ខ្មែរប៉ុស្ដិ៍ Close

តើវៀតណាមអាចទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃតម្រូវការបន្ទះអេឡិកត្រូនិកនៅក្នុងភិភពលោកដែរឬទេ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 95
តើវៀតណាមអាចទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃតម្រូវការបន្ទះអេឡិកត្រូនិកនៅក្នុងភិភពលោកដែរឬទេ? វៀតណាម​ជា​ប្រទេស​នាំ​ចេញ​បន្ទះ​ឈីប​ធំ​ជាង​គេ​ទី​៣ ទៅកាន់​សហរដ្ឋ​អាមេរិក ​តាម​ពី​ក្រោយ​ម៉ាឡេស៊ី និង​តៃវ៉ាន់។ (រូបថត៖ STR/AFP)

វៀតណាមកំពុងមានការសប្បាយចិត្តចំពោះរលកបន្ទះអេឡិកត្រូនិក Semiconductor ខណៈដែលស្ថិតិកាលពីពេលថ្មីៗនេះរបស់ក្រសួងព័ត៌មាននិងទំនាក់ទំនងវៀតណាមបានបង្ហាញអំពីការកើនឡើងរបស់ប្រទេសនេះ ក្នុងនាមជាអ្នកនាំចេញបន្ទះអេឡិកត្រូនិកដ៏ធំជាងគេលំដាប់ទី៣ ទៅកាន់សហរដ្ឋអាមេរិក ដោយស្ថិតនៅពីក្រោយតែម៉ាឡេស៊ី និងតៃវ៉ាន់ប៉ុណ្ណោះ។ ប្រាក់ចំណូលបានកើនឡើង ៧៥% ពីមួយឆ្នាំទៅមួយឆ្នាំ ដោយបានឈានដល់ចំនួន ៥៦២ លានដុល្លារអាមេរិកនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៣។

ការនាំចេញផលិតផលអេឡិចត្រូនិកទាំងអស់ទៅកាន់អាមេរិកពីប្រទេសវៀតណាម (រួមទាំងបន្ទះអេឡិកត្រូនិក) ក្នុងខែកុម្ភៈ ឆ្នាំ ២០១៣ មានចំនួនត្រឹមតែ ១១០ លានដុល្លារអាមេរិកប៉ុណ្ណោះ។ ការកើនឡើងនៃការនាំចេញបន្ទះអេឡិកត្រូនិកគឺជាភស្តុតាងបញ្ជាក់ដ៏ច្បាស់អំពីទីតាំងយុទ្ធសាស្ត្ររបស់វៀតណាម នៅចំពេលកើតមានសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន។

ក្រុមហ៊ុនដែលមានជាប់ពាក់ព័ន្ធនឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់បន្ទះអេឡិកត្រូនិកបានស្វែងរកកន្លែងជ្រកកោននៅក្នុងប្រទេសវៀតណាម នៅចំពេលកើតមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ខណៈដែលក្រុមហ៊ុនអាមេរិកដែលចង់ធ្វើពិពិធកម្មប្រភពបន្ទះអេឡិកត្រូនិក ក៏បានរកឃើញដៃគូដែលអាចជឿទុកចិត្តបាននៅទីក្រុងហាណូយដែរ។

ប៉ុន្តែដើម្បីអាចរក្សាបាននូវកំណើនរយៈពេលវែង វៀតណាមត្រូវតែកំណត់ឡើងវិញនូវក្របខណ្ឌគោលនយោបាយរបស់ខ្លួន, បង្កើនការបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងវិស័យបច្ចេកវិទ្យាកម្រិតខ្ពស់ និងជំរុញការគាំទ្រសម្រាប់អាជីវកម្មក្នុងស្រុក។ បច្ចុប្បន្ន ការនាំចេញបន្ទះអេឡិកត្រូនិករបស់វៀតណាម ភាគច្រើនគឺធ្វើឡើងដោយក្រុមហ៊ុនដែលមានការវិនិយោគពីបរទេស។

ទិន្នន័យពីរដ្ឋាភិបាលបានបង្ហាញថា «៩៨% នៃការនាំចេញផលិតផលអេឡិចត្រូនិកគឺទទួលបានមកពីការវិនិយោគផ្ទាល់ពីបរទេស»។ ការព្យាករជាយុទ្ធសាស្ត្ររបស់វៀតណាមទាក់ទងនឹងឧបករណ៍អេឡិចត្រូនិកត្រូវបានបង្ហាញនៅដើមឆ្នាំ ២០១២ នៅពេលដែលរដ្ឋាភិបាលបានចាត់ទុកផលិតផលនេះជា «ទំនិញ និង សេវាកម្មជាតិដ៏សំខាន់»។

នៅពេលជួបជាមួយប្រធាននិងនាយកប្រតិបត្តិនៃសមាគមន៍ឧស្សាហកម្មបន្ទះអេឡិកត្រូនិកអាមេរិក លោក John Neuffer នៅក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចអាមេរិកទៅកាន់ប្រទេសវៀតណាមនៅដើមឆ្នាំនេះ ឧបនាយករដ្ឋមន្ត្រី Le Minh Khai បានគូសបញ្ជាក់ឡើងវិញអំពីចំណុចនេះ ដោយក្នុងនោះលោកបាននិយាយថា «បន្ទះអេឡិកត្រូនិកត្រូវបានចាត់ទុកជាអាទិភាពកំពូលរបស់វៀតណាម» និងបានស្នើសុំការវិនិយោគបន្ថែមទៀតពីអាមេរិកនៅក្នុងវិស័យនេះ។

ដោយសារឧស្សាហកម្មតម្លៃ ៦០០ ពាន់លានដុល្លារបានក្លាយជាចំណុចស្នូលនៃសេដ្ឋកិច្ចពិភពលោក ដែលបានផ្តល់ការគាំទ្រដល់រាល់ផលិតផលអេឡិចត្រូនិក រាប់ចាប់ពីទូរសព្ទស្មាតហ្វូនរហូតដល់កុំព្យូទ័រ ការផ្តោតជាយុទ្ធសាស្ត្ររបស់វៀតណាមគឺពិតជាមានភាពឆ្លាតវៃ។ ជាមួយនឹងការងាកទៅរកបន្ទះអេឡិកត្រូនិក វៀតណាមអាចលើកកម្ពស់ទីតាំងរបស់ខ្លួននៅក្នុងខ្សែច្រវ៉ាក់តម្លៃសកល, ផ្លាស់ប្តូរពីគំរូពលកម្មដែលមានតម្លៃថោករបស់ខ្លួន និងអាចធ្វើទំនើបកម្មសេដ្ឋកិច្ចស្របតាមចក្ខុវិស័យឆ្នាំ ២០៤៥ របស់ខ្លួន។

ចក្ខុវិស័យនេះមានបំណងប្រែក្លាយប្រទេសជាតិទៅជាប្រទេសអភិវឌ្ឍដែលមាន GDP សម្រាប់មនុស្សម្នាក់ៗលើសពី ១៨ ០០០ ដុល្លារអាមេរិក ដើម្បីប្រារព្ធខួបលើកទី ១០០ នៃឯករាជ្យភាពរបស់វៀតណាម ជាមួយនិងការរីកចម្រើនដ៏សំខាន់ផ្នែកសេដ្ឋកិច្ច។ វៀតណាមបានផ្តោតលើការទាក់ទាញតួអង្គធំៗ នៅក្នុងអាជីវកម្មបន្ទះអេឡិកត្រូនិកឱ្យមកបណ្តាក់ទុននៅក្នុងប្រទេស។

ក្រុមហ៊ុន Intel គឺជាសាជីវកម្មធំដំបូងគេដែលបានដំណើរការផ្នែកខ្លះនៃដំណើរការផលិតបន្ទះអេឡិកត្រូនិកនៅក្នុងប្រទេសវៀតណាម ជាមួយនិងទីតាំងដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញ ដែលបានចែកចាយផលិតផលបន្ទះអេឡិកត្រូនិកចំនួន ៣ ពាន់លាននៅទូទាំងពិភពលោក គិតត្រឹមឆ្នាំ ២០២១។ តួអង្គអន្តរជាតិធំៗផ្សេងទៀតបានមកជាបន្តបន្ទាប់ដែលរួមមានក្រុមហ៊ុន Samsung, Qualcomm, Texas Instruments, SK Hynix, Hayward Quartz Technology, Synopsys និង NXP Semiconductors។

នៅចុងទសវត្សរ៍ឆ្នាំ ២០១០ តួអង្គក្នុងស្រុក បូករួមទាំងក្រុមហ៊ុន Viettel និង FPT បានចាប់ផ្តើមចូលរួមជាមួយឧស្សាហកម្មបន្ទះអេឡិកត្រូនិករបស់វៀតណាម ដែលត្រូវបានគេប៉ាន់ស្មានថានឹងមានតម្លៃ ៦,១៦ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០២៤។ ប៉ុន្តែឧស្សាហកម្មបន្ទះអេឡិកត្រូនិករបស់វៀតណាមបានពឹងផ្អែកខ្លាំងលើការវិនិយោគផ្ទាល់ពីបរទេស ខណៈតួនាទីរបស់វៀតណាមនៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ បានផ្តោតជាចម្បងតែទៅលើការផ្គុំ, ការធ្វើតេស្ត និងការវេចខ្ចប់។

វៀតណាមមិនទាន់អាចផលិតបន្ទះអេឡិកត្រូនិកក្នុងស្រុកបាននៅឡើយនោះទេ។ សូម្បីតែបន្ទះឈីប ដែលដាក់ផ្លាក «Made in Vietnam» ដំបូងរបស់ក្រុមហ៊ុន FPT Semiconductor ក៏ត្រូវតែផលិតនៅប្រទេសកូរ៉េខាងត្បូងផងដែរ។ មហិច្ឆតារបស់រដ្ឋាភិបាលវៀតណាមគឺការជំរុញការពឹងផ្អែកលើខ្លួនឯង និងការបណ្ដុះបណ្ដាលឱ្យមានអ្នកជំនាញនៅក្នុងស្រុកនៅក្នុងវិស័យនេះ ជាមួយនិងផែនការនៅពេលអនាគត ក្នុងការផលិតបន្ទះអេឡិកត្រូនិកនៅក្នុងស្រុក។

នៅខែសីហា ឆ្នាំ ២០២២ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបញ្ជាឱ្យក្រុមហ៊ុន Viettel ដែលគ្រប់គ្រងដោយយោធាអនុវត្តផែនការសម្រាប់ការស្រាវជ្រាវនិងអភិវឌ្ឍការរចនានិងការផលិតបន្ទះអេឡិកត្រូនិកក្នុងស្រុក។ ប៉ុន្តែដោយសារការផលិតបន្ទះឈីបត្រូវការដើមទុនច្រើន ដែលអាចត្រូវចំណាយប្រាក់រាប់ពាន់លានដុល្លារសម្រាប់រោងចក្រតែមួយ វិធីសាស្រ្តជាក់ស្តែងបំផុតគឺ «ការលើកទឹកចិត្តក្រុមហ៊ុនផលិតអន្តរជាតិឱ្យមកបង្កើតមូលដ្ឋាននៅក្នុងប្រទេសវៀតណាម ទន្ទឹមនឹងការព្យាយាមពង្រឹងតួនាទីរបស់អ្នកផ្គត់ផ្គង់ក្នុងស្រុក»។

ផ្នែកសំខាន់ៗជាច្រើនត្រូវការការពង្រឹងពីសំណាក់រដ្ឋាភិបាល។ បើទោះបីជាមានក្រុមដ៏រឹងមាំដែលមានទេពកោសល្យផ្នែកបច្ចេកវិទ្យា ជាពិសេសនៅក្នុងការអភិវឌ្ឍកម្មវិធី និងសេវាកម្ម IT ក៏ដោយ ក៏ប្រព័ន្ធអប់រំនិងបណ្តុះបណ្តាលរបស់វៀតណាមនៅក្នុងវិស័យដែលទាក់ទងនឹងបច្ចេកវិទ្យា នៅមានភាពយឺតយ៉ាវក្នុងការផលិតធនធានមនុស្សដែលកំពុងត្រូវការជាចាំបាច់។

ជាឧទាហរណ៍: មជ្ឈមណ្ឌលបណ្តុះបណ្តាលដ៏ធំបំផុតរបស់វៀតណាមសម្រាប់វិស្វករបន្ទះអេឡិកត្រូនិកនៃសាកលវិទ្យាល័យជាតិវៀតណាម នៅទីក្រុងហាណូយ អាចផ្តល់និស្សិតបញ្ចប់ការសិក្សាដែលមានជំនាញត្រឹមតែប្រមាណ ៥០០ នាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ។ វាស្ថិតនៅឆ្ងាយណាស់ពីការចង់បានរបស់ឧស្សាហកម្មដែលកំពុងរីកចម្រើនមួយនេះ។ ដូចដែលត្រូវបានស្នើដោយលោក Nguyen Anh Thi ដែលជានាយកនៃតំបន់ Saigon Hi-Tech Park ដែលជាតំបន់វិនិយោគបច្ចេកវិទ្យាកម្រិតខ្ពស់ដ៏ធំបំផុតរបស់វៀតណាម «កម្លាំងពលកម្មជំនាញដែលត្រូវការជាចាំបាច់អាចមានចំនួនរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ»។

ជាងនេះទៅទៀត បើទោះបីជាចំនួនក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកនៅវៀតណាមកំពុងមានការកើនឡើងក៏ដោយ ក៏ភាគច្រើនវាគឺជាសហគ្រាសខ្នាតតូចនិងមធ្យម។ ក្រៅពីក្រុមហ៊ុន Viettel និង FPT មានក្រុមហ៊ុនតិចណាស់ដែលអាចកែប្រែខ្លួនឈានឆ្ពោះទៅរកឧស្សាហកម្មបន្ទះអេឡិកត្រូនិក។ គិតត្រឹមឆ្នាំ ២០២១ «៩៩% នៃវត្ថុធាតុដើម (Hardware) នៅក្នុងឧស្សាហកម្ម IT គឺជាផលិតផលនាំចូល»។ ការកសាងមូលដ្ឋានផ្គត់ផ្គង់ក្នុងស្រុកដែលអាចជឿទុកចិត្តបាន ជាមួយនិងសមត្ថភាពនៅមានកម្រិតបែបនេះ នៅតែជាបញ្ហាប្រឈម។

លើសពីនេះ អវត្ដមាននៃយុទ្ធសាស្ត្រជាតិដ៏ទូលំទូលាយសម្រាប់អាជីវកម្មបន្ទះអេឡិកត្រូនិកក៏អាចបង្កជាឧបសគ្គមួយផងដែរ។ ខុសគ្នាពីប្រទេសចិន ច្បាប់ផ្ទេរបច្ចេកវិទ្យាឆ្នាំ ២០០៦ របស់វៀតណាមមិនបានតម្រូវឱ្យអ្នកវិនិយោគបរទេសផ្ទេរបច្ចេកវិទ្យាទៅកាន់ដៃគូក្នុងស្រុកនោះទេ។ គោលនយោបាយនេះបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបច្ចេកវិទ្យាកម្រិតខ្ពស់នៅទូទាំងពិភពលោកមកវិនិយោគនៅក្នុងប្រទេសវៀតណាម ដោយមិនចាំបាច់ភ័យខ្លាចពីការបាត់បង់ប៉ាតង់។

ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីដែលគ្មានការលើកទឹកចិត្តសម្រាប់ការផ្ទេរបច្ចេកវិទ្យា ឬការគាំទ្រផ្នែកគោលនយោបាយច្បាស់លាស់ ក្រុមហ៊ុនក្នុងស្រុកអាចនឹងជួបប្រទះនឹងការលំបាកក្នុងការ ចូលរួមនៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់បន្ទះអេឡិកត្រូនិកជាមួយតួអង្គអន្តរជាតិ។ នៅថ្ងៃអនាគត ឧស្សាហកម្មបន្ទះឈីបរបស់វៀតណាមអាចនឹងទទួលបានសក្តានុពលដ៏ល្អ។

នៅចុងឆ្នាំ ២០២២ ក្រុមហ៊ុន Samsung បានសម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍ តម្លៃ ២២០ លានដុល្លាររបស់ខ្លួននៅទីក្រុងហាណូយ និងបានប្រកាសអំពីផែនការក្នុងការផលិតបន្ទះអេឡិកត្រូនិកនៅក្នុងប្រទេសវៀតណាម ចាប់ពីពាក់កណ្តាលឆ្នាំ ២០២៣។ នៅដើមឆ្នាំ ២០២៣ ព័ត៌មានបានផ្សព្វផ្សាយអំពីការកើនឡើងនៃការវិនិយោគដ៏សំខាន់របស់ក្រុមហ៊ុន Intel នៅក្នុងប្រទេសវៀតណាម ដែលត្រូវបានប៉ាន់ ស្មានថាមានចំនួនជាង ១ ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុន Amkor Technology ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងសេវាកម្មវេចខ្ចប់និងសាកល្បងផលិតផលបន្ទះអេឡិកត្រូនិក ក៏គ្រោងនឹងបើករោងចក្ររបស់ខ្លួននៅវៀតណាមនៅចុងឆ្នាំនេះផងដែរ។ នៅពេលដែលអាមេរិកនិងចិនបន្តចូលរួមនៅក្នុងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ខណៈពេលដែលសេដ្ឋកិច្ចពិភពលោកបានពឹងផ្អែកលើបន្ទះអេឡិកត្រូនិកកាន់តែខ្លាំងជាងពេលណាៗទាំងអស់ ទីតាំងយុទ្ធសាស្ត្ររបស់វៀតណាម និងការបន្តផ្តោតទៅលើវិស័យនេះនឹងនាំមកនូវភាគលាភយ៉ាងសំខាន់។

ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរពីតួនាទីជាអ្នកទទួលផលទៅជាតួអង្គដែលពឹងផ្អែកលើខ្លួនឯង នៅក្នុងទីផ្សារបន្ទះអេឡិកត្រូនិកពិភពលោកនឹងទាមទារឱ្យមានការផ្លាស់ប្តូរគោលនយោបាយសំខាន់ៗ។ តាមរយៈការពង្រឹងប្រព័ន្ធអប់រំ និងការបណ្តុះបណ្តាល, ការបណ្តុះគំនិតច្នៃប្រឌិតនៅក្នុងស្រុកនិងការរៀបចំយុទ្ធសាស្ត្រជាតិឱ្យបានច្បាស់លាស់ វៀតណាមអាចទទួលបានផលយ៉ាងល្អពីតម្រូវការបន្ទះអេឡិកត្រូនិកដែលកំពុងកើនឡើង ដែលនឹងអាចធានាបាននូវទីតាំងឈានមុខគេនៅក្នុងបដិវត្តន៍បន្ទះអេឡិកត្រូនិក៕

Channel News Asia

អត្ថបទទាក់ទង