ខ្មែរប៉ុស្ដិ៍ Close

ព្រះមហាក្សត្រយាងនិវត្តន៍ពីប្រទេសបារាំង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 33

នៅព្រឹកថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញទទួលព្រះរាជដំណើរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្រត្សនៃព្រះរាជាណាចក្រកម្ពុជា យាងនិវត្តន៍ពីប្រទេសបារាំង បន្ទាប់ពីព្រះអង្គយាងចូលរួមប្រារព្ធពិធីអបអរសាទរខួប២៥ឆ្នាំនៃសកម្មភាពគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរ ដែលហៅកាត់ថា ICC-Angkor (International Coordinating Committee for the Safeguarding and Development of the Historic Site of Angkor) ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្វាយព្រះពរព្រះអង្គមានព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រទូទាំងប្រទេសផងដែរ។

សូមបញ្ជាក់ថា គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ICC-Angkor ត្រូវបានបង្កើតឡើងកាលពីខែធ្នូ ឆ្នាំ១៩៩៣ ក្នុងគោលដៅអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅតំបន់រមណីយដ្ឋានអង្គរ ។ ការបង្កើត ICC-Angkor នេះ ធ្វើឡើងក្រោយពេលដែលប្រាសាទអង្គរវត្ត បានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិរបស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ធ្នូ ឆ្នាំ១៩៩២៕

អត្ថបទទាក់ទង