ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ ឧត្តមភរិយាសម្តេចនាយករដ្ឋមន្ត្រី បំផុសស្មារតីខ្មែរជួយខ្មែរដើម្បីលើកស្ទួយកសិផលខ្មែរ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 1593
លិខិតមិត្តអ្នកអាន៖ ឧត្តមភរិយាសម្តេចនាយករដ្ឋមន្ត្រី បំផុសស្មារតីខ្មែរជួយខ្មែរដើម្បីលើកស្ទួយកសិផលខ្មែរលិខិតមិត្តអ្នកអាន៖ ឧត្តមភរិយាសម្តេចនាយករដ្ឋមន្ត្រី បំផុសស្មារតីខ្មែរជួយខ្មែរដើម្បីលើកស្ទួយកសិផលខ្មែរ

ថ្មីៗនេះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧត្តមភរិយា សម្តេចធិបតីនាយករដ្ឋមន្ត្រីបានប្រកាសអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួយគាំទ្រផលិតផលបន្លែ ផ្លែឈើក្នុងស្រុក ដើម្បីជួយដល់កសិករខ្មែរ និងជួយដល់សេដ្ឋកិច្ចជាតិយើង។

ឈរលើស្មារតីស្រលាញ់ជាតិ ចង់ជួយជាតិនិងប្រជាជន មិនខុសគ្នាប៉ុន្មានពីស្វាមី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តែងតែជួយក្នុងកិច្ចការមនុស្សធម៌ជាច្រើន ជាពិសេសគេបានឃើញសកម្មភាពជាច្រើនរបស់លោកជំទាវក្នុងការជួយប្រជាជន លើវិស័យសុខភាពសាធារណៈ។ មានអ្នកជំងឺដែលមកពីគ្រួសារខ្វះខាតជាច្រើនណាស់ ដែលបានទទួលការព្យាបាលដោយមិនគិតថ្លៃ ចាប់តាំងពីក្មេងដល់មនុស្សចាស់ ជាពិសេសគឺអ្នកជំងឺដែលមានកម្រិតធ្ងន់ធ្ងរ ត្រូវការវះកាត់បន្ទាន់។ គេនៅចាំមិនភ្លេចទេ នូវបេសកកម្មការងារដែលលោកជំទាវបណ្ឌិត ធ្លាប់បានបំពេញក្នុងបុព្វហេតុជាតិមាតុភូមិ កំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា។ លោកជំទាវនិងស្វាមីក្នុងគ្រានោះ គឺជាមេទ័ពអាវស ដែលបានខិតខំប្រឹងប្រឹងយកអស់កម្លាំងកាយចិត្ត ចាកចោលផ្ទះសម្បែង ដើម្បីចេញប្រយុទ្ធដោយផ្ទាល់ក្នុងសមរភូមិកូវីដ-១៩ ដោយមិនខ្លាចញញើតនឹងគ្រោះភ័យសម្រាប់ខ្លួនឯងឡើយ។ ខណៈនោះលោកជំទាវ និងសម្តេចធិបតី ត្រូវបែកពីកូនៗរយៈពេលយូរ ដើម្បីបំពេញតួនាទីរបស់ខ្លួន ដោយមិនខ្លាចនឿយហត់ ដែលនេះគឺជាការលះបង់មួយដ៏ធំធេងមិនអាចបំភ្លេចបានឡើយ។

ក្រៅពីកិច្ចការមនុស្សធម៌ក្នុងវិស័យសុខភាពសាធារណៈ លោកជំទាវបណ្ឌិតស្រី្តទី១កម្ពុជា ក៏បានចូលរួមក្នុងសកម្មភាពជាច្រើនទៀត ដូចជាការលើកកម្ពស់តម្លៃស្ត្រី ការលើកកម្ពស់តម្លៃសិល្បៈប្រពៃណី វប្បធម៌ខ្មែរ ការជួយដល់ពលរដ្ឋដែលមានជីវភាពខ្វះខាតជួបការលំបាក ការកសាងសមិទ្ធផលមួយចំនួនជូនដល់ពលរដ្ឋតាមបណ្តាខេត្តដាច់ស្រយាល ការអប់រំបណ្តុះបណ្តាល និងការលើកស្ទួយការគាំទ្រផលិតផលដែលបង្កើតឡើងដោយស្នាដៃកសិករខ្មែរជាដើម។

គួរកត់សម្គាល់ថា ថ្មីៗនេះ មានផ្ទុះឡើងនូវការជជែកវែកញែកអំពីតម្លៃបន្លែសណ្តែកកួរ ដែលឡើងថ្លៃលើទីផ្សារ និងមានការចោទប្រកាន់ថា មិនមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលចំពោះកសិករ អ្នកដាំបន្លែផ្លែឈើក្នុងស្រុក ដោយថាបន្លៃសណ្តែកកួរដែលឡើងថ្លៃខ្ពស់នោះ ជាផលិតផលនាំចូល។ ការលើកឡើងខ្វះមូលដ្ឋាននេះ ក៏មានមតិមួយចំនួនក៏ចេញមកប្រតិកម្មបតនឹងការលើកឡើងនេះ ដោយបញ្ជាក់ថាយ៉ាងច្បាស់ៗថា រឿងតម្លៃសណ្តែកកួរនេះ គឺមិនមែនឡើងថ្លៃព្រោះជាសណ្តែកកួរនាំចូលពីក្រៅស្រុកនោះទេ ប៉ុន្តែជាតម្លៃសណ្តែកកួរដែលកសិករខ្មែរបានដាំដុះក្នុងស្រុក។ អ្នកជំនាញកសិកម្មបានពន្យល់ច្បាស់ៗថា មូលហេតុនៃការឡើងត្រូវខ្ពស់ខ្លាំងក្នុងរយៈជាង១ខែមកនេះ នៃបន្លែសណ្តែកកួរ ក៏ដោយសារទិន្នផលដំណាំសណ្តែកកួរនេះធ្លាក់ចុះយ៉ាងគំហុក។ កសិករដាំបានផលបំផុត ដោយមូលហេតុធំមកពីអាកាសធាតុប្រែប្រួលឡើងកម្តៅខ្លាំង និងបង្កើតជាបញ្ហាសត្វល្អិតមួយចំនួនទៀត ដែលធ្វើឱ្យបងប្អូនកសិករ រងផលប៉ះពាល់ ទទួលបានទិន្នផលតិចតួចស្តួចស្តើង ដែលត្រូវបង្ខំចិត្តលក់ក្នុងតម្លៃថ្លៃខ្ពស់ ដើម្បីទប់នឹងការខាតបង់ទុនក្នុងការដាំដុះនិងថែទាំ។

ជុំវិញករណីនេះ អ្នកមិនយល់ដឹងពីជំនាញកសិកម្ម និងមិនបានស្វែងយល់ពីមូលដ្ឋានច្បាស់លាស់ ហើយចេញមកនិយាយដោយគ្មានការស្រាវជ្រាវជាមុន បានធ្វើឱ្យមានការយល់ច្រឡំក្នុងចំណោមមហាជនមួយចំនួន ដោយលើកឡើងពីការបើកដៃឱ្យមានការនាំចូលមិនគិតគូរពីកសិករក្នុងស្រុកជាដើម។ ប៉ុន្តែជាក់ស្តែងករណីដំណាំសណ្តែកកួរនេះ គឺមានការអះអាងពីតាមបណ្តាខេត្តមួយចំនួន ដែលនាំចេញកសិផលកសិកម្មហើយថា តម្លៃគឺឡើងថ្លៃចេញពីចំការរបស់បងប្អូនកសិករខ្មែរក្នុងស្រុកតែម្តង មិនមែនមកពីឈ្មួញកណ្តាល ឬមកពីទំនិញនាំចូលអ្វីនោះទេ។ ដូចការបញ្ជាក់ខាងលើនេះ ហើយថាតម្លៃហក់ឡើងក្នុងគ្រានេះដោយសារទិន្នផលធ្លាក់ចុះខ្លាំង ដូចនេះអ្នកដែលដឹងពីការពិតគួរតែបានយល់ហើយ។

ក្នុងនាមប្រជាពលរដ្ឋខ្មែរ យើងមានតែចូលរួមជួយគាំទ្រយ៉ាងពេញទំហឹង នូវស្មារតីស្រលាញ់ជាតិ របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។ យើងក៏គោរព និងឱ្យតម្លៃខ្ពស់បំផុត នូវគម្រូរបស់លោកជំទាវ ដែលបានខិតខំផ្សព្វផ្សាយ អំពាវនាវឱ្យខ្មែរចេះជួយខ្មែរ តាមរយៈការជួយទិញផលិតផលក្នុងស្រុករបស់ខ្លួន។ បច្ចុប្បន្នក្រៅពីប្រជាកសិករដែលដាំដំណាំ បន្លៃ ផ្លៃឈើ និងធ្វើស្រែ ចំការផ្សេងៗ ក៏មានបងប្អូនប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើង ដែលបាននិងកំពុងខិតខំបង្កើតផលិតផលដែលជាស្នាដៃរបស់ខ្មែរ ក្នុងនោះមានទាំងគ្រឿងឧបភោគបរិភោគជាច្រើនមុខ គ្រឿងអលង្ការប្រណិតៗ គ្រឿងប្រដាប់ប្រើប្រាស់ប្រចាំថ្ងៃ និងព្រមទាំងស្នាដៃជាច្រើនទៀត ដែលយើងអាចឃើញយ៉ាងច្បាស់ជាពិសេសក្នុងពិព័រណ៍បង្ហាញផលិតផលក្នុងស្រុក ដែលមានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងកម្មវិធីផ្សេងៗ៕

ដោយ៖ ពៅ ធីតាវណ្ណ