ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា និងឥណ្ឌា សហការជួសជុលកម្រាលថ្មភក់នៅតួប្រាង្គកណ្ដាលនៃប្រាសាទតាព្រហ្ម

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣ វប្បធម៌ & ប្រវត្តិសាស្រ្ដ 55
អាជ្ញាធរជាតិអប្សរា និងឥណ្ឌា សហការជួសជុលកម្រាលថ្មភក់នៅតួប្រាង្គកណ្ដាលនៃប្រាសាទតាព្រហ្ម អាជ្ញាធរជាតិអប្សរា និងឥណ្ឌា សហការជួសជុលកម្រាលថ្មភក់នៅតួប្រាង្គកណ្ដាលនៃប្រាសាទតាព្រហ្ម

អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមអ្នកជំនាញឥណ្ឌា ជួសជុល រៀបចំកម្រាលថ្មភក់ប្រាង្គកណ្តាលនៃប្រាសាទតាព្រហ្ម ដោយកំណាយរកថ្មភក់ដែលនៅរាយប៉ាយ ដើម្បីយកទៅដាក់នៅទីតាំងដើម នឹងយកជើងទម្របដិមាធំមួយដែលត្រូវបានរំកិលចេញកាលពីមុន មកតម្កល់នៅទីតាំងដើម នៅចំចំណុចកណ្ដាលនៃប្រាសាទតាព្រហ្ម ដែលការងារនេះបានចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់ចុងខែកុម្ភៈ ឆ្នាំ២០២៣។

អ្នកអនុវត្តគម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជា ដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម លោក Sing Sood មានប្រសាសន៍ថា ថ្មកម្រាលទីតាំងនេះបានបែកបាក់ច្រើនអន្លើរ និងចល័តខុសពីតាំងដើម បន្ថែមពីលើនោះ មានថ្មកំពូលតួប្រាង្គប្រាសាទនេះក៏បានរលុះធ្លាក់មកខាងក្រោមនៅរាយប៉ាយជាមួយនិងជើងទម្រ។ លោកបណ្ឌិតបន្តថា កន្លងមក ដើម្បីសម្រួលចរាចរភ្ញៀវទេសចរអាជ្ញាធរជាតិអប្សរាបានរំកិលជើងទម្រនេះចេញទៅទីតាំងមានសុវត្ថិភាព និងក្រាលកម្រាលឈើពីលើ ដើម្បីឱ្យភ្ញៀវឆ្លងកាត់។ ប៉ុន្តែ មកដល់បច្ចុប្បន្នកម្រាលឈើបានពុកផុយ ដើម្បីរក្សាសុវត្ថិភាពភ្ញៀវទេសចរផង និងលើកតម្លៃទីតាំងនេះឡើងវិញ ទើបស្ថាប័នទាំងពីរសម្រេចជួសជុលកម្រាលថ្មភក់ឡើងវិញ។

លោក Sing Sood មានប្រសាសន៍ទៀតថា ជាដំបូង ក្រុមការងារបានធ្វើកំណាយស្វែងរកថ្ម សិក្សារកទីតាំងដើមនៃថ្ម សម្អាតថ្ម និងជួសជុលថ្ម ប្រសិនរកឃើញមានថ្មដំបូលដែលជ្រុះធ្លាក់មកទីតាំងនេះ ក្រុមការងារនឹងយកទៅដាក់នៅទីតាំងដើមវិញ។ អ្នកជំនាញរូបនេះបន្តថា បន្ទាប់ពីរៀបចំកម្រាលថ្មភក់បានល្អប្រសើរឡើងវិញហើយ នឹងយកជើងទម្រដែលគេជឿថាសម្រាប់តម្កល់បដិមាប្រាជ្ញាបារមីមកតម្កល់នៅទីតាំងនេះឡើងវិញ ហើយភ្ញៀវទេសចរក៏បានដើរឆ្លងកាត់ដោយមានសុវត្ថិភាព ព្រមទាំងបានស្វែងយល់កាន់តែច្បាស់ពីស្ថានភាពដើមប្រាង្គកណ្តាលរបស់ប្រាសាទតាព្រហ្មនេះ ពីព្រោះទីតាំងនេះមានភាពល្បីល្បាញ ហើយជារៀងរាល់ថ្ងៃ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចេញចូលឆ្លងកាត់ទៅទស្សនាទីនេះមិនលុះពេល។

លោក Sing Sood បញ្ជាក់ថា តួប្រាង្គកណ្តាលរបស់ប្រាសាទតាព្រហ្មនេះមានលក្ខណៈពិសេស ដែលមានស្លាកស្នាមបិទកំបោរបាយអរដែលមាននៅសេសសល់មកដល់សព្វថ្ងៃ ដែលលោក Sing Sood សន្និដ្ឋានថា កាលពីសម័យកសាងប្រាង្គកណ្តាលនេះអាចគេបិទមាសឬប្រាក់ទៀតផង៕

អត្ថបទ៖ យី សុថា
រូបភាព៖ ភោគ ជា

អត្ថបទទាក់ទង