ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា៖ ព្រះសង្ឃនឹងកិច្ចការពារបេតិកភណ្ឌ ដែលមិនអាចកាត់ថ្លៃបាន!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 77
អាជ្ញាធរជាតិអប្សរា៖ ព្រះសង្ឃនឹងកិច្ចការពារបេតិកភណ្ឌ ដែលមិនអាចកាត់ថ្លៃបាន! អាជ្ញាធរជាតិអប្សរា៖ ព្រះសង្ឃនឹងកិច្ចការពារបេតិកភណ្ឌ ដែលមិនអាចកាត់ថ្លៃបាន!

ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម ព្រះរាជាគណ:ថ្នាក់ទោ ជាសមាជិកថេរសភាសង្ឃ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានកិត្តិយសក្រុមប្រឹក្សាកិច្ចការវត្តអារាមក្នុងឧទ្យានអង្គរ ព្រះអង្គបរិបូណ៍ដោយទឹកព្រះទ័យក្នុងកិច្ចការអភិរក្សសំណង់បេតិកភណ្ឌ។ ជាសក្ខីភាពនៃការរួបរួមរវាងអាណាចក្រ និងពុទ្ធចក្រ កន្លងមក និងរហូតមកដល់ពេលនេះ ព្រះអង្គបានបង្ហាញនូវតួនាទីយ៉ាងសំខាន់របស់ព្រះសង្ឃក្នុងកិច្ចសម្របសម្រួលការសង្គ្រោះប្រាសាទលលៃដែលរងផលប៉ះពាល់ដោយសំណង់ព្រះពុទ្ធសាសនាបែបទំនើបនៅក្នុងបរិវេណឧទ្យានអង្គរ។

ឆ្លើយតបចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ព្រះមហា វិមលធម្ម ព្រមទាំងព្រះមេគណខេត្តសៀមរាបដែលជាព្រះប្រធានក្រុមប្រឹក្សាកិច្ចការវត្តអារាមក្នុងឧទ្យានអង្គនិងសមាជិកគ្រប់រូប គណៈសង្ឃគ្រប់គ្រងវត្តប្រាសាទលលៃ អាចារ្យគណកម្មការវត្ត ព្រមទាំងពុទ្ធបរិសទ្ធចំណុះជើងវត្តបានស្ម័គ្រព្រះទ័យនិមន្តចុះមកគង់នៅបរិវេណខាងក្រោម និងរំកិលនូវសំណង់ទាំងអស់ដែលមាននៅលើខឿនប្រាសាទលលៃមកខាងក្រោមវិញ ដោយរក្សាទុកតែសំណង់ព្រះវិហារពុទ្ធសាសនាបុរាណតែមួយប៉ុណ្ណោះ ដើម្បីទុកលទ្ធភាពដល់អាជ្ញាធរជាតិអប្សរា បំពេញកិច្ចការអភិរក្សរបស់ខ្លួនបានដោយងាយស្រួលស្របទៅតាមបទដ្ឋាននៃអង្គការយូណេស្កូ។

នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ព្រះមហាវិមលធម្មបាននិមន្តទៅទតការកំណាយសង្គ្រោះប្រាសាទលលៃរបស់អាជ្ញាធរជាតិអប្សរា ដោយមានការទទួលបដិសណ្ឋារៈអំពីសំណាក់ព្រះតេជគុណ បរមោ មុត្ត វិបុល ជាព្រះប្រធានគណគ្រប់គ្រងសង្ឃវត្តប្រាសាទលលៃនាបច្ចុប្បន្ន។ ទាំងពីរព្រះអង្គ មានទឹកព្រះទ័យរីករាយនិងកោតសរសើរយ៉ាងក្រៃលែងចំពោះគំហើញនៃលទ្ធផលកំណាយនេះ ដែលជាសក្តានុពលដ៏មហិមានៃប្រាសាទលលៃដែលកន្លងមកមិនមាននរណាដឹងសោះ ព្រោះត្រូវបានកប់បាត់ក្រោមបាតអគារនៃសំណង់ទំនើប។

ព្រះមហាវិមលធម្ម ព្រះអង្គក៏បានផ្តល់អនុសាសន៍ដល់ព្រះសង្ឃគ្រប់វត្តអារាមទាំងអស់ ក៏ដូចជាស្ថាប័នពាក់ព័ន្ធនិងសប្បុរសជនទាំងអស់ សូមរួបរួមគ្នាជាមួយអាជ្ញាធរជាតិអប្សរាក្នុងកិច្ចការថែរក្សានូវសំណង់បេតិកភណ្ឌទាំងអស់ ដែលជាមរតករបស់បុព្វបុរសខ្មែរយើងសម្រាប់មនុស្សជាតិជំនាន់ក្រោយៗទៀត ដោយមុននឹងសាងសង់អ្វីមួយត្រូវពិភាក្សាជាមួយក្រុមប្រឹក្សាកិច្ចការវត្តអារាមដែលមានព្រះមេគណជាព្រះប្រធានជាមុនសិន និងត្រូវសុំច្បាប់អាជ្ញាធរជាតិអប្សរាចុះទៅសិក្សាជាមុនសិន។

អត្ថបទទាក់ទង