ខ្មែរប៉ុស្ដិ៍ Close

ចិនផ្តល់ជំនួយឥតសំណង ៣០០ លានយ័ន (ប្រមាណ ៤៤ លានដុល្លារអាមេរិក) សម្រាប់សង់ផ្លូវដែកនៅកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 36
ចិនផ្តល់ជំនួយឥតសំណង ៣០០ លានយ័ន (ប្រមាណ ៤៤ លានដុល្លារអាមេរិក) សម្រាប់សង់ផ្លូវដែកនៅកម្ពុជា ចិនផ្តល់ជំនួយឥតសំណង ៣០០ លានយ័ន (ប្រមាណ ៤៤ លានដុល្លារអាមេរិក) សម្រាប់សង់ផ្លូវដែកនៅកម្ពុជា

នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលជាថ្ងៃទីពីរ នៃដំណើរបំពេញទស្សនកិច្ចផ្លូចការ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជួបសំដែងការគួរសមលោក ស៊ី ជិនពីង ប្រធានាធិបតីចិន។

ក្នុងជំនួបធ្វើឡើងនៅផ្ទះសំណាក់រដ្ឋ Diao Yutai រដ្ឋធានីប៉េកាំង លោក ស៊ី ជិនពីង មានប្រសាសន៍សំដែងការស្វាគមន៍ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ជាមេដឹកនាំពិភពលោកទី១ ដែលបានអញ្ជើញបំពេញទស្សនកិច្ច នៅប្រទេសចិន បន្ទាប់ពីពិធីចូលឆ្នាំថ្មីរបស់ប្រជាជនចិន។

នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីដំណើររបស់សម្តេចទៅកាន់ប្រទេសចិនកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ដែលពេលនោះចិនកំពុងជួបការរាតត្បាតខ្លាំងនៃមេរោគកូវីដ១៩។

សម្តេចតេជោ បានគូសបញ្ជាក់ថា ពេលសម្តេចអញ្ជើញទៅកាន់ប្រទេសចិន ពេលនោះ គឺចង់លើកទឹកចិត្តនិស្សិតមួយចំនួននៅវ៉ូហាន និងម៉្យាងវិញទៀត សម្តេចក៏ដូចជាកម្ពុជា ចង់ឈរនៅជាមួយប្រជាជនចិន នៅពេលជួបគ្រាលំបាក។

ក្នុងជំនួបគ្នានោះមេដឹកនាំទាំងពីរកម្ពុជា និងចិន បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ លើកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី និងបញ្ហាអន្តរជាតិ ដែលមានការយកចិត្តទុកដាក់គ្នា។ លោក ស៊ី ជីនពីង បានកោតសរសើរចំពោះស្នាដៃរបស់សម្តេច និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ានទទួលបានជោគជ័យដ៏ត្រចះត្រចង់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានចូលរួមធានាឱ្យទទួលបានជោគជ័យ។ នៅក្នុងជំនួបគ្នានោះមេដឹកនាំទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរ ដែលឈានពីកិច្ចសហប្រតិបត្តិគ្រប់ជ្រុងជ្រោយ ទៅជាមិត្តដែកថែប និងឈានទៅកិច្ចសហប្រតិបត្តិការសហគមន៍រួម ជោគវាសនាតែមួយ។

មេដឹកនាំទាំងពីរ នឹងបន្តពង្រឹងស្មារតីកសាងសហគមន៍តែមួយ ជោគវាសនាតែមួយ ដែលផ្តោតសំខាន់លើវិស័យចំនួន៦ រួមមាន៖

  1. នយោបាយ និងការទូត
  2. វិស័យសមត្ថភាពផលិត និងវាយភណ្ឌ
  3. កសិកម្ម
  4. ថាមពល
  5. សន្តិសុខ
  6. ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រួមទាំងការលើកកម្ពស់វិស័យ​សុខាភិបាល​នៅកម្ពុជា។

លោក ស៊ី ជីនពីង បានគាំទ្រចំពោះជំហរគោលនយោបាយ​របស់​កម្ពុជា ចំពោះភាពឯករាជ្យ បូរណភាពទឹកដី របស់កម្ពុជា។ ទាក់ទិនការលើកឡើងរបស់លោកប្រធានាធិបតីចិន សម្តេចតេជោ បានឆ្លើយតបថា ជំនួយឧបត្ថម្ភរបស់ចិន គឺមិនគ្រាន់តែចូលរួមចំណែកដល់ភាពរីកចម្រើនបស់កម្ពុជាប៉ុណ្ណោះទេ តែបានរួមចំណែកដល់ការពង្រឹងឯករាជ្យភាពរបស់កម្ពុជា ខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិ។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះការចូលជាធរមាន នៃកិច្ចព្រមព្រៀងសេរីកម្ពុជា-ចិន ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដែលបានជំរុញការបើក​ទីផ្សាររបស់ចិន ទទួលកសិផល និងមច្ឆាជាតិរបស់កម្ពុជា។

លោកប្រធានាធិបតី មានប្រសាសន៍ចាប់អារម្មណ៍ពីការអភិវឌ្ឍកសិកម្ម និងវារីវប្បធម៌នៅតំបន់ជុំវិញបឹងទន្លេសាប។ ទាក់ទិនទៅ​និងប្រសាសន៍​លើកឡើងរបស់លោកប្រធានាធិបតី សម្តេចបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើ​ម​ដ៏មានសារៈសំខាន់របស់លោកប្រធានាធិបតី ដើម្បីបង្កើតរបៀងមច្ឆជាតិ និងអង្គរនៅភាគពាយ័ព្យរបស់កម្ពុជា។

សម្តេចតេជោ បានបន្តទៀតថា កម្ពុជា មានប៉ូលសេដ្ឋកិច្ចចំនួន៣រួចមកហើយ គឺប៉ូលសេដ្ឋកិច្ចភ្នំពេញ ក្រុងព្រះសីហនុ និងឥសាន ហើយកម្ពុជា​នឹងបង្កើតប៉ូលសេដ្ឋកិច្ចទី៤ នៅភូមិភាគពាយ័ព្យ។ នៅក្នុងជំនួបគ្នានោះដែរលោក ស៊ី ជីនពីង និងសម្តេចតេជោ បានឯកភាព​គ្នា​ក្នុងការជំរុញ កិច្ចសហប្រតិបត្តិការលើការជំរុញការផលិតប្រភពថាមពល​អគ្គិសនីដោយផ្តោតលើការការពារបរិស្ថាន ថាមពលបៃតង។

សម្តេចតេជោ បានស្នើប្រធានាធិបតី ជំរុញអ្នកទេសចរចិន មកទស្សនាកម្ពុជា​ឱ្យកាន់​តែច្រើនឡើង បន្ទាប់ពីការបន្ធូរបន្ថយការរិតត្បិតរបស់ប្រទេសចិន ពិសេសការលើកទឹកចិត្តពីលោកប្រធានាធិបតី ដើម្បីឲ្យអ្នកទេសចរណ៍ចិន​ធ្វើដំណើរមកកាន់កម្ពុជា ដោយគ្មានការភ័យខ្លាច។

សម្តេចតេជោ មានប្រសាសន៍សង្កត់ធ្ងន់ថា សេដ្ឋកិច្ចកម្ពុជា ងើបឈរឡើងវិញ គឺដោយសារកាយវិការ និងការជួយឧបត្ថម្ភរបស់ប្រទេសចិន ក្នុងការផ្តល់វ៉ាក់សាំង ពោលបើមិនមានវ៉ាក់សាំងចាក់ស្រោចដែលផ្តល់ ដោយភាគីចិនទេនោះ មិនដឹងថាប្រជាជនកម្ពុជាមានវាសនាបែបណានោះទេ។ ជាពិសេសកម្ពុជាបានបើកសេដ្ឋកិច្ច និងប្រទេសឡើងវិញ កាលពីថ្ងៃទី១ ខែវច្ឆិកា ឆ្នាំ២០២៣។

លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានអរគុណចំពោះសម្តេចតេជោ ដែលបានប្រកាសជាសាធារណៈថា «បើខ្ញុំមិនពឹងចិនទេ តើឲ្យខ្ញុំទៅពឹងនរណា?»។ លោក ស៊ី ជិនពីង បានឧបត្ថម្ភជំនួយឥតសំណងមានទឹកប្រាក់ ៣០០លានយ័ន ចំពោះគម្រោងផ្លូវដែកកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

ក្នុងជំនួបដែលបានចំណាយពេលប្រមាណ ១០០នាទី មេដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ ឈានដល់ចំណុចកំពូលថ្មីមួយទៀត៕

Fresh News