ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលឃុំសំបុក ចេញសេចក្ដីបំភ្លឺចំពោះការផ្សាយមិនដឹងការពិតរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស EXPRSS NEWS

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 66

បន្ទាប់ពីបានឃើញស្ថានីយ៍ទូរទស្សន៍ហង្សមាស EXPRSS NEWS ចេញផ្សាយព័ត៌មានទាំងមិនដឹងការពិតអំពីស្ថានភាពនៃការរស់នៅរបស់គ្រួសារ លោកស្រី ចក់ សាមីន ដោយលើកឡើងថា អាជ្ញាធរឃុំ មិនបានគិតគូរពីបញ្ហាធ្វើសំបុត្រកំណើតជូន និងកូនៗមិនមានឱកាសចូលរៀន នោះ រដ្ឋបាលឃុំសំបុក នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ បានចេញសេចក្ដីបំភ្លឺព័ត៌មានជូនសាធារណជនទូទៅឱ្យបានជ្រាបដើម្បីកុំឱ្យមានការភាន់ច្រឡំចំពោះអាជ្ញាធរឃុំតទៅទៀត។

ជុំវិញការផ្សាយមិនពិតនេះដែរ រដ្ឋបាលឃុំសំបុក ស្រុកចិត្របុរី ខេត្ដក្រចេះ បានឱ្យដឹងថា ចំពោះគ្រួសាររបស់សពឈ្មោះ ចក់ សាមីន ដែលទើបតែទទួលមរណៈភាព ដោយមានស្វាមីចំនួន០៣នាក់មកហើយ ដោយស្វាមីក្រោយមានឈ្មោះ រិន សុខជា បានរស់នៅលើដីរបស់គាត់នៅចំណុចអភិវឌ្ឍខេត្ត ក្នុងភូមិសម្បទានកាកុត ក្រោយមកគាត់បានលក់ដីនោះ ហើយបច្ចុប្បន្នបានមកធ្វើខ្ទមតូចមួយ ស្នាក់នៅលើដីសាធារណៈរបស់ឃុំ។ គ្រួសារខាងលើ ទទួលបានបណ្ណសមធម៌កម្រិត១ និងទទួលបានប្រាក់ឧបត្ថម្ភកូវីដ-១៩ ពីរាជរដ្ឋាភិបាលប្រចាំខែផងដែរ ដែលទើបនិងបិទបញ្ចប់ថ្មីៗនេះ ហើយបច្ចុប្បន្នឃុំបានចុះសម្ភាសន៍គ្រួសារខាងលើរួចរាល់ហើយ និងរង់ចាំការបោះផ្សាយប័ណ្ណសមធម៌ថ្មីជូនគាត់។

ជាមួយគ្នានោះ រដ្ឋបាលឃុំសំបុក បានចេញបំភ្លឺចំនួន២ចំណុច ចំពោះការផ្សាយមិនពិតខាងលើនេះផងដែរដោយក្នុងនោះរួមមាន៖
១, ពាក់ព័ន្ធនឹងកូនគ្មានសំបុត្រកំណើត៖ អាជ្ញារធរភូមិឃុំ បានជំរុញឱ្យឪពុកម្តាយមកធ្វើសំបុត្រកំណើតច្រើនដងមកហើយ ប៉ុន្តែពួកគាត់មិនបានយកចិត្តទុកដាក់ឡើយ ដោយផឹកស្រាជាប្រចាំ ធ្វើឱ្យបាត់បង់សតិ មានជំងឺ និងមានជាប់ពាក់ព័ន្ធនិងការប្រើប្រាស់គ្រឿងញៀន។ ឃុំបានធ្វើសំបុត្រកំណើត និងសំបុត្របញ្ជាក់កំណើតជូនរួចរាល់ម្តងហើយ ប៉ុន្តែគាត់បានធ្វើឱ្យបាត់ និងខូចហើយបានណែនាំឱ្យគាត់ទៅស្រាវជ្រាវរកគល់បញ្ជីនៅសាលាស្រុកផងដែរ ដើម្បីធ្វើសេចក្តីចម្លងសំបុត្របញ្ជាក់កំណើតសម្រាប់យកមកប្រើប្រាស់។

២, ពាក់ព័ន្ធនឹងកូនមិនមានឱកាសចូលរៀន៖ គ្រួសារខាងលើមានកូនចំនួន០៣នាក់ ស្រី ០១នាក់ ហើយបានចូលរៀនចំនួន០២នាក់។ ពេលកូនទៅចុះឈ្មោះចូលរៀន ឪពុកម្តាយ មិនបាននាំកូនទៅចុះឈ្មោះចូលរៀននោះទេ ដោយអាជ្ញាធរភូមិ បានយកកូនច្បង និងកូនទី២ ទៅចុះចូលរៀន ហើយមិនមានសំបុត្រភ្ជាប់ទៅជាមួយ ប៉ុន្តែលោកគ្រូ អ្នកគ្រូបានអនុគ្រោះ និងបានចុះឈ្មោះឱ្យកូនរបស់គាត់បានចូលរៀនរហូតដល់ថ្នាក់ទី៤ (កូនច្បង) និងថ្នាក់ទី២ (កូនទី២) ព្រមទាំងទទួលបានអាហាររូបករណ៍គ្រួសារក្រីក្រពីសាលារៀន ហើយបច្ចុប្បន្នកូនទាំងពីរ បានបោះបង់ការសិក្សារចោលហើយ ដោយឪពុកម្តាយស្រវឹងរៀងរាល់ថ្ងៃ មិនបានយកចិត្តទុកដាក់ចំពោះកូនៗឡើយ៕

អត្ថបទទាក់ទង