ខ្មែរប៉ុស្ដិ៍ Close

រឿងរ៉ាវប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជាគឺសំខាន់ណាស់ យុវជនជំនាន់ក្រោយមិនគួរមើលរំលងឡើយ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 37
រឿងរ៉ាវប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជាគឺសំខាន់ណាស់ យុវជនជំនាន់ក្រោយមិនគួរមើលរំលងឡើយ រឿងរ៉ាវប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជាគឺសំខាន់ណាស់ យុវជនជំនាន់ក្រោយមិនគួរមើលរំលងឡើយ

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ប្រទេសទាំងឡាយដែលគាំទ្ររដ្ឋប្រហាររបស់ លន់ នល់ នៅឆ្នាំ១៩៧០ សុទ្ធតែចូលរួមចំណែកដុតកំឡោចកម្ពុជា ដោយបង្កើតឱ្យមានសង្រ្គាមឆាបឆេះនៅទូទាំងប្រទេសកម្ពុជា។

លោកបានគូសបញ្ជាក់ថា ប្រទេសដែលតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ បែរជាទៅគាំទ្ររដ្ឋប្រហារយោធា ទម្លាក់សម្តេចព្រះនរោត្តម សីហនុ ដែលបង្ករជាសង្រ្គាមឆាបឆេះនៅក្នុងប្រទេសកម្ពុជាយើង បានសម្លាប់ជីវិតប្រជាពលរដ្ឋយ៉ាងច្រើន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកថា ក្នុងពេលនោះ ពួកគេមិនត្រឹមតែគាំទ្ររដ្ឋប្រហារ លន់ នល់ នោះទេ ពួកគេថែមទាំងគាំទ្រអាសនៈខ្មែរក្រហមនៅអង្គការសហប្រជាជាតិ រយៈពេល១២ឆ្នាំ ចាប់ពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩១ ផងដែរ។

លោកនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាបានឆ្លងកាត់គ្រោះវាល ៣ធំៗជាទុក្ខលំបាករបស់ប្រជាជន ដែលក្នុងនោះមាន វាលទី១ គឺវាលសង្គ្រាម, វាលទី២ គឺវាលអត់ឃ្លាន នៅជំនាន់ ប៉ុល ពត បានធ្វើឱ្យប្រពលរដ្ឋស្លាប់ ព្រោះអត់ឃ្លាន ប៉ុន្ដែកម្ពុជាបានឆ្លងផុតរួចហើយ។ នៅវាលទី៣ គឺជំងឺឆ្លង ដែលកម្ពុជាកំពុងហែលឆ្លង ពីព្រោះបញ្ហាជំងឺនេះ បានកើតឡើងជាបន្តបន្ទាប់ រាប់ចាប់តាំងពីជំងឺផ្ដាសាយបក្សី ជំងឺសារជ្រូក និងជំងឺកូវីដ-១៩ ជាដើម ដែលវាបានបំប្លែងខ្លួនជាបន្តបន្ទាប់។ លោកបានបន្តថា កម្ពុជាបានឆ្លងកាត់ភាពអត់ឃ្លាន ក្លាយជាប្រទេសដែលមានផលិតកម្មកសិកម្មខ្ពស់ ដូចជាស្រូវ ពោត ដំឡូងមី និងផលដំណាំជាច្រើនទៀត ដែលកម្ពុជាកំពុងមានតម្រូវការនាំចេញទៅកាន់ទីផ្សារបរទេស ក្រៅពីផ្គត់ផ្គង់តម្រូវការនៅក្នុងស្រុក៕


អត្ថបទទាក់ទង