កីឡាករ ៥ រូបដែលគេរំពឹងថាអាចជំនួស Ronaldo នៅ Real Madrid
ប៉ុន្មានថ្ងៃនេះព័ត៌មានចុះផ្សាយពីរឿង Cristiano Ronaldo អាចចាកចេញទៅ Juventus កំពុងកក្រើកមែនទែន។ ចុងក្រោយព័ត៌មានច្បាស់ការមួយលើកឡើង Real Madrid កំពុងពិចារណាសំណើរបស់ Juvetus ១០០លានអឺរ៉ូ សម្រាប់ Ronaldo។
ទាក់ទិននឹងបញ្ហានេះ មានសំនួរចោរឡើងថា តើនរណានឹងមកជំនួសកីឡាករសញ្ជាតិព័រទុយហ្គាល់ ប្រសិនជាគេចេញពី Santiago Bernabe? ខាងក្រោមជាកីឡាករលំដាប់៥រូបដែលគេគិតថាមានភាគរយខ្ពស់អាចជំនួសកន្លែងកីឡាករវ័យ៣៣ឆ្នាំ៖
១. Kylian Mbappe
យុវជនកំពុងរះរបស់បារាំងនេះកំពុងបង្ហាញសមត្ថភាពលេចធ្លោខ្លាំងនៅ World Cup ឆ្នាំនេះ។ Madrid បានប្រមាញ់ Mbappe ២ឆ្នាំហើយ។ តែបញ្ហាចុងក្រោយនោះគឺ PSG ហ៊ានឲ្យតម្លៃខ្លួនMbappe ទៅកាន់ Monaco ដល់២១០លានដុល្លារកាលពីឆ្នាំមុន ក្នុងការនាំយកមកទីក្រុងប៉ារីស។ បច្ចុប្បន្នម្ចាស់អាវលេខ១០នៅជម្រើសបារាំងបានក្លាយជាកីឡាករពេញសិទ្ធិរបស់ PSG ហើយ ក្រោយនៅក្រោមឈ្មោះខ្ចីជើង១រដូវកាល។
២. Eden Hazard
កីឡាករវ័យ២៧ឆ្នាំកំពុងដឹកនាំនាវាបែលហ្ស៊ិកបានល្អមែនទែននៅ WC។ Real បានដាក់ការចាប់អារម្មណ៍លើគេយូរឆ្នាំហើយដែរ។ កុងត្រារបស់ Hazard ជាមួយតោខៀវនឹងបញ្ចប់នៅឆ្នាំ២០២០ ខណៈចុងក្រោយគេបានបដិសេធពង្រីកកុងត្រាថ្មី។
៣. Neymar
អ្នកគាំទ្រក្លឹបម្ចាស់ពាន Champions League ១២សម័យជាច្រើន ពិតជាចង់ឃើញ Neymar មករួមរស់ជាមួយក្រុម។ ក្នុងរដូវក្ដៅនេះកាសែតមួយចំនួនធំចុះថា សុបិន្ដនេះគួរតែក្លាយជាការពិត។ តែរបាំងរាំងមុខនោះ តើ PSG ព្រមឲ្យកីឡាករសំខាន់គេចេញឬអត់? ស្របពេលពួកគេចំណាយដល់២៦០លានដុល្លារទិញ Neymar ពី Barcelona និងទើបចំណាយពេលលេងបាន១រដូវកាល។
៤. Paulo Dybala
កីឡាកររបស់ Juventus រូបនេះជាតារាលេចធ្លោខ្លាំងនៅក្របខណ្ឌកំពូលនៅអ៊ីតាលី Serie A ។ ចំពោះបច្ចេកទេសលេងនិងប្រជាប្រិយភាព Madrid អាចគិតគូរបាន។ តែកុងត្រារបស់គេជាមួយក្លឹបរហស្សនាមសេះបង្កង់នៅសល់ដល់ឆ្នាំ២០២០ ហើយឆ្នាំក្រោយមិត្តរួមក្រុមថ្មីរបស់គេគឺ Ronaldo។ ដូច្នេះជាឱកាសគេបន្តនៅជាមួយ Juventus ចាប់ដៃគូជាមួយ Ronaldo សាងភាពល្បីល្បាញ។
៥. Gareth Bale
Real Madrid មានក្រុមកីឡាករល្អៗច្រើន ហេតុអ្វីមិនប្រើប្រាស់ពួកគេ?។ ប្រធានក្លឹបលោក Florentino Pérez ចង់ឲ្យ Bale ដើរតួជាកីឡាករសំខាន់នៅរដូវកាលក្រោយ។ ច្រើនរដូវកាលកន្លងទៅ កីឡាកររបស់វែលរូបនេះគឺជាតួរងប៉ុណ្ណោះ បន្ទាប់ពី Ronaldo។ ដូច្នេះបើ Real ប្រើប្រាស់ធនធានដែលមានស្រាប’ក៏ជារឿងល្អ៕