ខ្មែរប៉ុស្ដិ៍ Close

អ្នកជំនួញចិន ពេញចិត្តនឹងការកសាងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ឡើងវិញ តាមរយៈការជួបគ្នាដោយផ្ទាល់ ក្រោយទទួលរងនូវភាពឯកោអស់រយៈពេល ៣ឆ្នាំ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 75
អ្នកជំនួញចិន ពេញចិត្តនឹងការកសាងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ឡើងវិញ តាមរយៈការជួបគ្នាដោយផ្ទាល់ ក្រោយទទួលរងនូវភាពឯកោអស់រយៈពេល ៣ឆ្នាំ អ្នកជំនួញចិន ពេញចិត្តនឹងការកសាងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ឡើងវិញ តាមរយៈការជួបគ្នាដោយផ្ទាល់ ក្រោយទទួលរងនូវភាពឯកោអស់រយៈពេល ៣ឆ្នាំ

នៅក្នុងដំណើរទៅក្រៅប្រទេសជាលើកដំបូងនៅក្នុងរយៈពេល ៣ ឆ្នាំ លោក Chen Yuan ដែលជាអ្នកនាំចេញគ្រឿងកុំព្យូទ័រ និងទូរសព្ទរបស់ចិន បានជ្រើសយកទីក្រុងឌូបៃជាទីតាំងដំបូង។ លោកបានហៅការជួបជាមួយអតិថិជនចាស់ៗ ប្រៀបដូចជា «ការជួបជុំមិត្តចាស់ដ៏រំភើប» អ៊ីចឹងដែរ។

លោកបាននិយាយថា «អស់រយៈពេល ៣ឆ្នាំហើយដែលពួកគេមិនបានទៅប្រទេសចិន ហើយពួកយើងក៏មិនបានចេញទៅក្រៅ។ អតិថិជនម្នាក់ពិតជាសប្បាយចិត្តណាស់ ហើយគាត់បានប្រាប់ខ្ញុំថា គាត់ខានឃើញមុខជនជាតិចិនជាយូរណាស់មកហើយ»។

លោក Chen បានចេញដំណើរ នៅថ្ងៃទី៦ ខែធ្នូ ជាមួយក្រុមសហគ្រិន និងមន្ត្រីរដ្ឋាភិបាលជាច្រើននាក់ដែលមកពីទីក្រុង Ningbo ខេត្ត Zhejiang ។ ក្រោយរយៈពេល ៤ថ្ងៃនៃកិច្ចប្រជុំជាមួយអតិថិជនចាស់និងថ្មី និងការចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មនៅតំបន់មជ្ឈិមបូព៌ា ក្រុមពួកគាត់បានបន្តហោះហើរទៅកាន់ទីក្រុងហ្សាកាតា។

នៅថ្ងៃដែលលោក Chen បានចុះចតនៅប្រទេសឥណ្ឌូណេស៊ី ម្ចាស់ក្រុមហ៊ុនវាយនភណ្ឌ លោក Shen Wei ដែលមកពីទីក្រុង Jiaxing ទើបតែត្រលប់មកពីប្រទេសជប៉ុនតាមជើងហោះហើរដែលរៀបចំដោយរដ្ឋាភិបាលទីក្រុងដើម្បីចូលរួមពិព័រណ៍ Asia Fashion Fair ដែលមានរយៈពេល ៣ថ្ងៃនៅទីក្រុងតូក្យូ ជាមួយនិងអ្នកតំណាងក្រុមហ៊ុនវាយនភណ្ឌជាង ៩០ ផ្សេងទៀត។

លោក Shen បាននិយាយថា «វាគឺជារឿងធម្មតាណាស់ក្នុងការទៅក្រៅប្រទេសដើម្បីជួបអតិថិជនកាលពីមុន។ ដូច្នេះហើយយើងមិនសូវយកចិត្តទុកដាក់នឹងឱកាសបែបនេះ ដូចអ្វីដែលយើងធ្វើនៅពេលឥឡូវនេះទេ»។

នៅពេលដែលប្រទេសចិនងាកមកផ្តោតសំខាន់ទៅលើការកសាងសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីគោលនយោបាយ Zero Covid ដ៏តឹងរ៉ឹងបានបញ្ចប់ភ្លាមៗ ដោយសារតែការតវ៉ាដ៏កម្រនៅក្នុងប្រទេសនោះ រដ្ឋាភិបាលក្នុងតំបន់បាននិងកំពុងប្រមូលផ្តុំគ្នាដើម្បីបញ្ជូនគណៈប្រតិភូធុរកិច្ចទៅក្រៅប្រទេស ដើម្បីប៉ះប៉ូវនូវអ្វីដែលបានបាត់បង់នៅក្នុងរយៈពេល ៣ឆ្នាំ រហូតធ្វើឱ្យការបញ្ជាទិញនាំចេញនិងការវិនិយោគបរទេសបានធ្លាក់ចុះនោះ។

នៅក្នុងរយៈពេល ២ខែកន្លងមកនេះ មន្ត្រីរដ្ឋាភិបាលបានធ្វើដំណើរជាមួយអ្នកនាំចេញ និងអ្នកផលិតមកពីខេត្ត Zhejiang, Jiangsu និង Guangdong ដែលជាមជ្ឈមណ្ឌលនាំចេញដ៏សំខាន់ និងមកពីទីក្រុងសេដ្ឋកិច្ចធំៗនៅក្នុងតំបន់ផ្សេងៗ ទៀតដូចជា Sichuan និង Shandong ដើម្បីចូលរួមកម្មវិធីពិព័រណ៍ពាណិជ្ជកម្ម និងបង្កើតទំនាក់ទំនងថ្មីៗនៅតំបន់អឺរ៉ុប មជ្ឈិមបូព៌ា និងនៅក្នុងបណ្តាប្រទេសនៅអាស៊ី និងអាហ្វ្រិកផ្សេងៗទៀត។ សម្រាប់ពួកគេភាគច្រើន វាគឺជាការធ្វើដំណើរទៅក្រៅប្រទេសលើកដំបូង ចាប់តាំងពីកូវីដ-១៩ បានលេចឡើងជាលើកដំបូងនៅចុងឆ្នាំ ២០១៩។

លោក Gao Zhendong វិនិយោគិននិងទីប្រឹក្សាដែលបានជួយសហគ្រាសចិនក្នុងការរុករកការ វិនិយោគផ្នែកឧស្សាហកម្មនិងហិរញ្ញប្បទាន នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបាននិយាយថា «វាជាសញ្ញាចាំបាច់ និងវិជ្ជមានសម្រាប់វិនិយោគិនចិននិងក្រុមហ៊ុនផលិតនាំចេញនៅទូទាំងប្រទេស។ យើងរំពឹងថានឹងមានការរីកចម្រើនកាន់តែខ្លាំងនៅក្នុងសកម្មភាពពាណិជ្ជកម្មបែបនេះនៅដើមឆ្នាំក្រោយ»។

ក្រុមអ្នកនាំចេញ និងអ្នកជំនាញបាននិយាយថា ទោះជាយ៉ាងណាក៏ដោយ ស្លាកស្នាមដែលបន្សល់ទុកដោយភាពឯកោដ៏យូរ អាចនឹងមិនត្រឡប់មករកភាពរលូនវិញភ្លាមៗនោះទេ ជាពិសេសនៅចំពេលដែលមានការធ្លាក់ចុះនៃតម្រូវការពីប្រទេសអភិវឌ្ឍន៍ ខណៈវិបត្តិសេដ្ឋកិច្ចកំពុងកើតមានឡើង ហើយដំណើរការនៃការធ្វើពិពិធកម្មខ្សែច្រវ៉ាក់ផ្គត់ផ្គង់ចេញពីប្រទេសចិនកំពុងតែកើនឡើង។ លោក Chen បាននិយាយថា «វានឹងត្រូវការពេលវេលាដើម្បីទូទាត់សម្រាប់ការបាត់បង់។ ដំណើរការនេះនឹងមិនលឿនពេកទេ»។

មកដល់ឆ្នាំនេះ រោងចក្ររបស់លោក Shen ដែលមានឯកទេសខាងរោមចៀម និងអំបោះ Cashmere ជាធម្មតាតែងតែទទួលបានការបញ្ជាទិញយ៉ាងច្រើន ប៉ុន្តែអតិថិជននៅក្រៅប្រទេសមានការយឺតយ៉ាវក្នុងការបញ្ជាទិញនៅក្នុងឆ្នាំនេះ ដែលករណីនេះបានធ្វើឱ្យលោកកំពុងតែមានការព្រួយបារម្ភ។

ស្របពេលដែលឧស្សាហកម្មវាយនភណ្ឌកម្រិតទាបបានផ្លាស់ប្តូរទៅកាន់កន្លែងផ្សេង ដោយសារកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មក្នុងស្រុក ហើយសហរដ្ឋអាមេរិកនិងអឺរ៉ុបបានកាត់បន្ថយការពឹងផ្អែកទៅលើខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ពួកគេមកលើប្រទេសចិនទៀតនោះ ការរំខានដែលបណ្តាលមកពីវិធានការត្រួតពិនិត្យជំងឺរាតត្បាតដ៏តឹងរ៉ឹងរបស់ប្រទេសចិនបានធ្វើឱ្យគេកាន់តែបង្កើនល្បឿនក្នុងការស្វែងរកអ្នកផ្គត់ផ្គង់ថ្មី។

លោកបានបន្តថា «អតិថិជនបរទេសមានការព្រួយបារម្ភខ្លាំងបំផុតអំពីស្ថិរភាពនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ពោលគឺថាតើផលិតផលអាចត្រូវបានចែកចាយទាន់ពេលដែរឬទេ។ នៅពេលដែលភាពមិនប្រាកដប្រជានៃការផលិតនៅតែបន្តកើនឡើងនៅក្នុងប្រទេសចិន ជាបណ្តើរៗពួកគេកំពុងស្វែងរកជម្រើសផ្សេងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។

គេអាចជម្នះទៅលើបញ្ហាប្រឈមផ្នែកពាណិជ្ជកម្មមួយចំនួនបានដោយការរក្សាទំនាក់ទំនងល្អជាមួយអតិថិជន តាមរយៈការជួបតទល់គ្នា ប៉ុន្តែអ្នកនាំចេញផលិតផលចិនភាគច្រើន ជាពិសេសក្រុមហ៊ុនខ្នាតតូចដែលមានថវិកាតិច មិនអាចចេញពីប្រទេសចិនរួចទេ ដោយសារតែការដាក់ឱ្យនៅដាច់ពីគេនៅក្នុងសណ្ឋាគាររយៈពេលវែងសម្រាប់ការមកដល់ពីក្រៅប្រទេស, សំបុត្រយន្តហោះអន្តរជាតិមានតម្លៃថ្លៃ, ការលុបចោលជើងហោះហើរដែលបណ្ដាលមកពីមេរោគឆ្លង និងការរឹតបន្តឹងលើការធ្វើដំណើរជាដើម។

អ្នកនាំចេញបាននិយាយថា បន្ថែមពីលើការឧបត្ថម្ភថវិកាសម្រាប់ជើងហោះហើរ និងសណ្ឋាគារមួយចំនួន ដំណើរកម្សាន្តដែលរៀបចំដោយរដ្ឋាភិបាលនៅពេលថ្មីៗនេះក៏អាចធានាបានផងដែរថា ការដាក់ពាក្យសុំទិដ្ឋាការនឹងដំណើរការដោយរលូន ហើយការហោះហើរត្រឡប់មកវិញនឹងតែងតែមាន ព្រោះនេះគឺជាបញ្ហាដែលអ្នកដែលចង់ទៅក្រៅប្រទេសតែងតែបានជួបប្រទះ។

លោក Shen បាននិយាយថា «ការអង្គុយទល់មុខគ្នាគឺមានប្រយោជន៍ជាងការសរសេរអ៊ីមែលចំនួន ១០០ ទៅទៀត»។ លោកបានចរចាលើការបញ្ជាទិញថ្មីដែលមានតម្លៃ ១លានដុល្លារអាមេរិក បន្ទាប់ពីបានជួបជាមួយអតិថិជននៅក្នុងប្រទេសកូរ៉េខាងត្បូងជាលើកដំបូងនៅក្នុងរយៈពេល ៣ឆ្នាំ មុនលោកចេញដំណើរទៅកាន់ប្រទេសជប៉ុន។

ការស្វែងរកអតិថិជនថ្មី គឺជារឿងកាន់តែបន្ទាន់សម្រាប់លោក Chen ខណៈដែលចំណែកទីផ្សារផលិតផលរបស់លោកនៅក្នុងសហរដ្ឋអាមេរិក ដែលជាអតីតគោលដៅនាំចេញដ៏ធំបំផុតបានធ្លាក់ចុះចាប់តាំងពីរដ្ឋបាល Trump បានបន្ថែមពន្ធ ២៥% ក្រោយមានការធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន។

លោក Chen បាននិយាយថា «តម្រូវការពីអឺរ៉ុបកំពុងតែធ្លាក់ចុះដែរ។ វិបត្តិថាមពលនិងអ៊ុយក្រែនក៏កំពុងតែបង្កផលប៉ះពាល់ដល់យើងដែរ»។

ការពង្រីកទីផ្សារនៅតំបន់មជ្ឈិមបូព៌ា និងអាស៊ីអាគ្នេយ៍ គឺជាគោលដៅចម្បងរបស់លោក Chen នៅពេលដែលលោកបានសម្រេចចិត្តចូលរួមជាមួយគណៈប្រតិភូដែលរៀបចំដោយរដ្ឋាភិបាល Ningbo ដើម្បីរៀបចំកិច្ចប្រជុំជាមួយអ្នកនាំចូល និងសមាគមធុរកិច្ចនៅទីក្រុងឌូបៃ និងហ្សាកាតា។

លោក Chen បាននិយាយថា «ប្រសិនបើខ្ញុំមិនបានទៅក្រៅប្រទេសទេ ខ្ញុំនឹងមិនមានឱកាសជួបជាមួយអតិថិជនសក្តានុពលទាំងនោះទេ»។

ប្រទេសចិននៅតែតម្រូវឱ្យអ្នកធ្វើដំណើរមកពីបរទេសចំណាយពេលនៅដាច់ដោយឡែកពីគេនៅក្នុងសណ្ឋាគារ និងផ្ទះដាច់ដោយឡែក ហើយចំនួនជើងហោះហើរអន្តរជាតិមិនទាន់វិលត្រឡប់មករកធម្មតាវិញនៅឡើយទេ។ ដូច្នេះអ្នកដែលអាចធ្វើដំណើរទៅក្រៅប្រទេសបាន នៅតែជាមនុស្សមួយក្រុមតូចតែប៉ុណ្ណោះ។

ប៉ុន្តែទោះបីជាមានឧបសគ្គខ្លះក៏ដោយ ក៏ក្រុមហ៊ុននាំចេញមួយចំនួនបានរកឃើញថា ការចំណាយនៅពេលដែលពួកគេត្រូវជាប់គាំងនៅក្នុងប្រទេសចិន គឺធំធេងណាស់។ ដូច្នេះហើយទើបពួកគេបានជ្រើសរើសយកការធ្វើដំណើរទៅក្រៅប្រទេសដោយខ្លួនឯងជាជាងរង់ចាំរដ្ឋាភិបាលជាអ្នកផ្តួចផ្តើមគំនិត។

លោក Lu Hua ម្ចាស់ក្រុមហ៊ុនផលិតពុម្ភ និងកែច្នៃគ្រឿងបន្លាស់ដែលមានមូលដ្ឋាននៅទីក្រុងក្វាងទុងបានចេញដំណើរពីប្រទេសចិននៅដើមខែតុលា ដើម្បីទៅសួរសុខទុក្ខអតិថិជននៅអាមេរិកខាងជើង និងដើម្បីរៀបចំរោងចក្រថ្មីនៅក្នុងប្រទេសវៀតណាម។ ក្រុមរបស់គាត់បានត្រលប់ទៅប្រទេសចិនវិញនៅចុងខែវិច្ឆិកា មុនពេលទីក្រុងប៉េកាំងបានងាកចេញពីគោលនយោបាយ Zero-Covid របស់ខ្លួន។

ខណៈពេលដែលលោក Lu មានការព្រួយបារម្ភថា ក្រុមរបស់គាត់នឹងត្រូវជួបប្រទះនឹងបញ្ហាពីសំណាក់មន្រ្តីគយចិន ហើយអាចនឹងត្រូវប្រថុយប្រថាននឹងការលុបចោលលិខិតឆ្លងដែន និងទិដ្ឋាការនៅអាកាសយានដ្ឋាននៅពេលដែលគាត់ចេញដំណើរនោះ គាត់បាននិយាយថា គាត់បានកត់សម្គាល់ឃើញអំពីការផ្លាស់ប្តូរភ្លាមៗនៅក្នុងអាកប្បកិរិយារបស់អាជ្ញាធរនៅប៉ុន្មានថ្ងៃបន្ទាប់ពីការត្រឡប់មកវិញ។

លោក Lu បាន និយាយថា «ចាប់តាំងពីថ្នាក់ដឹកនាំកំពូលដល់រដ្ធអំណាចក្នុងស្រុក ពួកគេបានលើកទឹកចិត្តយ៉ាងកក់ក្តៅដល់ក្រុមហ៊ុននាំចេញឱ្យធ្វើដំណើរទៅក្រៅប្រទេសដើម្បីទាក់ទាញការបញ្ជាទិញនាំចេញកាន់តែច្រើន»។

ទោះបីជាយ៉ាងណាក៏ដោយ លោកបាននិយាយថា ការបញ្ជាទិញមួយចំនួនអាចនឹងត្រូវបាត់បង់ ខណៈដែលប្រទេសចម្រុះជាតិសាសន៍កាន់តែច្រើនបានអនុវត្តនូវអ្វីដែលគេហៅថា «យុទ្ធសាស្រ្តចិន+១» ដោយបានធ្វើការបង្វែរខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ពួកគេចេញពីប្រទេសចិន។

យោងតាមទិន្នន័យពីក្រុមហ៊ុន Descartes ដែលជាក្រុមហ៊ុនប្រឹក្សាផ្នែកភស្តុភារបានឱ្យដឹងថា ការនាំចូលកុងតឺន័ររបស់អាមេរិកនៅក្នុងខែតុលាបានកើនឡើង ០,២% បើធៀបនឹងខែកញ្ញា។ ប៉ុន្តែការនាំចូលពី ប្រទេសចិនបានធ្លាក់ចុះ ៥,៥% ស្មើនឹងចំនួន ៤៥,០៧១ នៃទូដែលមានទំហំ ២០ ហ្វីត។

ការធ្លាក់ចុះនៃការនាំចេញពីប្រទេសចិនត្រូវបានទូទាត់ដោយការកើនឡើងនៅប្រទេសថៃ កូរ៉េខាងត្បូង តៃវ៉ាន់ ជប៉ុន និងប្រទេសដទៃទៀត។

លោក Christian Roeloffs សហស្ថាបនិកនិងជានាយកប្រតិបត្តិនៃវេទិកា Container xChange ដែលជាវេទិកាអនឡាញសម្រាប់ការដឹកជញ្ជូនកុងតឺន័របាននិយាយថា «យើងនឹងបន្តឃើញកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការធ្វើពិពិធកម្មប្រភពខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងការផលិតចេញពីប្រទេសចិន»។

លោកបានបន្ថែមទៀតថា «ល្បឿននៃការធ្វើពិពិធកម្មនេះគឺមានភាពសមាមាត្រដោយផ្ទាល់ទៅនឹងការរំខានផ្សេងៗទៀតដែលយើងនឹងឃើញនៅក្នុងប្រទេសចិន រួមមានយុទ្ធសាស្ត្រ Zero-Covid, ការបិទផលិតកម្ម និងការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។ ប្រសិនបើបញ្ហាទាំងនេះកើតឡើងលឿនជាងនេះ ការធ្វើពិពិធកម្មក៏នឹងដើរតាមល្បឿននោះដែរ»។

ទិន្នន័យគយរបស់ប្រទេសចិនបានបង្ហាញថា ការនាំចេញរបស់ប្រទេសចិនបានធ្លាក់ចុះ ៨,៧% នៅក្នុងខែវិច្ឆិកា បន្ទាប់ពីបានធ្លាក់ចុះ ០,៣% នៅក្នុងខែតុលា។

រដ្ឋក្នុងស្រុករបស់ចិនជាច្រើនគ្រោងនឹងបញ្ជូនគណៈប្រតិភូបន្ថែមទៀតទៅក្រៅប្រទេស ដើម្បីនាំយកការបញ្ជាទិញការនាំចេញមកវិញ ប៉ុន្តែអ្នកសេដ្ឋកិច្ចភាគច្រើនរំពឹងថា ការនាំចេញរបស់ប្រទេសចិននឹងបន្តធ្លាក់ចុះនៅក្នុងឆមាសទី១ នៃឆ្នាំក្រោយ ដោយសារសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ។

ក្រុមហ៊ុននាំចេញរបស់ចិនក៏មានការព្រួយបារម្ភផងដែរអំពីការប្រកួតប្រជែងដ៏ខ្លាំងក្លាក្នុងចំណោមពួកគេ ខណៈដែលចំណែកទីផ្សារនៅក្រៅប្រទេសដែលមានសម្រាប់ពួកគេកំពុងតែធ្លាក់ចុះ។

លោក Shen បាននិយាយថា «បរិយាកាសទូទៅគឺមានភាពអាប់អួរណាស់ ហើយសម្រាប់ក្រុមហ៊ុនតូចៗដូចជាពួកយើង អ្វីដែលជាជំហានបន្ទាប់គឺត្រូវប្រយុទ្ធ»។

ជាមួយនឹងការរំខានរយៈពេលខ្លីបន្ថែមទៀត ក្រោយរលកដ៏ធ្ងន់ធ្ងរនៃការរីករាលដាលនៃកូវីដ-១៩ នៅទូទាំងប្រទេសចិន លោក Lu បាន និយាយថា រដ្ឋាភិបាលត្រូវតែធ្វើសកម្មភាពបន្ថែមទៀតជាបន្ទាន់ដើម្បីស្តារទំនុកចិត្តរបស់អតិថិជននៅក្រៅប្រទេស។

លោកបានបន្ថែមថា «វាទាមទារឱ្យមានការរៀបចំនិងការគាំទ្រច្រើនពីសំណាក់រដ្ឋាភិបាល ដើម្បីឲ្យអតិថិជននៅក្រៅប្រទេសអាចមើលឃើញថា រដ្ឋាភិបាលចិនបានដាក់ចេញនូវគោលនយោបាយជាក់ស្តែងបន្ថែមទៀត ដើម្បីធានាថាប្រជាជនសាមញ្ញអាចធ្វើដំណើរដោយសេរី ហើយខ្សែច្រវ៉ាក់ផ្គត់ផ្គង់នឹងមិនត្រូវបានបិទ និងកាត់ផ្តាច់តាមតែអំពើចិត្តនោះទេ»។ លោកបានបន្ថែមទៀតថា «ទីផ្សារត្រូវការទំនុកចិត្តបែបសាមញ្ញប៉ុន្តែមានភាពពិតប្រាកដ»៕

South China Morning Post

អត្ថបទទាក់ទង