ខ្មែរប៉ុស្ដិ៍ Close

ប្រជាពលរដ្ឋសង្កាត់រុនតាឯក ដែលបានធ្វើការតវ៉ាកាលពីពេលកន្លងទៅ ស្នើសុំរាជរដ្ឋាភិបាលរក្សាចំនួនទឹកប្រាក់ឧបត្ថម្ភឱ្យនៅដដែល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 107

ក្រោយពីមានការតវ៉ាពីការកាត់យកប្រាក់ឧបត្ថម្ភពីគ្រួសារ (ក្រ១, ក្រ២) នៅភូមិអភិវឌ្ឍន៍រុនតាឯក សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន នៅព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៤ ក្រុមការងាររបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំដោយ លោក យឹន ហុងឆាត់ ប្រធាននាយកដ្ឋាននៃ ម.ជ.ជ និងសហការី សហការជាមួយក្រុមការងាររបស់រដ្ឋបាលខេត្ត មន្ទីរជំនាញ រដ្ឋបាលស្រុកបន្ទាយស្រី និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានចុះធ្វើការសម្រុះសម្រួល ជាមួយបងប្អូនប្រជាពលរដ្ឋដែលប្រមូលផ្តុំគ្នាតវ៉ា ប្រមាណជា ១៥០០នាក់ នៅផ្សាររុនតាឯក តំបន់អភិវឌ្ឍន៍រុនតាឯក ភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។

លោក យឹន ហុងឆាត់ បានធ្វេីការពន្យល់ថា  ដោយសារស្ថានភាពប្រសេីរឡេីងនៃជំងឺកូវីដ-១៩  និងការត្រៀមអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ រាជរដ្ឋាភិបាលបានប្រើយុទ្ធសាស្រ្តចាកចេញ  ដោយសម្រេចបន្តផ្តល់ការឧបត្ថម្ភរយ:ពេល ៣ខែ (មករាដល់មីនា ២០២៤) តាមទំហំឧបត្ថម្ភថ្មី។  

មុនពេលអនុវត្តវិធានការនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយរដ្ឋបាលខេត្ត មន្ទីរជំនាញ រដ្ឋបាលស្រុកបន្ទាយស្រី និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានធ្វើការចុះផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះនៅតំបន់អភិវឌ្ឍន៍រុនតាឯក ភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប បានរួចរាល់ហេីយ ក៏ប៉ុន្តែនៅមានបងប្អូនប្រជាពលរដ្ឋខ្លះ  បានប្រមូលផ្តុំគ្នាតវ៉ា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៤ នោះដែរ ក្រុមការងាររបស់ក្រសួងបានធ្វើការពន្យល់ និងបកស្រាយខ្លឹមសារអនុក្រឹត្យ ព្រមទាំងទទួលយកសំណូមពររបស់បងប្អូនប្រជាពលរដ្ឋអ្នកតវ៉ា ដែលស្នើកុំឲ្យរដ្ឋាភិបាលកាត់ប្រាក់ឧបត្ថម្ភរបស់ពួកគាត់ និងស្នើឱ្យរក្សាចំនួនទឹកប្រាក់ឧបត្ថម្ភឱ្យនៅដដែល ដូចចំនួនដែលពួកគាត់ទទួលបាននាពេលកន្លងមក ពីព្រោះបណ្ណនេះជាការលើកទឹកចិត្តពួកគាត់ដែលជាអ្នកស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ មករស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ដែលមានលក្ខណៈខុសគ្នាពីប្រជាពលរដ្ឋដែលទទួលបានបណ្ណសមធម៌ ប្រភេទ (ក្រ១, ក្រ២) នៅតាមមូលដ្ឋានផ្សេងៗទៀត។ 

បន្ថែមពីលើនេះប្រជាពលរដ្ឋក៏បានស្នើសុំបញ្ចូលសាច់ប្រាក់ដែលបានកាត់ក្នុងខែមករា ឆ្នាំ២០២៤ ឱ្យដាក់បញ្ចូូលទៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ជាជំនួសវិញ ព្រមទាំងស្នើសុំផ្ដល់ប្រាក់ឧបត្ថម្ភ និងបណ្ណកម្មសិទ្ធិដីធ្លី ឱ្យបានឆាប់ៗទៀតផង។

ក្រោយពីក្រុមការងារបានពន្យល់ណែនាំ និងទទួលយកនូវសំណូមពររបស់បងប្អូនប្រជាពលរដ្ឋទាំងនោះរួចមក ពួកគាត់ក៏បានរំសាយទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ៕

អត្ថបទទាក់ទង