ខ្មែរប៉ុស្ដិ៍ Close

បញ្ហារំខាន និងសុវត្ថិភាពអ្នករស់នៅតាមផ្លូវដែក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 107
បញ្ហារំខាន និងសុវត្ថិភាពអ្នករស់នៅតាមផ្លូវដែក បញ្ហារំខាន និងសុវត្ថិភាពអ្នករស់នៅតាមផ្លូវដែក

ក្នុង​ដំណាក់​កាល​ដំបូង​ នៃ​ការ​ដាក់​ដំណើរ​ការ​បណ្ដោះ​អាសន្ន​ផ្លូវ​រថភ្លើង ទៅ​កាន់​ព្រលាន​យន្តហោះ​អន្តរជាតិភ្នំពេញ​នេះ​ មាន​មតិ​លើក​ឡើង​ជារឿយៗ បារម្ភ​ពី​សុវត្ថិភាព​ពេល​ឆ្លងកាត់ និង​រស់​នៅ​ជិត​ផ្លូវ​ដែក រួម​នឹង​សំឡេង​រំខាន​ជាប្រចាំ។

អ្នកស្រី ណូន ជា​អ្នក​លក់​បាយ ម្ហូប​ តាម​បណ្ដោយ​ផ្លូវ​រថភ្លើង បាន​និយាយ​ថា តាំង​ពី​មាន​រថភ្លើង អ្នកស្រី​ទទួល​ស្គាល់​ថា​អ៊ូអរ និង​លក់ដូរ​ដាច់​ជាង​មុន។ ទន្ទឹម​នឹង​នោះ ក៏​មាន​បញ្ហា​រំខាន ពិបាក​ដល់​ការ​រស់នៅ​ដែរ ព្រោះ​សំឡេង​ស៊ីផ្លេ​រថភ្លើង​ឆ្លង​កាត់​ម្ដង​ៗ លឺ​ខ្លាំង​ពេក ពិបាក​សម្រាន្ត​នៅ​ពេល​យប់​ចន្លោះ​ម៉ោង ២ ឬ៣ទាបភ្លឺ

ចំណែក​រឿង​សុវត្ថិភាព​ ជិះ​ទៅមក​កាត់​ផ្លូវ​រថភ្លើង លោក វ៉ា មាន​របរ​រត់​ម៉ូតូ​ឌុប និង​ស្នាក់​នៅ​ជិត​តំបន់​ផ្លូវដែក​មុខ​ព្រលាន​យន្តហោះ​ បាន​លើក​ឡើង​ថា លោក​ធ្លាប់​ដួល​ម៉ូតូ​ញឹកញាប់​រង​របួស​ជើង ព្រោះ​កង់​ម៉ូតូ​ធ្លាក់​ចូល​ជង្ហុក​ផ្លូវ​រថ​ភ្លើង។ លោក​ថា ពេល​យប់​ ឬ​ពេល​ភ្លៀង​គឺ ចប់​ហើយ ពិបាក​មើល​ណាស់ មិន​ឃើញ​គំនូស​អី​ទេ។

(រូបពីហ្វេសប៊ុក)

ក្រៅពីពលរដ្ឋ២រូបខាងលើ ក៏​មាន​ពលរដ្ឋ​ដទៃ​ទៀត ដែល​រស់​នៅ​ជាប់​ផ្លូវ​រថភ្លើង បាន​បង្ហាញ​ពី​ការ​បារម្ភ​ពី​សុវត្ថិភាព និង​ការ​រំខាន​ផ្សេងទៀត ដូចជា បញ្ហា​ហុយ​ដី​ខ្លាំង ការ​ដាក់​សញ្ញា ឬ​របាំង​សុវត្ថិភាព​មិនទាន់​គ្រប់គ្រាន់​ និង​សុវត្ថិភាព​កុមារ​តូច​ ដែល​ត្រូវ​ឆ្លង​កាត់​ទៅ​រៀន​នៅ​សាលា​ជិត​នោះ​ជាដើម។

ឆ្លើយ​​តប​នឹង​បញ្ហា​នេះ ឯកឧត្ដម លី បូរិន អនុ​រដ្ឋ​លេខាធិការ​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន ទទួល​បន្ទុក​ផ្នែក​ផ្លូវ​ដែក​ នៅ​កម្ពុជា​បាន​ប្រាប់​ Sabay ថា​ ធម្មតា​វា​តែង​មាន​ហើយ​ការ​រំខាន​តិចតួច​ ដូច​ការ​លើក​ឡើង​ពេល​ចាប់​ផ្ដើម​អ្វីថ្មី។ ជា​ដំណោះ​ស្រាយ ឯក​ឧត្ដម ​ថា បច្ចុប្បន្ន អាជ្ញាធរបានពង្រីកផ្លូវចាក់បេតុង១ខែ្សជិតនោះ ដែល​មាន​ទំហំ​ទទឹង ១៤ម៉ែត្រ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ និង​សុវត្ថិភាព​។

(ឯកឧត្ដម លី បូរិន អនុ​រដ្ឋ​លេខាធិការ​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន ទទួល​បន្ទុក​ផ្នែក​ផ្លូវ​ដែក​)

ករណី​សំឡេង​រំខាន​វិញ គឺ​រថភ្លើង​ចាំបាច់​ត្រូវ​មាន​សំឡេង​លឺ ព្រោះ​ជា​សញ្ញា​ឲ្យដឹង មិន​អាច​ដាក់​ស៊ីផ្លេ​តិច​បាន​ទេ អាច​នាំ​គ្រោះ​ថ្នាក់។

មក​ទល់​ពេល​នេះ ឯកឧត្ដម លី បូរិន បន្ត​ថា នៅ​តែ​មាន​ពល​រដ្ឋ​ខ្លះ បំពាន​ចិញ្ចើម​ផ្លូវ​រក​ស៊ី ឬ​ក្រាញ​មិនព្រម​ដកថយ​ តាម​ការ​កំណត់​របស់​អាជ្ញាធរ ឲ្យ​ថយសងខាង​ផ្លូវដែក​ ប្រវែង ៣,៥ម៉ែត្រ ដោយ​ហេតុ​ផល​ពលរដ្ឋថា ពិបាក​រកស៊ី និង​រស់នៅ។ យ៉ាងណា អាជ្ញាធរ​នឹង​ចាត់​វិធាន​ការ​បន្ត និង​ដោះស្រាយ​រឿង​នេះ។