ខ្មែរប៉ុស្ដិ៍ Close

របៀបដែលសង្រ្គាមនៅអ៊ុយក្រែនបានប្រែក្លាយទ្វីបអាហ្រ្វិក ឱ្យទៅជាសមរភូមិភូមិសាស្ត្រនយោបាយសម្រាប់ប្រទេសចិន រុស្ស៊ី និងអាមេរិក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 90
របៀបដែលសង្រ្គាមនៅអ៊ុយក្រែនបានប្រែក្លាយទ្វីបអាហ្រ្វិក ឱ្យទៅជាសមរភូមិភូមិសាស្ត្រនយោបាយសម្រាប់ប្រទេសចិន រុស្ស៊ី និងអាមេរិក របៀបដែលសង្រ្គាមនៅអ៊ុយក្រែនបានប្រែក្លាយទ្វីបអាហ្រ្វិក ឱ្យទៅជាសមរភូមិភូមិសាស្ត្រនយោបាយសម្រាប់ប្រទេសចិន រុស្ស៊ី និងអាមេរិក

ទីក្រុង Kyiv និងទីក្រុង Moscow ប្រហែលជាមានចម្ងាយរាប់ពាន់គីឡូម៉ែត្រពីទ្វីបអាហ្រ្វិក ប៉ុន្តែផលប៉ះពាល់នៃការលុកលុយរបស់រុស្សីចូលអ៊ុយក្រែនបានជះឥទ្ធិពលនៅទូទាំងទ្វីបនេះ ដោយរាប់ចាប់ពីទីក្រុង Khartoum រហូតដល់ទីក្រុង Cairo។

សង្រ្គាមនេះបានធ្វើឱ្យវិបត្តិស្បៀងអាហារនៅតាមបណ្តាប្រទេសនានានៅទ្វីបអាហ្រ្វិកដែលរួមមានទាំង អេហ្ស៊ីប នីហ្សេរីយ៉ា សូម៉ាលី ស៊ូដង់ អេរីទ្រេ និង កេនយ៉ា កាន់តែមានសភាពអាក្រក់ទៅៗ ដោយសារតែពួកគេបានពឹងផ្អែកខ្លាំងទៅលើស្រូវសាលីដែលនាំចូលពីរុស្ស៊ី និងអ៊ុយក្រែន ហើយវាក៏បានបង្កការរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងកាត់បន្ថយលទ្ធភាពទទួលបានស្រូវសាលី និងជីដែលមានតម្លៃសមរម្យពីតំបន់នៅសមុទ្រខ្មៅនេះផងដែរ។

ក្រុមអ្នកសង្កេតការណ៍និយាយថា «ទ្វីបអាហ្រ្វិកបានក្លាយទៅជាសមរភូមិភូមិសាស្ត្រនយោបាយ ហើយនៅពេលដែលសង្រ្គាមឈានចូលដល់ឆ្នាំទី២ ភាពតានតឹងរវាងចិន រុស្ស៊ី ជាមួយនិងអាមេរិក កាន់តែកើនឡើង»។

សូមអាន សង្គ្រាមលោកលើកទី៣ កំពុងកើតឡើងហើយ

លោក Gustavo de Carvalho អ្នកស្រាវជ្រាវជាន់ខ្ពស់ស្តីពីទំនាក់ទំនងរុស្ស៊ី-អាហ្រ្វិកសម្រាប់កម្មវិធីអភិបាលកិច្ច និងការទូតនៅវិទ្យាស្ថានកិច្ចការអន្តរជាតិអាហ្វ្រិកខាងត្បូងបាននិយាយថា «សង្គ្រាមនេះបានជះឥទ្ធិពលដោយប្រយោលមកលើទំនាក់ទំនងចិន-អាហ្វ្រិក ខណៈដែលទំនាក់ទំនងផ្នែកការទូតយោធា និងសេដ្ឋកិច្ចនៅតែមានភាពរឹងមាំ»។ ប៉ុន្តែគាត់បានបញ្ជាក់ផងដែរថា «ជម្លោះនេះបានបង្កឱ្យមានភាពរសើបផ្នែកភូមិសាស្ត្រនយោបាយ ខណៈដែលចិននិង លោកខាងលិចកំពុងតែប្រកួតប្រជែងគ្នាដើម្បីដណ្តើមឥទ្ធិពលនៅទ្វីបអាហ្វ្រិក»។

ចិន អាមេរិក និង រុស្ស៊ីបានធ្វើការវាយលុកផ្នែកការទូត ដើម្បីទាក់ទាញបណ្តាប្រទេសនៅតំបន់អាហ្វ្រិក។ សហរដ្ឋអាមេរិកបានបញ្ជូនរដ្ឋមន្ត្រីក្រសួងរតនាគារជាតិ លោកស្រី Janet Yellen និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield ទៅកាន់ទ្វីបអាហ្រ្វិកជាបន្តបន្ទាប់កាលពីខែមុន ខណៈដែលពួកគេបានផ្តោតការយកចិត្តទុកដាក់សារជាថ្មីមកលើទ្វីបនេះ ក្នុងគោលបំណងដើម្បីប្រឆាំងនឹងឥទ្ធិពលចិនដែលកំពុងតែកើនឡើង និងដើម្បីជំរុញឱ្យបណ្តាប្រទេសនៅអាហ្វ្រិកជាច្រើនទៀតថ្កោលទោសចំពោះការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន។ គណៈប្រតិភូនៃបេសកជនពិសេសអាមេរិកមួយរូបទៀតក៏កំពុងចូលរួមនៅក្នុងកិច្ចប្រជុំកំពូលរបស់សហភាពអាហ្វ្រិកនៅក្នុងទីក្រុង AddisAbaba នៃប្រទេសអេត្យូពីផងដែរ។

រុស្ស៊ីបានបញ្ជូនរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន Sergey Lavrov មកកាន់ទ្វីបនេះចំនួន ៣ លើក ចាប់តាំងពី «មានការធ្វើប្រតិបត្តិការយោធាពិសេស» ដែលត្រូវបានចាប់ផ្តើមកាលពីឆ្នាំមុនក្នុងគោលបំណងទាក់ទាញបណ្តាប្រទេសអាហ្វ្រិកឱ្យនៅខាងខ្លួន ខណៈដែលប្រទេសនេះកំពុងប្រឈមមុខនឹងភាពឯកោជាសកល។ កាលពីខែមុន រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang ក៏បានទៅបំពេញទស្សនកិច្ចនៅ ៥ ប្រទេសក្នុង
ទ្វីបអាហ្វ្រិកផងដែរ រួមមាន អេត្យូពី អង់ហ្គោឡា ហ្កាបុង បេណាំង និង អេហ្ស៊ីប។

ទីក្រុង Moscow បានបង្កើនការ ចូលរួមផ្នែកយោធារបស់ខ្លួនជាមួយបណ្តាប្រទេសនៅទ្វីបអាហ្រ្វិក រួមមានលីប៊ី ប៊ូគីណាហ្វាសូ ស៊ូដង់ ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដែលសុទ្ធតែជាតំបន់ដែលក្រុមទាហានស៊ីឈ្នួល Wagner ដែលគាំទ្រវិមានក្រឹមឡាំង បានផ្តល់នូវការការពារសន្តិសុខដល់បណ្តារដ្ឋាភិបាល ឬមេដឹកនាំរដ្ឋប្រហារ។ នៅឆ្នាំ ២០២១ នៅពេលដែលបារាំងបានផ្តាច់ទំនាក់ទំនងជាមួយរដ្ឋាភិបាលយោធារបស់ប្រទេសម៉ាលី ប្រទេសអាហ្វ្រិកខាងលិចមួយនេះបានចុះកិច្ចព្រមព្រៀងជាមួយរុស្ស៊ីក្នុងការនាំយកគ្រូបណ្តុះបណ្តាលផ្នែកយោធាដែលភាគច្រើនគឺជាមនុស្សដែលត្រូវបានជ្រើសរើសចេញមកពីក្រុម Wagner ខាងលើ។

ប្រទេសអាហ្វ្រិកជាច្រើនបានព្យាយាមគេចចេញពីការប្រកួតប្រជែងរបស់មហាអំណាចរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ដោយបានជ្រើសរើសយកការមិនចូលបក្សសម្ព័ន្ធ។ នៅពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken បានទៅបំពេញទស្សនកិច្ចនៅអាហ្វ្រិកខាងត្បូងកាលពីឆ្នាំមុន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ និងកិច្ចសហប្រតិបត្តិការ លោកស្រី Naledi Pandor បាននិយាយថា «វាគឺជាការមើលងាយពីសំណាក់លោកខាងលិចដែលបង្ខំឱ្យបណ្តាប្រទេសនៅអាហ្វ្រិកធ្វើការថ្កោលទោសរុស្ស៊ី»។

ទាហានអ៊ុយក្រែនប្រមូលផ្តុំជុំវិញរថពាសដែកមួយគ្រឿង នៅខាងក្រៅទីក្រុង Bakhmut អំឡុងពេលការវាយប្រហាររបស់រុស្ស៊ីនៅក្នុងតំបន់ Donetsk របស់អ៊ុយក្រែនកាលពីថ្ងៃទី ១១ ខែកុម្ភៈ។ រូបថត៖ Reuters

កាលពីខែមីនា ឆ្នាំមុន ប្រទេសអាហ្រ្វិកខាងត្បូងបានស្ថិតនៅក្នុងចំណោមប្រទេសអាហ្រ្វិកជាច្រើន ដែលបានធ្វើការបោះឆ្នោតអនុប្បវាទ លើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដែលបានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីចូលអ៊ុយក្រែន។

ចិនក៏បានប្រាប់លោកខាងលិចផងដែរថា បណ្តាប្រទេសនានាមិនគួរត្រូវបានបង្ខំឱ្យចូលរួមជាមួយភាគីណាមួយនោះទេ។ បើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយក្រោយកិច្ចសន្ទនាតាមទូរសព្ទរវាងប្រធានាធិបតី Xi Jinping និងសមភាគីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa កាលពីខែមីនា ឆ្នាំមុន បានបញ្ជាក់ថា «ភាគីទាំងពីរបានឯកភាពគ្នាថា ចិននិងអាហ្វ្រិកខាងត្បូងមានជំហរស្រដៀងគ្នាខ្លាំងចំពោះបញ្ហានៅអ៊ុយក្រែន ហើយប្រទេសដែលមានអធិបតេយ្យភាពទាំងនេះក៏មានសិទ្ធិសម្រេចចិត្តដោយឯករាជ្យលើតួនាទីផ្ទាល់ខ្លួនរបស់ពួកគេផងដែរ»។

លោក De Carvalho បាននិយាយថា «ប្រទេសជាច្រើននៅទ្វីបអាហ្រ្វិកបានជ្រើសរើសយកវិធីសាស្រ្តមិនចូលបក្សសម្ព័ន្ធចំពោះជម្លោះភូមិសាស្ត្រនយោបាយសកលជាយូរណាស់មកហើយ និងបានផ្តល់អាទិភាពដល់ស្វ័យភាពនិងឯករាជ្យភាពរបស់ពួកគេ»។

គាត់បានលើកឡើងថា «ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលការប្រកួតប្រជែងរបស់មហាអំណាចពិភពលោកកាន់តែមានការកើនឡើង គេក៏មានការព្រួយបារម្ភផងដែរថា បណ្តារដ្ឋនៅទ្វីបអាហ្រ្វិកអាចនឹងត្រូវបានគេទាញចូលទៅក្នុងជម្លោះនោះ»។ គាត់បានបន្តទៀតថា «ការបោះឆ្នោតអនុប្បវាទកាលពីឆ្នាំ ២០២២ លើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិទាក់ទងនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន ពិតជាបានបង្ហាញអំពីការស្ទាក់ស្ទើររបស់ប្រទេសអាហ្វ្រិកមួយចំនួន ក្នុងការចូលរួមចំណែកនៅក្នុងជម្លោះពិភពលោក»។

លោក Jason Li អ្នកសិក្សាស្រាវជ្រាវជាមួយកម្មវិធីអាស៊ីបូព៌ានៅមជ្ឈមណ្ឌលផ្តល់យោបល់ Stimson ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា «ជំហរជាសកលរបស់ចិនចំពោះសង្រ្គាមនៅអ៊ុយក្រែនគឺការបន្តធ្វើទំនាក់ទំនងជាធម្មតា»។

គាត់បាននិយាយថា «ចិនសង្ឃឹមថា នឹងអាចដោះស្រាយចំពោះស្ថានភាពដ៏លំបាកនេះបានតាមរយៈការបន្តធ្វើពាណិជ្ជកម្មជាមួយនឹងប្រទេសរុស្ស៊ី ក៏ដូចជាជាមួយពិភពលោកទាំងមូល។ ដូចអ្វីដែលយើងបានឃើញ ទោះបីជាមានសង្រ្គាមនៅអ៊ុយក្រែន និងភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំងក៏ដោយ ក៏ការធ្វើពាណិជ្ជកម្មទ្វេភាគី រវាងអាមេរិកនិងចិននៅតែបន្ត»។

លោក Li បាន និយាយថា យុទ្ធនាការរបស់ប្រទេសចិនដើម្បីលើកស្ទួយខ្លួនឯង ថាជាជើងឯកនៃតំបន់ Global South គឺជាការពង្រីកបន្ថែមទៅលើវិធីសាស្រ្តរបស់ចិន និងរបស់អនុតំបន់សាហារ៉ា នៅទ្វីបអាហ្រ្វិក ចំពោះជម្លោះនៅអ៊ុយក្រែន។

លោកបាននិយាយថា «ស្រដៀងគ្នានឹងសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីប្រទេសស៊ីរី ទ្វីបអាហ្វ្រិកទាំងមូលបានបោះឆ្នោតអនុប្បវាទ។ សកម្មភាពនេះគឺពិតជាស្របទៅនឹងគំនិតរបស់ចិន និងបណ្តាប្រទេសនៅតំបន់អាហ្វ្រិកមួយចំនួនដែលបានធ្វើការប្រឆាំងចំពោះគោលនយោបាយអន្តរាគមន៍របស់អង្គការសហប្រជាជាតិ»។ លោកបានបន្ថែម ទៀតថា «វាគឺជាផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ភាគីនីមួយៗក្នុងការប្រកាន់ជំហរអព្យាក្រឹត្យ ដោយមិនធ្វើការគាំទ្រចំពោះចំហតឈ្លានពានដ៏ឃោរឃៅរបស់រុស្ស៊ីពេក ហើយក៏មិនបានគាំទ្រដល់ការតវ៉ាដ៏ខ្លាំងក្លារបស់លោកខាងលិចពេកនោះដែរ។ ការធ្វើដូច្នេះអាចធ្វើឱ្យប្រទេសចិននិងទ្វីបអាហ្រ្វិកអាចបន្តធ្វើអាជីវកម្ម ដូចធម្មតា»។

ស្ត្រី​ម្នាក់​ដើរ​កាត់​សួន​កុមារ​មួយកន្លែងក្នុង​ក្រុង Pokrovsk ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ បន្ទាប់​ពី​ផ្ទះ​ល្វែង​ក្បែរ​នោះ​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​កាំជ្រួច​រុស្ស៊ី។ រូបថត៖ Reuters

លោក David Shinn អ្នកឯកទេសផ្នែកទំនាក់ទំនងចិន-អាហ្រ្វិកនៅសាលា Elliott School of International Affairs នៃសាកល វិទ្យាល័យ George Washington នៅក្នុងទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ការពឹងផ្អែករបស់ចិនកាន់តែខ្លាំងទៅលើថាមពលរបស់រុស្ស៊ី និងការគាំទ្រស្ងាត់ៗ ចំពោះការលុកលុយរបស់រុស្ស៊ីចូលអ៊ុយក្រែនបានបង្កឱ្យមានបញ្ហាប្រឈមសម្រាប់ទំនាក់ទំនងរបស់ទីក្រុងប៉េកាំងជាមួយបណ្តាប្រទេសនៅតំបន់អាហ្វ្រិកទាំងនោះ។ លោកបាននិយាយថា «ចិនកំពុងព្យាយាមដើរតាមផ្លូវដ៏ល្អមួយដែលមានទាំងការគាំទ្រចំពោះហេតុផលរបស់រុស្ស៊ី ហើយក៏មិនធ្វើការទាក់ទង ដោយផ្ទាល់ជាមួយរុស្ស៊ីពេកនោះដែរ»។

បច្ចុប្បន្នប្រទេសអាហ្វ្រិកខាងត្បូងកំពុងធ្វើសមយុទ្ធយោធារួមគ្នាជាមួយចិននិងរុស្ស៊ីដែលនេះជាគឺទង្វើមួយដែលត្រូវបានថ្កោលទោសយ៉ាងខ្លាំងពីសំណាក់អាមេរិកនិងប្រទេសមួយចំនួននៅអឺរ៉ុប។

លោក Shinn បាននិយាយថា ពេលវេលានៃការធ្វើសមយុទ្ធកងទ័ពជើងទឹកនៅក្នុងខែនេះនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ លោក Shinn បាននិយាយថា «វានឹងធ្វើឱ្យចិននិងអាហ្វ្រិកខាងត្បូងកាន់តែខិតទៅជិតទៅរកប្រទេសរុស្ស៊ី ហើយវាក៏នឹងធ្វើឱ្យប្រទេសចិនមានការលំបាកកាន់តែខ្លាំងឡើងក្នុងការបញ្ចុះបញ្ចូលបណ្តាប្រទេសនានា នៅទ្វីបអាហ្រ្វិកឱ្យគាំទ្រចំពោះគោលនយោបាយអធិបតេយ្យភាពជាតិដ៏យូរអង្វែងរបស់ខ្លួន»។

លោក Paul Stronski អ្នកជំនាញជាន់ខ្ពស់នៅក្នុងកម្មវិធី Russia និង Eurasia របស់អង្គការ Carnegie Endowment for International Peace ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា «បណ្តាប្រទេសនៅទ្វីបអាហ្រ្វិកបានចាត់ទុកសង្រ្គាមនៅអ៊ុយក្រែនថាជាសង្រ្គាមនៅអឺរ៉ុប ហើយពួកគេពិតជាចង់នៅឱ្យឆ្ងាយពីវា»។

លោក Stronski បាននិយាយថា «មនុស្សជាច្រើនក៏បានឃើញអំពីស្តង់ដារ២ របស់បស្ចឹមប្រទេស ក៏ដូចជាការគាំទ្រយ៉ាងខ្លាំងក្លាផ្នែកយោធារបស់លោកខាងលិចដល់ប្រទេសអ៊ុយក្រែន និងជនភៀសខ្លួនអ៊ុយក្រែននៅអឺរ៉ុប ខណៈពេលដែលពួកគេមិនបានផ្តល់ការគាំទ្រស្រដៀងគ្នានេះចំពោះជម្លោះនៅអាហ្វ្រិក ឬជនភៀសខ្លួនរបស់ពួកគេនោះឡើយ»។

លោកបាននិយាយទៀតថា «ខណៈពេលដែលប្រទេសអាហ្វ្រិកជាច្រើនមិនបានបោះឆ្នោតថ្កោលទោសចំពោះការលុកលុយរបស់រុស្ស៊ីចូលលើអ៊ុយក្រែន នោះប្រទេសជាច្រើនទៀតផ្សេងទៀតបានគាំទ្រចំពោះសេចក្តីសម្រេចជាបន្តបន្ទាប់ស្តីពីការរំលោភលើអធិបតេយ្យភាពអ៊ុយក្រែន ហើយថែមទាំងបានធ្វើការថ្កោលទោសចំពោះការបញ្ចូលទឹកដីអ៊ុយក្រែន ចូលទៅក្នុងឧបសម្ព័ន្ធរបស់រុស្ស៊ីផងដែរ»។

លោក Benjamin Barton អ្នកជំនាញចិន-អាហ្រ្វិក និងជាសាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Nottingham នៅក្នុងប្រទេសម៉ាឡេស៊ី បាននិយាយថា «សង្រ្គាមបានផ្ដល់នូវផលប្រយោជន៍យ៉ាងច្របូកច្របល់ដល់ជំហររបស់ចិននៅក្នុងទ្វីបអាហ្រ្វិក តាមរយៈការកាត់បន្ថយការរិះគន់របស់ពួកបស្ចិមប្រទេស»។

លោកបានបន្ថែមទៀតថា «គេមិនសូវមានការត្រួតពិនិត្យទៅលើអ្វីដែលប្រទេសចិនកំពុងធ្វើនៅទ្វីបនេះទេ ដោយគេបានងាកមកចាប់អារម្មណ៍អំពីរបៀបដែលទីក្រុងមូស្គូកំពុងស្វែងរកការគាំទ្រពីសំណាក់រដ្ឋអាហ្រ្វិកនានាដើម្បីធ្វើឱ្យការលុកលុយរបស់ខ្លួនមានភាពស្របច្បាប់»។

លោក Barton បាននិយាយថា «ការបោះឆ្នោតអនុប្បវាទរបស់ប្រទេសមួយចំនួននៅក្នុងទ្វីបអាហ្រ្វិកនៅអង្គការសហប្រជាជាតិ គឺជាវិធីត្រង់មួយដើម្បីបង្ហាញនូវអព្យាក្រឹតភាពជាផ្លូវការ និងទំនួលខុសត្រូវសម្រាប់ជម្លោះដែលកំពុងបន្ត និងផលប៉ះពាល់របស់វា»។

លោកបានលើកឡើងទៀតថា សកម្មភាពខាងលើក៏នឹងផ្តល់ឱ្យប្រទេសទាំងនោះនូវភាពបត់បែននៅក្នុងរបៀបដែលពួកគេអាចចូលរួមជាមួយប្រទេសរុស្ស៊ី ឬអ៊ុយក្រែន និងជាមួយប្រទេសដែលគាំទ្រភាគីម្ខាងៗដែលរួមមានទាំងចិន និងលោកខាងលិចផងដែរ។ លោក Barton បាននិយាយថា «ការបោះឆ្នោតអនុប្បវាទអាចត្រូវបានបកស្រាយថាជាការបោះឆ្នោតបែបយុទ្ធសាស្ត្រ»។

លោកបានបញ្ជាក់ទៀតថា រដ្ឋអាហ្វ្រិកមួយចំនួនបានងាកមកចូលរួមជាមួយរុស្ស៊ី ឬចិន ដោយសារតែសាមគ្គីភាពនិងការប្រឆាំងជាយូរមកហើយចំពោះលោកខាងលិច និងអង្គការណាតូ។ ប៉ុន្តែលោក Barton ក៏បាននិយាយទៀតថា «វាហាក់បីដូចជាមានសញ្ញាចេញពីទីក្រុងប៉េកាំងមកថា ភាពច្របូកច្របល់ជាប្រព័ន្ធចំពោះលោកខាងលិច មិនមែនជាផលប្រយោជន៍ចាំបាច់ដ៏ល្អបំផុតរបស់ចិននោះទេ»៕

South China Morning Post

អត្ថបទទាក់ទង