ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ទស្សនៈ - នយោបាយ 61
ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

នៅរសៀលថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៖

  1. សម្តេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះសមទ្ធិផលការងារ ដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រេចបាននៅឆ្នាំ២០២៣ កន្លងទៅ និង សូមសម្តែងនូវការគោរពដឹងគុណចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនីតិកាលទី៦ ដោយមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដែលបានណែនាំ និង តម្រង់ទិសដល់ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នាពេលកន្លងមក ក៏ដូចជា សម្ដេចក្រឡាហោម ស ខេង និង ឯកឧត្ដមនាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន រួមជាមួយនឹងថ្នាក់ដឹកនាំដទៃទៀត ក្នុងការដឹកនាំអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ៨ ឆ្នាំ ២០២៣ ទទួលបាន លទ្ធផលគួរជាទីមោទនៈ។
  2. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឆ្នាំ២០២៤ ជាការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ (២០១៧-២០២៣), កងកម្លាំងអនុវត្តច្បាប់បានបើកប្រតិបត្តិការបង្ក្រាបបទល្មើស គ្រឿងញៀនសរុបចំនួន ៥៥ ៣០៥ ករណី ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ១២០ ៣០៧ នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ប្រមាណ ២៧ ៦៤១ គីឡូក្រាម និង សារធាតុ គីមីផ្សំប្រមាណ ៥២០ ០០៥ គីឡូក្រាម, រួមទាំងមធ្យោបាយ សម្ភារៈ និង វត្ថុតាងជាច្រើនទៀត។
  3. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រូវពន្លឿនរាល់នីតិវិធីចាត់ចែងវត្ថុតាង និងទ្រព្យសម្បត្តិពាក់ព័ន្ធគ្រឿងញៀន, និងលើកកម្ពស់សកម្មភាពប្រតិបត្តិការទប់ស្កាត់ និង បង្ក្រាបបទល្មើសគ្រឿងញៀនដែលនាំចូលពីក្រៅប្រទេស។
  4. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាជ្ញាធរមានសមត្ថកិច្ចតាមព្រំដែន ជាពិសេស ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ និង អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ត្រូវពង្រឹងការទប់ស្កាត់ និងបង្ក្រាបករណីនាំចូល គ្រឿងញៀនតាមព្រំដែន (ផ្លូវគោក, ទឹក, អាកាស និង បញ្ញើប្រៃសណីយ៍) ជាពិសេស មកពីតំបន់ត្រីកោណមាស។
  5. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវសហការជាមួយ ដៃគូអន្តរជាតិក្នុងការផ្លាស់ប្តូរព័ត៌មានអំពីចរាចរគ្រឿងញៀន ឆ្លងដែនខុសច្បាប់, ពង្រឹងយន្តការការិយាល័យ ទំនាក់ទំនងព្រំដែន BLO ជាមួយប្រទេសជិតខាងដើម្បីទប់ស្កាត់ និង កាត់ផ្តាច់រំហូរគ្រឿង ញៀនពីខាងក្រៅចូលមកប្រទេស។
  6. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មន្ត្រីអនុវត្តច្បាប់ ជាពិសេសគណៈបញ្ជាការឯកភាពរាជធានីខេត្ត ត្រូវចាត់វិធានការយ៉ាងតឹងរ៉ឹង និង ម៉ឺងម៉ាត់ជាទីបំផុតចំពោះ ករណីចែកចាយ និង ប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍។
  7. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រប់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន, ក្រុមហ៊ុនឯកជន, រោងចក្រ-សហគ្រាស និង សមាជិកគ្រួសារត្រូវធ្វើការអប់រំ, ក្រើន រំលឹកពីផលប៉ះពាល់ និង វិនាសកម្មនៃគ្រឿងញៀន ព្រមទាំងមានវិធានការម៉ឺងម៉ាត់ និង តឹងរ៉ឹងបំផុត ចំពោះការប្រើប្រាស់គ្រឿងញៀន។ ត្រូវនិយាយថា “ទេ” ដាច់ខាតចំពោះគ្រឿងញៀន!។
  8. សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវរៀបចំចងក្រងខ្លឹមសារអប់រំអំពីផល ប៉ះពាល់នៃគ្រឿងញៀន និង ធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង តាមគ្រប់មធ្យោបាយដល់ប្រជាជនឱ្យបានទូលំទូលាយ។
  9. សម្តេចធិបតី ហ៊ុន ម៉ាណែត សូមឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងព័ត៌មាន, ក្រសួងអប់រំ យុវជន និង កីឡា, ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ, ក្រសួងធម្មការ និង សាសនា និង ក្រសួងទេសចរណ៍ ត្រូវចូលរួមសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន លើការងារដ៏សំខាន់នេះ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីបញ្ហាគ្រឿងញៀន និងផ្សព្វផ្សាយទូលំទូលាយ ទាំងនៅតាមសាលារៀន វត្តអារាម សិល្បៈកំសាន្ត កីឡា និង វេទិកានានា ។
  10. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាគ្រឿងញៀន មិនមែនជារឿងដាច់ដោយឡែករបស់កម្ពុជានោះទេ វាជាបញ្ហាសកល។
  11. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះគ្រឿងញៀនជាបញ្ហាសកល តែមិនត្រូវអស់សង្ឃឹមក្នុងការប្រយុទ្ធប្រឆាំងនឹងវា ហើយបណ្តោយឱ្យវារាតត្បាតសង្គមកម្ពុជានោះឡើយ។
  12. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន មិនត្រូវធ្វើរបៀបវែកចកនោះទេ គឺត្រូវមានផែនការមួយច្បាស់លាស់។
  13. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញគោលដៅទប់ស្កាត់ និងឈានទៅលុបបំបាត់គ្រឿងញៀនក្នុងសង្គមខ្មែរ។
  14. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីចូលរួមលុបបំបាត់គ្រឿងញៀនទៅបាន ត្រូវការការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈការអប់រំ ការផ្សព្វផ្សាយ ការណែនាំសាច់ញាតិកុំឱ្យប៉ះពាល់ជាមួយគ្រឿងញៀន។
  15. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចទើបនឹងចេញសេចក្តីសម្រេចថ្មី មន្ត្រីរាជការស៊ីវិលទាំងថ្នាក់ជាតិ និងក្រោមជាតិ រកឃើញពាក់ព័ន្ធគ្រឿងញៀន នឹងត្រូវដេញចេញពីក្របខណ្ឌ។
  16. សម្តេចធិបតី ហ៊ុន ម៉ាណែត គ្រោងមានវិធានការដាក់ទណ្ឌកម្មវិស័យឯកជនណា ដែលជាប់ពាក់ព័ន្ធគ្រឿងញៀន។
  17. សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យវិស័យឯកជនមានវិធានការប្រយុទ្ធប្រឆាំងនឹងគ្រឿង ដោយមិនឱ្យបុគ្គលិកខ្លួនជាប់ពាក់ព័ន្ធគ្រឿងញៀន។ បើពាក់ព័ន្ធដេញចេញពីការងារ។
  18. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា នឹងមិនឈានទៅប្រើប្រាស់អាវុធ ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងរយៈពេល១០ ទៅ១៥ឆ្នាំខាងមុខ ផ្ទុយទៅវិញត្រូវអស់គ្រឿងញៀន។
  19. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកត់ត្រាមន្ត្រីពាក់ព័ន្ធគ្រឿងញៀនក្នុងបញ្ជីខ្មៅ មិនមែនជាការរំលោភសិទ្ធិនោះទេ តែជាការជួយសហគមន៍មិនឱ្យពាក់ព័ន្ធគ្រឿងញៀន។
  20. សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសជាថ្មីមិនអនុញ្ញាតឱ្យមានការដាំកញ្ឆានោះឡើយ។
  21. សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអ្នកចង់វិនិយោគដាំកញ្ឆានៅកម្ពុជា មិនបាច់ចំណាយពេលជិះយន្តហោះមកកម្ពុជានោះទេ សម្តេចមិនអនុញ្ញាតឡើយ៕

Fresh News

អត្ថបទទាក់ទង