ប្រជាពលរដ្ឋចាប់ពីច្បារអំពៅរហូតដល់ស្ពានអ្នកលឿង នឹងទទួលបានផលប្រយោជន៍សេដ្ឋកិច្ចពីការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា នៅពេលដែលស្ពានជ្រោយចង្វាបានតភ្ជាប់ជំហានដំបូង ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវជាតិលេខ 6A ចាប់ផ្ដើមមានសកម្មភាពសេដ្ឋកិច្ចមួយចំនួន។ លុះដល់ថែមស្ពានជ្រោចង្វារទី២ និងថែមស្ពានព្រែកព្នៅមួយទៀត យើងអាចឃើញសកម្មភាពសេដ្ឋកិច្ចនៅតំបន់នោះមានការរីកចម្រើនកាន់តែខ្លាំង។
ដូច្នេះនៅពេលដែលហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតលេចចេញជារូបរាង ដែលរួមមានដូចជា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ពីផ្សាររាត្រី-ជ្រោយចង្វារ ជ្រោយចង្វារ-ល្វាឯម, ស្ពានចាក់អង្រែលើ, ស្ពានអាកាសក្បាលថ្នល់, ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី, ព្រែកជីកហ្វ៊ូណន ធ្វើរួចរាល់ និងជាពិសេសស្ពានកោះនរានេះតែម្ដង ប្រជាពលរដ្ឋដែលមានទីលំនៅចាប់ពីច្បារអំពៅ រហូតដល់ស្ពានអ្នកលឿង នឹងមើលឃើញពីផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ចនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនឹងបង្ខិតខេត្តក្រុងផ្សេងឱ្យកាន់តែកៀកជាមួយរាជធានីភ្នំពេញ តាមរយៈការយកភ្នំពេញជាចំណុចកណ្ដាល រួចហើយពង្រីកការតភ្ជាប់ទៅទិសខាងត្បូង ទិសខាងជើង និងទិសខាងកើត ហើយជាពិសេសគឺត្រូវពង្រីកបន្ថែមទៅទិសខាងកើតឱ្យកាន់តែច្រើន៕