ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតី ប្រារព្ធពិធីអបអរសាទរ​ទិវាជន​មាន​ពិការភាពកម្ពុជា លើកទី២៥ និងជនមានពិការភាពអន្តរជាតិលើកទី៤១

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 46

នៅព្រឹកថ្ងៃចន្ទ ទី​៤ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធ ពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជា លើកទី២៥ និងជនមានពិការភាពអន្តរជាតិ លើកទី៤១ ដែលរៀបចំឡើងនៅសាលមហោស្រព​កោះ​ពេជ្រ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖

  1. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរព្រះរាជគុណថ្វាយព្រះមហាក្សត្រ ដែលបានចេញព្រះរាជសារអបអរសាទរទិវាជនមានពិការភាពកម្ពុជា និងអន្តរជាតិ។
  2. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់កម្ពុជា ប្រារព្ធទិវាជនមានពិការភាពកម្ពុជាឡើង ដើម្បីរំលឹកអំពីមហា​វិនាស​កម្ម នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន ក្នុង​នោះ រួមមាន ជនមានពិការភាព ស្ត្រីមេម៉ាយ និងកុមារកំព្រា។ មរតកនៃសង្គ្រាម ក៏​បាន​បន្សល់ទុកនូវគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះជាច្រើនរាយប៉ាយ ពាសពេញផ្ទៃ​ប្រទេស ជាពិសេសគ្រាប់បែកចង្កោមមានផ្ទុកសារជាតិគីមី​ ដែលបានរកឃើញជាច្រើន​នៅកម្ពុជា។ ក្រៅពីនោះ ប្រជាជនកម្ពុជា ក៏ប្រឈមនឹងភាពរងគ្រោះមួយចំនួនទៀត​ដែល​នាំឱ្យមានពិការភាព ដូចជាគ្រោះថ្នាក់ចរាចរ គ្រោះថ្នាក់ការងារ ពិការភាពពីកំណើត ចាស់​ជរា ជំងឺរ៉ាំរ៉ៃ និងមូលហេតុផ្សេងៗទៀត។
  3. សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខយ៉ាងកក់ក្ដៅពី សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និង ជាអតីតនាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងពីរ តែងយកចិត្តទុកដាក់ និង គិតគូរខ្ពស់ពីសុខទុក្ខ និង ជីវភាពរបស់បងប្អូនជនមានពិការភាពគ្រប់រូបមិនថានៅទីក្រុងឬទីជនបទ។
  4. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចទាំងទ្វេ ជាមគ្គុទេសក៍ដឹកនាំដ៏អស្ចារ្យ ឈ្លាសវៃ និង ប៉ិនប្រសប់ បានថែរក្សា ប្រទេសជាតិឱ្យមានសុខសន្តិភាព សន្តិសុខ និង ស្ថេរភាព សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ពិសេស ជនមានពិការភាពដែលជាកូនជាចៅរបស់សម្តេចនៅទូទាំងប្រទេស។
  5. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទិវាជនមានពិការភាពនេះត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកអំពីការតស៊ូទាមទារនូវសិទ្ធិ ចូលរួមក្នុងសង្គមរបស់ជនមានពិការភាព ប្រមាណជាង ១ប៊ីលាននាក់នៅក្នុងពិភពលោក ដែលបាត់បង់កាយសម្បទា ញាណដឹង និង សតិបញ្ញា ដែលតែងតែជួបប្រទះនូវឧបសគ្គរារាំងក្នុង សកម្មភាពជីវិតប្រចាំថ្ងៃ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០ នៅសហរដ្ឋអាមេរិក និងនៅអឺរ៉ុប ដើម្បី ធ្វើការផ្លាស់ប្ដូរនូវស្ថានភាពរស់នៅរបស់ពួកគេ ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីបញ្ហា ពិការភាពដោយផ្តោតសំខាន់លើសិទ្ធិជនមានពិការភាព និង ការធ្វើបរិយាប័ន្នលើគ្រប់សកម្មភាព នយោបាយ សេដ្ឋកិច្ច សង្គម និង វប្បធម៌ ។
  6. សម្តេធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់នៅកម្ពុជា, ការប្រារព្ធទិវាជនមានពិការភាពនេះឡើងគឺ ដើម្បីរំលឹកអំពី មហាវិនាសកម្មកើតឡើងដោយសារសង្គ្រាម ជាពិសេសដោយរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើនរួមមាន : ស្ត្រីមេម៉ាយ កុមារកំព្រា ជនមានពិការភាព ព្រមទាំងបន្សល់នូវគ្រាប់មីន និង កាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមរាប់លានតោន។ នេះជាសោកនាដកម្មមួយដែលបានកើតឡើងចំពោះប្រជាជនកម្ពុជា និង រងគ្រោះពីការទម្លាក់គ្រាប់បែក រាប់លានតោន ហើយធ្វើឱ្យរបួស ពិការស្លាប់រាប់លាននាក់ ដោយគ្មានការទទួលខុសត្រូវ ហើយ បន្ទុកទាំងអស់បានធ្លាក់មកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងសម័យនេះ ។
  7. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល មានសុទិដ្ឋិនិយមចំពោះទស្សនៈវិស័យរួមគ្នាក្នុងការបន្តលើកកម្ពស់វិស័យពិការភាព ការផ្ដល់អំណាច និង ការគាំទ្រដល់ជនមានពិការភាព ដែលជាគុណតម្លដ៏វិសេសវិសាល សម្រាប់ការអភិវឌ្ឍសង្គមជាតិទាំងមូល ពិសេសក្នុងបរិការណ៍នៃការស្តារ សេដ្ឋកិច្ចក្នុងប្រទេសឡើងវិញប្រកបដោយចីរភាព បរិយាប័ន្ន និង ភាពរឹងមាំ ក្រោយវិបត្តិនៃជំងឺកូវីដ១៩។
  8. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល បានខិតខំកែលម្អជីវភាពរស់នៅធានាដល់ការកាត់បន្ថយភាពក្រីក របស់ជនមានពិការភាព តាមរយៈការលើកកម្ពស់អាជីពមុខរបរសមរម្យ ការងារ និង ការផ្តល់ប្រាក់របបគោលនយោបាយផ្សេងៗ។ ក្រៅពីនេះសប្បុរសជន, សង្គមស៊ីវិល និង ដៃគូអភិវឌ្ឍ នានា បានចូលរួមចំណែកទាំងធនធានថវិកា និង ធនធានមនុស្ស ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ជនមានពិការភាពកម្ពុជា ។
  9. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំផាសុកវត្ថុសម្រាប់ជនមានពិការភាព រួមមាន៖ ការរៀបចំជម្រាល ធ្នាក់ដៃ ចំណតយានយន្តអាទិភាព ភាសាសញ្ញា និង ផ្លូវដើរសម្រាប់ ជនពិការភ្នែកជាដើម។ ក្រៅពីនេះរាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តការផ្តល់កម្មវិធីជំនួយ សង្គមសម្រាប់ជនងាយរងគ្រោះ ពិសេសជនមានពិការភាព។ រដ្ឋបានចំណាយថវិកាអស់ជាង ១ ៣០០លានដុល្លារ សម្រាប់ជនងាយរងគ្រោះចំនួនប្រមាណ ១,៥លានគ្រួសារ។
  10. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រូវលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់ អនុវត្តប្រកបដោយការទទួលខុសត្រូវ និងដោយភ្ញាក់រលឹកនូវកាតព្វកិច្ច ជ្រើសរើសជនមានពិការភាព ឱ្យចូលបម្រើការងារ បន្តនិរន្តរភាពការងារដូចអ្នកដទៃ ដែលមាន ចែងក្នុងច្បាប់ស្ដីពីកិច្ចការពារ និង លើកកម្ពស់សិទ្ធិជនមានពិការភាព ។
  11. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងព័ត៌មាន ត្រូវធ្វើការណែនាំដល់គ្រប់ស្ថានីយវិទ្យុ និង ទូរទស្សន៍របស់រដ្ឋ និង ឯកជន ព្រមទាំងគ្រប់ប្រព័ន្ធសារព័ត៌មានបង្កើនម៉ោងផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ ដោយមាន ការបកប្រែភាសាសញ្ញា អក្សររត់ ដើម្បីជនមានពិការភាពគថ្លង់អាចទទួលព័ត៌មានបានទាន់ពេលវេលា។
  12. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងសាធារណការនិងដឹកជញ្ជូន និង ក្រសួងសុខាភិបាល រួមគា្នធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដើម្បីបង្កលក្ខណៈ ងាយស្រួលជូនជនមានពិការភាពឱ្យទទួលបានបណ្ណបើកបរ ស្របតាមលទ្ធភាព សមត្ថភាព និង
    លក្ខណៈបច្ចេកទេសយានយន្ត៕

Fresh News

អត្ថបទទាក់ទង