ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អះអាងជាថ្មីថា មិនថាទ័ពចិន ឬកងទ័ពប្រទេសណាទេ មិនត្រូវមានវត្តមានលើទឹកដីកម្ពុជាឡើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 43
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អះអាងជាថ្មីថា មិនថាទ័ពចិន ឬកងទ័ពប្រទេសណាទេ មិនត្រូវមានវត្តមានលើទឹកដីកម្ពុជាឡើយ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អះអាងជាថ្មីថា មិនថាទ័ពចិន ឬកងទ័ពប្រទេសណាទេ មិនត្រូវមានវត្តមានលើទឹកដីកម្ពុជាឡើយ

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេស នៅលើទឹកដីរបស់ខ្លួនឡើយ ទោះបីជាកងទ័ពចិន ឬកងទ័ពប្រទេសណាមួយឡើយ។ ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានធ្វើឡើង នាយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកនាយករដ្ឋមន្ត្រី បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ នៅប្រទេសស្វីស ជាង១២០០នាក់។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបញ្ជាក់ថា មិនថាទ័ពចិន ឬកងទ័ពប្រទេសណានោះឡើយ មិនត្រូវមានវត្តមានលើទឹកដីកម្ពុជានោះឡើយ។ លោកបានថ្លែងថា កម្ពុជា និងចិនជិតគ្នា តើមានហេតុផលអ្វី ដែលចាំបាច់ឱ្យចិនបង្កើតមូលដ្ឋានទ័ពនៅកម្ពុជា។ លោកនាយករដ្ឋមន្ត្រី បានថ្លែងថា ប្រវត្តិសាស្ត្រចិនកម្រនាំទ័ពចេញក្រៅប្រទេសណាស់។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា រដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតឱ្យមានវត្តមានទ័ពបរទេស នៅលើដីកម្ពុជា ហើយក៏មិនអនុញ្ញាតឱ្យមានទ័ពកម្ពុជា នៅលើទឹកដីប្រទេសដទៃនោះដែរ លើកលែងតែកងទ័ពមួកខៀវ ដែលបំពេញការងារក្រោមឆ័ត្រអង្គការសហប្រជាជាតិប៉ុណ្ណោះ។

ការបញ្ជាក់ជាថ្មីរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី លោក Joseph Felter ឧបការីរង ក្រសួងការពារជាតិអាមេរិក ទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ បានសរសេរលិខិតមួយ ផ្ញើទៅរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ ដើម្បីឱ្យពន្យល់អំពីមូលហេតុដែលកម្ពុជា បដិសេធជំនួយរបស់ សហរដ្ឋអាមេរិក ក្នុងការជួសជុលអគារហ្វឹកហ្វឺន និងផ្ទុកសម្ភារៈ នៅមូលដ្ឋានកងទ័ពជើងទឹករាម។ មន្រ្តីយោធាជាន់ខ្ពស់អាមេរិករូបនេះ ដាក់ការសង្ស័យថា ពាក់ព័ន្ធនឹងរឿងនេះកម្ពុជាអាចបើកផ្លូវឲ្យចិនមានវត្តមាននៅមូលដ្ឋានទ័ពជើងទឹកសមុទ្ររាម។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនឱ្យមានមូលដ្ឋានទ័ពបរទេស តែកម្ពុជាស្វាគមន៍ទាំងអស់សម្រាប់ការហ្វឹកហាត់រួមគ្នាជាមួយគ្រប់ប្រទេសទាំងអស់។ លោកនាយករដ្ឋមន្ត្រី បានថ្លែងថា លោកចង់បបួលវៀតណាម និងថៃ ធ្វើសមយុទ្ធរួមគ្នានៅតាមព្រំដែន។ តែជាសមយុទ្ធនោះ គឺការជួយសង្គ្រោះប្រជាពលរដ្ឋ ចេញពីគ្រោះមហន្តរាយផ្សេងៗ។

សូមជំរាបថា ពាក់ព័ន្ធនឹងព័ត៌មានដែលថា កម្ពុជាបដិសេធចំពោះជំនួយ សហរដ្ឋអាមេរិក ក្នុងការជួសជុលអគារមួយកន្លែង នៅមូលដ្ឋាន កងទ័ពជើងទឹករាម គឺជាដំណឹងមិនពិតនោះទេ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ឈុំ សុជាត បន្ទាប់ពីមានអ្នកសារព័ត៌មានជាច្រើន បានជជីកសួរលោកអំពីបញ្ហានេះ៕

អត្ថបទទាក់ទង