ខ្មែរប៉ុស្ដិ៍ Close

ព្រះមហាក្សត្រ យាងសួរសុខទុក្ខ និងប្រទានព្រះរាជអំណោយដល់បុគ្គលិក កម្មករ ផ្នែកប្រមូលសំរាម និងប្រកាសទិវាជាតិនៃទីក្រុងស្អាត

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 42

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រ​កម្ពុជា បាន​ស្តេចយាងជា​ព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់​បំផុត​សួរសុខទុក្ខ និង​ប្រោស​ប្រទាន​ព្រះរាជ​អំណោយ​ដល់​បុគ្គលិក កម្មករផ្នែកប្រមូលសំរាម និង​សំអាត​ទីក្រុង​ក្នុង​រាជ​ធានី​ភ្នំពេញ និង​ប្រកាស​ទិវាជាតិ នៃទីក្រុងស្អាត។

ក្នុងព្រះរាជពិធីដែលធ្វើនៅកោះនរា នាព្រឹកថ្ងៃទី១៤កុម្ភៈនេះ ឯកឧត្តម ឃួង ស្រេង អភិបាល​ នៃ​គណៈ​អភិបាលរាជធានីភ្នំពេញបានថ្វាយរបាយការណ៍ដោយគូស បញ្ជាក់ថា បច្ចុប្បន្ននេះ រដ្ឋបាល​រាជ​ធានីភ្នំពេញ មានភាពល្អប្រសើរ ធ្វើការងារ​គ្រប់គ្រង និង​អភិវឌ្ឍន៍​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវ័ន្ដ ព្រមទាំងថែរក្សាអនាម័យ បរិស្ថានទីក្រុងស្អាត ពោលគឺ ក្រោយពេល ដែល​រាជរដ្ឋាភិបាល បានធ្វើកំណែទម្រង់ លើការងារគ្រប់គ្រង សំរាមសំណល់រឹង ទៅទូទាំង​ប្រទេសក្នុង​នោះ​នៅ​រាជ​ធានីភ្នំពេញ បានរៀបចំនីតិវិធី ដេញថ្លៃប្រកួតប្រជែង ជាលក្ខណៈអន្តរជាតិ ដោយ​បាន​ជ្រើស​រើស បានក្រុមហ៊ុនចំនួន៣ ដើម្បីផ្ដល់ សេវាប្រមូល និងដឹកជញ្ជូនសម្រាម ក្នុងរាជធានី ។

ក្រុមហ៊ុនទាំង៣ បានចាប់ផ្តើមតាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ ដោយ​ទទួល​បានការសាទរ តម្លៃខ្ពស់ពីគ្រប់មជ្ឈដ្ឋានថា ផ្ដល់សេវាមាន​គុណភាព​ល្អ​ប្រសើរ​ជាង​មុន​ មានមធ្យោបាយ សំភារៈប្រើប្រាស់ថ្មីទំនើប ចំនួនបុគ្គលិក កម្មក​រ​ឆ្លើយ​តប​ទៅ​នឹង​ទំហំ​ការងារ​។ទោះជាយ៉ាងណា នៅមានបញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទុក​ដាក់​សំរាម​មិន​ទាន់​បាន​ត្រឹមត្រូវដែលទាមទារឱ្យមានការចូលរួមទាំងអស់គ្នា។

ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ បាន​សព្វ​ព្រះរាជ​ហឫទ័យ រីករាយ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រារព្ធ​ព្រះរាជ​ពិធី​សួរ​សុខទុក្ខ និង​ប្រោស​ប្រទាន​ព្រះរាជ​អំណោយដល់បុគ្គលិក កម្មករផ្នែកប្រមូលសំរាម និង​សំអាត​ទីក្រុង​ក្នុង​រាជធានី​ភ្នំពេញ និង​ប្រកាសទិវាជាតិនៃទីក្រុងស្អាតនៅថ្ងៃនេះ។

ជាមួយ​នឹងការនាំមកនូវ ព្រះរាជបណ្ដាំផ្ញើ សួរសុខទុក្ខនិងសេចក្តីនឹករលឹក ដ៏ជ្រាល​ជ្រៅបំផុត និង​ពរជ័យ​ដ៏​មហាប្រសើរពីសម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុតជូនឯកឧត្តម លោកជំទាវ លោកលោកស្រី បងប្អូន កម្មករ កម្មការនី​ទាំង​អស់​ព្រះអង្គ​សព្វ​ព្រះរាជហឫទ័យដែលរដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញពីការរីកចម្រើន រួមទាំង​សកម្មភាព នៃ​ការចូលរួមរបស់បងប្អូនកម្មករ កម្មការនីផ្នែកប្រមូល​សំរាម​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​បាន​ខិតខំចូលរួមសំអាតទីក្រុងបានយ៉ាងល្អថែរក្សាភាពស្អាតទីក្រុងជាពិសេស ក្នុង​ស្ថានភាព​រីក​ចម្រើនក្នុងរាជធានីភ្នំពេញ។ ព្រះអង្គបានគូសរំលេចថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ថ្ងៃទី២៧ខែកុម្ភៈជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាជាតិទីក្រុងស្អាត សំដៅ​រួម​ចំណែក​បំផុស និង​លើក​ទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ព្រមទាំង​ជំរុញ និង​យក​ចិត្ត​ទុកដាក់​ខ្ពស់ក្នុ​ងការលើកកម្ពស់ការអភិវឌ្ឍបៃតង ការប្តូរនូវបដិសណ្ឋារ​កិច្ចល្អដែ​ល​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើនរបស់សង្គមជាតិ។ ទីក្រុង​ស្អាត ផ្សា​ភ្ជាប់​ទៅ​នឹង​ទី​ក្រុងឆ្លាត ដែលមានភាពទាក់ទាញ មានលក្ខណៈប្រកួតប្រជែងទាំងសេដ្ឋកិច្ចបរិស្ថាន ប្រកប​ដោយ​ចីរភាព និងការទទួលខុសត្រូវ ដើម្បីលើកកម្ពស់គុណភាពរស់នៅ របស់ប្រជាជន​ប្រកប​ដោយ​សុខ​មាលភាព សុខភាព សន្តិសុខ វិបុលភាព និងផ្តល់ភាពកក់ក្តៅដល់​ភ្ញៀវ​ទេសចរជាតិ និង​អន្តរជាតិ ជាពិសេសបំផុសឱ្យមានការចូលរួមយ៉ាងសកម្ម ពីប្រជាពលរដ្ឋ​គ្រប់​រូប​តាមរយៈការ​ពង្រឹង​ការ​អនុវត្តនូវផែនការទីក្រុងស្អាត ប្រកបដោយបរិស្ថានល្អ ស្អាត ឆ្លាត និងបៃតង។

ក្រោម​ការដឹកនាំ ដ៏វៃឆ្លាតប្រកបដោយគតិបណ្ឌិត របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ក្នុង​ការ​ប្រតិបត្តិការ​ងារ​ដ៏ល្អ​ប្រពៃ និង​ប្រកប​ដោយ​នយោបាយ​ដ៏​ថ្លៃថ្លា រាជរដ្ឋាភិបាលបានដឹកនាំសង្គមជាតិយើងទាំង ទីក្រុងនិងជនបទ ទទួល បាន​សេចក្តីសុខ សន្តិភាពនិងការអភិវឌ្ឍ ចម្រើន​លូត​លាស់​លើ​គ្រប់​វិស័យ​ និង​បាន​កោត​សរសើរ​ដល់​អភិបា​លរា​ជធានីភ្នំពេញដែលបានចូលរួមចំណែកដឹកនាំកែលម្អសោភណ្ឌភាព ទីក្រុងភ្នំពេញ​ឲ្យ​មាន​ភាពស្រស់បំព្រងល្អស្អាត តាមគោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​នានា​របស់​រាជរដ្ឋាភិបាល​។

ព្រះករុណាបាន អំពាវនាវឱ្យគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន អង្គការសង្គមស៊ីវិល ព្រះសង្ឃ លោកគ្រូ អ្នកគ្រូសិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ និងបងប្អូន ជនរួមជាតិទាំងអស់ សូមចូល​រួម​ឲ្យ​បាន​ផុល​ផុស​ក្នុង​ស្មារតី ទទួលខុសត្រូវខ្ពស់ក្នុងការថែរក្សា បរិស្ថានឱ្យបានល្អស្អាត និងបៃតង ទីក្រុងស្អាត រមណីយ​ដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ដើម្បីឲ្យព្រះរាជាណាចក្រកម្ពុជា​ក្លាយ​ជា​គោល​ដៅ​ទេសចរណ៍​ប្រកបដោយគុណភាព និងភាពទាក់ទាញខ្ពស់ សម្រាប់ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ ជាពិសេសការបំពេញទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ជាផ្លូវរដ្ឋ ជាផ្លូវការ ជា​មិត្តភាព​ជាមួយប្រទេសកម្ពុជា៕

អត្ថបទទាក់ទង