ខ្មែរប៉ុស្ដិ៍ Close

ដឹងទេថា រូបភ្នំដែលបាត់ក្មេង១៣នាក់នោះកាលពីមុនក៏ធ្លាប់មានមនុស្សបាត់ខ្លួនដែរ

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 36

កាលពីពេលថ្មីៗនេះមានព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលមែនទែន ដោយក្មេង​ៗ​សិស្ស​សាលា​មួយ​ក្រុម​មានគ្នា ១៣នាក់​រួម​ជាមួយ​គ្រូ​បង្វឹក​ម្នាក់ បាន​បាត់​ខ្លួន​ក្នុង​រូងភ្នំ Tham Laung ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​សៅរ៍។ ទោះជាយ៉ាងណាក៏ដោយ នេះ​មិន​មែន​ជា​លើក​ទី ១​ទេ​ដែល​មាន​មនុស្ស​បាត់​ខ្លួន​ក្នុង​រូង​ភ្នំ​នេះ ដោយ​កាល​ពី​ឆ្នាំ ២០១៦​ក៏​ធ្លាប់​មាន​បុរស​ម្នាក់​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​ផង​ដែរ។ យោង​តាម​កាសែត Sanook ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី ១២ សីហា ឆ្នាំ២០១៦ បុរស​ជា​អ្នក​ទេស​ចរ​ម្នាក់​ឈ្មោះ Sutirod Polyutasat បាន​ផ្ញើ​កង់​របស់​ខ្លួន​ជាមួយ​អ្នក​លក់​ដូរ​ក្នុង​តំបន់ ដោយ​ប្រាប់​ថា​លោក​ចង់​រក​រូង​ភ្នំ​ដើម្បី​សមាធិ ២-៣​ថ្ងៃ។

រយៈ​ពេល ៧​ថ្ងៃ​ក្រោយ​មក បុរស​រូប​នេះ​មិន​បាន​ចេញ​មក​វិញ​ទេ​ទើប​ធ្វើ​ឲ្យ​អាជ្ញាធរ​នាំ​គ្នា​ស្វែង​រក​ប៉ុន្តែ​មិន​អាច​រក​ឃើញ​សូម្បី​តែ​ដាន​របស់​គេ​នោះ​ទេ។ ជិត ៣​ខែ​ក្រោយ​មក​ទៀត រហូត​ដល់​ចុង​ខែ​តុលា បុរស​រូប​នេះ​បាន​លេច​មុខ​នៅ​រីសត​មួយ​ក្បែរ​នោះ ដោយ​បាន​សុំ​បន្ទប់​ស្នាក់​នៅ​ប៉ុន្តែ​ប្រាប់​ថា​លោក​គ្មាន​លុយ​នោះ​ទេ។

ក្រោយ​​មក​ទៀត លោក Sutirod បាន​ពន្យល់​ប្រាប់​ប៉ូលិស​ថា “លោក​មិន​អាច​ចេញ​ពី​រូង​ភ្នំ​មក​វិញ​បាន​ដោយ​សារ​តែ​មាន​ទឹក​លិច​ខ្លាំង ប៉ុន្តែ​លោក​មាន​អាហារ​គ្រប់​គ្រាន់​សម្រាប់​ញ៉ាំ​នៅ​ក្នុង​នោះ។” លោក​បញ្ជាក់​ទៀត​ថា លោក​ហាក់​ដូច​ជា​វង្វេង​វង្វាន់​ហើយ​មិន​ដឹង​ខ្លួន​នោះទេ។

ទោះ​យ៉ាង​ណា​ក៏​ដោយ គ្មាន​នរណា​ម្នាក់​អាច​បញ្ជាក់​ថា​ការ​អះ​អាង​របស់​បុរស​រូប​នេះ​ជា​ការ​ពិត ឬ​យ៉ាង​ណា​នោះ​ទេ។ ប៉ុន្តែ​ប្រជាជន​ក្នុង​ខេត្ត​ឈៀងរ៉ៃ មិន​បដិសេធ​​រឿង​នេះ​ទេ​ ដោយសារ​ពួកគេ​ជឿ​ថា​មាន​បារមី​ស័ក្ដិសិទ្ធិនៅ​ក្នុង​រូង​ភ្នំ​នេះ។ ហេតុ​ដូច​នេះ​ហើយ​បាន​ជា​ប្រជាជន​ថៃ​ភាគ​ច្រើន​តែ​និយាយថា “បើមិនជឿ សូមកុំប្រមាថ” ៕