កម្ពុជាត្រៀមកងកម្លាំងការពារ ព្រឹត្តការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ យ៉ាងល្អិតល្អន់
កម្កុជាត្រៀមកងកម្លាំងការពារព្រឹត្តការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ យ៉ាងល្អិតល្អន់
នៅពហុកីឡដ្ឋានមរតកតេជោ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ខេមសុក (CAMSOC) បានរៀបចំពិធីត្រួតពិនិត្យ និងសំណេះសំណាលកងកម្លាំងការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាជិការជាតិ CAMSOC។
ក្នុងពិធីត្រួតពិនិត្យ និងសំណេះសំណាលជាកងកម្លាំងការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ សម្ដេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា៖ គណៈកម្មាធិការជាតិ CAMSOC ចង់បង្ហាញ និងផ្សព្វផ្សាយឱ្យមតិសាធារណជាតិ និងអន្តរជាតិបានជ្រាបថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម (SEA Games-ASEAN Para Games) តាមរយៈការត្រៀមកម្លាំង មធ្យោបាយ ឧបករណ៍សម្ភារៈគ្រប់ប្រភេទ សម្រាប់ធានានូវ សុខសុវត្ថិភាព និងភាពកក់ក្ដៅជូនដល់ប្រតិភូកីឡា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលទាំង ១១ប្រទេស មន្ដ្រីកីឡាអន្តរជាតិមកពីជុំវិញពិភពលោក ថ្នាក់ដឹកនាំចលនាអូឡាំពិកពិភពលោក និងអ្នកគាំទ្រទេសចរណ៍ រាប់ម៉ឺននាក់ មកចូលរួមនៅកម្ពុជា ដែលកំពុងរស់នៅក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព និងការអភិវឌ្ឍ ប្រទេសជាតិលើគ្រប់វិស័យឥតឈប់ឈរ។
ដើម្បីធានាអនុវត្តភារកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់ឱ្យមានប្រសិទ្ធភាព តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី សម្តេចពិជ័យសេនា ទៀ បាញ់ បានផ្ដល់ការណែនាំមួយចំនួន គណៈកម្មការសន្តិសុខ សណ្ដាប់ធ្នាប់ សហការជាមួយគណៈកម្មការជំនាញពាក់ព័ន្ធនៃគណៈកម្មាធិការជាតិ CAMSOC ធ្វើបច្ចុប្បន្នភាពផែនការការពារជាប្រចាំ និងត្រូវដាក់ចេញនូវវិធានការជាក់ស្តែង ដើម្បីពង្រឹងសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ឱ្យមានប្រសិទ្ធភាព សម្រាប់ព្រឹត្តិការណ៍ SEA Games និងASEAN Para Games 2023។ ជាមួយគ្នានេះ ត្រូវខិតខំប្រមូលព័ត៌មាន និងធ្វើការវិភាគវាយតម្លៃ ស្ថានការណ៍សន្តិសុខរួមនៅកម្ពុជា សភាពការណ៍តំបន់ និងសកលលោក ដើម្បីកំណត់វិធានការគន្លឹះ បម្រើឱ្យសកម្មភាពអនុវត្តជាក់ស្ដែងបានទាន់ពេលវេលា។ ត្រូវធ្វើការហ្វឹកហ្វឺនបំប៉នជំនាញបន្ថែមដល់កងកម្លាំងសន្តិសុខ និងសណ្តាប់ធ្នាប់ ដែលមានសមត្ថភាព និងបទពិសោធន៍ការពារព្រឹត្តិការណ៍ធំៗជាលក្ខណៈជាតិ និងអន្តរជាតិនាពេលកន្លងមក ដើម្បីឱ្យស្របទៅនឹងស្ថានភាពជាក់ស្ដែង។ ត្រូវធ្វើការផ្សព្វផ្សាយដល់កងកម្លាំងជំនាញគ្រប់ប្រភេទ សំដៅលើកកម្ពស់ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការពង្រឹង និងគ្រប់គ្រងស្ថានការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅទូទាំងប្រទេសឱ្យមានប្រសិទ្ធភាព ធានាបរិយាកាសសន្តិសុខរួម និងគាំទ្រដល់ព្រឹត្តិការណ៍ នៃការប្រកួតកីឡា SEA Games – ASEAN Para Games 2023។ កម្លាំងការពារទាំងអស់ត្រូវអនុវត្តភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើជាគំរូល្អនៅគ្រប់ទិដ្ឋភាព គ្រប់កាយវិការ គ្រប់ពេលវេលា គ្រប់ទីកន្លែង និងផ្ដល់ស្នាមញញឹមរួសរាយរាក់ទាក់ តាមអភិក្រម “សុវត្ថិភាពរបស់អ្នក គឺជាកាតព្វកិច្ចរបស់ខ្ញុំ”។
សូមបញ្ចាក់ថា៖ កងកម្លាំង ត្រៀមការពារព្រឹត្តការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ នេះ មានការកងកម្លាំងចូលរួមការពារសន្តិសុខចំនួន ៤.៧៤៣ នាក់ រួមមាន៖ នគរបាល, កងរាជអាវុធហត្ថ, បញ្ជាការដ្ឋានអង្គរក្ស, កងទ័ព, ក្រសួងសុខាភិបាល, អគ្គិសនីកម្ពុជា ខណៈមធ្យោបាយ ឧបករណ៍សម្ភារៈគ្រប់ប្រភេទ រួមមាន៖ ម៉ូតូ សរុបចំនួន ១៦៣គ្រឿង, រថយន្តសរុប ចំនួន ២៤៤គ្រឿង, រថយន្តធុនស្រាលចំនួន ១៧៧គ្រឿង, រថយន្តធុនធ្ងន់ចំនួន ៥៩គ្រឿង, និងរថយន្តសុវត្ថិភាពចំនួន ៨គ្រឿង ៕