ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ស្នូលធំបំផុតនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺអភិបាលកិច្ច

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 148

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្នូលធំបំផុតនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺអភិបាលកិច្ច ដែលមានន័យថា «រៀបចំផ្ទះខ្លួនយើងអោយស្អាត មុនចេញទៅមើលផ្ទះគេ រៀបចំផ្ទះយើងអោយស្អាតទើបមានផាសុកភាពល្អ ទើបយើងអាចធ្វើការងារបម្រើប្រជាជនបានល្អ»។ សម្ដេចថា ទស្សនៈនេះត្រូវតែធ្វើបន្ត ហើយកិច្ចការពីមួយអាណត្តិទៅមួយអាណត្តិ គឺយើងបានធ្វើជាបន្តបន្ទាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការប្តូរឈ្មោះមកជា «ក្រសួងអធិការកិច្ច» គឺបញ្ជាក់ពីឆន្ទៈរបស់រាជរដ្ឋាភិបាលនៅក្នុងការសម្រួចភារកិច្ចរបស់ក្រសួងអធិការកិច្ច ដើម្បីដើរតួនាទីកាន់តែសកម្ម ក្នុងការធ្វើជាសេនាធិការអោយរាជរដ្ឋាភិបាលក្នុងការពង្រឹងកិច្ចការអភិបាលកិច្ចនេះ។

នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ ២០២៤ របស់ក្រសួងអធិការកិច្ច» នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកែទម្រង់អធិការកិច្ច និងស្ថាប័នរបស់ជាតិគឺជាកិច្ចការសំខាន់ ការងារតាមដានត្រួតពិនិត្យគឺជាគោលការណ៍ស្នូលសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលគោលការណ៍ស្នូលគឺការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័ន្ថរដ្ឋអោយក្លាយទៅជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ៕

អត្ថបទទាក់ទង