ខ្មែរប៉ុស្ដិ៍ Close

ថ្ងៃចិនខ្នាតតូច (Mini China Day) របស់វៀតណាមអាចត្រូវបានគេកំណត់យក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 55
ថ្ងៃចិនខ្នាតតូច (Mini China Day) របស់វៀតណាមអាចត្រូវបានគេកំណត់យក ក្រុម​អ្នក​សំដែង​ កំពុងរាំ​ជាមួយ​នឹង​ទង់ជាតិ​ធំៗ​ក្នុង​ពិធី​រំលឹក​ខួប​នៃ​របប​កុម្មុយនីស្ត​វៀត​ណាម​នៅ​ទីក្រុង​ហាណូយ ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០១៧។ រូបថត៖ AFP / Hoang Dinh Nam

ដោយមានការប្រែប្រួលយ៉ាងខ្លាំងនៅវៀតណាមនៅពេលឥឡូវនេះ វាអាចនឹងមិនទៅរួចទេសម្រាប់ប្រទេសវៀតណាមក្នុងការអនុវត្តការផ្លាស់ប្តូរនយោបាយទ្រង់ទ្រាយធំ។ នេះគឺជាបញ្ហាដែលវិនិយោគិនអន្តរជាតិបានជួបប្រទះនៅក្នុងសប្តាហ៍នេះ បន្ទាប់ពីប្រធានាធិបតីដែលមានទំនោរគាំទ្រទីផ្សារ លោក Nguyen Xuan Phuc បានលាលែងពីតំណែងភ្លាមៗ។

មន្ត្រីរដ្ឋាភិបាលបានអះអាងថា «ការបោសសម្អាតដែលដឹកនាំដោយប្រធានគណបក្សកុម្មុយនីស្ត លោក Nguyen Phu Trong គឺជាកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងអំពើពុករលួយនៅក្នុងពិភពអំណាចរបស់វៀតណាម»។ ទោះជាយ៉ាងណាក៏ដោយ វិនិយោគិនបានលើកឡើងនូវចម្ងល់ថា «តើការចាកចេញរបស់លោក Phuc អាចជាវិធានការដណ្តើមអំណាចរបស់លោក Trong ដែរឬទេ ខណៈដែលរឿងនេះអាចនឹងពន្យារពេលការធ្វើកំណែទម្រង់សេដ្ឋកិច្ចដែលកំពុងត្រូវការជាបន្ទាន់»។

លោក Phuc បានធ្វើជាប្រធានាធិបតីតាំងពីខែមេសាឆ្នាំ ២០២១ និងជានាយករដ្ឋមន្ត្រីពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២១។ និយាយជារួម លោកបានពង្រឹងទំនាក់ទំនងរបស់ទីក្រុងហាណូយជាមួយសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-Vietnam ដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៩ គឺជា «និមិត្តរូបនៃការប្តេជ្ញាចិត្តរបស់លោក Phuc ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចជាអន្តរជាតិ» និងជា «ឧទាហរណ៍នៃមូលហេតុដែលលោកប្រមូលបានផលចំណេញយ៉ាងច្រើននៅក្នុងទីផ្សារពិភពលោក»។

គួរកត់សម្គាល់ផងដែរថាការចាកចេញរបស់លោក Phuc បានកើតមានបន្ទាប់ពីមានព័ត៌មានថ្មីៗដែលថា «មន្ត្រីបច្ចេកទេសដែលមានទំនោរគាំទ្រលោកខាងលិចជាច្រើននាក់ត្រូវបានបណ្តេញចេញ នៅពេលដែលលោក Trong ពង្រឹងការគ្រប់គ្រងអំណាច»។ លោក Zachery Abuza ដែលជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យ National War College នៅក្នុងទីក្រុង Washington បាននិយាយថា «ការចាកចេញរបស់ លោក Phuc គឺជារឿងល្អសម្រាប់ប្រទេសចិននិងរុស្ស៊ី ហើយវាគឺជាសញ្ញាមួយដែលបញ្ជាក់ថា លោក Trong បានឈ្នះសង្រ្គាមប្រឆាំងនឹងអ្នកបច្ចេកទេស»។

លោក Nguyen Xuan Phuc របស់វៀតណាមមុនពេលលាឈប់ពីតំណែង។ រូបថត៖ Agencies

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃទី ១៨ ខែមករាថា «មន្ត្រីរដ្ឋាភិបាលកំពូលបានសម្តែងនូវក្តីបារម្ភថា ទីក្រុងហាណូយអាចខកខានក្នុងការសម្រេចបាននូវកាលបរិច្ឆេទឆ្នាំ ២០២៥ ដែលគណបក្សបានកំណត់ធ្វើកំណែទម្រង់ដើម្បីពង្រឹងផ្សារហ៊ុនទីក្រុងហូជីមិញ (HOSE)»។

សូមអាន ការបើកឱកាសដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងអាមេរិក-វៀតណាម

ការពង្រឹងនេះគឺជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់វៀតណាមក្នុងការឈានឆ្ពោះទៅរកឋានៈប្រាក់ចំណូលមធ្យម និងដើម្បីទាក់ទាញការវិនិយោគរយៈពេលវែងរាប់ពាន់លានដុល្លារ។ ជម្លោះនយោបាយបានបង្កផលប៉ះពាល់ដល់គ្រប់ផ្នែកនៃរដ្ឋាភិបាល។ ទីផ្សារ HOSE មានមូលធនបត្រទីផ្សារតូចបំផុតមួយនៅក្នុងចំណោមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ជាមួយនឹងទំហំប្រហែល ១៨០ ពាន់លានដុល្លារ។

វាស្ថិតក្នុងចំណោមទីផ្សារដ៏អាក្រក់បំផុតរបស់ពិភពលោកនៅក្នុងឆ្នាំ ២០២២ ដោយធ្លាក់ចុះជាង ៣០% នៅចំពេលកើតមានភាពចលាចលនៅប្រទេសចិននៅក្នុងវិស័យអចលនទ្រព្យ។ ជាក់ស្តែង ប្រទេសវៀតណាមត្រូវបានគេចាត់ទុកជា «ប្រទេសចិនខ្នាតតូច» ដែលនេះគឺដោយសារតែនយោបាយកុម្មុយនីស្តរបស់ខ្លួន, កំណើនយ៉ាងឆាប់រហ័ស, គំរូអាជីវកម្មរោងចក្រធុនធ្ងន់, ប្រជាជនប្រមាណ ៩៨ លាននាក់, ការចំណាយទាប និងទីតាំងភូមិសាស្ត្រដ៏គួរឱ្យទាក់ទាញ។

ដូចគ្នានឹងប្រទេសចិនរបស់លោក Xi Jinping ដែរ វៀតណាមបានយល់ឃើញថា «ការរក្សាប្រព័ន្ធសេដ្ឋកិច្ចកុម្មុយនីស្តមិនមានភាពងាយស្រួលនោះទេនៅក្នុងយុគសម័យដែលវិនិយោគិនអន្តរជាតិ ចូលចិត្តវិស័យឯកជនដ៏រស់រវើក ជាជាងវិស័យរដ្ឋដែលមានឥទ្ធិពល»។ អ្នកវិភាគ Thomas Rookmaaker នៅក្រុមហ៊ុន Fitch Ratings បាននិយាយថា «ទស្សនវិស័យកំណើនរយៈពេលមធ្យមដ៏រឹងមាំរបស់វៀតណាម ត្រូវតែយកឈ្នះឱ្យបានលើភាពជាប់គាំងជាសកល ខណៈដែលហានិភ័យពាក់ព័ន្ធនឹងសហគ្រាសរដ្ឋ និងវិស័យធនាគារបានបង្កើតឱ្យមានភាពទន់ខ្សោយ»។

វាមានទឡ្ហីករណ៍ដែលថា «ការដើរចេញរបស់លោក Phuc និងការបង្រួបបង្រួមអំណាចរបស់ Trong នឹងមិនអាចរុញច្រានវៀតណាមឆ្ពោះទៅរកទំនើបកម្មនោះទេ»។ អ្នកវិភាគ John Marrett នៅស្ថាប័ន «Economist Intelligence Unit» បាននិយាយថា «លោក Phuc មានទំនោរផ្តោតលើការធ្វើអាជីវកម្មខ្លាំងជាងមនុស្សជាច្រើននៅក្នុងកម្រិតកំពូលនៃរដ្ឋាភិបាល ហើយការចាកចេញដោយបង្ខំរបស់លោក អាចកាត់បន្ថយការធ្វើសេរីភាវូបនីយកម្មសេដ្ឋកិច្ច និងការបើកចំហចំពោះការវិនិយោគបរទេស»។

អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីពិធីបិទមហាសន្និបាតជាតិលើកទី១៣ របស់បក្សកុម្មុយនីស្តវៀតណាមនៅមជ្ឈមណ្ឌលសន្និបាតជាតិនៅទីក្រុងហាណូយ នាថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១។ រូបថត៖ AFP / Nhac Nguyen

លោក Marrett បានបន្តថា «សម្រាប់អគ្គលេខាធិការ និងបណ្តាសម្ព័ន្ធមិត្តរបស់លោកប្រធានាធិបតីដែលបានចាកចេញ បានតំណាងឱ្យទម្រង់នៃការធ្វើសមាហរណកម្មរវាងវិស័យឯកជន និងរដ្ឋាភិបាលដែលត្រូវបានគេចាត់ទុកជាហានិភ័យចំពោះស្ថិរភាពនយោបាយ និងចំពោះគណបក្សកុម្មុយនីស្តវៀតណាមផ្ទាល់»។

លោកបានកត់សម្គាល់បន្ថែមថា «នៅទីបំផុត លោក Phuc នឹងត្រូវជំនួសដោយសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោកអគ្គលេខាធិការ ក៏ប៉ុន្តែករណីនេះនឹងមិនបណ្តាលឱ្យមានការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងគោលនយោបាយនោះទេ។ អគ្គលេខាធិការនិងសម្ព័ន្ធមិត្តរបស់លោកបានបង្កើនការគ្រប់គ្រងខ្លាំងលើរបៀបវារៈគោលនយោបាយរួចស្រេចទៅហើយ»។

សេដ្ឋវិទូ Can Van Luc នៅឯធនាគារ «Bank of Investment and Development of Vietnam» បានលើកឡើងនូវការព្រួយបារម្ភអំពីការបង្កើតឱ្យមានកំហុសនិងការទទួលខុសត្រូវដែលនឹងកាត់បន្ថយឱកាស និងបង្កើនថ្លៃដើមប្រតិបត្តិការនៅក្នុងសេដ្ឋកិច្ចដែលទាមទារឱ្យរដ្ឋាភិបាលមានភាពវៃឆ្លាតនិងមានធនធានក្នុងការឆ្លើយតបចំពោះបញ្ហាទាំងនោះ។

លោកបានបន្តថា «អ្វីដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ជឿជាក់នោះ គឺនៅក្នុងកិច្ចប្រជុំរបស់ខ្ញុំជាមួយក្រសួង, មន្ទីរ និងមូលដ្ឋានជាច្រើន ខ្ញុំបានកត់សម្គាល់ឃើញថា អាជ្ញាធរបានទទួលស្គាល់ជាមូលដ្ឋាននូវបញ្ហាប្រឈមទាំងនេះ និងបានប្តេជ្ញាចិត្តចង់យកឈ្នះលើបញ្ហាទាំងនេះ»។ នៅឆ្នាំ ២០២៣ វានឹងមានបញ្ហាប្រឈមនិងកិច្ចការជាច្រើន ដែលត្រូវដោះស្រាយ ក៏ប៉ុន្តែសមត្ថភាពក្នុងការកំណត់បញ្ហាប្រឈមនិងឧបសគ្គឱ្យបានត្រឹមត្រូវ គឺជាមូលដ្ឋានដ៏សំខាន់ក្នុងការគូសវាសផែនទីបង្ហាញផ្លូវដ៏ត្រឹមត្រូវសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍ។

សេដ្ឋវិទូ Trinh Nguyen នៅធនាគារវិនិយោគ Natixis បានលើកឡើងនូវក្តីបារម្ភថា «វិធីសាស្រ្តអភិរក្សនិយមរបស់ទីក្រុងហាណូយចំពោះបទប្បញ្ញត្តិទីផ្សារកំពុងពន្យារពេលការពង្រឹងលទ្ធភាពក្នុងការចូលទៅទីផ្សារបរទេស។ មូលធនសកលកាន់តែច្រើនគឺមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍវិស័យធនាគារ និងសម្រាប់ស្ថិរភាពហិរញ្ញវត្ថុរយៈពេលវែង»។

ដំណឹងល្អគឺថា «ការស្ទុះងើបឡើងវិញនៃវីរុសកូវីដ-១៩ របស់ចិនអាចជារឿងល្អសម្រាប់ទស្សនវិស័យរបស់វៀតណាម»។ ធនាគារអភិវឌ្ឍអាស៊ីបានបន្ទាបការរំពឹងទុកសម្រាប់ឆ្នាំ ២០២៣ របស់វៀតណាមមកនៅត្រឹម ៦,៣% ពីចំនួនប្រហែល ៧,៥% ក្នុងឆ្នាំ ២០២២។ ទោះជាយ៉ាងណាក៏ដោយ ADB បានរំពឹងទុកថា «វៀតណាមនឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ហើយបន្ទាប់មកគឺប្រទេសហ្វីលីពីន»។

បុគ្គលិក​ម្នាក់​កំពុង​ជូត​កម្រាល​ឥដ្ឋ​នៅក្នុងហាង​ស្បែកជើងមួយកន្លែង​ក្នុង​ទីក្រុង​ហាណូយ​កាលពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២១។ ការ​បិទខ្ទប់​បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​វៀតណាមយ៉ាង​ធ្ងន់ធ្ងរ។ រូបថត៖ AFP / Nhac Nguyen

ប៉ុន្តែរឿងនេះនឹងអាស្រ័យលើប្រទេសចិនក្នុងការអាចទទួលបានកំណើន GDP ចំនួន ៥% ហើយអាមេរិកអាចចៀសផុតពីវិបត្តិសេដ្ឋកិច្ច។ អ្វីដែលរឹតតែសំខាន់ជាងនេះទៅទៀតនោះគឺ «វៀតណាមត្រូវបង្កើនការរីកចម្រើនឱ្យបានលឿនជាងមុន» ដែលនឹងរួមបញ្ចូលទាំងការកាត់បន្ថយភាពធ្ងន់ធ្ងរនៃការធ្លាក់ចុះនៅក្នុងទំនុកចិត្តនៃវិនិយោគិន។

សូមអាន អត្រាកំណើន GDP ខ្ពស់របស់វៀតណាម បិទបាំងបញ្ហាសេដ្ឋកិច្ចរបស់ខ្លួន

អាទិភាពមួយគឺការដោះស្រាយភាពមិនល្អរបស់ទីក្រុងហាណូយពាក់ព័ន្ធនឹងអត្រាប្តូរប្រាក់។ អស់រយៈពេលជាច្រើនទសវត្សរ៍ ធនាគាររដ្ឋវៀតណាមបានគ្រប់គ្រងយ៉ាងសកម្មនូវកម្រិតនៃប្រាក់ដុង ដើម្បីគាំទ្រដល់ក្រុមហ៊ុននាំចេញ។ ប៉ុន្តែនៅចុងឆ្នាំ ២០២០ សកម្មភាពនេះបានធ្វើឱ្យទីក្រុងហាណូយជាប់ឈ្មោះនៅក្នុងបញ្ជី «អ្នកក្លែងបន្លំរូបិយបណ្ណ» របស់ក្រសួងរតនាគារអាមេរិក។ ការអនុញ្ញាតឱ្យមានការជួញដូរប្រាក់ដុងកាន់តែសេរីនឹងបង្ខំអ្នកបង្កើតគោលនយោបាយនៅទីក្រុងហាណូយអោយមានភាពមមាញឹកកាន់តែខ្លាំងក្នុងការធ្វើកំណែទម្រង់សេដ្ឋកិច្ចខ្នាតតូចរបស់វៀតណាម។

សេដ្ឋកិច្ចវៀតណាមកំពុងរីកចម្រើនខ្លាំង ប៉ុន្តែកំណើននាពេលអនាគត គឺអាស្រ័យលើការកែទម្រង់ប្រកបដោយនិរន្តរភាព រួមទាំងការដកហូតសហគ្រាសរដ្ឋផងដែរ។ រូបភាព៖ iStock / Getty Images

រូបិយបណ្ណដែលរឹងមាំជាងមុននឹងជួយកាត់បន្ថយហានិភ័យ, បង្កើនទំនុកចិត្តរបស់វិនិយោគិន និងជំរុញវិស័យឯកជនឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំង។ បន្ថែមពីលើនេះ វៀតណាមត្រូវតែបន្តលុបបំបាត់អំពើពុករលួយ និងលើកទឹកចិត្តឱ្យមានការផ្តល់ប្រាក់កម្ចីប្រកបដោយផលិតភាពបន្ថែមទៀតនៅក្នុងវិស័យអចលនទ្រព្យ។

សូមអាន ភាពប្រេះស្រាំកំពុងបង្ហាញវត្តមាននៅក្នុងអព្ភូតហេតុសេដ្ឋកិច្ចរបស់វៀតណាម

វានឹងមានន័យស្មើនឹង «ការឧបត្ថម្ភធនតិចជាងមុនសម្រាប់វិស័យរដ្ឋដែលគ្មានប្រសិទ្ធភាព និងដែលពោរពេញទៅដោយអំពើពុករលួយបូករួមនឹងការបង្កើនការលើកទឹកចិត្ត ដើម្បីជំរុញឱ្យមានការកើនឡើងនៃការចាប់ផ្តើមអាជីវកម្មដើម្បីបង្កើតការងារ និងទ្រព្យសម្បត្តិឱ្យបានកាន់តែច្រើន»។

ពេលនេះកិច្ចការនេះបានធ្លាក់ទៅលើដៃរបស់លោក Trong ក្នុងការដឹកនាំដំណើរការ នៃការផ្លាស់ប្តូរពីម៉ូដែលដែលបានធ្វើឱ្យវៀតណាមទទួលបានស្លាកយីហោថាជា «ប្រទេសចិនខ្នាតតូច»។ គេនៅបន្តរង់ចាំមើលថា «តើលោកអាចទទួលបានជោគជ័យដែរឬទេ»៕

Asia Times

អត្ថបទទាក់ទង