សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធអនុវត្តអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដើម្បីសម្រេចជោគជ័យយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ២០២៤»
នៅក្នុងពិធីបើកជាផ្លូវការ ពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ត្រូវបន្តសហការឱ្យបានជិតស្និទ្ធស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដើម្បីចូលរួមអនុវត្តវិធានការ និងគោលនយោបាយនានាសំដៅសម្រេចបាននូវគោលដៅនៃយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ២០២៤»។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់តាមដងទន្លេ ពិសេសបណ្តាខេត្តជុំវិញទន្លេមេគង្គ និងបឹងទន្លេសាបលើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ ការតភ្ជាប់ និងការដឹកជញ្ជូន។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តសៀមរាប សិក្សារៀបចំឱ្យមានតំបន់ខ្សែក្រវ៉ាត់បៃតងនៅជុំវិញក្រុងសៀមរាបដើម្បីធានាការផ្គត់ផ្គង់កសិផល បន្លែ ផ្លែឈើ ត្រី សាច់ សម្រាប់បំពេញតម្រូវការទីផ្សារប្រចាំថ្ងៃនិងផ្គត់ផ្គង់ដល់វិស័យទេសចរណ៍ ជាពិសេសបង្កើតជាផលិតផលកសិ-ទេសចរណ៍ ដើម្បីបង្កើនសក្ដានុពលទេសចរណ៍កម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តសៀមរាប សហការគ្នាសិក្សា និងគិតគូររៀបចំតំបន់ឧទ្យានជាតិភ្នំគូលែនឱ្យក្លាយជាគោលដៅទេសចរណ៍វប្បធម៌ធម្មជាតិ ផ្សងព្រេង និងសាសនា ប្រកបដោយភាពទាក់ទាញខ្ពស់ដើម្បីបង្កើនពិពិធកម្មផលិតផលទេសចរណ៍កម្ពុជា។
លើសពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ រៀបចំយុទ្ធសាស្ត្រជំរុញឱ្យ មានការជួបជុំ ដូចជា កិច្ចប្រជុំ វិបស្សនា កម្មវិធីកីឡា និងកម្មវិធីនានានៅខេត្តសៀមរាប ដើម្បីគាំទ្រដល់យុទ្ធនាការទស្សនាសៀមរាបឆ្នាំ២០២៤ ឱ្យសម្រេចបានជោគជ័យផងដែរ៕