ខ្មែរប៉ុស្ដិ៍ Close

ភ្លាមៗបន្ទាប់ពីនយោបាយ Zero-Covid បានបញ្ចប់ទៅ សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងឆ្លងកាត់ដំណាក់កាលដ៏ខ្មៅងងឹតបំផុត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 61
ភ្លាមៗបន្ទាប់ពីនយោបាយ Zero-Covid បានបញ្ចប់ទៅ សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងឆ្លងកាត់ដំណាក់កាលដ៏ខ្មៅងងឹតបំផុត ភ្លាមៗបន្ទាប់ពីនយោបាយ Zero-Covid បានបញ្ចប់ទៅ សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងឆ្លងកាត់ដំណាក់កាលដ៏ខ្មៅងងឹតបំផុត

ទន្ទឹមនឹងការបិទបញ្ចប់ទៅភ្លាមៗនៃយុទ្ធសាស្ត្រ Zero-Covid ដែលបានបង្កើនទំនុកចិត្តផ្នែកទីផ្សារចំពោះស្ថានភាពសេដ្ឋកិច្ចដែលល្អប្រសើរជាងមុននាពេលខាងមុខ វាក៏បានធ្វើឱ្យសង្គមចិនខាតបង់ផងដែរ ព្រោះប្រព័ន្ធសុខភាពសាធារណៈរបស់ប្រទេសនេះស្ថិតនៅក្រោមសម្ពាធយ៉ាងធ្ងន់ធ្ងរ ចំពេលដែលការឆ្លងរីករាលដាលមានការកើនឡើងខ្លាំង។ ដោយសារស្ថានភាពនៅតែមានភាពផុយស្រួយនៅឡើយនោះ គ្រប់ការព្យាករទាំងអស់ ចាំបាច់ត្រូវពិនិត្យមើលឡើងវិញជារឿយៗ នៅពេលដែលស្ថានការណ៍វិវត្តទៅមុខ។

ស្ថានភាពនៅតែមានភាពស្រពិចស្រពិលនៅឡើយ ជុំវិញទស្សនាទានស្ដីពីសុខភាពសាធារណៈ។ ការបញ្ឈប់ការធ្វើបច្ចុប្បន្នភាពទិន្នន័យប្រចាំថ្ងៃអំពីករណីឆ្លងកូវីដ-១៩ និងការស្លាប់ដោយសារវីរុសនេះ បានធ្វើឱ្យទីផ្សារមានភាពច្របូកច្របល់ជុំវិញបញ្ហាថា តើប្រទេសនេះកំពុងស្ថិតក្នុងវដ្ដនៃការឆ្លងឬយ៉ាងណា។ ជាការពិត ជាមួយនឹងការលុបចោលនូវការធ្វើតេស្តទ្រង់ទ្រាយធំ និងពុំមានការបង្កើតឱ្យមានប្រព័ន្ធរាយការណ៍ផ្ទាល់ខ្លួនណាមួយនោះ វាគឺជារឿងដ៏ពិបាកណាស់ សូម្បីតែសម្រាប់រដ្ឋាភិបាលចិនខ្លួនឯងក្នុងការវាស់វែងអំពីស្ថានភាពពិតប្រាកដ។

អតីតប្រធានផ្នែករោគរាតត្បាតនៃគណៈកម្មការសុខភាពជាតិចិន លោក Zeng Guang បានប៉ាន់ប្រមាណថា គិតត្រឹមចុងខែមុន ជាង ៨០% នៃប្រជាជនដែលរស់នៅទីក្រុងប៉េកាំង (ទីក្រុងដែលមានប្រជាជន ២២ លាននាក់រស់នៅ) បានឆ្លងវីរុសនេះ ហើយជាង ៤០% នៃប្រជាជនចិនទាំងអស់ (ប្រមាណ ៦០០ លាននាក់) ប្រហែលជាបានឆ្លងមេរោគនេះរួចទៅហើយដែរ។

សេដ្ឋកិច្ចរបស់ចិនកំពុងតែយ៉ាប់យ៉ឺនខ្លាំងបំផុតនៅពេលនេះ។ ទិន្នន័យស្ដីអំពីសកម្មភាពសេដ្ឋកិច្ចកាលពីខែវិច្ឆិកាបានដាំក្បាលចុះយ៉ាងគំហុក ហើយតារាងវាយតម្លៃលើវិស័យរោងចក្រនិងសេវាកម្ម (Purchasing Managers Index) ប្រចាំខែធ្នូ ក៏បានបង្ហាញអំពីការបន្តធ្លាក់ចុះផងដែរ។ គេរំពឹងថា GDP ក្នុងត្រីមាសទី៤ របស់ចិននឹងបង្ហាញអំពីការដាំក្បាលចុះយ៉ាងគំហុកនៃសេដ្ឋកិច្ចរបស់ប្រទេសនេះក្នុងឆ្នាំ ២០២២។

ប៉ុន្តែ​ទីផ្សារ​ហិរញ្ញវត្ថុ​របស់ចិនហាក់​ដូចជា​មិន​ត្រូវបានញាំញីដោយបញ្ហាសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសនេះនោះទេ។ ជាក់ស្ដែងទំនុកចិត្តលើទីផ្សារហិរញ្ញវត្ថុត្រូវបានជំរុញដោយការបើកប្រទេសឡើងវិញ និងពីសញ្ញាទាំងឡាយនៃការងើបចេញពីចំណុចទាបបំផុតនៃសេដ្ឋកិច្ចនៅតាមតំបន់ដែលហាក់ដូចជាបានឆ្លងផុតការឆ្លងរីករាលដាលខ្ពស់បំផុតរួចហើយ។

សន្ទស្សន៍នៃទីផ្សារភាគហ៊ុន MSCI China និង Hang Seng បានកើនឡើងជាង ៣០% ចាប់តាំងពីការដកចេញនូវនយោបាយ Zero-Covid ហើយតម្លៃរបស់ប្រាក់យ័នវិញ ក៏បានឡើងថ្លៃមកទាបជាង ៧ យ័នក្នុងមួយដុល្លារអាមេរិកសារជាថ្មី។

បើគេក្រឡេកមើលទៅខាងមុខ ការផ្លាស់ប្តូរនូវគោលនយោបាយកូវីដ-១៩ នេះ ទាមទារឱ្យមានការពិនិត្យមើលឡើងវិញនូវទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសចិន។ បើគេប្រៀបធៀបទៅនឹងការបើកឡើងវិញជា ៣ ដំណាក់កាលដែលបានរំពឹងទុកពីមុន ពោលគឺការសន្មត់ថាទីក្រុងប៉េកាំងនឹងពង្រឹងការការពារផ្នែកវេជ្ជសាស្រ្តរបស់ខ្លួន មុនពេលបើកឡើងវិញនៅក្នុងស្រុក ហើយបន្ទាប់មកទើបបន្ធូរបន្ថយការគ្រប់គ្រងនៅតាមព្រំដែន គឺដំណាក់កាលទី១ ត្រូវបានផាត់ចោលទាំងស្រុង ហើយដំណាក់កាលទី២ និងទី៣ សឹងតែបានបញ្ចប់រួចរាល់ហើយ។ អ្វី​ដែលគេសន្មត់​ថា​ជា​ការ​បើក​​បណ្តើរៗក្នុងរយៈពេល​ពី ៦-៩​ ខែ​ ឥឡូវនេះគេត្រូវការពេលតែ ២ ខែប៉ុណ្ណោះដើម្បីបញ្ចប់។

វាជាការរំខានរយៈពេលខ្លី ពោលគឺជាអ្វីដែលសេដ្ឋកិច្ចចិនកំពុងជួបប្រទះ ប៉ុន្តែវាក៏ទំនងជាការស្ទុះងើបឡើងវិញកាន់តែរឹងមាំផងដែរ។ តុល្យការនៃហានិភ័យចំពោះការព្យាករណ៍កំណើនទីផ្សារឆ្នាំ ២០២៣ បានប្រែទៅជាការកើនឡើងជំនួសវិញ។

ការងើបឡើងវិញនៃតម្រូវការរបស់ពលរដ្ឋចិននឹងទៅដាក់សម្ពាធលើតម្លៃទំនិញមួយចំនួនប៉ុន្តែតាមទស្សនៈ យល់ឃើញជុំវិញអតិផរណាក្នុងស្រុក ចំណុចចាប់ផ្តើមគឺជារឿងសំខាន់ក្នុងការពិចារណា។ កំណើនដ៏តិចតួចក្នុងរយៈពេល ៣ ឆ្នាំមកនេះ បានធ្វើឱ្យសេដ្ឋកិច្ចចិនមានគម្លាតទិន្នផលដ៏ធំមួយដែលបង្ហាញឱ្យឃើញនូវអត្រាអ្នកអត់ការងារធ្វើខ្ពស់ក្នុងរយៈពេលច្រើនឆ្នាំ និងការប្រើវិធានការកាត់បន្ថយអតិផរណាមិនឈប់ឈរ។

អតិផរណាតម្លៃទំនិញប្រើប្រាស់មានត្រឹមតែ ១,៦% ប៉ុណ្ណោះកាលពីខែវិច្ឆិកា ដោយតម្លៃនៃទំនិញមិនមែនស្បៀងអាហារនិងថាមពល (core prices) ស្ទើរតែមិនឡើងថ្លៃសោះ ខណៈពេលដែលសន្ទស្សន៍តម្លៃអ្នកផលិត (Producer Price Index – PPI) បានធ្លាក់ចុះចាប់តាំងពីខែតុលាមក។ ចិនទំនងជាត្រូវការការងើបឡើងវិញដ៏រឹងមាំ និងយូរអង្វែងនៃតម្រូវការក្នុងស្រុកដើម្បីស្រូបយកសមត្ថភាពលើសទាំងនេះ នៅមុនពេលដែលអតិផរណាអាចនឹងកើនឡើងចាប់ពីចំណុចទាបបំផុតមក

បើតាមទស្សនាទានស្ដីពីគោលនយោបាយរូបិយវត្ថុ ធនាគារកណ្ដាលចិន (People’s Bank of China) តែងតែមានភាពអភិរក្សជាងបណ្ដាធនាគារកណ្ដាលនៃប្រទេសអភិវឌ្ឍន៍ដទៃទៀត ក្នុងការជំរុញសន្ទុះដល់សេដ្ឋកិច្ច។ កំណើននៃសាច់ប្រាក់នៅក្នុងទីផ្សារ (M2) របស់ចិនមានតិចជាងពាក់កណ្តាលនៃកំណើនសាច់ប្រាក់ខ្ពស់បំផុតរបស់អាមេរិកទៅទៀត ហើយការកាត់បន្ថយសមាមាត្រតម្រូវការទុនបម្រុងសម្រាប់ធនាគារ និងអត្រាការប្រាក់ ហាក់មិនមានទាល់តែសោះ ធៀបទៅនឹងការរំពឹងទុករបស់ទីផ្សារ។

នៅទូទាំងពិភពលោក ការរាំងស្ទះនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់បានធូរស្រាលយ៉ាងច្រើន ហើយតម្លៃទំនិញក៏លែងកើនឡើងទៀតដែរ។ បើគ្មានជម្លោះភូមិសាស្ត្រនយោបាយដ៏ធំមួយទៀតទេ នោះតម្លៃថាមពល និងស្បៀងអាហារគួរតែមានលក្ខណៈប្រសើរជាងមុននៅឆ្នាំ ២០២៣ នេះ។

អ្នកខ្លះបារម្ភថា ការស្ទុះងើបឡើងវិញនៃតម្រូវការរបស់ពលរដ្ឋចិននឹងជំរុញឱ្យមានការឡើងថ្លៃទំនិញជាថ្មីម្ដងទៀត។ ប៉ុន្តែប្រសិនបើទីផ្សារដំណើរការល្អ ពោលគឺការងើបឡើងវិញនាពេលខាងមុខនឹងត្រូវបានជំរុញបន្ថែមទៀត ដោយការប្រើប្រាស់និងសេវាកម្ម នោះផលប៉ះពាល់លើតម្លៃទំនិញសកលគួរតែមានតិចតួចជាងនេះទៅទៀត។

បើក្រឡេកមើលទៅខាងក្រោយវិញ សំណួរដ៏សំខាន់មួយគឺថា តើជំងឺរាតត្បាតបានធ្វើឱ្យសេដ្ឋកិច្ចចិនមានការយ៉ាប់យ៉ឺនជាអចិន្ត្រៃយ៍ ឬយ៉ាងណា។ សញ្ញាមួយចំនួននៃការខូចខាតរយៈពេលវែងត្រូវបានបង្ហាញឱ្យឃើញនៅក្នុងរបាយការណ៍មិនផ្លូវការជាច្រើន នៃធុរកិច្ចបរទេសដែលបានផ្លាស់ប្តូរខ្សែច្រវ៉ាក់ផ្គត់ផ្គង់ចេញពីប្រទេសចិន និងការបិទទ្វារទ្រង់ទ្រាយធំនៃសហគ្រាសធុនតូច និងមធ្យម។ ទាំងនេះមានន័យថា ការកើនឡើងនៃចំនួនយុវជននិងពលករចំណាកស្រុកអត់ការងារធ្វើ អាចនឹងធ្វើឱ្យពិបាកក្នុងការងើបឡើងវិញ។

គេត្រូវការពេលវេលាយូរដើម្បីវិភាគអំពីផលប៉ះពាល់នៃការវិវឌ្ឍទាំងនេះ។ ប៉ុន្តែប្រសិនបើនិន្នាការនៃកំណើនពិតជាត្រូវបានបន្ទាបដោយជំងឺរាតត្បាតមែន នោះប្រទេសចិននឹងពិបាកក្នុងការស្ដារឡើងវិញក្នុងកម្រិតមុនកូវីដ-១៩ ឬប្រសិនបើចិនព្យាយាមជំរុញសន្ទុះសេដ្ឋកិច្ចឱ្យបានខ្លាំងក្លា នោះអតិផរណាអាចនឹងកើនឡើង ដោយសារតែសមត្ថភាពផ្គត់ផ្គង់ទាបជាងមុន មិនអាចទ្រាំទ្រនឹងតម្រូវការបាន។ តម្រុយនានាជុំវិញចំណុចទាំងនេះនឹងលេចជារូបរាងឡើងនៅរយៈពេលប៉ុន្មានខែនៃការស្តារឡើងវិញនេះ៕

South China Morning Post

អត្ថបទទាក់ទង