ខ្មែរប៉ុស្ដិ៍ Close

រឿងរ៉ាវចំនួន ៥ ដែលគេត្រូវដឹងអំពីកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៣ នៅទីក្រុង Davos ឆ្នាំ ២០២៣

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 29
រឿងរ៉ាវចំនួន ៥ ដែលគេត្រូវដឹងអំពីកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៣ នៅទីក្រុង Davos ឆ្នាំ ២០២៣ រឿងរ៉ាវចំនួន ៥ ដែលគេត្រូវដឹងអំពីកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៣ នៅទីក្រុង Davos ឆ្នាំ ២០២៣

កិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៣ បានប្រព្រឹត្តិទៅនៅទីក្រុង Davos ជាមួយនឹងការផ្តោតលើប្រធានបទ និងផែនការជាច្រើននៅក្នុងពេលវេលាដ៏លំបាកសម្រាប់សហគមន៍អន្តរជាតិ ទន្ទឹមនឹងការកើតមានវិបត្តិជាបន្តបន្ទាប់ដូចដែលត្រូវបានលើកឡើងក្នុងរបាយការណ៍ ហានិភ័យសកល (Global Risks Report) នៅឆ្នាំនេះ។

ដើម្បីទប់ទល់នឹងស្ថានភាពនេះ បណ្តាមេដឹកនាំពិភពលោកបានជួបប្រជុំគ្នាក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការនៅក្នុងពិភពលោកដែលបែកបាក់គ្នា» ហើយការអំពាវនាវឱ្យមានការបង្កើនកិច្ចសហប្រតិបត្តិការត្រូវបានបន្ទរនៅក្នុងចំណោមវាគ្មិនទាំងអស់។

ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក Børge Brende បាននិយាយនៅក្នុងសុន្ទរកថាបិទរបស់លោកថា «នៅក្នុងពេលវេលាមិនច្បាស់លាស់និងលំបាក វាមានចំណុចមួយដ៏ច្បាស់លាស់ ដែលនោះគឺយើងអាចបង្កើតអនាគតដ៏រឹងមាំប្រកបដោយនិរន្តរភាពនិងសមធម៌ ក៏ប៉ុន្តែវិធីតែមួយគត់ដែលយើងអាចធ្វើដូច្នេះបានគឺការរួបរួមគ្នា»។

១. ការអំពាវនាវឱ្យមានការរួបរួមគ្នា និងកិច្ចសហប្រតិបត្តិការ

លោក António Guterres បានសង្កត់ធ្ងន់កាលពីថ្ងៃពុធថា «វាមិនមានដំណោះស្រាយដ៏ល្អឥតខ្ចោះនៅក្នុងស្ថានភាពដ៏អាក្រក់ឡើយ។ ប៉ុន្តែយើងអាចធ្វើការដើម្បីកាត់បន្ថយការខូចខាត និងចាប់យកឱកាស។ ឥឡូវនេះ វាដល់ពេលហើយដែលយើងត្រូវបង្កើតផ្លូវឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការនៅក្នុងពិភពលោកដែលពោរពេញទៅដោយការបែកបាក់»។

ទំហំនៃបញ្ហាប្រឈម ភាពបន្ទាន់ និងសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ គឺជាខ្សែដែលបានជួយតភ្ជាប់កិច្ចពិភាក្សាទាំងអស់នៅក្នុងសប្តាហ៍នេះ មិនថាពាក់ព័ន្ធនឹងបញ្ហានៅអ៊ុយក្រែន, វិបត្តិអាកាសធាតុ, ខ្សែច្រវ៉ាក់ផ្គត់ផ្គង់, បច្ចេកវិទ្យានិងនវានុវត្តន៍, សុខភាព, សេដ្ឋកិច្ច ឬបញ្ហាជាច្រើនទៀត។ លោកស្រី Olena Zelenska ដែលជាជំទាវទីមួយរបស់ប្រទេសអ៊ុយក្រែន បានជំរុញឱ្យមេដឹកនាំពិភពលោកប្រើប្រាស់ឥទ្ធិពលរបស់ពួកគេដើម្បីបញ្ចប់ការឈ្លានពានរបស់រុស្ស៊ី។

លោកស្រីក៏បានសង្កត់ធ្ងន់ផងដែរអំពីផលប៉ះពាល់ជាបន្តបន្ទាប់ចំពោះមនុស្សដោយសារសង្គ្រាមនេះ។ ស្វាមីរបស់លោកស្រីគឺប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានថ្លែងទៅកាន់ទីក្រុង Davos តាមរយៈតំណភ្ជាប់វីដេអូ ដោយក្នុងនោះលោកបានអំពាវនាវឱ្យមានចំណាត់ការយ៉ាងម៉ឺងម៉ាត់ពីសំណាក់មេដឹកនាំពិភពលោក។

បណ្តាមេដឹកនាំ ដោយរាប់ចាប់ពី Alain Berset ដល់ Sanna Marin និង Andrzej Duda បានសម្តែងនូវការបន្តគាំទ្ររបស់ខ្លួនចំពោះប្រទេសអ៊ុយក្រែន។ ប៉ុន្តែតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការក៏មានភាពចាំបាច់ចំពោះបញ្ហាដទៃទៀតផងដែរក្រៅតែពីបញ្ហានៅអ៊ុយក្រែន។ ពាក់ព័ន្ធនឹងប្រធានបទរាប់ចាប់ពីវិបត្តិអាកាសធាតុដល់ការធ្វើពាណិជ្ជកម្ម ការអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការបានកើតមាននៅទីក្រុង Davos ឆ្នាំ ២០២៣។

២. ពាណិជ្ជកម្មដើម្បីភាពធន់, កំណើន និងសកម្មភាពអាកាសធាតុ

វិបត្តិអន្តរជាតិទាមទារឱ្យមានដំណោះស្រាយជាអន្តរជាតិ។ នៅសប្តាហ៍នេះនៅទីក្រុង Davos តួនាទីពាណិជ្ជកម្ម រួមទាំងបញ្ហាប្រឈមដែលបង្កឡើងដោយការរំខាននៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ត្រូវបានលើកឡើងនៅគ្រប់ការពិភាក្សា។

ក្រុមចម្រុះថ្មីនៃរដ្ឋមន្ត្រីពាណិជ្ជកម្មស្តីពីអាកាសធាតុ ត្រូវបានបង្កើតឡើងដោយបានប្រមូលផ្តុំប្រទេសជាង ៥០ ដើម្បីជំរុញ «កិច្ចសហប្រតិបត្តិការជាអន្តរជាតិស្តីពីអាកាសធាតុ, ពាណិជ្ជកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព»។ រដ្ឋមន្ត្រីពាណិជ្ជកម្ម ៤ រូបបានលើកឡើងថា «ការតភ្ជាប់ទំនាក់ទំនងគឺមានសារៈសំខាន់ណាស់ ដើម្បីបង្កើតឱ្យមានដំណោះស្រាយជាសកលដែលស៊ីសង្វាក់គ្នា»។

លោក Yoon Suk Yeol ក៏បានប្រើសុន្ទរកថាពិសេសរបស់លោក ដើម្បីបញ្ជាក់អំពីគុណតម្លៃនៃពាណិជ្ជកម្មសេរីផងដែរ។ លោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «បើទោះបីជាទិដ្ឋភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នត្រូវបានសម្គាល់ដោយការបែកបាក់គ្នាក៏ដោយ ក៏ប្រព័ន្ធពាណិជ្ជកម្មសេរីបានបន្តរួមចំណែកដល់កំណើនសេដ្ឋកិច្ចពិភពលោក និងការលើកកម្ពស់សេរីភាពរបស់មនុស្សជាតិ ហើយចំណុចនេះនៅតែជាផលប្រយោជន៍សាធារណៈសកលដែលមិនអាចមើលរំលងបាន»។

លោក Liu He បានគូសបញ្ជាក់អំពីការប្រឆាំងរបស់ប្រទេសរបស់លោកចំពោះ «ឯកតោភាគីនិយម និងការគាំពារនិយម»។ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោកស្រី Ngozi Okonjo-Iweala បានបញ្ជាក់យ៉ាងច្បាស់អំពីហានិភ័យទាំងនេះ បូករួមទាំងតួនាទីនៃការធ្វើពាណិជ្ជកម្មដែលអាចជួយផ្តល់នូវដំណោះស្រាយចំពោះបញ្ហាទាំងនេះ»។

ទស្សនវិស័យសេដ្ឋកិច្ចសកលក៏បានផ្តោតលើការដោះស្រាយបញ្ហាពាណិជ្ជកម្មផងដែរ ជាពិសេសទាក់ទងនឹងច្បាប់កាត់បន្ថយអតិផរណារបស់សហរដ្ឋអាមេរិក និងការឧបត្ថម្ភធន។ លោក Børge Brende បាននិយាយនៅក្នុងសុន្ទរកថាបិទរបស់លោកថា «ប្រព័ន្ធពាណិជ្ជកម្មសកលគឺជារឿងដែលសំខាន់សម្រាប់កំណើន និងភាពធន់»។

៣. ទស្សន វិស័យសេដ្ឋកិច្ចពិភពលោក

ការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការធ្វើពាណិជ្ជកម្មគឺជាការរំពឹងទុកសម្រាប់សេដ្ឋកិច្ចពិភពលោក ហើយទស្សនវិស័យសេដ្ឋកិច្ចនឹងបន្តស្ថិតនៅក្នុងរបៀបវារៈសម្រាប់ការពិភាក្សា។ កិច្ចប្រជុំបានចាប់ផ្តើមដំណើរការនៅថ្ងៃចន្ទ ហើយនៅពេញមួយសប្តាហ៍នេះ កិច្ចប្រជុំនឹងផ្តោតការត្រួតពិនិត្យលើផលប៉ះពាល់នៃវិបត្តិ, វិធានការពង្រីកសារពើពន្ធ, កំណើននៅអឺរ៉ុប, វិសមភាពសកល និងគោលនយោបាយរូបិយវត្ថុ។

ភាពវិជ្ជមានបានកើតមានច្រើនជាងមុននៅក្នុងទីក្រុង Davos។ ជាឧទាហរណ៍ : ប្រធានធនាគារកណ្តាលអឺរ៉ុប លោកស្រី Christine Lagarde បានពន្យល់កាលពីម្សិលមិញថា «អ្វីៗមើលទៅមានលក្ខណៈល្អប្រសើរជាងការភ័យខ្លាចរបស់គ្រប់គ្នា» ហើយថ្ងៃនេះ លោក ស្រី Kristalina Georgieva ក៏បានឯកភាពចំពោះការលើកឡើងនេះដែរ ដោយក្នុងនោះលោកស្រីបាននិយាយថា «វាមិនសូវអាក្រក់ខ្លាំងដូចអ្វីដែលយើងបានគិតទុកនោះទេ»។

លោកស្រីបានបន្តថា «ប៉ុន្តែ វាក៏មិនទាន់មានន័យថា គ្រប់យ៉ាងមានភាពល្អប្រសើរនោះដែរ។ ភាពប្រាកដនិយមគឺចាំបាច់ ហើយយើងត្រូវចៀសវាងការមានសុទិដ្ឋិនិយមជ្រុលពេក ឬទុទិដ្ឋិនិយមជ្រុលពេក។ បណ្តាមេដឹកនាំត្រូវតែមានភាពប្រាកដនិយម, សហការគ្នាធ្វើរឿងត្រឹមត្រូវ និងត្រូវរក្សាការធ្វើសមាហរណកម្មសេដ្ឋកិច្ចពិភពលោក ដើម្បីជាប្រយោជន៍ដល់យើងទាំងអស់គ្នា»។

នៅពេលពិភពលោកជួបប្រទះទស្សនវិស័យសេដ្ឋកិច្ចមិនច្បាស់លាស់ ការអំពាវនាវជាបន្តបន្ទាប់ក៏បានកើតមានពាក់ព័ន្ធនឹងការពង្រឹងជំនាញឡើងវិញដើម្បីរៀបចំកម្លាំងពលកម្មបច្ចុប្បន្ននិងអនាគត សម្រាប់ការផ្លាស់ប្តូរដ៏រស់រវើក, ការផ្លាស់ប្តូរឌីជីថល និងការងារនៅពេលអនាគត។

៤. ការដោះស្រាយវិបត្តិអាកាសធាតុ

បណ្តាមេដឹកនាំមួយចំនួន បូករួមទាំងលោក Olaf Scholz បានលើកឡើងអំពីសកម្មភាពបន្ទាន់ដែលត្រូវការដើម្បីដោះស្រាយវិបត្តិអាកាសធាតុនិងការបាត់បង់ធម្មជាតិ។ ថាមពលអាចត្រូវបានចាត់ទុកជាវិបត្តិជាក់ស្តែងមួយ។

លោក Fatih Birol ដែលជានាយកប្រតិបត្តិនៃទីភ្នាក់ងារថាមពលអន្តរជាតិបាននិយាយកាលពីថ្ងៃចន្ទ អំពីការកើនឡើងនៃសារៈសំខាន់នៃសន្តិសុខថាមពលក្នុងការជំរុញកំណើននៃថាមពលកកើតឡើងវិញ ហើយគំនិតផ្តួចផ្តើមថ្មីមួយត្រូវបានដាក់ឱ្យដំណើរការនៅសប្តាហ៍នេះ ដែលនឹងប្រើប្រាស់មូលធនសប្បុរសធម៌ដើម្បីដោះស្រាយមូលនិធិសម្រាប់វិបត្តិអាកាសធាតុ។

៥. បច្ចេកវិទ្យាក្នុងការនិយាយគ្នា

បច្ចេកវិទ្យាមិនបានផ្តល់ដំណោះស្រាយ សម្រាប់តែបញ្ហាប្រែប្រួលអាកាសធាតុទេ។ សក្តានុពលនៃបច្ចេកវិទ្យាត្រូវបានបង្ហាញយ៉ាងច្បាស់ ក៏ប៉ុន្តែ «និន្នាការសកលស្តីអំពីសន្តិសុខអ៊ីនធឺណិត» «Global Cybersecurity Outlook» បានបញ្ជាក់ថា «វាក៏អាចនាំមកនូវហានិភ័យផងដែរ»។ របាយការណ៍បានឱ្យដឹងថា «មានតែអ្នកជំនាញ ៤% ប៉ុណ្ណោះនៅទូទាំងពិភពលោកដែលមានទំនុកចិត្តថា ឧបករណ៍តភ្ជាប់ទំនាក់ទំនងមានសុវត្ថិភាពក្នុងការប្រើប្រាស់»។

លោក Jurgen Stock ដែលជាអគ្គលេខាធិការនៃអង្គការប៉ូលិសឧក្រិដ្ឋកម្មអន្តរជាតិ (INTERPOL) បាននិយាយនៅក្នុងទីក្រុង Davos ថា «នេះគឺជាការគំរាមកំហែងជាសកល ហើយវាទាមទារឱ្យមានការឆ្លើយតបជាសកល បូករួមនឹងសកម្មភាពលើកកម្ពស់ និងសម្របសម្រួល»។ តួនាទីនៃការច្នៃប្រឌិតត្រូវបានលើកឡើងម្តងហើយម្តងទៀត ហើយកម្លាំងនៃភាពច្នៃប្រឌិត និងសហគ្រិនភាព ត្រូវបានគេបន្តយកទៅអនុវត្តដើម្បីជួយដោះស្រាយបញ្ហាប្រឈមនៅពេលបច្ចុប្បន្ន។

លោក Larry Summers បាននិយាយកាលពីថ្ងៃសុក្រថា «ខ្ញុំមិនដែលចាប់អារម្មណ៍ចំពោះសក្តានុពលនៃបច្ចេកវិទ្យាដូចពេលនេះទេ ក៏ប៉ុន្តែដើម្បីសម្រេចបាននូវសក្តានុពលនេះវាទាមទារឱ្យមានមូលដ្ឋានគ្រឹះនយោបាយ និងហិរញ្ញវត្ថុដ៏ត្រឹមត្រូវ»។ លោកស្រី Kristalina Georgieva បានបន្ថែមសារដ៏ច្បាស់លាស់មួយថា «សុទិដ្ឋិនិយមនឹងអាស្រ័យទៅលើមនុស្សទាំងអស់គ្នានៅក្នុងបន្ទប់នេះ»៕

World Economic Forum

អត្ថបទទាក់ទង