ខ្មែរប៉ុស្ដិ៍ Close

    នយោបាយដែលទាក់ទងនឹងព្រះសង្ឃនៅក្នុងប្រទេសថៃកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1588
    នយោបាយដែលទាក់ទងនឹងព្រះសង្ឃនៅក្នុងប្រទេសថៃកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនយោបាយដែលទាក់ទងនឹងព្រះសង្ឃនៅក្នុងប្រទេសថៃកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង

    ការខិតជិតមកដល់នៃការបោះឆ្នោតជាតិនៅក្នុងប្រទេសថៃ និងពាក្យចចាមអារ៉ាមឥតឈប់ឈរអំពីការរំលាយសភា ដែលត្រូវបានគេរំពឹងទុកថានឹងកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល APEC នៅចុងខែនេះ បានធ្វើឱ្យអ្នកនយោបាយនៅក្នុងប្រទេសនេះមានការរំជើបរំជួល។

    នៅប៉ុន្មានសប្តាហ៍កន្លងមកនេះ គេឃើញមានការផ្លាស់ប្តូរនៅក្នុងគណបក្ស, ការបង្ហាញបេក្ខជននាយករដ្ឋមន្ត្រី (គណបក្សនីមួយៗអាចដាក់ឈ្មោះបេក្ខជនបានរហូតដល់ ៣ រូប) និងបេក្ខជនតំណាងរាស្រ្តនៅថ្នាក់មូលដ្ឋាន ក៏ដូចជាការបោះពុម្ពផ្សាយនូវគោលនយោបាយរបស់គណបក្ស។

    ខុសពីគណបក្សដទៃទៀតដែលបានផ្តល់អាទិភាពដល់ការដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច គណបក្សប្រឆាំងធំជាងគេលំដាប់ទី២ គឺគណបក្ស «Move Forward Party» (MFP) បានដាក់ចេញនូវគោលនយោបាយ «សង្គម-នយោបាយជាចម្បង» ដែលមានលក្ខណៈផ្ទុយគ្នាពីក្រុមអភិរក្សនិយម ដែលកំពុងកាន់អំណាច។

    គោលនយោបាយមួយចំនួនដែលបានស្នើឡើងដោយគណបក្ស MFP រួមមានការធ្វើកំណែទម្រង់ច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ, គម្រោងពង្រឹងវិស័យយោធា ដូចជាការលុបបំបាត់កាតព្វកិច្ចយោធា ដើម្បីផ្តល់ការគាំទ្រដល់ប្រព័ន្ធជ្រើសរើសយោធាដោយស្ម័គ្រចិត្ត និងការរំលាយបញ្ជាការដ្ឋានប្រតិបត្តិការសន្តិសុខផ្ទៃក្នុងរបស់ប្រទេសថៃ ដែលមានតាំងពីសម័យសង្គ្រាមត្រជាក់។

    គណបក្សនេះក៏បានអំពាវនាវឱ្យខេត្តទាំង ៧៧ នៅក្នុងប្រទេសថៃមានសិទ្ធិបោះឆ្នោតជ្រើសរើសអភិបាលខេត្តរបស់ខ្លួន ជាជាងទទួលបានឥស្សរជនដែលត្រូវបានតែងតាំងដោយក្រសួងមហាផ្ទៃ។ គោលនយោបាយដ៏ទាក់ទាញមួយទៀតរបស់គណបក្ស MFP គឺ «ការអំពាវនាវឱ្យផ្តល់សិទ្ធិបោះឆ្នោតដល់ព្រះសង្ឃពុទ្ធសាសនា»។

    តាមគោលការណ៍ ព្រះសង្ឃថៃមិនអាចចូលប្រឡូកនៅក្នុងកិច្ចការអាណាចក្របាននោះទេ ជាពិសេសនៅក្នុងរឿងកខ្វក់ដូចជានយោបាយនេះ។ ហេតុដូច្នេះហើយ ព្រះសង្ឃទាំងអស់ត្រូវបានរារាំងពីការចូលរួមនៅក្នុងរឿងនយោបាយ។ បើទោះបីជាមិនមានច្បាប់ដែលហាមប្រាមព្រះសង្ឃមិនឱ្យនិយាយរឿងនយោបាយក៏ដោយ ក៏អ្នកដែលហ៊ានបញ្ចេញមតិខ្លាំងពេក តែងតែរងនូវការមិនពេញចិត្តពីសំណាក់គណៈសង្ឃ និងពុទ្ធសាសនិកដែលគោរពប្រតិបត្តិតាមព្រះពុទ្ធសាសនា។

    ប៉ុន្តែការកើនឡើងនៃការយល់ដឹងផ្នែកនយោបាយ និងការពង្រឹងសិទ្ធិមនុស្សនៅក្នុងចំណោមមនុស្សជំនាន់ក្រោយដែលជាមូលដ្ឋាននៃការគាំទ្រដ៏សំខាន់របស់គណបក្ស MFP ក៏ដូចជាការផ្លាស់ប្តូរនៅក្នុងប្រទេសភាគច្រើនដែលកាន់ព្រះពុទ្ធសាសនា ដូចជានៅប៊ូតង់ និងកម្ពុជា នៅក្នុងរយៈពេល ២ ទសវត្សរ៍កន្លងមកនេះ បានជំរុញឱ្យមានការគិតគូរឡើងវិញនៅក្នុងចំណោមប្រជាជនថៃ អំពីសិទ្ធិនយោបាយជាមូលដ្ឋានរបស់ព្រះសង្ឃ។

    ជាក់ស្តែង អំណះអំណាងរបស់គណបក្ស MFP សម្រាប់សិទ្ធិបោះឆ្នោតរបស់ព្រះសង្ឃបានចាក់ឫសយ៉ាងជ្រៅនៅក្នុងគោលការណ៍សិទ្ធិមនុស្ស។ ព្រះសង្ឃក៏ជាពលរដ្ឋរបស់ប្រទេសថៃដែរ ហើយប្រសិនបើព្រះសង្ឃទាំងនោះត្រូវបានគេតម្រូវឱ្យចូលរួមកាន់សន្លឹកឆ្នោតដើម្បីបំពេញកាតព្វកិច្ចយោធារយៈពេល ២ ឆ្នាំ នោះពួកគេគួរតែទទួលបានសិទ្ធិជាមូលដ្ឋានក្នុងការបោះឆ្នោតដែរ។

    លោកស្រី Katewadee Kulabkaew ដែលបានធ្វើការស្រាវជ្រាវលើបញ្ហានយោបាយនៅក្នុងវិស័យព្រះពុទ្ធសាសនាថៃ បានឱ្យដឹងថា «ព្រះសង្ឃថៃមួយចំនួនធំបានព្យាយាមចូលរួមនៅក្នុងឆាកនយោបាយ និងបានបង្ហាញអំពីជំហរគាំទ្រគណបក្សនយោបាយជាក់លាក់ ជាមួយនឹងក្តីសង្ឃឹមថា រដ្ឋាភិបាលប្រជាធិបតេយ្យដែលឡើងកាន់អំណាចអាចសម្រេចបាននូវគោលដៅរបស់ពួកគេដែលចង់បានការទទួលស្គាល់ព្រះពុទ្ធសាសនាជាសាសនាជាតិរបស់ប្រទេស»។

    គោលដៅនេះត្រូវបានរដ្ឋការផ្តាច់ការថៃច្រានចោលជាប្រចាំ ក្រោមហេតុផលសន្តិសុខជាតិ។ ព្រះពុទ្ធសាសនាថេរវាទ (Theravada Buddhism) បើទោះជាត្រូវបានប្រតិបត្តិដោយប្រជាជនថៃរហូតដល់ ៩៥% ក៏ដោយ ក៏មិនដែលទទួលបាននូវការទទួលស្គាល់ថាជា «សាសនាផ្លូវការ» នោះទេ ដោយសារហេតុផល១ ដែលនោះគឺ «ការធានានូវសេរីភាពសាសនា»។

    សំណួរដែលថា «តើព្រះពុទ្ធសាសនាគួរត្រូវបានទទួលស្គាល់ជាផ្លូវការថាជាសាសនារបស់រដ្ឋនៅក្នុងប្រទេសថៃដែរឬអត់?» បានក្លាយជាប្រធានបទនៃការជជែកដេញដោលអស់រយៈពេលជាយូរមកហើយ។ ព្រះសង្ឃដែលជឿថា «ព្រះពុទ្ធសាសនាគួរត្រូវបានទទួលស្គាល់ថាជាសាសនាជាតិរបស់ប្រទេស ទាំងនៅក្រោមរដ្ឋធម្មនុញ្ញ និងនៅក្នុងការប្រតិបត្តិ បានទទួលនូវការគាំទ្រពីសំណាក់អ្នកអភិរក្សព្រះពុទ្ធសាសនាដ៏រឹងមាំជាច្រើនដែលជឿថា «ព្រះពុទ្ធសាសនាកំពុងរងនូវការគំរាមកំហែង»។

    លោកស្រី Katewadee បានបញ្ជាក់បន្ថែមថា «មនុស្សទាំងនេះបានបន្តបង្កើនការគាំទ្រដល់ការចូលរួមរបស់ព្រះសង្ឃនៅក្នុងរឿងនយោបាយ ដែលមិនត្រឹមតែជាការបោះឆ្នោតប៉ុណ្ណោះទេ ប៉ុន្តែក៏រួមបញ្ចូលទាំងការឈរឈ្មោះសម្រាប់តំណែងនយោបាយ និងការបង្កើតគណបក្សនយោបាយផ្ទាល់ខ្លួនទៀតផង ដូចជានៅស្រីលង្កាជាដើម»។

    បញ្ហានេះអាចនឹងបង្កើតឱ្យមានការងើបឡើងនៃក្រុមព្រះសង្ឃជ្រុលនិយម ឬចលនាជាតិនិយមព្រះពុទ្ធសាសនា។ ជាងនេះទៅទៀត វាក៏អាចបញ្ឆេះភាពចលាចលដែលមានស្រាប់ផងដែររវាងពុទ្ធសាសនិកថៃ និងម៉ូស្លីមនៅក្នុងតំបន់ភាគខាងត្បូង។ ប៉ុន្តែសំណើគោលនយោបាយរបស់គណបក្ស MFP នៅក្នុងដំណាក់កាលនេះ គឺបានផ្តោតតែទៅលើ «ការជំរុញសិទ្ធិរបស់ព្រះសង្ឃឱ្យចូលរួមនៅក្នុងការបោះឆ្នោត» តែប៉ុណ្ណោះ។

    ទោះជាយ៉ាងណាក៏ដោយ បញ្ហានេះនឹងផ្តល់នូវការយល់ឃើញកាន់តែទូលំទូលាយ អំពីបរិបទនយោបាយដែលទាក់ទងនឹងព្រះសង្ឃដែលកំពុងបន្តនៅក្នុងប្រទេសថៃ និងអាចលាតត្រដាងឱ្យឃើញអំពីភាពតានតឹង ដែលចៀសមិនរួចរវាងសិទ្ធិមនុស្ស និងសន្តិសុខ៕

    The Diplomat

    អត្ថបទទាក់ទង