ការបង្ហាញខ្លួន iPhone ស៊េរីថ្មីឆ្នាំ ២០១៨ នឹងធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល
អ្នកវិភាគ Ming Chi Kuo បានចេញរបាយការណ៍ថ្មីចុងក្រោយមួយ ដែលមាននិយាយពីចំណុចផ្លាស់ប្ដូរថ្មីៗមួយចំនួនមានលើ iPhone ដែលចេញនៅឆ្នាំ ២០១៨ នេះ។
ក្នុងរបាយការណ៍បានបង្ហាញក្ដីរំពឹងថា iPhone ដែលប្រើប្រាស់អេក្រង់ OLED នឹងមានជម្រើសពណ៌ខ្មៅ, ពណ៌ស និង ពណ៌មាសដែលជាពណ៌ថ្មី។ ចំណែក iPhone ប្រើប្រាស់អេក្រង់ LCD វិញទំនងជានឹងមានជម្រើសពណ៌ប្រផេះ, ស, ខៀវ, ក្រហម និង ពណ៌ទឹកក្រូចទៀតផង។
ជម្រើពណ៌ដ៏ច្រើននៅលើ iPhone ប្រើអេក្រង់ LCD នេះ ធ្វើឲ្យគេនឹកភ្នកទៅដល់សម័យកាល iPhone 5c ដោយ iPhone 5c ជាស្មាតហ្វូនមានតម្លៃធូរថ្លៃ និងមានជម្រើសពណ៌ឆើតៗជាច្រើន។ លោក Ming Chi Kuo ក៏បានបង្ហាញការជឿជាក់ថាចំនួនលក់ iPhone ស៊េរីថ្មីនឹងមានការកើនឡើងលើសឆ្នាំមុន ដោយអាចលក់បានដល់ ៧០ លានគ្រឿង នៅត្រីមាសទី ៤ ឆ្នាំ ២០១៨៕