វៀតណាម និងកម្ពុជា នាំមុខគេនៅអាស៊ាននៅក្នុងសន្ទស្សន៍ Nikkei COVID
សន្ទស្សន៍នៃការងើបឡើងវិញពីវីរុសកូវីដ-១៩ ចុងក្រោយរបស់ Nikkei បានបង្ហាញថា «កម្ពុជា និងវៀតណាម បាននាំមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ពាក់ព័ន្ធនឹងការធូរស្បើយពីវីរុសរាតត្បាត»។ បន្ទាប់ពីបានជាប់ចំណាត់ថ្នាក់លេខ ១០០ នៅពេលដែលរបាយការណ៍ត្រូវបានចេញផ្សាយជាលើកដំបូងនៅក្នុងខែកក្កដា ឆ្នាំ ២០២១ «ប្រទេសកម្ពុជា និងវៀតណាម បានផ្លាស់ប្តូរយ៉ាងខ្លាំង ជាមួយនឹងការចាត់ថ្នាក់នៅលំដាប់កំពូលទាំង ១០ សម្រាប់រយៈពេល ៤ ខែជាប់ៗគ្នា»។
សមាជិកអាស៊ានមួយចំនួនផ្សេងទៀតក៏ទទួលបានភាពល្អប្រសើរយ៉ាងគួរឱ្យកត់សម្គាល់ផងដែរ បើប្រៀបធៀបកាលពីឆ្នាំមុន។ សន្ទស្សន៍របស់ Nikkei បានវាយតម្លៃប្រទេសនិងតំបន់ចំនួន ១២១ ស្តីអំពីការគ្រប់គ្រងលើវីរុសឆ្លង, ការចែកចាយវ៉ាក់សាំង និងការធ្វើដំណើរនៅក្នុងសង្គម។
ចំណាត់ថ្នាក់ខ្ពស់មានន័យស្មើនឹងការងើបឡើងវិញយ៉ាងឆាប់រហ័សដែលត្រូវបានកំណត់ដោយអត្រានៃការឆ្លងទាប និងអត្រាមរណភាពទាប, ការចាក់វ៉ាក់សាំងបានយ៉ាងទូលំទូលាយ និងការរឹតបន្តឹងតិចជាងមុនលើការធ្វើដំណើរ។ ការបោះពុម្ពផ្សាយនៅខែតុលានៃសន្ទស្សន៍នេះនឹងក្លាយជាការកំណត់ចុងក្រោយបង្អស់ ពីព្រោះប្រភពទិន្នន័យមួយចំនួននឹងត្រូវបានបញ្ឈប់ការធ្វើបច្ចុប្បន្នភាពនៅក្នុងពេលឆាប់ៗនេះ។
ការផ្លាស់ប្តូរគោលការណ៍ណែនាំរបស់បណ្តាប្រទេសនានាសម្រាប់ការធ្វើតេស្ត និងការរាយការណ៍ក៏បានបង្កការលំបាកផងដែរ ក្នុងការធានាឱ្យបាននូវភាពត្រឹមត្រូវនៃទិន្នន័យសម្រាប់បម្រើឱ្យការវាយតម្លៃប្រកបដោយប្រសិទ្ធភាព។ ការសង្កេតក្នុងរយៈពេល ១៥ ខែចុងក្រោយនេះ បានបង្ហាញថា «សូម្បីតែប្រទេសដែលបានទទួលរងនូវការរាតត្បាតយ៉ាងធ្ងន់ធ្ងរ ក៏អាចទទួលបានភាពល្អប្រសើរឡើងវិញផងដែរជាមួយនឹងការអនុវត្តវិធានការចាក់វ៉ាក់សាំង និងការបន្ធូរបន្ថយវិធានការរឹតបន្តឹង»។
ដំបូងឡើយ ប្រទេសកម្ពុជានិងវៀតណាមបានទទួលជោគជ័យក្នុងការគ្រប់គ្រងលើការរាតត្បាតនៃវីរុសកូវីដ-១៩ ក៏ប៉ុន្តែក្រោយមកបានរងនូវការវាយប្រហារយ៉ាងខ្លាំង ដោយសារវីរុសទម្រង់ថ្មីនៅពាក់កណ្តាលឆ្នាំ ២០២១។ បញ្ហានេះបានបង្ខំឱ្យប្រទេសទាំងពីរ ដាក់ចេញនូវវិធានការការពារយ៉ាងតឹងរ៉ឹង បូករួមទាំងការបិទខ្ទប់។
ទោះជាយ៉ាងណាក៏ដោយ ពួកគេបានពន្លឿនដំណើរការចាក់វ៉ាក់សាំងប្រកបដោយជោគជ័យ ដោយក្នុងនោះប្រទេសវៀតណាមទទួលបានពិន្ទុពេញ ឬ ៣០ ពិន្ទុសម្រាប់ការចាក់វ៉ាក់សាំងនៅក្នុងសន្ទស្សន៍ចុងក្រោយបង្អស់ ខណៈដែលកម្ពុជាទទួលបានពិន្ទុចំនួន ២៩។ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានបន្ធូបន្ថយវិធានការរឹតបន្តឹងហើយក៏បានបើកឡើងវិញយ៉ាងពេញលេញផងដែរ ដើម្បីស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ។
ការរីកចម្រើនរបស់ពួកគេបាននាំមកនូវទស្សនវិស័យសេដ្ឋកិច្ចកាន់តែភ្លឺស្វាង។ នៅក្នុងការព្យាករសេដ្ឋកិច្ចចុងក្រោយ ធនាគារពិភពលោកបានបង្កើនការព្យាករកំណើនប្រចាំឆ្នាំរបស់វៀតណាមពី ៥,៣% ទៅ ៧,២% និងរបស់កម្ពុជាពី ៤,៥% ទៅ ៤,៨%។ អត្រាកំណើនរបស់ប្រទេសម៉ាឡេស៊ីក៏ត្រូវបានដំឡើងផងដែរ ពោលគឺដល់ចំនួន ៦,៤% និងចំនួន ៣,១% សម្រាប់ប្រទេសថៃ។
ម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់ទី ៣៨ នៅក្នុងសន្ទស្សន៍ស្ទុះងើបឡើងវិញចុងក្រោយបំផុត ខណៈដែលប្រទេសថៃបានជាប់ចំណាត់ថ្នាក់លេខ ៧០។ ប្រទេស ២ ផ្សេង ទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានទទួលរងនូវការធ្លាក់ចុះនៃចំណាត់ថ្នាក់ ដោយក្នុងនោះប្រទេសឡាវបានធ្លាក់ពីលេខរៀងទី ៧៩ មកនៅលេខ ៨៩ កាលពីខែមុន ខណៈហ្វីលីពីនបានធ្លាក់ពីលេខ ៩៧ មកលេខ ១០១។
ប្រទេសទាំងពីរ អាចនឹងធ្វើបានល្អ ប្រសិនបើពួកគេបង្កើនអត្រានៃការចាក់វ៉ាក់សាំងនៅក្នុងប្រទេស។ ប្រទេសចិនដែលជាម្ចាស់ជើងឯកដំបូងនៅក្នុងសន្ទស្សន៍នេះ ដោយបានទទួលចំណាត់ថ្នាក់ទី ៤៦ ខណៈដែលប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី២ របស់ពិភពលោកមួយនេះ នៅតែបន្តប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ «Zero Covid» ដែលជាហេតុបង្កនូវផលប៉ះពាល់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច។
ប្រទេសកាតា ដែលនឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោកនៅខ ក្រោយ បានចែករំលែកចំណាត់ថ្នាក់កំពូលជាមួយបារ៉ែន និងរ៉ូវ៉ាន់ដា៕
Nikkei Asia