលជាធរមាន កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃប្រើប្រាស់ល្បិចដ៏ខ្មៅកខ្វក់ ចាប់ខ្លួនកងទ័ពកម្ពុជា ២០រូបដោយខុសច្បាប់ ព្រមទាំងបានធ្វើសកម្មភាពបំពានបទឈប់បាញ់ ដោយបានលួចមកដេញប្រជាពលរដ្ឋខ្មែរស្លូតត្រង់ចេញពីលំនៅឋានដោយខុសច្បាប់ និងបានព័ទ្ធបន្លាលួសយកទឹកដីកម្ពុជា ទាំងគឃ្លើន មិនទុកធម្មនុញ្ញអាស៊ាន និងច្បាប់អន្តរជាតិក្នុងក្រសែភ្នែកឡើយ៕