ខ្មែរប៉ុស្ដិ៍ Close

ការឈ្នះបាននូវសន្តិភាពនៅអ៊ុយក្រែន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 134
ការឈ្នះបាននូវសន្តិភាពនៅអ៊ុយក្រែន ការឈ្នះបាននូវសន្តិភាពនៅអ៊ុយក្រែន

សង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនបានបង្កផលប៉ះពាល់ដែលមិនអាចបរិយាយបានចំពោះប្រជាជន បូករួមទាំងឧក្រិដ្ឋកម្មសង្រ្គាមប្រឆាំងនឹងបុរស, ស្ត្រី និងកុមារស្លូតត្រង់រាប់ពាន់នាក់។ ការវាយប្រហារលើទីក្រុងនិងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអ៊ុយក្រែន បានបង្ខំឱ្យមនុស្សរាប់លាននាក់រត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ និងបាននាំមកនូវការបំផ្លិចបំផ្លាញ ដែលគិតជាទឹកប្រាក់សរុបរាប់រយពាន់លានដុល្លារ។

ជាងនេះទៅទៀត ឥទ្ធិពលនៃសង្រ្គាមបានរីករាលដាលហួសពីព្រំដែនរបស់អ៊ុយក្រែន ដែលបានបង្កអស្ថិរភាពនៅអឺរ៉ុបនិងនៅជុំវិញពិភពលោក និងបានធ្វើឱ្យតម្លៃថាមពលនិងអាហារកើនឡើងយ៉ាងគំហ៊ុក។ បើទោះបីជាយោធារបស់អ៊ុយក្រែនបានបង្ហាញអំពីវីរៈភាពនៅលើសមរភូមិក៏ដោយ ក៏ជ័យជម្នះនៅមិនទាន់អាចធានាបាននៅឡើយនោះទេ។

លទ្ធផលនៃសង្គ្រាមនេះនឹងអាស្រ័យលើបញ្ហាថា «តើសម្ព័ន្ធមិត្តរបស់អ៊ុយក្រែននឹងបន្តផ្តល់ការគាំទ្រផ្នែកយោធា, នយោបាយ និងសេដ្ឋកិច្ច ដែលចាំបាច់ដើម្បីយកឈ្នះសង្គ្រាម និងដើម្បីធានាសន្តិភាពប្រកបដោយនិរន្តរភាពដែរឬទេ»។ នៅពេលដែលការប្រយុទ្ធគ្នាកាន់តែក្តៅគគុក ព័ត៌មានលម្អិតស្តីអំពីការគាំទ្រទាំងនេះគួរតែបង្ហាញឱ្យបានកាន់តែច្បាស់។

ទី១៖ «ដើម្បីបញ្ចៀសសង្គ្រាមដែលគ្មានដែនកំណត់ សហគមន៍អន្តរជាតិត្រូវតែប្តេជ្ញាចិត្តឥតងាករេចំពោះសន្តិសុខរបស់អ៊ុយក្រែន»។ រហូតមកដល់ពេលនេះ ការគាំទ្ររបស់លោកខាងលិចចំពោះអ៊ុយក្រែនមានលក្ខណៈប្រតិកម្មតបខ្លាំងក្លាពេក ដែលមិនបានផ្តល់នូវការធានាថា «ប្រទេសនេះនឹងត្រូវបានបំពាក់ដោយឧបករណ៍គ្រប់គ្រាន់នោះទេ»។

សម្ព័ន្ធមិត្តរបស់អ៊ុយក្រែនក៏ត្រូវតែធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រផងដែរ ដើម្បីផ្តល់ជំនួយផ្នែកយោធាដែលកំពុងត្រូវការជាចាំបាច់ដើម្បីទាមទារយកទឹកដីដែលត្រូវបានកាន់កាប់ដោយរុស្ស៊ីមកវិញ។ វាគួរតែរួមបញ្ចូលទាំងការផ្តល់ប្រព័ន្ធសព្វាវុធទំនើបៗដូចជាយន្តហោះចម្បាំងទំនើបៗ និងគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយដើម្បីបំពេញតម្រូវការរបស់អ៊ុយក្រែននៅសមរភូមិ។

ទោះជាយ៉ាងណាក៏ដោយ ការបង្កើនការគាំទ្រផ្នែកយោធាតែមួយមុខគឺមិនគ្រប់គ្រាន់នោះទេ។ វាត្រូវតែត្រូវបានអមដោយចក្ខុវិស័យរយៈពេលវែងសម្រាប់សន្តិសុខរបស់អ៊ុយក្រែន ដែលរួមបញ្ចូលនូវការផ្តល់សមាជិកភាពនៅក្នុងអង្គការ NATO។ ប្រធានាធិបតី Vladimir Putin បានសម្រេចចិត្តឈ្លានពានអ៊ុយក្រែន មិនមែនដោយសារតែការចូលជាសមាជិករបស់អ៊ុយក្រែនខិតជិតដល់នោះទេ តែដោយសារតែអ៊ុយក្រែនបានជាប់គាំងនៅក្នុងតំបន់ពណ៌ប្រផេះ (Grey Zone) រវាង NATO និងរុស្ស៊ី។

ប្រសិនបើរឿងនេះនៅតែជាការពិត អស្ថិរភាពនឹងនៅតែបន្តកើតមាននៅអឺរ៉ុបដែលអាចឈានដល់ការស្លាប់ និងការបំផ្លិចបំផ្លាញកាន់តែច្រើន និងកាន់តែធ្ងន់ធ្ងរនៅក្នុងអ៊ុយក្រែន។ នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Vilnius នៅខែកក្កដានៅពេលខាងមុខ បណ្តាមេដឹកនាំ NATO ត្រូវតែផ្តល់ផែនទីបង្ហាញផ្លូវយ៉ាងលម្អិតសម្រាប់ការចូលជាសមាជិករបស់អ៊ុយក្រែន។ ប៉ុន្តែមុនពេលអ៊ុយក្រែនអាចក្លាយជាសមាជិកពេញសិទ្ធិរបស់ NATO អ៊ុយក្រែនត្រូវការការគាំទ្របន្ថែមទៀតដើម្បីអាចយកឈ្នះសង្គ្រាម។

នេះគឺជាហេតុផលនៅពីក្រោយកិច្ចព្រមព្រៀងបង្រួមសន្តិសុខ Kyiv (Kyiv Security Compact) ដែលរៀបរាប់អំពីចំណុចធានាសន្តិសុខ ដើម្បីអនុញ្ញាតឱ្យអ៊ុយក្រែនអាចបង្កើនការការពារខ្លួន បូករួមទាំងការប្តេជ្ញាចិត្តពីសំណាក់ប្រទេសមួយចំនួនក្នុងការផ្តល់អាវុធ, ការបណ្តុះបណ្តាល, ព័ត៌មានសម្ងាត់ និងការវិនិយោគប្រកបដោយនិរន្តរភាពនៅក្នុងមូលដ្ឋានយោធា។ ឧស្សាហកម្មរបស់អ៊ុយក្រែនដើម្បីរារាំងនិងទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីនៅពេលអនាគត។

ទី២៖ «ការស្ដារឡើងវិញនូវបូរណភាពទឹកដីរបស់អ៊ុយក្រែននៅក្នុងព្រំដែនដែលមានការទទួលស្គាល់ជាអន្តរជាតិ បូករួមទាំងតំបន់ Crimea ត្រូវតែជាគោលដៅចម្បងសម្រាប់រដ្ឋាភិបាលអ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួន»។ ប្រសិនបើតំបន់ Crimea នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី រុស្ស៊ីនឹងនៅតែជាការគំរាមកំហែងសម្រាប់អ៊ុយក្រែន។ ប្រសិនបើជម្លោះទឹកដីនៅតែបន្តកើតមាន ហានិភ័យនៃអរិភាពនឹងនៅតែកើតមាន ហើយសន្តិភាពប្រកបដោយនិរន្តរភាពនឹងមិនអាចលេចជារូបរាងបាននោះឡើយ។

ទី៣៖ «ការបន្ធូរបន្ថយទណ្ឌកម្មណាមួយត្រូវតែភ្ជាប់នូវលក្ខខណ្ឌ ដែលតម្រូវឱ្យមានការដកកងទ័ពរុស្ស៊ីទាំងអស់ចេញពីទឹកដីរបស់អ៊ុយក្រែន»។ បណ្តាសម្ព័ន្ធមិត្តរបស់ NATO ជាពិសេសអ្នកដែលបានផ្តល់ការធានាសន្តិសុខនៅពេលអនាគតសម្រាប់អ៊ុយក្រែន គួរតែបញ្ជាក់ឱ្យបានច្បាស់ថា «ពួកគេមិនមានបំណងទាមទារទឹកដីរបស់រុស្ស៊ីទេ»។ វានឹងផ្ញើសារដ៏ច្បាស់ទៅកាន់រុស្ស៊ី ដើម្បីប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងបំភ្លៃការពិត។

ការបញ្ឈប់អរិភាព រួមជាមួយនឹងការដកទ័ពរបស់រុស្ស៊ី និងការស្ដារឡើងវិញនូវបូរណភាពទឹកដីរបស់អ៊ុយក្រែន អាចនាំមកនូវការបន្ធូរបន្ថយបន្តិចម្តងៗ នៃទណ្ឌកម្មដែលត្រូវបានដាក់លើរុស្ស៊ី។ ប៉ុន្តែដំណើរការនេះត្រូវតែមានការសម្របសម្រួលយ៉ាងម៉ត់ចត់ និងយ៉ាងយកចិត្តទុកដាក់ជាមួយរដ្ឋាភិបាលអ៊ុយក្រែន។

ទី៤៖ «វាមានសារៈសំខាន់ណាស់ក្នុងការបង្កើតយន្តការសម្រាប់ការផ្តល់សំណង និងការទទួលខុសត្រូវចំពោះការបំផ្លិចបំផ្លាញនិងការរងទុក្ខរបស់មនុស្សដែលបណ្តាលមកពីសង្គ្រាមរបស់រុស្ស៊ី»។ ទំនួលខុសត្រូវអាចត្រូវបានអនុវត្តតាមរយៈការរួមបញ្ចូលគ្នានៃតុលាការអ៊ុយក្រែន, តុលាការឧក្រិដ្ឋកម្មអន្តរជាតិ និងការស៊ើបអង្កេតលក្ខណៈជាតិ ក៏ដូចជាតុលាការពិសេសដែលត្រូវបានបង្កើតឡើងថ្មីសម្រាប់ឧក្រិដ្ឋកម្មឈ្លានពាន។

ដូចគ្នានេះដែរ កម្មវិធីផ្តល់សំណងត្រូវតែជាផ្នែកដ៏សំខាន់មួយនៃផែនការស្តារឡើងវិញរបស់អ៊ុយក្រែន។ បើគ្មានការទទួលខុសត្រូវពីសំណាក់អ្នកដែលប្រព្រឹត្តិឧក្រិដ្ឋកម្មសង្រ្គាម និងសំណងចំពោះជនរងគ្រោះនោះទេ សន្តិភាពនឹងមិនអាចសម្រេចបានឡើយ។

ទី៥៖ «វាមានតម្រូវការជាបន្ទាន់សម្រាប់យុទ្ធសាស្រ្តកសាងឡើងវិញដ៏ច្បាស់លាស់ និងប្រកបដោយការសម្របសម្រួល ដែលអាចត្រូវបានផ្តល់មូលនិធិមួយផ្នែកដោយទ្រព្យសម្បត្តិធនាគារកណ្តាលរបស់រុស្ស៊ី ដែលត្រូវបានបង្កកដែលអាចមានចំនួន ៣០០ ពាន់លានអឺរ៉ូ (៣២៩ ពាន់លានដុល្លារ)»។

ដើម្បីអាចកសាងអ៊ុយក្រែនដ៏ទំនើប និងប្រកបដោយប្រសិទ្ធភាព ការកាត់បន្ថយការិយាធិបតេយ្យ និងការធានាឱ្យបាននូវការប្រើប្រាស់បច្ចេកវិទ្យាច្នៃប្រឌិតគឺជារឿងចាំបាច់ណាស់។ ដូច្នេះ ការកសាងឡើងវិញគួរតែអនុវត្តតាមវិធីសាស្រ្តមុខ ៣។ រដ្ឋាភិបាលអ៊ុយក្រែនគួរតែគូសបញ្ជាក់អំពីអាទិភាពរួមសម្រាប់ការកសាងប្រទេសឡើងវិញ ហើយសហគមន៍អន្តរជាតិ រួមទាំង G7, សហភាពអឺរ៉ុប និងស្ថាប័នហិរញ្ញវត្ថុសំខាន់ៗ គួរតែផ្តល់ និងសម្របសម្រួលជំនួយ។ បន្ទាប់មក វិស័យឯកជនគួរតែអនុវត្តការងារជាក់ស្តែងដោយផ្តោតលើទីផ្សារ។

ទី៦៖ «វាពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្តល់នូវការធានាដ៏រឹងមាំសម្រាប់អ៊ុយក្រែន នៅលោកខាងលិច»។ សង្គ្រាមបានលាតត្រដាងអំពីអស្ថិរភាព និងការគំរាមកំហែងឥតឈប់ឈរនៃការឈ្លានពានរបស់រុស្ស៊ីដែលអ៊ុយក្រែន បានប្រឈមមុខនៅក្រៅរចនាសម្ព័ន្ធអឺរ៉ូ-អាត្លង់ទិក។ សន្តិភាពយូរអង្វែងនឹងអាចសម្រេចបាន ប្រសិនបើមានការធ្វើសមាហរណកម្មអ៊ុយក្រែនទៅក្នុងអង្គការ NATO និងសហភាពអឺរ៉ុប។

អ៊ុយក្រែនបានអភិវឌ្ឍសមត្ថភាពយោធាយ៉ាងខ្លាំងក្លា ដែលអាចជារឿងល្អសម្រាប់អង្គការ NATO ខណៈការចូលជាសមាជិករបស់សហភាពអឺរ៉ុប នឹងពន្លឿនកិច្ចប្រឹងប្រែងធ្វើកំណែទម្រង់របស់ប្រទេសនេះ។ ជាចុងក្រោយ ដើម្បីអាចងើបចេញពីជម្លោះនេះ និងអាចក្លាយជាប្រទេសដ៏រឹងមាំប្រកបដោយស្ថិរភាព អ៊ុយក្រែនត្រូវតែពង្រឹងមូលដ្ឋានប្រជាធិបតេយ្យរបស់ខ្លួន។

វានឹងតម្រូវឱ្យមានការលុបបំបាត់អំពើពុករលួយ, ការធានានូវប្រព័ន្ធតុលាការឯករាជ្យ និងការពង្រឹងនីតិរដ្ឋ។ បើទោះបីជាដំណើរការចូលជាសមាជិករបស់សហភាពអឺរ៉ុបអាចជួយជំរុញគោលដៅទាំងនេះក៏ដោយ ក៏បណ្តាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែននៅតែត្រូវបន្តផ្តល់មូលនិធិសំខាន់ៗ ដើម្បីអាចជួយអ៊ុយក្រែនឈានទៅសម្រេចគោលដៅទាំងនេះ។

អ៊ុយក្រែនដែលមានភាពរីកចម្រើន និងប្រជាធិបតេយ្យនឹងផ្ញើសារវាយប្រហារទៅកាន់ជនផ្តាច់ការនៅគ្រប់ទីកន្លែង ហើយនឹងផ្តល់ក្តីសង្ឃឹមដល់អ្នកដែលកំពុងប្រយុទ្ធប្រឆាំងនឹងរបបផ្តាច់ការ។ លទ្ធផលនៃសង្រ្គាមនេះនឹងអាស្រ័យលើការសម្រេចចិត្តរបស់បណ្តាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន។ លោក Putin ជឿជាក់ថា «នៅទីបំផុតការគាំទ្រចំពោះអ៊ុយក្រែននឹងធ្លាក់ចុះ ហើយរុស្ស៊ីនឹងឈ្នះ»។

មេដឹកនាំនៅអឺរ៉ុបនិងអាមេរិកខាងជើងត្រូវតែបង្ហាញចក្ខុវិស័យនិងភាពក្លាហាន តាមរយៈការគោរពតាមការសន្យារបស់ពួកគេក្នុងការបន្តផ្តល់ការគាំទ្រដល់អ៊ុយក្រែនរហូតដល់ទីបញ្ចប់និងត្រូវ បន្តប្តេជ្ញាចិត្តធានាឱ្យបាននូវជ័យជន្នះសម្រាប់អ៊ុយក្រែន និងសន្តិភាពយូរអង្វែង។ ប្រសិនបើការលើកឡើងរបស់លោក Putin គឺជារឿងត្រឹមត្រូវ អឺរ៉ុបនឹងបន្តធ្លាក់ចូលទៅក្នុងវិបត្តិដែលគ្មានដែនកំណត់៕

Project Syndicate

អត្ថបទទាក់ទង