តើក្រុមប្រឆាំងគួរប្រកាន់យកឥរិយាបថរបៀបណានៅពេលប្រទេសជាតិជួបទុក្ខលំបាក?
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា នៅពេលប្រទេសយើងរងហានិភ័យ ប្រជាជនយើងលំបាក ក្នុងនាមជាអ្នកប្រឆាំងគួរតែរួមគ្នាក្នុងទិសដៅតែមួយជាមួយរាជរដ្ឋាភិបាលដើម្បីការពារផលប្រយោជន៍ជាតិដូចអ្នកប្រឆាំងនៅក្នុងបណ្តាប្រទេសនានាដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស មរតកតេជោ» នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅពេលប្រទេសកាណាដាជាប់ពន្ធអាមេរិក ទាំងបក្សប្រឆាំង និងបក្សកាន់អំណាចស្រុះដៃគ្នាដើម្បីធ្វើការចរចា ឬសុំការយោគយល់ ដោយមិនមានអ្នកណាវាយគ្នាទេ ប៉ុន្តែខុសអីតែបក្សប្រឆាំងខ្មែរដែលនៅក្រៅប្រទេសមិនជួយគ្នាពេលប្រទេសជាតិជួបការលំបាក ពោលគឺមានតែវាយតែគ្នាឯង និងជេររដ្ឋាភិបាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសរំលេចថា បើក្រុមប្រឆាំងពិតជាមានសមានចិត្តពិតប្រាកដមែន គួរតែបញ្ចេញសារ ឬធ្វើសកម្មភាពណាមួយជួយទៅដល់ប្រជាពលរដ្ឋនៅពេលប្រជាពលរដ្ឋមានទុក្ខមិនមែនមករិះគន់ឬបង្គាប់បញ្ជារាជរដ្ឋាភិបាលនោះឡើយ៕