ដំណឺង Ronaldo ផ្លាស់ទៅ Juventus កាន់តែច្បាស់ឡើងៗ
អតីតនាយកប្រតិបត្តិក្លឹប Juventus លោក Luciano Moggi ថា ខ្សែប្រយុទ្ធ Cristiano Ronaldo បានចុះកុងត្រាជាមួយក្លឹបហើយ។
លោក Moggi បានថ្លែងប្រាប់បណ្ដាញទូរទស្សន៍អ៊ីតាលី Tele7Gold ថា៖ “បើតាមគំនិតខ្ញុំ Ronaldo បានចុះកុងត្រាជាមួយ Juventus ហើយ និងបានធ្វើការពិនិត្យសុខភាពបានយ៉ាងជោគជ័យហើយនៅទីក្រុង Munich។ នេះបើតាមអ្វីដែលខ្ញុំបានដឹង បន្ទាប់ពីបាននិយាយជាមួយមនុស្សសំខាន់ៗមួយចំនួន”។
ការថ្លែងរបស់អតីតនាយកប្រតិបត្តិក្លឹប Juventus ធ្វើឡើងបន្ទាប់ពីមួយរយៈចុងក្រោយនេះ មានរបាយការណ៍ជាច្រើនចុះផ្សាយថា Juventus កំពុងតាមទិញ Ronaldo ពី Real Madrid។ បើសេចក្ដីរាយការណ៍ចុងក្រោយ ក្លឹបយក្សអ៊ីតាលីបានព្រមឲ្យថ្លៃ ១០០ លានអឺរ៉ូ (ជាង ១១៦ លានដុល្លារសហរដ្ឋអាមេរិក)។ កាលពីខែមករាឆ្នាំនេះ Ronaldo ធ្លាប់បាននិយាយថា បើសិនជាក្លឹប Real Madrid ព្រមដាក់តម្លៃខ្លួនត្រឹម ១០០ លានអឺរ៉ូ មានន័យថា ក្លឹបឈប់ “ស្រលាញ់” ខ្លួនទៀតហើយ។
Ronaldo បានចូលរួមជាមួយ Real Madrid កាលពីឆ្នាំ ២០០៩។ ក្នុងរយៈពេលជាង ៩ ឆ្នាំ នៅក្លឹប កីឡាករស៊ុតចូលសរុប ៤៥០ គ្រាប់ ក្នុងការបង្ហាញខ្លួន ៤៣៨ ប្រកួត ហើយបានជួយក្លឹបឲ្យឈ្នះពានធំៗជាច្រើន៕