ខ្មែរប៉ុស្ដិ៍ Close

ការបើកឱកាសដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងអាមេរិក-វៀតណាម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 42
ការបើកឱកាសដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងអាមេរិក-វៀតណាម ការបើកឱកាសដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងអាមេរិក-វៀតណាម

ការចូលរួមរបស់អាមេរិកជាមួយតំបន់អាស៊ីអាគ្នេយ៍បានទទួលការជួយជ្រោមជ្រែងដ៏សំខាន់កាលពីខែមុន នៅពេលដែលប្រធានាធិបតីអាមេរិក Joe Biden និងអនុប្រធានាធិបតីលោកស្រី Kamala Harris បានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលមួយនៅក្នុងតំបន់ និងបានធ្វើការលើកកម្ពស់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអាស៊ាន ឱ្យក្លាយជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

លោក Biden និងលោកស្រី Harris ក៏បានរៀបចំកិច្ចប្រជុំជាលក្ខណៈឯកជនជាមួយបណ្តាមេដឹកនាំប្រទេសជាសមាជិកអាស៊ានមួយចំនួនផងដែរ ដែលនេះគឺជាការបង្ហាញអំពីការយកចិត្តទុកដាក់របស់ទីក្រុងវ៉ាស៊ីនតោនចំពោះទំនាក់ទំនងទ្វេភាគី នៅចំពេលដែលការប្រកួតប្រជែងរវាងអាមេរិកនិងចិននៅក្នុងតំបន់នេះ កាន់តែកើនឡើង។

រដ្ឋការ Biden បានផ្តោតជាពិសេសទៅលើការពង្រីកទំនាក់ទំនងជាមួយវៀតណាមដែលកំពុងតែមានសេដ្ឋកិច្ចកំពុងរីកចម្រើន និងជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់នៅក្នុងសមុទ្រចិនខាងត្បូង។

នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចជាន់ខ្ពស់នៅទីក្រុងហាណូយ សម្រាប់រយៈពេល ១៨ ខែចុងក្រោយនេះ មន្ត្រីរបស់លោក Biden បានថ្លែងជាសាធារណៈថា «ទំនាក់ទំនងទ្វេភាគីគួរតែត្រូវបានធ្វើឱ្យប្រសើរឡើងដើម្បីប្រែក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រ»។

លទ្ធភាពនៃការធ្វើឱ្យប្រសើរឡើងនៃការធ្វើទំនាក់ទំនងខាងលើនេះត្រូវបានគេលើកយកមកពិភាក្សាអស់រយៈពេលជាច្រើនឆ្នាំតាមរបៀបទំនាក់ទំនងការទូតស្ងាត់ៗ ប៉ុន្តែវាមិនត្រូវបានគេទទួលស្គាល់នោះទេ មួយផ្នែកដោយសារតែវៀតណាមព្រួយបារម្ភថា ប្រទេសចិនអាចនឹងបកស្រាយថា ទង្វើខាងលើគឺជាការបង្កឱ្យមានអរិភាពចំពោះប្រទេសចិន។ ទោះបីជាយ៉ាងណាក៏ដោយ ភាពជាដៃគូយុទ្ធសាស្ត្រនឹងអាចសម្រេចបាន ប្រសិនបើភាគីទាំងពីរអាចដោះស្រាយបញ្ហានេះនៅក្នុងពេលវេលាដ៏សមស្របណាមួយបាន។

ទំនាក់ទំនងរវាងអាមេរិកនិងវៀតណាមត្រូវបានពង្រីកយ៉ាងទូលំទូលាយចាប់តាំងពីមានការធ្វើប្រក្រតិកម្មផ្នែកការទូតបានសម្រេច នៅក្នុងឆ្នាំ ១៩៩៥ ហើយគេអាចមើលឃើញតាមរយៈសកម្មភាពមួយចំនួនរួមមាន ការបង្កើត «ភាពជាដៃគូគ្រប់ជ្រុងជ្រោយ»កាលពីឆ្នាំ ២០១៣, ការបញ្ជូននាវាឆ្មាំសមុទ្រអាមេរិកចំនួន ២ គ្រឿងទៅកាន់ទីក្រុងហាណូយចាប់តាំងពីឆ្នាំ ២០១៧ និងដំណើរទស្សនកិច្ចកំពង់ផែរបស់នាវាដឹកយន្តហោះអាមេរិនៅឆ្នាំ ២០១៨ និងឆ្នាំ ២០២០។

លើសពីនេះពាណិជ្ជកម្មទ្វេភាគីរបស់ពួកគេបានកើនឡើងជាង ២០០ ដងចាប់តាំងពីមានការធ្វើប្រក្រតីភាពឡើងវិញ ហើយការវិនិយោគប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកនៅវៀតណាមបានឈានដល់ទំហំ ២,៨ ប៊ីលានដុល្លារ។ វៀតណាមបានបញ្ជូននិសិ្សតប្រហែល ៣ម៉ឺននាក់ទៅកាន់ស្ថាប័នអប់រំរបស់សហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ ហើយប្រទេសនេះជាប់ចំណាត់ថ្នាក់ទី៦ ក្នុងចំណោមប្រទេសដែលបញ្ជូននិសិ្សតទៅអាមេរិក ខណៈនៅឆ្នាំនេះក្រុមអ្នកស្ម័គ្រចិត្តអាមេរិក Peace Corps ក៏បានធ្វើដំណើរមកដល់វៀតណាមជាលើកដំបូងផងដែរ។

ទីក្រុងវ៉ាស៊ីនតោននិងទីក្រុងហាណូយ ក៏បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការនៅលើឆាកតំបន់ផងដែរ។ នៅក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន វៀតណាមបានគាំទ្រយ៉ាងសកម្មបំផុតចំពោះសម្ព័ន្ធក្រុមប្រទេស Quad រវាងសហរដ្ឋអាមេរិក អូស្ត្រាលី ឥណ្ឌា និងជប៉ុន ហើយក៏មានវត្តមានរបស់អ្នកការទូតវៀតណាមចូលរួមនៅក្នុងកិច្ចសន្ទនាទាក់ទងនឹងជម្ងឺរាតត្បាតជាមួយប្រទេសជាសមាជិករបស់សម្ព័ន្ធក្រុមប្រទេស Quad ផងដែរ។

កាលពីឆ្នាំមុន មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជម្ងឺរបស់សហរដ្ឋអាមេរិក (CDC) បានបង្កើតការិយាល័យប្រចាំតំបន់នៅក្នុងទីក្រុងហាណូយដើម្បីបង្កើនការចូលរួមផ្នែកសុខភាពសាធារណៈនៅតំបន់អាស៊ីអាគ្នេយ៍។

រឿងរ៉ាវទាំងអស់ខាងលើមិនមែនកើតឡើងដោយសារតែពួកគេមានការព្រួយបារម្ភរួមគ្នាចំពោះសកម្មភាពឈ្លានពានរបស់ប្រទេសចិននៅសមុទ្រចិនខាងត្បូង ស្របពេលដែលទីក្រុងហាណូយក៏មានជម្លោះទឹកដីជា យូរយារណាស់មក ហើយជាមួយទីក្រុងប៉េកាំងប៉ុណ្ណោះទេ ប៉ុន្តែវាក៏បណ្តាលមកពីអាកប្បកិរិយារបស់វៀតណាមដែលបានផ្តល់ការគាំទ្រដល់សហរដ្ឋអាមេរិកយ៉ាងខ្លាំងផងដែរ។

ការស្ទាបស្ទង់មតិនៅពេលថ្មីៗនេះរបស់អ្នកជំនាញគោលនយោបាយអាស៊ីអាគ្នេយ៍បានរកឃើញថា នៅក្នុងអាស៊ានអ្នកជំនាញវៀតណាមមានការប្រុងប្រយ័ត្នយ៉ាងខ្លាំងចំពោះឥទ្ធិពលយុទ្ធសាស្ត្រដែលកំពុងកើនឡើងរបស់ប្រទេសចិន ហើយពួកគេក៏ស្ថិតនៅក្នុងចំណោមអ្នកគាំទ្រខ្លាំងបំផុតចំពោះឥទ្ធិពលរបស់អាមេរិកនៅក្នុងតំបន់នេះផងដែរ។

ប្រជាជននៅក្នុងប្រទេសវៀតណាមបានផ្តល់ការគាំទ្រដល់ការពង្រីកទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ប៉ុន្តែមេដឹកនាំគណបក្សនៅទីក្រុងហាណូយក៏បានដឹងផងដែរថា ពួកគេបានពឹងផ្អែកផ្នែកសេដ្ឋកិច្ចនិងភូមិសាស្ត្រទៅលើប្រទេសជិតខាងគឺប្រទេសចិន ហើយពួកគេក៏ព្រួយបារម្ភអំពីការវាយប្រហារពីសំណាក់ទីក្រុងប៉េកាំង ប្រសិនបើពួកគេចូលទៅជិតទីក្រុងវ៉ាស៊ីនតោនពេក។ ពួកគេក៏នៅមានមន្ទិលសង្ស័យចំពោះការប្តេជ្ញាចិត្តរយៈពេលវែងរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះភាពជាសម្ព័ន្ធមិត្ត និងភាពជាដៃគូនៅក្នុងតំបន់ផងដែរ។

ដូច្នេះហើយទើបទីក្រុងហាណូយកំពុងស្វះស្វែងធ្វើឱ្យមានតុល្យភាពជាមួយប្រទេសចិន និងបន្តអនុវត្តគោលនយោបាយការបរទេស «ពហុទិស» ដែលបានចាក់ឫសនៅក្នុងគោលការណ៍ «មិន៣ (Three NOs)» របស់ពួកគេ ដែលរួមមាន «មិនឱ្យកងទ័ពបរទេសឈរជើងនៅលើទឹកដីវៀតណាម, មិនធ្វើជាសម្ព័ន្ធមិត្តជាមួយប្រទេសមួយដើម្បីប្រឆាំងប្រទេសមួយទៀត និងមិនបង្កើតឱ្យមានសម្ព័ន្ធភាពយោធាជាមួយមហាអំណាចបរទេស»។

នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ភាពតានតឹងកាន់តែខ្លាំងឡើងរវាងអាមេរិកនិងចិនជុំវិញបញ្ហាកោះតៃវ៉ាន់ បានធ្វើឱ្យវៀតណាមត្រូវខិតខំប្រឹងប្រែងកាន់តែខ្លាំងដើម្បីធ្វើការបង្រួបបង្រួមគ្នារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។

អាកប្បកិរិយាការពារខ្លួនខាងលើត្រូវបានបង្ហាញឱ្យឃើញកាលពីចុងខែតុលា នៅពេលដែលប្រធានបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅទីក្រុងប៉េកាំង។ លោក Trong គឺជាមេដឹកនាំបរទេសដំបូងគេដែលបានមកជួបជាមួយប្រធានាធិបតីចិន Xi Jinping បន្ទាប់ពីសមាជបក្សលើកទី២០ របស់ប្រទេសចិនដើម្បីជាការប្រាប់ដល់លោក Xi ថា «វៀតណាមបានផ្តល់អាទិភាពកំពូលដើម្បីអភិវឌ្ឍន៍ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន»។

តាមការពិតដំណើរទស្សនៈកិច្ចរវាងភាគីទាំង​ពីរ គឺមិនមែនជារឿងប្លែកនោះទេនៅក្នុងប្រវត្តិសាស្ត្រ ហើយវាបានបង្ហាញអំពីការគ្រប់គ្រងរបស់ប្រទេសចិនច្រើនជាងប្រទេសវៀតណាម ដោយលោក Xi បានរំឮក យ៉ាងច្បាស់ថា «ប្រទេសទាំងពីរមិនគួរអនុញ្ញាតឱ្យនរណាម្នាក់ជ្រៀតជ្រែកលើវឌ្ឍនភាពរបស់ពួកគេឡើយ»។

គេអាចយល់បាន អំពីការប្រុងប្រយ័ត្នរបស់ទីក្រុងហាណូយតាមរយៈទស្សនៈសេដ្ឋកិច្ច។ ទោះបីជាប្រទេសវៀតណាមបានក្លាយជាអ្នកនាំមុខគេលើកំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ី ជាមួយនឹងកំណើនប្រចាំឆ្នាំដែលត្រូវបានគេរំពឹងថា នឹងឈានដល់ ៧,២% នៅក្នុងឆ្នាំ ២០២២ នេះក៏ដោយ ក៏សេដ្ឋកិច្ចរបស់វៀតណាមបានពឹងផ្អែកទៅលើប្រទេសចិនកាន់តែខ្លាំងឡើងចាប់តាំងពីឆ្នាំ ២០១២ មក ពោលគឺនៅពេលដែលលោក Xi បានក្លាយជាមេដឹកនាំដ៏សំខាន់របស់ប្រទេសចិន។

រហូតមកដល់ពេលនេះ ប្រទេសវៀតណាមគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិននៅក្នុងអាស៊ាន។ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងលើសពី ១៦៥ ប៊ីលានដុល្លារនៅក្នុងឆ្នាំ ២០២១ ដែលតួលេខនេះមានចំនួនច្រើនជាង ៤ ដងនៃតួលេខកាលពីឆ្នាំ ២០១២។

កាលពីឆ្នាំមុន ជិត ២០% នៃការនាំចេញរបស់វៀតណាមត្រូវបានធ្វើឡើងទៅកាន់ប្រទេសចិន ហើយប្រទេសចិនក៏បានចូលរួមចំណែក ១/៣ នៃការនាំចូលរបស់វៀតណាមផងដែរ។ ការនាំចូលទាំងនេះគឺមិនអាចខ្វះបានឡើយនៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ផលិតកម្មរបស់វៀតណាម។

ទន្ទឹមគ្នានេះដែរ មានបញ្ហាធ្ងន់ធ្ងរជាច្រើនបានបន្តរារាំងដល់ទំនាក់ទំនងទ្វេភាគីរវាងវៀតណាមជាមួយសហរដ្ឋអាមេរិក ដែលរួមមានទាំងការទិញប្រព័ន្ធការពាររបស់ប្រទេសរុស្ស៊ីអស់រយៈពេលជាយូរមកហើយ ក៏ដូចជាភាពខុសគ្នាយ៉ាងខ្លាំងពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស ព្រមទាំងស្នូលនៃទស្សនវិជ្ជានយោបាយ។ ទោះបីជាយ៉ាងក៏ដោយ ភាពខុសគ្នាមួយចំនួននេះប្រហែលជាមិនអាចរារាំងការធ្វើទំនាក់ទំនងរបស់ពួកគេបានទេ។

ទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវ Stockholm International Peace Research Institute បានបង្ហាញថា មធ្យមភាគរយៈពេល ៥ ឆ្នាំនៃការពឹងផ្អែកផ្នែកអាវុធរបស់វៀតណាមជាមួយរុស្ស៊ីបានធ្លាក់ចុះពីប្រហែល ៩៤% កាលពីឆ្នាំ ២០១៣ មកនៅខាងក្រោម ៦០% នៅក្នុងឆ្នាំ ២០២១។

កាលពីសប្តាហ៍មុន វៀតណាមបានរៀបចំពិព័រណ៍ការពារជាតិអន្តរជាតិជាលើកដំបូងដែលមិនធ្លាប់មានជាមួយនឹងគោលដៅនៃការធ្វើពិពិធកម្មបណ្តាញលទ្ធកម្មការពារជាតិរបស់ខ្លួន។ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានដឹកនាំគណៈប្រតិភូវិស័យការពារជាតិអាមេរិកទៅកាន់ទីក្រុងហាណូយ ដើម្បីទិញទំនិញរបស់ពួកគេនៅឯពិធីតាំងពិព័រណ៍នោះ ហើយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាម លោក Marc Knapper បានប្រាប់សារព័ត៌មានក្នុងស្រុកថា «ព្រឹត្តិការណ៍នេះគឺជាដំណាក់កាលថ្មីមួយសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការធ្វើសកលភាវូបនីយកម្ម, ធ្វើពិពិធកម្ម និងធ្វើទំនើបកម្ម ហើយសហរដ្ឋអាមេរិកចង់ក្លាយជាផ្នែកមួយនៅក្នុងកម្មវិធីនេះដែរ»។

សូមអាន របៀបដែលវៀតណាមអាចទប់ទល់នឹងប្រទេសចិនទាំងផ្នែកដីគោក និងសមុទ្រ

លើសពីនេះទៅទៀត បើទោះបីជាវៀតណាមជារដ្ឋឯកបក្សដឹកនាំដោយបក្សកុម្មុយនីស្តក៏ដោយ ហើយរដ្ឋការ Biden បានបង្កើតគោលនយោបាយការបរទេសដោយផ្តោតទៅលើការតស៊ូជាសកល រវាងលទ្ធិប្រជាធិបតេយ្យនិងអំណាចផ្តាច់ការក៏ដោយ ក៏យុទ្ធសាស្ត្រសន្តិសុខជាតិ (NSS) របស់រដ្ឋការ Biden បានធ្វើឱ្យមានភាពខុសគ្នាយ៉ាងខ្លាំង រវាងប្រភេទផ្សេងៗគ្នានៃអំណាចផ្តាច់ការ។

ឯកសារខាងលើបានលើកឡើងថា បញ្ហាប្រឈមជាយុទ្ធសាស្ត្រចម្បងកើតចេញពី «អំណាចដែលគ្របដណ្តប់ទៅលើអភិបាលកិច្ចផ្តាច់ការ ជាមួយនឹងគោលនយោបាយការបរទេសនៃការកែប្រែផ្នត់គំនិត » ដែលបានបង្កឱ្យមានអាកប្បកិរិយាគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពអន្តរជាតិ និងបានបំផ្លាញលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសផ្សេងទៀត។ យុទ្ធសាស្ត្រ NSS បានឱ្យដឹងថា ចិននិងរុស្សីគឺពិតជាដូចគ្នានឹងប្រភេទប្រទេសដែលគេបានលើកឡើងខាងលើណាស់ ប៉ុន្តែក៏ «មានប្រទេសមិនប្រជាធិបតេយ្យជាច្រើនផងដែរ ដែលបានចូលរួមជាមួយប្រទេសប្រជាធិបតេយ្យនៅលើពិភពលោកដើម្បីប្រឆាំងនឹងអាកប្បកិរិយាទាំងនេះ»។

វៀតណាមហាក់ដូចជាធ្លាក់ចូលទៅក្នុងប្រភេទចុងក្រោយដែលគេអាចមើលឃើញតាមរយៈការបង្ហាញការគាំទ្រយ៉ាងរឹងមាំចំពោះសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរនៅលើសមុទ្រចិនខាងត្បូង និងចំពោះអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។

ប្រសិនបើសហរដ្ឋអាមេរិកមានបំណងចង់បង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម ពួកគេគួរតែត្រឡប់ទៅរកវិធានការការទូតតស៊ូដោយស្ងប់ស្ងាត់ជាមួយនឹងគោលដៅនៃការសម្រេចឱ្យបាននូវភាពជាដៃគូ នៅចុងបញ្ចប់នៃអាណត្តិប្រធានាធិបតីបច្ចុប្បន្ន។

ពួកគេក៏គួរតែស្វះស្វែងដើម្បីបញ្ចូលបញ្ហាពាក់ព័ន្ធទៅក្នុងកិច្ចសន្ទនាទ្វេភាគីដែលកំពុងបន្តជាមួយទីក្រុងហាណូយ។ ឧទាហរណ៍ដូចជាកិច្ចសន្ទនាអាមេរិក-វៀតណាម ស្ដីអំពីតំបន់អាស៊ីប៉ាស៊ីហ្វិក និងកិច្ចសន្ទនាគោលនយោបាយការពារជាតិអាមេរិក-វៀតណាម ដើម្បីផ្តាច់វិស័យកំពូលៗចេញពីទំនាក់ទំនងដ៏សំខាន់នេះ។

បន្ថែមពីលើបញ្ហាសន្តិសុខដែនសមុទ្រ កិច្ចសន្ទនានេះអាចស្វះស្វែងរកវិស័យមួយចំនួនដែលជាក្តីបារម្ភរួមគ្នាដែលអាចផ្តល់ប្រយោជន៍ដល់មេដឹកនាំវៀតណាម និងសាធារណៈជនបានច្រើន ជាពិសេសនៅក្នុងការបង្ការជំងឺរាតត្បាត, ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពនៅក្នុងប្រទេសវៀតណាម និងអនុតំបន់មេគង្គក្រោម។

រដ្ឋការអាមេរិកគួរតែពង្រីកលទ្ធភាពនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោក Biden ទៅកាន់ទីក្រុងហាណូយ ឬមេដឹកនាំវៀតណាមទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដូចពេលដែលប្រធានាធិបតីអាមេរិក Barack Obama ទទួលជួបអគ្គលេខាបក្ស Nguyen Phu Trong នៅការិយាល័យកាលពីខែកក្កដាឆ្នាំ ២០១៥ ហើយនៅឆ្នាំបន្ទាប់លោកថែមទាំងបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមថែមទៀតផង។ ទម្លាប់ពីមុនបានបង្ហាញឱ្យឃើញថា វៀតណាមរំពឹងថាភាពជាដៃគូយុទ្ធសាស្ត្រនឹងត្រូវបានបង្កើតឡើងជាផ្លូវការនៅក្នុងបរិបទនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ។

ថ្នាក់ដឹកនាំវៀតណាមក៏ត្រូវធ្វើការសម្រេចចិត្តខ្លះផងដែរ។ ដោយមើលឃើញអំពីភាពមិនច្បាស់លាស់នៃទីតាំងភូមិសាស្ត្រនយោបាយរបស់វៀតណាម និងការពឹងពាក់គ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ចជាមួយប្រទេសចិន គេអាចយល់បានថា ហេតុអ្វីបានជាមេដឹកនាំវៀតណាមចង់ធ្វើឱ្យទំនាក់ទំនងយុទ្ធសាស្ត្រកាន់តែមានភាពស៊ីជម្រៅជាមួយទីក្រុងវ៉ាស៊ីនតោនដោយស្ងៀមស្ងាត់ ហើយត្រូវរក្សាឈ្មោះការទូតមានភាពមិនច្បាស់លាស់តាមដែលអាចធ្វើទៅបាន។

ប៉ុន្តែភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលទើបនឹងបញ្ចប់ថ្មីៗនេះ រវាងសហរដ្ឋអាមេរិកនិងអាស៊ានហាក់ដូចជាបានផ្តល់នូវវេទិកា និងជាទីជម្រកនយោបាយមួយសម្រាប់ប្រទេសជាសមាជិកអាស៊ាននីមួយៗដើម្បីបញ្ចប់ភាពជាដៃគូយុទ្ធសាស្ត្រជាមួយទីក្រុងវ៉ាស៊ីនតោនក្នុងកម្រិតទ្វេភាគី ទោះបីជាប្រទេសចិនគិតយ៉ាងណាក៏ដោយ។

ជាង ១០ ឆ្នាំមុន នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បាននិយាយថា «វាគឺជាបំណងប្រាថ្នារបស់ប្រទេសវៀតណាមក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។

នៅថ្ងៃនេះទីក្រុងហាណូយសម្រេចបាននូវភាពជាដៃគូយុទ្ធសាស្ត្រជាមួយដៃគូអចិន្ត្រៃយ៍ស្ទើតែទាំងអស់ហើយ នៅសល់តែមួយប៉ុណ្ណោះ ដែលនោះគឺសហរដ្ឋអាមេរិក។ តាមមធ្យោបាយខ្លះ ភាពស៊ីសង្វាក់គ្នាជាមួយនឹងគោលនយោបាយការបរទេស «ពហុទិសដៅ» បានធ្វើឱ្យទីក្រុងហាណូយអាចយល់ព្រមចំពោះសំណើររបស់រដ្ឋការ Biden ដើម្បីលើកកម្ពស់ការធ្វើទំនាក់ទំនងបាន។

នៅពេលបច្ចុប្បន្ននេះគេមិនអាចចេះតែទទួលយកផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុដោយមិនបានគិតគូរឱ្យបានច្បាស់លាស់នោះទេ។

នៅទីបំផុតភាពជាដៃគូយុទ្ធសាស្ត្រនឹងបង្ហាញសញ្ញាថាទំនាក់ទំនងទ្វេភាគីមិនគ្រាន់តែមានភាពទូលំទូលាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងឈានទៅមុខនៅក្នុងទិសដៅប្រកបដោយមហិច្ឆិតាបន្ថែមទៀត ដោយផ្អែកលើគោលបំណងរយៈពេលវែងរួមគ្នា ដូចជាការលើកកម្ពស់សណ្តាប់ធ្នាប់ដោយផ្អែកទៅលើច្បាប់នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក, ការលើកទឹកចិត្តឱ្យមានអភិបាលកិច្ចសេដ្ឋកិច្ចប្រកបដោយតម្លាភាពនៅក្នុងទន្លេមេគង្គ, ការដោះស្រាយបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈ និងការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងច្រើនជាងនេះទៀត៕

Brookings

អត្ថបទទាក់ទង