ខ្មែរប៉ុស្ដិ៍ Close

ការបោះឆ្នោតនៅថៃអាចមានសារៈសំខាន់ខ្លាំងសម្រាប់ប្រទេសថៃផ្ទាល់ និងសម្រាប់តំបន់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 29
ការបោះឆ្នោតនៅថៃអាចមានសារៈសំខាន់ខ្លាំងសម្រាប់ប្រទេសថៃផ្ទាល់ និងសម្រាប់តំបន់ ការបោះឆ្នោតនៅប្រទេសថៃ កាលពីពេលកន្លងទៅ

បណ្តាមេដឹកនាំផ្តាច់ការនៅតំបន់អាស៊ីអាគ្នេយ៍ នៅតែចង់បានភាពស្របច្បាប់តាមរយៈការបោះឆ្នោតដែលនេះគឺជាអ្វីដែលគេអាចមើលឃើញយ៉ាងច្បាស់នៅក្នុងចេតនារបស់របបយោធាមីយ៉ាន់ម៉ា និងមេដឹកនាំបុរសខ្លាំងកម្ពុជាគឺលោក ហ៊ុន សែន។ ប៉ុន្តែការបោះឆ្នោតនៅថៃដែលនឹងរៀបចំឡើងនៅថ្ងៃទី ១៤ ខែឧសភា នេះ មានភាពខុសប្លែកពីការបោះឆ្នោតនៅក្នុងប្រទេសទាំង២ ខាងលើ។

បើទោះបីជាការប្រកួតប្រជែងហាក់មានភាពលម្អៀងទៅរកឥស្សរជនអភិរក្សនិយមក៏ដោយ ក៏គេនៅតែអាចមើលឃើញអំពីភាពប្រកួតប្រជែងល្អគួរសមដែរនៅក្នុងការបោះឆ្នោតនេះ។ រដ្ឋាភិបាលថៃបច្ចុប្បន្នបានដឹកនាំប្រទេសចាប់តាំងពីការបោះឆ្នោតឆ្នាំ ២០១៩ មក ដោយមាននាយករដ្ឋមន្ត្រី Prayut Chan-o-cha ជាមេដឹកនាំអស់ពេលជិត ១ ទសវត្សរ៍ បើគិតចាប់ពីលោកបានដឹកនាំធ្វើរដ្ឋប្រហារយោធាដើម្បីផ្តួលរំលំរដ្ឋាភិបាលលោកស្រី Yingluck Shinawatra នៅ ខែឧសភាឆ្នាំ ២០១៤។

រដ្ឋធម្មនុញ្ញថៃដែលត្រូវបានព្រាងឡើងដោយយោធា និងដែលបានផ្តល់នូវឥទ្ធិពលដល់ព្រឹទ្ធសភា ក្នុងការតែងតាំងនាយករដ្ឋមន្ត្រីបានជួយឱ្យលោក Prayut អាចបន្តស្ថិតនៅក្នុងអំណាចនៅក្រោយការបោះឆ្នោតឆ្នាំ ២០១៩ បើទោះបីជាគណបក្សរបស់លោក មិនមានប្រជាប្រិយភាពបំផុតក៏ដោយ។

បើទោះបីជាមានការព្យាករនៅឆ្នាំ ២០១៩ ថា «រដ្ឋាភិបាលអភិរក្សនិយមនោះនឹងគ្មានស្ថិរភាព» ក៏ដោយ ក៏រដ្ឋាភិបាលរបស់លោកបានបង្ហាញនូវភាពធន់ដ៏គួរឱ្យភ្ញាក់ផ្អើល ដោយបានហែលឆ្លងផុតវីរុសកូវីដ-១៩, បាតុកម្មដ៏ធំរបស់យុវជននៅឆ្នាំ ២០២០, ការឈ្លោះប្រកែកគ្នារវាងបក្ខពួក ក៏ដូចជាបញ្ហាប្រឈមផ្លូវច្បាប់ដែលជាហេតុធ្វើឱ្យលោក Prayut ចុះចេញពីតំណែងនាយករដ្ឋមន្ត្រីក្នុងរយៈពេលខ្លី។

ទោះជាយ៉ាងណាក៏ដោយ គេមិនបានកត់សម្គាល់ឃើញនូវកំណត់ត្រាគោលនយោបាយគួរឱ្យកត់សម្គាល់ណាមួយរបស់រដ្ឋាភិបាលនេះទេ។ សេដ្ឋកិច្ចថៃមិនមានដំណើរការល្អនោះទេ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ ហើយបញ្ហាប្រឈមរយៈពេលវែង ដូចជាសង្គមដែលមានមនុស្សវ័យចំណាស់កាន់តែច្រើន និងប្រព័ន្ធអប់រំហួសសម័យ ក៏មិនត្រូវបានដោះស្រាយនោះដែរ។

កត្តាគន្លឹះដែលនឹងកំណត់សេណារីយ៉ូនៅក្រោយការបោះឆ្នោត នឹងអាស្រ័យលើចំណុចថា «តើគណបក្ស Pheu Thai របស់អតីតនាយករដ្ឋមន្ត្រី Thakshin Shinawatra នឹងមានដំណើរការបានល្អកម្រិតណា»។ លោក Thakshin បានរស់នៅក្នុងស្ថានភាពនិរទេសខ្លួនចាប់ពីឆ្នាំ ២០០៨ មក ក៏ប៉ុន្តែលោកនៅតែជាកម្លាំងចលករនៅពីក្រោយគណបក្ស ដែលពេលនេះត្រូវបានដឹកនាំដោយកូនស្រីរបស់លោក គឺលោកស្រី Paetongtarn ដែលមានគោលដៅយកឈ្នះអាសនៈឱ្យបាន ៣១០។

លទ្ធផលឈ្នះភ្លូកទឹកភ្លូកដីបែបនេះ នឹងអនុញ្ញាតឱ្យគណបក្ស Pheu Thai អាចកាន់តំណែងនាយករដ្ឋមន្ត្រី និងអាចមានប្រៀបលើសម្ព័ន្ធភាពចម្រុះ។ ប៉ុន្តែ គណបក្ស Pheu Thai អាចនឹងមិនសម្រេចតាមគោលដៅដ៏មហិច្ឆតារបស់ខ្លួននោះទេ ដែលមួយផ្នែកគឺដោយសារតែគណបក្ស Move Forward នឹងបំបែកសំឡេងឆ្នោត។

គណបក្ស Move Forward ដែលបានប្រែខ្លួនពីគណបក្ស Future Forward បានឈ្នះអាសនៈចំនួន ៨០ នៅឆ្នាំ ២០១៩ ក៏ប៉ុន្តែអាចនឹងមិនទទួលបានលទ្ធផលល្អនៅពេលនេះទេ ដោយសារតែការផ្លាស់ប្តូររបៀបបោះឆ្នោតជាបន្តបន្ទាប់។ គណបក្ស Move Forward មានរបៀបវារៈគោលនយោបាយប្រកបដោយមហិច្ឆតា និងមានភាពខុសប្លែកពីគណបក្សណាៗទាំងអស់នៅក្នុងការបោះឆ្នោត ដោយក្នុងនោះគណបក្សនេះ មានបំណងធ្វើការកែទម្រង់រដ្ឋធម្មនុញ្ញ, បញ្ចប់ការជាប់កាតព្វកិច្ចយោធា និងធ្វើការកែទម្រង់ច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ។

អ្នកវិភាគភាគច្រើនយល់ថា «លទ្ធផលបោះឆ្នោតដែលទំនងបំផុតនោះគឺ វានឹងមានរដ្ឋាភិបាលចម្រុះមួយដែលមានសមាសភាពមកពីគណបក្ស Pheu Thai ផង និងពីបណ្តាគណបក្សអភិរក្សនិយមផ្សេងៗទៀតផង»។ ឧត្តមសេនីយ៍ Prawit Wongsuwan ដែលជាឧបនាយករដ្ឋមន្ត្រីដ៏យូរលង់របស់លោក Prayut កំពុងបង្ហាញខ្លួនជាបក្ខជននៃការផ្សះផ្សានយោបាយ និងកំពុងលើកឡើងនូវគំនិតស្តីពីការបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្ស Pheu Thai ដោយបើកចំហ។

ការចងសម្ព័ន្ធរវាងកម្លាំងនយោបាយប្រឆាំងហាក់មិនអាចទៅរួចនោះទេ ក៏ប៉ុន្តែនៅក្នុងភាពជាក់ស្តែងនិយមនៃនយោបាយថៃ កិច្ចព្រមព្រៀងអ្វីក៏អាចទៅរួចដែរ។ គណបក្ស Pheu Thai មានភាពស្ទាក់ស្ទើរក្នុងការ លើកឡើងអំពីទស្សនៈទាំងនេះ ដោយសារការភ័យខ្លាចថា «ការជជែកវែកញែកអំពីការចងសម្ព័ន្ធភាពជាមួយបណ្តាគណបក្សអភិរក្សនិយម អាចបំផ្លាញភាពជោគជ័យរបស់ខ្លួននៅក្នុងកាេបោះឆ្នោត»។

លោក Thaksin អាចនៅតែមានចិត្តចង់បានសំឡេងគាំទ្រភាគច្រើនដដែល។ ប៉ុន្តែលោកធ្លាប់បានដើរយុទ្ធសាស្ត្រខុស កាលពីអតីតកាល។ ហេតុដូច្នេះហើយ នៅពេលនេះលោកអាចនឹងចាប់យករាល់ឱកាសដែលហុចឱ្យដើម្បីធ្វើឱ្យគណបក្ស Pheu Thai មានប្រៀប បើទោះបីជាការធ្វើបែបនោះអាចបង្កហានិភ័យនៃការកើតមានជម្លោះនយោបាយក៏ដោយ។

នយោបាយថៃ នៅក្នុងរយៈពេល ២ ទសវត្សរ៍កន្លងមកនេះ មានលក្ខណៈជាវដ្ត (Cyclical Quality) ដែលនោះគឺ «ជ័យជំនះបែបប្រជាភិថុតនៅក្នុងការបោះឆ្នោត ដែលនឹងនាំមកនូវការប្រឆាំងពីពួក
អភិរក្សនិយមដែលនឹងឈានទៅដល់ការមិនសប្បាយចិត្តពីសំណាក់ប្រជាពលរដ្ឋ ហើយចុងក្រោយវានឹងនាំមកនូវការកេងចំណេញផ្នែកនយោបាយមួយចំនួន»។ ដំណាក់កាលនៃភាពតានតឹង ឬការធ្វើបាតុកម្មផ្សេងៗ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ មិនបានលេចចេញភ្លាមៗទេ ក៏ប៉ុន្តែវាបានសម្ងំបង្កើនកម្លាំង។

ចលនាបាតុកម្មធំៗត្រូវការពេលវេលាដើម្បីបង្កើនកម្លាំង ហើយគេតែងឃើញមានភាពចុះថមថយឥទ្ធិពលនៅក្នុងភាគីទាំងពីរ ដែលជាហេតុជួយរក្សាស្ថានភាពឱ្យបន្តមានស្ថិរភាពគួរសមយ៉ាងហោចណាស់នៅក្នុងរយៈពេលខ្លី។ ប៉ុន្តែវានឹងមានហានិភ័យនិងភាពមិនប្រាកដប្រជាជាច្រើន ជាពិសេសប្រសិនបើគណបក្ស Pheu Thai ទទួលបានជ័យជំនះទាំងស្រុង។

ការវិលត្រឡប់មកប្រទេសវិញរបស់ លោក Thaksin អាចក្លាយជាកត្តាបង្កអស្ថិរភាពមួយ។ លោកបាននិយាយជាច្រើនដងថា «លោកនឹងវិលត្រឡប់មកវិញ» ក៏ប៉ុន្តែនេះគឺជាលើកដំបូងហើយ ដែលលោកបានបង្ហាញសញ្ញាថា «លោកនឹងសុខចិត្តជាប់ពន្ធនាគារ»។ ប៉ុន្តែគេនៅមិនទាន់ច្បាស់ទេថា «តើលោកពិតជាមានឆន្ទៈចង់ប្រថុយគ្រោះថ្នាក់បែបនេះដែរឬអត់»។

កត្តាបង្កអស្ថិរភាពទី២ អាចកើតមានឡើងនៅខែឧសភា ឆ្នាំ ២០២៤ នៅពេលដែលព្រឹទ្ធសភាដែលត្រូវបានតែងតាំង បាត់បង់បុព្វសិទ្ធិរបស់ខ្លួនក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី។ បញ្ហានេះនឹងបង្វែរតុល្យភាពអំណាចចេញពីកម្លាំងអភិរក្សនិយមរបស់ប្រទេសថៃ។ ទោះជាយ៉ាងណាក៏ដោយ ការបោះឆ្នោតនេះអាចក្លាយជាគុណសម្បត្តិសម្រាប់តួនាទីថ្នាក់តំបន់របស់ថៃដែលបានបាត់បង់នៅក្នុងរយៈពេល ២ ទសវត្សរ៍កន្លងមកនេះ។

ឥស្សរជននាំមុខគេរបស់គណបក្ស Pheu Thai គឺលោក Srettha Thavisin បានបង្ហាញសញ្ញាថា «ប្រសិនបើគណបក្សនេះដឹកនាំរដ្ឋាភិបាល ខ្លួននឹងងាកទៅផ្តោតលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗ»។ «ប្រទេសថៃមិនបានចុះកិច្ចព្រមព្រៀងសេរីភាវូបនីយកម្មធំៗណាមួយឡើយនៅក្នុងរយៈពេលជិត ២០ ឆ្នាំកន្លងមកនេះ»។ បណ្តាអ្នកនយោបាយដែលគាំទ្រកំណែទម្រង់ ក៏បានរិះគន់វិធីសាស្ត្ររបស់រដ្ឋាភិបាលថៃ
បច្ចុប្បន្ននេះផងដែរចំពោះការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។

បើទោះបីជាពួកគេមិនអាចប្រឆាំងនឹងទំនាក់ទំនងដ៏ជិតស្និទ្ធរវាងយោធានៃប្រទេសទាំងពីរក៏ដោយ ក៏ពួកគេអាចជំរុញប្រទេសថៃឱ្យដើរឆ្ពោះទៅរកជំហរដែលកាន់តែមានលក្ខណៈស្ថាបនានៅក្នុងអាស៊ាន ដែលនឹងអាចជួយឥណ្ឌូណេស៊ីដែលជាប្រធានអាស៊ានឆ្នាំ ២០២៣ ឱ្យទទួលបានសន្ទុះដ៏សំខាន់នៅក្នុងកិច្ចការទូតជាមួយប្រទេសមីយ៉ាន់ម៉ា៕

Channel News Asia

អត្ថបទទាក់ទង