រថយន្តធុនយក្សយីឌុប ដាច់ហ្រ្វាំងបុករះ រថយន្ត និងម៉ូតូ៤គ្រឿង, កិនស្លាប់ម្នាក់ និងរបួសម្នាក់នៅខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងបង្កដោយរថយន្តធុនយក្សយីឌុប បានដាច់ហ្រ្វាំងបុករះ រថយន្ត២គ្រឿង និងម៉ូតូ២គ្រឿង ហើយជ្រុលទៅកិនស្រ្តីម្នាក់ស្លាប់ និងបុរសម្នាក់រងរបួស នៅវេលាម៉ោង១០៖៣០ព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុច ផ្លូវជាតិលេខ៣កែង និងផ្លូវ៣០ម៉ែត្រ ក្នុងភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ឌុក ស្រីលីន ភេទស្រី អាយុ៤៥ឆ្នាំ (ស្លាប់កន្លែងកើតហេតុ) មានមុខរបរលក់ដូរ បច្ចុប្បន្នស្នាក់នៅភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកកូនទា ពណ៌ឈាមជ្រូកអត់ស្លាកលេខ។
មន្ដ្រីនគរបាល បានបន្ដទៀតថា ចំណែកជនរងគ្រោះ ម្នាក់ទៀត ឈ្មោះ ជីម ប៊ុនហេង ភេទប្រុស អាយុ៤៥ឆ្នាំ (របួសស្រាល) ស្នាក់នៅភូមិគោកមាស សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកគុបពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 1AL-8665 ក្រោយកើតហេតុ ត្រូវបានបង-ប្អូន បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។
មន្ដ្រីដដែលបានបន្ថែមទៀតថា រថយន្តស្ទួចម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-8622 (មិនស្គាល់ឈ្មោះអ្នកបើកបរ) និងរថយន្ដបាឡែនពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2X-3272 (ស្គាល់ឈ្មោះអ្នកបើកបរ) និងរថយន្តបង្កម៉ាកហ៊ីណូ ពណ៌ខៀវ ពាក់ស្លាកលេខតាកែវ 3A-1033 អ្នកបើកបរ ឈ្មោះ សៅ សុភី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោយកើតហេតុ ត្រូវបាននគរបាលចរាចរណ៍ឃាត់ខ្លួន។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំណើរឿងនៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កបានបើកបរ ពីទិសខាងកើត តាមបណ្ដោយផ្លូវ៣០ម៉ែត ក្នុងល្បឿនលឿន ឡើងមកកាន់ ផ្លូវជាតិលេខ៣ លុះពេលមកដល់កន្លែងកើតហេតុ រថយន្តបង្កក៏បានដាច់ហ្វ្រាំងជ្រុលបុករះ រថយន្តចំនួន២គ្រឿង និងម៉ូតូ២គ្រឿង និងបានកិនស្រី្តម្នាក់ស្លាប់ នៅនិងកន្លែងកើតហេតុ និងបុរសម្នាក់រងរបួស។
បច្ចុប្បន្ន សពត្រូវបានប្រគល់ ឲ្យទៅក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត៣គ្រឿង និងម៉ូតូ២គ្រឿង ត្រូវបាននគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វវេង និងយកទៅរក្សាទុក នៅស្នងការដ្ឋានរាជធានីភ្នំពេញ រងចាំការដោះស្រាយ នាពេលក្រោយ៕
ប្រភព៖ FreshNews