ខ្មែរប៉ុស្ដិ៍ Close

សន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២២-២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៣-២០២៤

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 25

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំសិក្សា២០២២-២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៣-២០២៤ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ ឤជ្ញាធរដែនដី តំណាងសហគមន៍ ដៃគូអភិវឌ្ឍ និងស្ថាប័នពាក់ព័ន្ធ សរុបជាង ២៥០នាក់។

សន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាខេត្ត ដែលបានប្រព្រឹត្តទៅអស់រយៈពេល២ថ្ងៃនេះ គឺជាការចាប់ផ្តើមដ៏ល្អមួយក្នុងឆ្នាំសិក្សានៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាពទី១ ឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្ស ឱ្យមានចំណេះដឹង និងសមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន។

ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត បុគ្គលិកអប់រំគ្រប់ជាន់ថ្នាក់ មាតាបិតា សហគមន៍ ឤជ្ញាធរដែនដី ដៃគូអភិវឌ្ឍ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការ និងផ្តល់ការឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា និងបច្ចេកទេស ក្នុងការអភិវឌ្ឍវិស័យអប់រំនៅខេត្តបន្ទាយមានជ័យ ឱ្យមានការរីកចម្រើនស្របតាមតួនាទីភារកិច្ចរៀងៗខ្លួន ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានរំលេចនូវចំណុចសំខាន់ៗមួយចំនួនជូនអង្គសន្និបាតមានដូចជា៖

– វិធានការគន្លឹះទាំង៤ របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី
– ស្តង់ដាសាលារៀនគំរូ និងយន្តការអនុវត្តសាលារៀនគំរូ
– ក្របខណ្ឌនៃការធ្វើកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការក្នុងវិស័យអប់រំ យុវជន និងកីឡា
– ការរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស (PISA) ឆ្នាំ២០២២ របស់កម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងជម្រាបជូនអង្គសន្និបាតអំពីវិធានការគន្លឹះចំនួន៤ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា រួមមាន៖

១).ការពង្រឹងអភិបាលកិច្ចសាលារៀន
២).ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីល ធម៌ និងឥរិយាបថរបស់សិស្ស
៣).ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈ កម្មវិធី អាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន
៤). ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុង ការអប់រំស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។

បន្ថែមពីនេះទៀត ក្រសួងអប់រំ យុវជន និងកីឡា បានពិនិត្យឡើងវិញលើស្តង់ដាសាលារៀន ដែលបានដាក់ចេញនាពេលកន្លងមក ដោយបញ្ជ្រាបចំណុចគន្លឹះទាំង៤ខាងលើទៅក្នុង “ស្តង់ដាសាលារៀន គំរូ” ចំនួន ៥ សម្រាប់មត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា រួមមាន៖

− ស្តង់ដាទី១ ផ្តោតលើលទ្ធផលសិក្សារបស់សិស្ស
− ស្តង់ដាទី២ ផ្តោតលើការបង្រៀននិងរៀន
− ស្តង់ដាទី៣ ផ្តោតលើការចូលរួមរបស់សហគមន៍
− ស្តង់ដាទី៤ ផ្តោតលើដំណើរប្រតិបត្តិការនិងរដ្ឋបាលសាលារៀន
− ស្តង់ដាទី៥ ផ្តោតលើគណនេយ្យភាពរបស់សាលារៀន។

ក្រៅពីនេះទៀត ក្រសួងបានបង្កើតក្រុមការងារវាយតម្លៃសាលារៀន ដើម្បីចុះវាយតម្លៃសាលារៀន ដោយប្រើប្រាស់ស្តង់ដា និងសូចនាករដែលបានរៀបចំក្នុងគោលដៅផ្តល់ការគាំទ្រ និងការចុះជួយនៅតាមសាលារៀនគោលដៅដែលមិនសម្រេចបានតាមស្តង់ដា និងរៀបចំផ្តល់ការលើកទឹកចិត្ត ចំពោះសាលារៀនដែលសម្រេចបានតាមស្តង់ដា។

ក្រសួងអប់រំ យុវជន និងកីទ្បា នឹងអនុវត្តគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ឱ្យបានជោគជ័យប្រកបដោយផ្លែផ្កា ក្នុងរយៈពេលពីរឆ្នាំខាងមុខ ដោយត្រូវប្រែក្លាយគ្រឹះស្ថានសិក្សាយ៉ាងហោចណាស់ចំនួន ៥០០សាលា ទៅ ១០០០សាលា ឱ្យក្លាយទៅជាសាលារៀនគំរូ ដោយចាប់ផ្តើមពីការរៀបចំសាលារៀនគំរូ សម្រាប់ប្រកាសនៅក្នុងសន្និបាតអប់រំ ដែលគ្រោងនឹងប្រារព្ធធ្វើឡើងនាខែមេសា ឆ្នាំ២០២៤ ខាងមុខ ឱ្យបានពី ៥០សាលា ទៅ ១០០សាលា៕

អត្ថបទទាក់ទង