រថយន្តដឹកកម្មករសំណង់បុរីគុជអាស៊ី ក្រឡាប់ធ្លាក់ចូលឆ្នេរសមុទ្រ រងរបួសធ្ងន់ស្រាល២១នាក់
ខេត្តព្រះសីហនុ៖ រថយន្តដឹកកម្មរមួយគ្រឿងបើកបរក្នុងល្បឿន លុះមកដល់ផ្លូវចំណោទ ជាន់ហ្វ្រាំងមិនស៊ី ក៏ជ្រុលចង្កូតឡើងលើសួនច្បារ ក្រឡាប់ចូលទៅឆ្នេរសមុទ្រ បណ្តាលឱ្យកម្មករសំណង់ ២១នាក់ (ស្រី១០នាក់) រងរបួស។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦៖៣០នាទីព្រឹក ទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ នៅលើផ្លូវ២ធ្នូ ត្រង់ចំណុចកន្ទុយនាគ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តដឹកកម្មករសំណង់១គ្រឿងម៉ាក KIA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2V-2043 បើកបរដោយឈ្មោះ ទូច ណារាង ភេទប្រុស អាយុ៣៥ឆ្នាំ មុបានបើកបរក្នុងទិសដៅពីចុងអារីស្តុន ឆ្ពោះមកសណ្ឋាគារសុខា លុះដល់ចំណុចខាងលើស្ថានភាពផ្លូវកោងចុះចំណោទ រថយន្តមានល្បឿនលឿន ជាន់ហ្រ្វាំងមិនស៊ី ក៍ជ្រុលចង្កូតឡើងលើសួនច្បារ បណ្តាលឱ្យក្រឡាប់ ចូលទៅឆ្នេរសមុទ្រតែម្តង បណ្ដាលឲ្យកម្មករសំណង់ទាំង២១នាក់ ក្នុងនោះមានមនុស្សស្រីចំនួន១០នាក់ផងដែររងរបួសធ្ងន់ស្រាល។ ភ្លាមៗនោះត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅព្យាបាលនៅគ្លីនិកចាក់អង្រែ និងគ្លីនិកសេតេ ខេត្តព្រះសីហនុ។ ជនរងគ្រោះទាំងអស់ស្នាក់នៅក្នុងអារីស្តុន ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។
ក្រោយពេលកើតហេតុ រថយន្តបង្កត្រូវបានត្រូវបានកម្លាំងជំនាញយកមករក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ខេត្តព្រះសីហនុ៕