ខ្មែរប៉ុស្ដិ៍ Close

ការស្វែងរករនាំងការពារសុវត្ថិភាព៖ ទស្សនវិស័យរបស់វៀតណាមអំពីការរក្សាលំនឹងយុទ្ធសាស្ត្រ នៅចំពេលកើតមានភាពមិនច្បាស់លាស់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 94
ការស្វែងរករនាំងការពារសុវត្ថិភាព៖ ទស្សនវិស័យរបស់វៀតណាមអំពីការរក្សាលំនឹងយុទ្ធសាស្ត្រ នៅចំពេលកើតមានភាពមិនច្បាស់លាស់ ការស្វែងរករនាំងការពារសុវត្ថិភាព៖ ទស្សនវិស័យរបស់វៀតណាមអំពីការរក្សាលំនឹងយុទ្ធសាស្ត្រ នៅចំពេលកើតមានភាពមិនច្បាស់លាស់

នៅក្នុងពិភពលោកដែលពោរពេញទៅដោយភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ បណ្តាប្រទេសអាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងហានិភ័យនៃការជាប់គាំងនៅក្នុងការប្រកួតប្រជែងអំណាចកាន់តែតានតឹង និងស្មុគស្មាញរវាងអាមេរិកនិងចិន ជាពិសេសសម្រាប់ប្រទេសដូចជាវៀតណាមនិងហ្វីលីពីន ដែលកំពុងស្ថិតនៅជួរមុខនៃការប្រកួតប្រជែងរវាងចិននិងអាមេរិក។

នៅពេលដែលបណ្តារដ្ឋអាស៊ីអាគ្នេយ៍ចូលរួមនៅក្នុងការកែសម្រួលយុទ្ធសាស្ត្រដើម្បីរក្សាតុល្យភាពឱ្យបានសមស្រប សំណួរសំខាន់ៗមួយចំនួនរួមមាន «តើការរក្សាលំនឹងយុទ្ធសាស្ត្រមានលក្ខណៈដូចម្តេចនៅក្នុងទស្សនវិស័យរបស់តំបន់អាស៊ីអាគ្នេយ៍?

តើការការពារ (Hedging – ជាយុទ្ធសាស្ត្រការទូតដែលអនុញ្ញាតឱ្យបណ្តារដ្ឋនានាកាត់បន្ថយហានិភ័យតាមរយៈការរក្សាទំនាក់ទំនងបើកចំហ និងមានភាពបត់បែនជាមួយមហាអំណាច) នៅតែជាជម្រើសដែលអាចសម្រេចបាននៅក្នុងភូមិសាស្ត្រនយោបាយដែលពោរពេញទៅដោយភាពមិនច្បាស់លាស់ដែរឬទេ?»

គេអាចមានចម្លើយបឋមមួយចំនួនចំពោះសំណួរសំខាន់ៗទាំងនេះ ដែលជាដំបូងដោយផ្អែកលើករណីដែលតំបន់អាស៊ីអាគ្នេយ៍អាចសម្រេចបាននូវការរក្សាលំនឹងយុទ្ធសាស្ត្រ ក្នុងករណីដែលតំបន់នេះអាចជំរុញមហាអំណាចទាំងពីរ ឆ្ពោះទៅរកកិច្ចព្រមព្រៀងបណ្តោះអាសន្ន (Modus vivendi)។ កិច្ចព្រមព្រៀងបណ្តោះអាសន្នបែបនេះមិនគួរមានលក្ខណៈជា «ការគ្រប់គ្រងរួមគ្នា Condominium» នោះទេ តែវាគួរតែមានលក្ខណៈជារនាំងការពារសុវត្ថិភាពប្រកបដោយតម្លាភាព ដើម្បីបញ្ចៀសទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតរបស់ពិភពលោកពីការឈានទៅរកស្ថានភាពមិនអាចគ្រប់គ្រងបាន។

អាស្រ័យហេតុនេះ យើងបានលើកឡើងអំពីការវាយតម្លៃលើការអនុវត្តការការពារហានិភ័យ ដោយផ្អែកលើជម្រើសដែលមានស្រាប់។ ការការពារហានិភ័យនៅតែអាចជារឿងដែលអាចសម្រេចបាន ក៏ប៉ុន្តែវានឹងទាមទារនូវភាពច្នៃប្រឌិតខ្ពស់ បូករួមនឹងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការរក្សាតុល្យភាព។ ការរក្សាលំនឹងយុទ្ធសាស្ត្រអាចត្រូវបានគេយល់ជាទូទៅថាជា «ស្ថានភាពមួយដែលគ្មានតួអង្គណាមួយអាចពង្រឹងជំហរ របស់ខ្លួន តាមរយៈការផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ខ្លួននោះទេ បើទោះបីជាភាគីដទៃបានធ្វើសកម្មភាពអ្វីក៏ដោយ»។

នៅក្នុងបរិបទនៃទំនាក់ទំនងអន្តរជាតិ ការរក្សាលំនឹងយុទ្ធសាស្ត្រសំដៅទៅលើស្ថានភាពតុល្យភាពនិងស្ថិរភាពនៅក្នុងចំណោមតួអង្គសំខាន់ៗនៅក្នុងប្រព័ន្ធអន្តរជាតិ។ ការរក្សាលំនឹងយុទ្ធសាស្ត្រនេះនឹងរងការបរាជ័យ នៅពេលដែលតួអង្គសំខាន់ៗធ្វើសកម្មភាពដើម្បីពង្រឹងអំណាចរបស់ ពួកគេ។ ជាឧទាហរណ៍ : នៅក្រោយឆ្នាំ ១៩៤៥ កង្វះការរក្សាលំនឹងយុទ្ធសាស្ត្រនៅក្នុងពិភពលោកបានកើតឡើង នៅពេលដែលអាមេរិកនិងសហភាពសូវៀត បានព្យាយាមយ៉ាងសកម្មដើម្បីរុញព្រំដែនតំបន់របស់ពួកគេរៀងៗខ្លួន និងព្យាយាមកេងប្រយោជន៍ពីគូប្រជែងរបស់ពួកគេ។

តាមទស្សនៈរបស់វៀតណាម ការរក្សាលំនឹងយុទ្ធសាស្ត្រមានចំនួន២ ផ្សេងគ្នា តែអាចមានទំនាក់ទំនងគ្នាទៅវិញទៅមក ដោយក្នុងនោះគឺការរក្សាលំនឹងរវាងមហាអំណាច និងការរក្សាលំនឹងថ្នាក់តំបន់។ ការរក្សាលំនឹងរវាងមហាអំណាច (Superpower Equilibrium) សំដៅលើស្ថិរភាពនៃទំនាក់ទំនងទ្វេភាគីរវាងមហាអំណាចឈានមុខគេ ដែលក្នុងករណីនេះ គឺសំដៅលើអាមេរិកនិងចិន ខណៈការរក្សាលំនឹងថ្នាក់តំបន់ (Regional Equilibrium) គឺមានជាប់ទាក់ទងនឹងស្ថិរភាពនៅក្នុងចំណោមបណ្តារដ្ឋក្នុងតំបន់ និងអវត្តមាននៃព្រឹត្តិការណ៍ដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខក្នុងតំបន់។

តាមទស្សនៈរបស់អ្នកបង្កើតគោលនយោបាយវៀតណាម ការរក្សាលំនឹងយុទ្ធសាស្ត្រនៅតំបន់អាស៊ីអាគ្នេយ៍អាចត្រូវបានធ្វើឡើងដោយផ្អែកលើករណីដែលអាមេរិកនិងចិនឈានទៅរកកិច្ចព្រមព្រៀងបណ្តោះអាសន្ន (Modus vivendi) ដែលនេះសំដៅទៅលើ «ច្បាប់ក្រៅផ្លូវការមួយចំនួន ដើម្បីកាត់បន្ថយការប្រកួតប្រជែងអំណាចរវាងពួកគេ និងដើម្បីអនុញ្ញាតឱ្យមហាអំណាចទាំង២ អាចរួមរស់នៅជាមួយគ្នាដោយសន្តិវិធី»។

វាគួរតែមានការគោរពគ្នាទៅវិញទៅមករវាងមហាអំណាច និងការទទួលស្គាល់គ្នាទៅវិញទៅមកថា «ភាគីទាំង២ ពិតជាមិនអាចទទួលបានការគ្រប់គ្រងទាំងស្រុងលើតំបន់ដ៏សំខាន់មួយនេះទេ»។ ដូច្នេះចក្ខុវិស័យនៃការរក្សាលំនឹងថ្នាក់តំបន់ដែលសំខាន់បំផុតនឹងអាស្រ័យទៅលើការកាត់បន្ថយវិបត្តិនិងជម្លោះនៅតំបន់អាស៊ីអាគ្នេយ៍ដែលបង្កឡើងដោយមហាអំណាច។ បញ្ហាសមុទ្រចិនខាងត្បូងគួរតែត្រូវបានដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងបទដ្ឋានក្នុងតំបន់។

បន្ថែមពីលើនេះ បណ្តាប្រទេសមហាអំណាចគួរតែជៀសវាងការបង្ខំរដ្ឋនៅក្នុងតំបន់ឱ្យជ្រើសយកភាគីណាមួយដោយសារសង្រ្គាមត្រជាក់ បានបង្ហាញហើយថា «ការកាន់ជើងភាគីណាមួយអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងស្វ័យភាពរបស់បណ្តារដ្ឋតូចៗ»។ ពួកគេគួរតែទទួលស្គាល់ថា «អាស៊ានគឺជាស្ថាប័នឈានមុខគេក្នុងតំបន់ ដែលមានតួនាទីស្នូលក្នុងការរក្សាតុល្យភាព និងភាពសុខដុមរមនា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។

ជាក់ស្តែង អាស៊ានអាចមានប្រៀបនិងឥទ្ធិពលក្នុងការអនុវត្តបទដ្ឋានថ្នាក់តំបន់ និងជំរុញឱ្យមានសណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់ប្រកបដោយសមធម៌ ដែលមិនត្រឹមតែអាចជួយទប់ស្កាត់ការប្រកួតប្រជែងជ្រុលហួសហេតុប៉ុណ្ណោះទេ តែថែមទាំងអាចជួយលើកកម្ពស់វិបុលភាពសម្រាប់បណ្តាប្រទេសក្នុងតំបន់ទៀតផង។ ការការពារហានិភ័យនៅតែជាយុទ្ធសាស្ត្រដ៏ល្អប្រសើរសម្រាប់បណ្តារដ្ឋអាស៊ីអាគ្នេយ៍ ខណៈដែលពួកគេកំពុងព្យាយាមដោះស្រាយបញ្ហាភូមិសាស្ត្រនយោបាយដ៏អរិភាព។

តាមទស្សនៈរបស់វៀតណាម ការធ្វើពិពិធកម្មភាពជាដៃគូអន្តរជាតិដោយមិនផ្តោតគោលដៅលើប្រទេសជាក់លាក់ណាមួយ, ការចូលរួមជាមួយមហាអំណាចមួយចំនួនប្រកបដោយតម្លាភាព និងការដើរតួនាទីយ៉ាងសកម្មនៅក្នុងស្ថាប័នពហុភាគី អាចអនុញ្ញាតឲ្យបណ្តារដ្ឋនានាបង្កើនស្វ័យភាពជាយុទ្ធសាស្ត្ររបស់ពួកគេ, អាចទទួលបានអត្ថប្រយោជន៍ពីកំណើនសេដ្ឋកិច្ច និងអាចជួយកាត់បន្ថយហានិភ័យផ្នែកសន្តិសុខ។

ទោះជាយ៉ាងណាក៏ដោយ ការការពារហានិភ័យនឹងមានភាពកាន់តែលំបាកនៅចំពោះមុខភាពតានតឹងកាន់តែខ្លាំងឡើងរវាងអាមេរិកនិងចិន និងការប្រកួតប្រជែងកាន់តែខ្លាំងសម្រាប់ឥទ្ធិពលនៅក្នុងតំបន់។ បណ្តារដ្ឋអាស៊ីអាគ្នេយ៍ត្រូវតែប្រកាន់យកវិធីសាស្ត្រឱ្យបានត្រឹមត្រូវ តាមរយៈការរក្សាតុល្យភាពទំនាក់ទំនងរបស់ពួកគេជាមួយប្រទេសមហាអំណាចទាំងពីរ ទន្ទឹមនឹងការធានាឱ្យបានថា «គ្មានភាគីណាមួយនឹងមានឥទ្ធិពលផ្តាច់មុខមកលើតំបន់»។

វានឹងតម្រូវឱ្យមានវិធីសាស្រ្តស្មុគស្មាញ និងដែលមានភាពបត់បែនដែលទាមទារឱ្យអ្នកបង្កើតគោលនយោបាយរក្សាការសម្របសម្រួល នៅគ្រប់ពេលមានការប្រែប្រួលនៅក្នុងការប្រកួតប្រជែងអំណាច។ ប្រសិនបើការការពារហានិភ័យកាន់តែមានភាពតានតឹង ជម្រើសសំខាន់ៗគឺត្រូវតែជា «ការជ្រើសយកភាគីណាមួយ, ការមិនចូលបក្សសម្ព័ន្ធ ឬការប្រកាន់យកពហុភាគីនិយម»។ ជម្រើសទី១ គឺការជ្រើសយកភាគីអាមេរិកឬចិនដែលអាចបង្កឱ្យមានការពឹងផ្អែកខ្លាំង និងផលប៉ះពាល់ដោយផ្ទាល់ជាមួយភាគីប្រកួតប្រជែងអំណាចម្ខាងទៀត។

បណ្តារដ្ឋដែលបានជ្រើសយកភាគីណាមួយនឹងមានស្វ័យភាពតិចជាងមុនក្នុងការបង្កើតគោលនយោបាយការបរទេស ដោយសារការអាចត្រូវបានបង្ខំឱ្យធ្វើតាមការកំណត់របស់មហាអំណាច។ ផ្ទុយទៅវិញ ការមិន ចូលបក្សសម្ព័ន្ធអាចជួយឱ្យរដ្ឋមួយគេចចេញពីការជាប់គាំងនៅក្នុងការប្រកួតប្រជែងរវាងអាមេរិកនិងចិន។ ប៉ុន្តែវាអាចកាត់បន្ថយអត្ថប្រយោជន៍ដែលរដ្ឋអាចនឹងទទួលបានពីការចូលរួមជាមួយភាគីណាមួយនៅក្នុងចំណោមមហាអំណាចទាំងពីរ។

តាមរយៈការជៀសវាងការចូលរួមដោយផ្ទាល់នៅក្នុងជម្លោះ បណ្តារដ្ឋដែលមិនចូលបក្សសម្ព័ន្ធអាចនឹងបាត់បង់ឱកាសសម្រាប់កំណើនសេដ្ឋកិច្ច និងជំនួយផ្នែកសន្តិសុខ។ ដូច្នេះវិធីដ៏ល្អបំផុតគឺ «ការរក្សាគម្លាតឱ្យបានស្មើគ្នាពីមហាអំណាចទាំងពីរ ហើយបណ្តារដ្ឋនានានឹងត្រូវមានការប្រុងប្រយ័ត្ននៅពេលបង្ហាញការគាំទ្ររបស់ពួកគេចំពោះមហាអំណាចនីមួយៗអាស្រ័យលើបញ្ហាជាក់លាក់ណាមួយ»។

នៅក្នុងការអនុវត្តជាក់ស្តែង ពេលខ្លះពួកគេអាចនឹងត្រូវផ្តល់ការអនុគ្រោះដល់អាមេរិកកាន់តែច្រើននៅក្នុងតំបន់ ហើយជួនកាលទៀតអាចត្រូវបង្ខំចិត្តគាំទ្រជំហររបស់ចិនលើបញ្ហាផ្សេងៗទៀត។ វិធីនេះមានឈ្មោះថា «ការរក្សាតុល្យភាពដោយផ្តោតលើគោលដៅជាក់លាក់» (Selective Balancing) ដែលជាទម្រង់នៃការការពារដែលរដ្ឋមួយ ទល់ទៅនឹងការសម្រេចចិត្តគាំទ្រប្រទេសមហាអំណាចណាមួយដោយផ្អែកលើបញ្ហាជាក់លាក់មួយ ដែលមានលក្ខណៈស៊ីគ្នានឹងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។

គោលដៅនៃការរក្សាតុល្យភាពបែបនេះគឺ «ការពង្រឹងស្វ័យភាពជាយុទ្ធសាស្រ្តរបស់រដ្ឋ និងការបំពេញចិត្តប្រទេសមហាអំណាចដើម្បីធ្វើឱ្យពួកគេយល់ថា ការកែសម្រួលស្ថានភាពនយោបាយនៅក្នុងតំបន់គឺមិនចាំបាច់»។ ជាឧទាហរណ៍ រដ្ឋមួយអាចគាំទ្រអាមេរិកនៅពេលនិយាយដល់សេរីភាពដែនសមុទ្រ ទន្ទឹមនឹងការមិនគាំទ្រចំពោះការធ្វើយោធូបនីយកម្មនៅដែនសមុទ្រជាក់លាក់ណាមួយ។

ដើម្បីធានាឱ្យបាននូវតុល្យភាព គេចាំបាច់ត្រូវបង្កើតជម្រើសទី៣ នៃរនាំងការពារសុវត្ថិភាពតាមបែបពហុភាគី ជាមួយនិងគោលដៅនៃការទប់ទល់នឹងឥទ្ធិពលរបស់មហាអំណាច។ ប៉ុន្តែ ការកសាងស្ថាប័នពហុភាគីតែងតែជារឿងដ៏លំបាក។ ជាងនេះទៅទៀត វាគ្មានការធានាទេថា «ក្រុមទាំងមូលនឹងអាចការពារខ្លួនបានពីសម្ពាធនៃការត្រូវបង្ខំឱ្យជ្រើសរើសយកភាគីណាមួយ»។

បើទោះបីជាការសម្រេចបាននូវការក្សាលំនឹងយុទ្ធសាស្ត្រនៅតំបន់អាស៊ីអាគ្នេយ៍នឹងតម្រូវឱ្យមានកិច្ចព្រមព្រៀងបណ្តោះអាសន្ន (Modus vivendi) រវាងអាមេរិកនិងចិនក៏ដោយ ក៏បណ្តារដ្ឋអាស៊ីអាគ្នេយ៍ត្រូវតែកែសម្រួលយុទ្ធសាស្រ្តរបស់ពួកគេដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍនៃការប្រកួតប្រជែងអំណាច។ វិធីសាស្រ្តនេះទាមទារឲ្យមានភាពច្នៃប្រឌិត និងភាពបត់បែនខ្ពស់ បូករួមនឹងការប្តេជ្ញាចិត្តកាន់តែខ្លាំងចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់។

ដើម្បីអាចឆ្លងផុតភាពចលាចលទាំងនេះបានដោយជោគជ័យ និងដើម្បីជំរុញប្រទេសមហាអំណាចឆ្ពោះទៅរកការកែប្រែថ្មីមួយ បណ្តាមេដឹកនាំអាស៊ីអាគ្នេយ៍ត្រូវតែបង្កើនការចូលរួមផ្នែកការទូត និងត្រូវបន្តប្តេជ្ញាពង្រឹងយន្តការដែលដឹកនាំដោយអាស៊ាន ទន្ទឹមនឹងការស្វែងរកភាពជាដៃគូថ្មីដើម្បីធ្វើពិពិធកម្មទំនាក់ទំនងសេដ្ឋកិច្ចនិងសន្តិសុខរបស់ពួកគេ។

បណ្តារដ្ឋអាស៊ីអាគ្នេយ៍ចាំបាច់ត្រូវដាក់ឱ្យដំណើរការឡើងវិញនូវគំនិតស្តីពីកិច្ចព្រមព្រៀងសន្តិសុខក្នុងតំបន់ដ៏ទូលំទូលាយ ទន្ទឹមនឹងការដើរតួនាទីនាំមុខនៅក្នុងការលើកកម្ពស់ស្តង់ដារនិងសណ្តាប់ធ្នាប់ តាមរយៈការប្រកាន់ខ្ជាប់នូវផែនការតំបន់ ដែលផ្តោតសំខាន់លើអាស៊ាន។ ទន្ទឹមនឹងនោះ ពួកគេត្រូវតែបន្តប្រកាន់ខ្ជាប់នូវគោលគំនិតស្តីពីតំបន់និយម (Regionalism) និងពហុភាគីនិយម, គុណតម្លៃ និងបទដ្ឋានរួមដូចដែលមានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ, តំបន់សន្តិភាព, សេរីភាពនិងអព្យាក្រឹតភាព, សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន, អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ, តំបន់អាស៊ីអាគ្នេយ៍ដែលគ្មានអាវុធនុយក្លេអ៊ែរ និងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP)។

វានឹងជួយលើកកម្ពស់ស្វ័យភាពនិងភាពរួបរួមគ្នាជាយុទ្ធសាស្ត្ររបស់អាស៊ាន ដែលអាចធានានូវកំណើនប្រកបដោយនិរន្តរភាព និងភាពធន់របស់ប្លុកប្រឆាំងនឹងការរំខាន។ បន្ថែមពីលើនេះ អាស៊ានត្រូវជំរុញឱ្យមានវិធានការកសាងទំនុកចិត្ត និងការអនុវត្តការទូតដែលទប់ស្កាត់ជម្លោះ (Preventive Diplomacy) នៅក្នុងវេទិកាតំបន់អាស៊ាននិងយន្តការផ្សេងទៀតដែលដឹកនាំដោយអាស៊ាន។

នៅទីបំផុត ទំនួលខុសត្រូវគឺស្ថិតនៅលើបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្នុងការអនុវត្តគំនិតផ្តួចផ្តើមទាំងនេះ ក៏ដូចជាការពង្រឹងតួនាទីរបស់ពួកគេក្នុងការរៀបចំសណ្តាប់ធ្នាប់នៅក្នុងតំបន់។ តាមរយៈការទទួលយកវិធីសាស្រ្តសកម្មនិងជាក់ស្តែង បណ្តារដ្ឋទាំងនេះនឹងអាចការពារអនាគតរបស់ពួកគេបាន នៅពេលដែលភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយបាននិងកំពុងកើនឡើង និងអាចធានាបានថា «ពួកគេនៅតែមានស្វ័យភាពនៅក្នុងយុគសម័យនៃការប្រកួតប្រជែងរវាងមហាអំណាច»៕

The Diplomat