ខ្មែរប៉ុស្ដិ៍ Close

    លិខិតមិត្តអ្នកអាន៖ ប្រជាពលរដ្ឋសារទរ និងកាន់តែមានជំនឿជាក់លើការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 319
    លិខិតមិត្តអ្នកអាន៖ ប្រជាពលរដ្ឋសារទរ និងកាន់តែមានជំនឿជាក់លើការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតលិខិតមិត្តអ្នកអាន៖ ប្រជាពលរដ្ឋសារទរ និងកាន់តែមានជំនឿជាក់លើការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

    ឆ្លើយតបទៅនឹងការផ្សព្វផ្សាយព័ត៌មានមួយចំនួនដែលពាក់ពន្ធ័ នឹងការតម្រូវឱ្យស្នើសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម និងបន្តសុពលភាពអាជីវកម្មនៅការិយាល័យច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលករណីនេះបានបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមប្រជាពលរដ្ឋដែលបាន និងកំពុងប្រកបអាជីវកម្ម និងការងារលក់ដូរតូចតាចនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការនាល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នំា២០២៣ ដោយបានចេញសេចក្តីសម្រេចមួយផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹងការបំពេញបែបបទធ្វើអាជីវកម្ម ដែលកំណត់ដោយអន្តរក្រសួងកាលពីឆ្នាំ២០១៦កន្លងទៅ ដើម្បីសម្រួលដល់ការប្រកបមុខរបរអាជីវកម្មមួយចំនួន របស់បងប្អូនប្រជាពលរដ្ឋ។ នេះជាការគិតគូរកែសម្រួលថ្មីមួយរបស់ប្រមុខរាជរដ្ឋាភិបាលអាណត្តិថ្មី ក្នុងន័យជួយទ្រទ្រង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ ដែលមានមុខរបររកស៊ីទទួលទានខ្នាតតូចក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

    យោងតាមសេចក្តីសម្រេចចាស់ដែលអនុញ្ញាត្តិឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចេញលិខិតអនុញ្ញាតផ្តល់សេវារដ្ឋបាលធ្វើអាជីវកម្មខ្នាតតូចមួយចំនួនដូចជា ទីតាំងផលិត និងលក់ចម្លាក់ ពុម្ពស៊ីម៉ង់តិ៍ ជាងគំនូរ ជាងកាត់សក់ អ៊ុតសក់ សម្អាងការ តូបលក់អាហារ ហាងលក់គុយទាវ កាហ្វេ ម៉ូតូឌុប រ៉ឺម៉កម៉ូតូ សិប្បកម្មពាង លូ ធ្វើទៀន ធូបជាដើម ។ល។ គឺត្រូវផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួននោះវិញទាំងស្រុង ដើម្បីរាជរដ្ឋាភិបាលអាណត្តិថ្មីធ្វើការគិតគូរឡើងវិញ។

    រាជរដ្ឋាភិបាលអាណត្តិថ្មី បានផ្តល់អាទិភាពខ្ពស់ចំពោះប្រជាពលរដ្ឋ ដែលកំពុងប្រកបរបររកស៊ីក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាក់ស្តែងលោកធ្លាប់បានបង្ហើបថា លោកមានបំណងជួបជាមួយបងប្អូនរកស៊ីក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចកម្មករ កម្មការិនី ផងដែរ។ ដើម្បីសម្រេចឱ្យបាននូវការគាំពារនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ បាននិងកំពុងរៀបចំយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ដែលនឹងត្រូវដាក់ឱ្យអនុវត្តក្នុងពេលឆាប់ៗខាងមុខ ដើម្បីបង្កលក្ខណៈងាយស្រួលព្រមទាំងផ្តល់នូវអត្ថប្រយោជន៍ជំនាញវិជ្ជាជីវៈ និងលើកកម្ពស់ការយល់ដឹងដល់អ្នកប្រកបអាជីវកម្ម មុខរបរ និងការងារដែលស្ថិតនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ឱ្យមានការរីចម្រើននាពេលអនាគត។

    ជារួមសេចក្តីសម្រេចថ្មីនេះ បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ ដែលមានមុខរបររកស៊ីទទួលទានតូចតាចដូចបានរៀបរាប់ខាងលើសារទរ និងមានសេចក្តីរីករាយជាខ្លាំង ហើយពួកគាត់កាន់តែមានជំនឿជឿជាក់លើការដឹកនាំរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងកាន់តែមានភាពកក់ក្តៅខ្លាំងថែមទៀត នូវការគិតគូរយ៉ាងហ្មត់ចត់ របស់ប្រមុខនៃរាជរដ្ឋាភិបាល៕

    អត្ថបទដោយ៖ យី វិត

    អត្ថបទទាក់ទង