តើរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជំហររបស់ខ្លួនអ្វីខ្លះក្នុងការចរចាទម្លាក់ពន្ធជាមួយអាមេរិក?
រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានបញ្ជាក់គោលជំហរច្បាស់ៗជុំវិញការចរចា ស្នើពន្យា ជុំវិញការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ដោយស្វែងរកដំណោះស្រាយឈ្នះឈ្នះទាំងអស់គ្នា ដើម្បីការពារផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។
ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដាក់សម្ពោធឱ្យប្រើប្រាស់ស្ពានមរតកតេជោ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ជុំវិញការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកមកលើកម្ពុជា រដ្ឋាភិបាលមិនបាននៅស្ងៀមស្ងាត់មិនធ្វើអ្វីសោះដូចការចោទប្រកាន់របស់ក្រុមប្រឆាំងមួយចំនួននោះទេ ពោលគឺរដ្ឋាភិបាលបានធ្វើការងារដោយបុរេសកម្ម ហើយគណៈកម្មាធិការគោលនយោបាយ បានធ្វើសេណារីយោផ្សេងៗពីការវាយតម្លៃ ប្រសិនបើជាប់ពន្ធ ជាប់កម្រិតណា ជាប់ដោយសារអ្វី។ ការងារនេះរដ្ឋាភិបាលបាននឹងកំពុងធ្វើរួចហើយ រង់ចាំតែការផ្ទៀតផ្ទាត់ដើម្បីមានវិធានការបន្ថែម។
សម្ដេចធិបតី បានបន្ដថា កម្ពុជាមានជំហរច្បាស់លាស់ក្នុងការធ្វើការ ដោយមិនធ្វើដូចប្រទេសគេនោះទេ ពោលគឺមានគោលជំហរច្បាស់លាស់ដោយខ្លួនឯងក្នុងការដោះស្រាយ។ បន្ថែមពីនោះ រដ្ឋាភិបាលកម្ពុជា មិនចេញឆ្លើយតបឆ្លេឆ្លាលើបណ្ដាញសង្គមតាមការចង់បានរបស់ក្រុមប្រឆាំងនោះទេ ពោលគឺរដ្ឋាភិបាលមានគោលការណ៍ និងវិធានការច្បាស់លាស់ហើយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា បន្ទាប់ពីសហរដ្ឋអាមេរិកប្រកាសដាក់ពន្ធលើប្រទេសកម្ពុជា សម្ដេចក្នុងនាមជានាយកដ្ឋមន្រ្ដី បានផ្ញើលិខិតបញ្ជាក់គោលជំហររបស់កម្ពុជា ពន្យា និងស្នើសុំការចរចា, រីឯលោកជំទាវ ចម និម្មិល រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ក៏បានផ្ញើលិខិតទៅតំណាងប្រធានសភាពាណិជ្ជកម្មនៅអាមេរិកដើម្បីបើកការចរចារផងដែរ។
សម្ដេចធិបតី គូសបញ្ជាក់ថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល សម្ដេចក៏មានកាតព្វកិច្ចដូចប្រធានាធិបតីអាមេរិចផងដែរ ដោយចាត់វិធានការដើម្បីការពារ ថែររក្សាផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន៕