ខ្មែរប៉ុស្ដិ៍ Close

ប្រទេសកំពុងអភិវឌ្ឍចំនួន ៣០ ដែលត្រូវឃ្លាំមើលនៅឆ្នាំ ២០២៣

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 96
ប្រទេសកំពុងអភិវឌ្ឍចំនួន ៣០ ដែលត្រូវឃ្លាំមើលនៅឆ្នាំ ២០២៣ ប្រទេសកំពុងអភិវឌ្ឍចំនួន ៣០ ដែលត្រូវឃ្លាំមើលនៅឆ្នាំ ២០២៣

វិបត្តិធំៗជាច្រើនបានបង្ហាញថា «ឆ្នាំ ២០២៣ នឹងក្លាយជាឆ្នាំដ៏លំបាកមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ពិភពលោក»។ ប្រទេសកំពុងអភិវឌ្ឍនានានឹងបន្តប្រឈមមុខនឹងវិបត្តិផ្ទួនៗគ្នា ដោយសារទំហំសារពើពន្ធដ៏តិចតួច ឬគ្មានទាល់តែសោះសម្រាប់យកមកទប់ទល់នឹងវិបត្តិ។ សម្រាប់រយៈពេលខ្លី បញ្ហាបំណុលនិងបញ្ហាមនុស្សធម៌នឹងបង្កការគំរាមកំហែងយ៉ាងខ្លាំង ហើយសម្រាប់រយៈពេលវែង សកម្មភាពក្នុងការទប់ទល់នឹងវិបត្តិអាកាសធាតុ និងការចំណាយលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) នឹងនៅតែជាចំណុចអាទិភាព។

ប្រសិនបើមិនត្រូវបានគេអើពើទេនោះបញ្ហាទាំងនេះនឹងបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់មនុស្សរាប់លាននាក់។ ប្រសិនបើប្រទេសមួយចំនួនធំត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នោះវាអាចនឹងបង្កការបរាជ័យជាប្រព័ន្ធដល់សមត្ថភាពរបស់ពិភពលោកក្នុងការផ្តល់បណ្តាញសុវត្ថិភាពសម្រាប់ប្រជាជន និងភាពធន់សម្រាប់សេដ្ឋកិច្ច។ ផែនការក្នុងការបញ្ចៀសពីផលអាក្រក់បំផុតនឹងតម្រូវឱ្យមានលក្ខណៈពិសេសទូទៅមួយចំនួន។

នៅកម្រិតប្រទេសគេចាំបាច់ត្រូវតែមានគោលនយោបាយដែលកាន់តែល្អប្រសើរជាងមុន បូករួមនឹងស្ថាប័នដ៏រឹងមាំ និងមានអភិបាលកិច្ចសេដ្ឋកិច្ចដ៏ល្អ។ នៅកម្រិតអន្តរជាតិ គេចាំបាច់ត្រូវមានលំហូរហិរញ្ញវត្ថុផ្លូវការធំជាងមុន ក៏ប៉ុន្តែវានឹងមិនងាយស្រួលនោះទេក្នុងការការពារប្រទេសទាំងអស់ពីហានិភ័យគ្រប់ប្រភេទ។

ធនធានមនុស្ស និងហិរញ្ញវត្ថុដើម្បីឆ្លើយតបទៅនឹងវិបត្តិនៅមានកម្រិតនៅឡើយ។ សហគមន៍អន្តរជាតិ ពោលគឺអង្គការអន្តរជាតិធំៗ និងម្ចាស់ជំនួយធំៗ ចាំបាច់ត្រូវការនូវផែនការដើម្បីចៀសវាងហានិភ័យជាប្រព័ន្ធ និងត្រូវមានបញ្ជីតាមដានប្រទេសសំខាន់ៗជាប្រព័ន្ធ។ ផែនការរបៀបនេះត្រូវតែប្រញាប់ប្រញាល់បង្កើតឡើង និងត្រូវផ្តោតទៅលើប្រទេសដែលមានចំនួនអ្នករងផលប៉ះពាល់ច្រើនជាងគេ។

វាមិនមែនមានន័យថា «ប្រទេសតូចៗគួរត្រូវបានព្រងើយកន្តើយនោះទេ» ក៏ប៉ុន្តែ ដោយសារប្រទេសទាំងនេះបានទទួលរងផលប៉ះពាល់តិចតួចប៉ុណ្ណោះ បើធៀបនឹងប្រទេសដទៃទៀតនៅក្នុងពិភពលោក ហើយបើតាមទស្សនៈទានហិរញ្ញវត្ថុ បញ្ហារបស់ពួកគេគឺងាយស្រួលគ្រប់គ្រងជាង ហេតុដូច្នេះហើយ ពួកគេអាចដោះស្រាយបញ្ហាទាំងនោះបាននៅពេលណាដែលចាំបាច់។

តើប្រទេសណាខ្លះដែលគួរស្ថិតនៅក្នុងបញ្ជីនៃប្រទេសដែលអាចបង្កឱ្យមានការបរាជ័យជាប្រព័ន្ធដែលត្រូវតាមដាន ហើយតើវាមានពាក់ព័ន្ធនឹងគម្លាតហិរញ្ញវត្ថុអ្វីខ្លះ?

ខាងក្រោមនេះគឺជាការពិចារណារបស់យើងទៅលើផ្នែកអាទិភាពចំនួន ៤ ដែលមានគម្លាតធំៗនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច៖

  1. គោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព (SDGs)
  2. អាកាសធាតុ
  3. ភាពងាយ រងគ្រោះនៃបំណុល
  4. ភាពផុយស្រួយ, ជម្លោះ និងអំពើហិង្សា

១. គោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព (SDGs)

ឆ្នាំនេះគឺជាចំណុចកណ្តាលនៃពេលវេលានៃការសម្រេចឱ្យបាននូវគោលដៅ SDG (២០១៥-២០៣០)។ នៅ​ខែ​កញ្ញាខាងមុខ បណ្ដាប្រមុខ​រដ្ឋ​នឹង​ទៅជួប​ប្រជុំគ្នា​​នៅ​អង្គការ​សហ​ប្រជាជាតិដើម្បី​រាយការណ៍អំពីវឌ្ឍនភាពរបស់ពួកគេ។ ពួកគេនឹងរកឃើញថា «គោលដៅ SDG ទាំងអស់សម្រាប់ឆ្នាំ ២០៣០ នឹងមិនអាចសម្រេចបានតាមផែនការនោះទេ ហើយសូចនាករមួយចំនួនថែមទាំងបានដើរថយក្រោយទៀតផង»។

ការរកឃើញក្នុងពេលថ្មីៗនេះបានបង្ហាញថា «មនុស្សប្រហែល ៦០០ លាននាក់នៅតែរស់នៅក្នុងភាពក្រីក្រខ្លាំង និងរាប់លាននាក់ទៀតកំពុងរស់នៅដោយគ្មានអាហារគ្រប់គ្រាន់, គ្មានការអប់រំ, គ្មានការថែទាំសុខភាព ឬគ្មានលទ្ធភាពក្នុងការទទួលបានថាមពលទំនើបប្រើប្រាស់»។ ការងារពីមុនស្តីពី «ការកសាងសេដ្ឋកិច្ច SDG» បានប៉ាន់ប្រមាណថា «គេត្រូវការចំណាយប្រាក់បន្ថែមប្រមាណ ១ ទ្រីលានដុល្លារទៀតសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»។

ប្រទេសទាំង ១០ ដែលមាន «មនុស្សដែលត្រូវបានគេទុកចោលដោយមិនអើពើច្រើនជាងគេបំផុត» មានចំណែកប្រមាណពាក់កណ្តាលនៅក្នុងគម្លាតហិរញ្ញវត្ថុ។ ប្រសិនបើគ្មានវឌ្ឍនភាពជាក់ស្តែងណាមួយលើការផ្តល់ហិរញ្ញប្បទានដល់ SDG នៅឆ្នាំនេះទេ ឬក៏ផែនការណាមួយសម្រាប់ការពន្លឿនទេ វាអាចបង្កហានិភ័យនៃការ «បាត់បង់ជំនាន់មនុស្ស»។ ទំនុកចិត្តលើកម្មវិធី និងដំណោះស្រាយជាសកលនឹងបន្តធ្លាក់ចុះបន្ថែមទៀតដោយជៀសមិនរួច។

២. អាកាសធាតុ

ប្រទេសកំពុងអភិវឌ្ឍ (មិនរាប់បញ្ចូលប្រទេសចិន) បានបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប្រមាណ ៣៨% នៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សរុបនៅក្នុងពិភពលោកក្នុងពេលបច្ចុប្បន្ន ហើយត្រូវបានគេរំពឹងថានឹងបញ្ចេញប្រហែល ៥០% នៃការបញ្ចេញប្រចាំឆ្នាំនៅត្រឹមឆ្នាំ ២០៣០។ ខណៈពេលដែល «ការផ្លាស់ប្តូរទៅរកថាមពលស្អាត» «Green Transition» កំពុងដំណើរការនៅក្នុងប្រទេសកំពុងអភិវឌ្ឍជាច្រើន បរិមាណនៃការបំភាយឧស្ម័នមានការថយចុះតិចតួចប៉ុណ្ណោះ ដោយសារការផ្តល់ហិរញ្ញប្បទានមិនគ្រប់គ្រាន់។

នៅក្នុងចំណោមសមត្ថភាពថាមពលពន្លឺព្រះអាទិត្យសកលដែលបានដំឡើងរួច ការទាញយកថាមពលពីពន្លឺព្រះអាទិត្យមានចំនួនតិចជាង ២០% នៅក្នុងប្រទេសកំពុងអភិវឌ្ឍ (មិនរាប់បញ្ចូលប្រទេសចិន) បើទោះបីជាប្រទេសទាំងនោះមានលក្ខខណ្ឌអាកាសធាតុអំណោយផលជាងគេបំផុតក៏ដោយ។

ថវិកាប្រមាណ ៥០០ ពាន់លានដុល្លារនឹងត្រូវការនៅក្នុងឆ្នាំនេះបន្ថែមពីលើមូលនិធិបច្ចុប្បន្នដើម្បីផ្តល់ហិរញ្ញប្បទានដល់ការកាត់បន្ថយអាកាសធាតុ និងកិច្ចខិតខំប្រឹងប្រែងក្នុងការបន្សាំនៅក្នុងប្រទេសកំពុងអភិវឌ្ឍដែលរួមមានដូចជាគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព និងដំណោះស្រាយអាកាសធាតុធម្មជាតិនៅក្នុងវិស័យកសិកម្ម, ព្រៃឈើ និងការប្រើប្រាស់ដីធ្លី។

គួរបញ្ជាក់ផងដែរថា «ចំនួននេះគឺច្រើនជាងចំនួន ១០០ ពាន់លានដុល្លារអាមេរិកនៃការផ្តល់ហិរញ្ញប្បទានអាកាសធាតុដែលត្រូវបានប្តេជ្ញាដោយបណ្តាប្រទេសអភិវឌ្ឍ និងជាការសន្យាដែលនៅតែមិនទាន់អាចសម្រេចបាន»។ លើសពីនេះទៅទៀត ជាមួយនឹងការដួលរលំនៃការផ្តល់ហិរញ្ញប្បទានឯកជននៅឆ្នាំ ២០២២ គម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពជាច្រើនត្រូវបានផ្អាកដំណើរការ។ ប្រទេសទាំង ១០ ដែលមានគម្លាតហិរញ្ញប្បទានអាកាសធាតុធំជាងគេ ត្រូវការទឹកប្រាក់ប្រមាណ ៣៥០ ពាន់លានដុល្លារ។

ប្រទេសទាំង ១០ នេះបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប្រហែលពាក់កណ្តាលនៃការបំភាយរបស់ប្រទេសកំពុងអភិវឌ្ឍ (មិនរាប់បញ្ចូលប្រទេសចិន)។ ប្រសិនបើពួកគេមិនចាត់វិធានការឱ្យបានកាន់តែខ្លាំងនៅក្នុងវិស័យអាកាសធាតុទេ នោះលទ្ធភាពក្នុងការរក្សាសីតុណ្ហភាពឱ្យនៅក្រោម ១,៥ អង្សា ឬសូម្បីតែ ២ អង្សារ នឹងមានភាពស្រពិចស្រពិលកាន់តែខ្លាំង។

៣. ភាពងាយរងគ្រោះនៃបំណុល

នៅឆ្នាំ ២០២៣ ប្រទេសកំពុងអភិវឌ្ឍនឹងជំពាក់សេវាបំណុលប្រមាណ ៣៨១ ពាន់លានដុល្លារនៃបំណុលបរទេសរយៈពេលមធ្យម និងវែង (យោងតាមស្ថិតិបំណុលអន្តរជាតិរបស់ធនាគារពិភពលោក)។ ប្រទេសចំនួន ៥៣ ត្រូវបានគេប៉ាន់ប្រមាណថានឹងមាន «ចំណាត់ថ្នាក់ឥណទានដែលមានហានិភ័យខ្ពស់» ឬអាចអាក្រក់ជាងនេះទៅទៀត។

ប្រព័ន្ធដោះស្រាយបំណុលបច្ចុប្បន្នបានបង្កការលំបាកដល់ប្រទេសជាច្រើន។ បច្ចុប្បន្នមានតែប្រទេសចំនួន ៣ ប៉ុណ្ណោះដែលកំពុងចរចាឡើងវិញនូវបំណុលរបស់ពួកគេក្រោមក្របខណ្ឌរួមដែលដឹកនាំដោយ G-20 ហើយកូនបំណុលធំៗភាគច្រើនមិនទទួលបានសិទ្ធិចូលរួមនោះទេ។ ភាពគ្មានប្រសិទ្ធភាពនៃការដោះស្រាយបញ្ហានឹងធ្វើឱ្យប្រទេសកំពុងអភិវឌ្ឍកាន់តែច្រើនបាត់បង់លទ្ធភាពក្នុងការទទួលបានទីផ្សារមូលធនឯកជន ហើយ «ឆ្នាំ ២០២៣ អាចជាឆ្នាំនៃការវិលត្រឡប់ទៅរកវិបត្តិបំណុលជាប្រព័ន្ធ»។

៤. ភាពផុយស្រួយ, ជម្លោះ និងអំពើហិង្សា

ខណៈពេលដែលសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនបានទទួលភាពលេចធ្លោរជាងគេនៅក្នុងឆ្នាំ ២០២២ ប្រទេសជាច្រើនផ្សេងទៀតបានប្រឈមមុខនឹងភាពបន្ទាន់ផ្នែកមនុស្សធម៌ ដោយរាប់ចាប់ពីគ្រោះមហន្តរាយធម្មជាតិរហូតដល់ជម្លោះប្រដាប់អាវុធ, វិបត្តិស្បៀងអាហារ និងអស្ថិរភាពនយោបាយ។

គណៈកម្មាធិការសង្គ្រោះអន្តរជាតិ (International Rescue Committee-IRC) បានចេញផ្សាយនូវបញ្ជីឃ្លាំមើលអាសន្ននៃប្រទេសចំនួន ១០ ដែលប្រឈមនឹងហានិភ័យនៃវិបត្តិមនុស្សធម៌បំផុត។ ក្នុងរយៈពេលចុងក្រោយនេះ ក្នុងចំណោមការអំពាវនាវផ្នែកមនុស្សធម៌សម្រាប់ប្រទេសទាំងនេះ (មិនរាប់បញ្ចូលអ៊ុយក្រែន) មានតែប្រមាណ ៥០% ប៉ុណ្ណោះដែលត្រូវបានបំពេញ (យោងតាមការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌នៃអង្គការសហប្រជាជាតិ)។ បើយោងតាមស្ថិតិរបស់អង្គការ OECD ពួកគេទទួលបានត្រឹមតែ ១៧ ពាន់លានដុល្លារប៉ុណ្ណោះក្នុងឆ្នាំ ២០២១ ក៏ប៉ុន្តែការចំណាយ និងការខាតបង់របស់ពួកគេត្រូវបានប៉ាន់ប្រមាណថាមានចំនួនរហូតដល់ ៣២ ពាន់លានដុល្លារ។

លើសពីនេះ វិទ្យាស្ថាន Kiel សម្រាប់សេដ្ឋកិច្ចពិភពលោក (Kiel Institute for the World Economy) បានប៉ាន់ប្រមាណថា «ប្រទេសអ៊ុយក្រែនទទួលបានជំនួយមនុស្សធម៌ចំនួន ១៧,៨ ពាន់លានដុល្លារនៅចន្លោះពីថ្ងៃទី ២៤ ខែមករា ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២២»។ ប្រសិនបើប្រទេសទាំង ១០ នេះមានលំដាប់នៃការខាតបង់នៅឆ្នាំ ២០២៣ ដូចគ្នាទៅនឹងអ្វីដែលពួកគេបានជួបប្រទះនៅក្នុងឆ្នាំ ២០២១ នោះការចំណាយ និងការខាតបង់នឹងមានចំនួនប្រមាណ ៥០ ពាន់លានដុល្លារ។

សរុបមក មានប្រទេសចំនួន ៣០ ផ្សេងៗគ្នាដែលត្រូវឃ្លាំមើល។ គម្លាតធនធានសរុបនៅក្នុងប្រទេសទាំង នោះមានចំនួន ៩០៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣។ ភាគច្រើននៃចំនួននេះនឹងត្រូវការមកពីប្រភពក្នុងស្រុក ក៏ប៉ុន្តែចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នឹងត្រូវការពីប្រភពជំនួយបរទេស។ ម្ចាស់ជំនួយនិងភ្នាក់ងារផ្តល់ហិរញ្ញប្បទានផ្លូវការនានាគួរតែបង្កើតផែនការជាបន្ទាន់។

តម្រូវការហិរញ្ញប្បទានមិនគួរត្រូវបានប្រមូលផ្តុំតែនៅក្នុងប្រទេសដែលមានវិបត្តិផ្ទួនៗគ្នាច្រើននោះទេ។ ផ្ទុយទៅវិញក្រុមប្រទេសផ្សេងៗបានរងនូវផលប៉ះពាល់ដោយសារភាពងាយរងគ្រោះរៀងៗខ្លួន ដែលជាហេតុបង្កឱ្យមានប្រទេសជាច្រើនដែលត្រូវការនូវការផ្តល់មូលនិធិ។ ប្រព័ន្ធ​បច្ចុប្បន្ន​មិន​មានភាពស៊ីគ្នាទៅនឹងទំហំ​នៃ​តម្រូវការ​ហិរញ្ញប្បទាន​នេះទេ។

ការពិភាក្សានៅឯ G-20 និងវេទិកាផ្សេងៗទៀតស្តីពីការពង្រីកធនាគារអភិវឌ្ឍន៍ពហុភាគីកំពុងបន្តដំណើការទៅមុខ។ មូលនិធិមួយចំនួនជាពិសេសមូលនិធិអាកាសធាតុបៃតងអាចនឹងត្រូវបានពង្រឹងឡើងវិញនៅឆ្នាំនេះ ក៏ប៉ុន្តែ​វាមាន​សញ្ញា​តិចតួច​ប៉ុណ្ណោះដែលថា «​រដ្ឋាភិបាល​នៃប្រទេស​អ្នកមាន​នឹងមាន​ឆន្ទៈ​ក្នុង​ការ​គាំទ្រ​ដល់​ការបង្កើន​ជំហាន​ដ៏​ធំ​​នៅក្នុងការផ្តល់ហិរញ្ញប្បទានផ្លូវការ»។

គេចាំបាច់ត្រូវការនូវយន្តការថ្មីសម្រាប់បញ្ជូនធនធានទៅកាន់ប្រទេសកំពុងអភិវឌ្ឍ។ វាដល់ពេលហើយ សម្រាប់ការបំផុសគំនិតបន្ថែមទៀតនៅឆ្នាំ ២០២៣ ដើម្បីរង់ចាំមើលថា «តើលទ្ធភាពអាចនឹងកើតមានដែរទេ» បើមិនដូច្នេះទេការអភិវឌ្ឍរបស់សកលលោកនឹងបន្តជួបប្រទះនឹងវិបត្តិជាបន្តបន្ទាប់៕

Brookings

អត្ថបទទាក់ទង