ខ្មែរប៉ុស្ដិ៍ Close

ខ្លឹមសារទាំងស្រុនៃសុន្ទរកថារបស់លោក ចូ បៃឌិន នៅក្នុងការថ្លែងជាលើកដំបូង ទៅកាន់សភារួមបន្ទាប់ពីការចូលកាន់តំណែងអស់រយៈពេល 100 ថ្ងៃ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 74
ខ្លឹមសារទាំងស្រុនៃសុន្ទរកថារបស់លោក ចូ បៃឌិន នៅក្នុងការថ្លែងជាលើកដំបូង ទៅកាន់សភារួមបន្ទាប់ពីការចូលកាន់តំណែងអស់រយៈពេល 100 ថ្ងៃ លោក ចូ បៃឌិន

នៅក្នុងប្រវត្ដិសាស្ដ្ររបស់យើង ប្រធានាធិបតីបានមកក្នុងសាលប្រជុំនេះដើម្បីនិយាយទៅកាន់សភា ទៅកាន់ប្រជាជាតិ និងពិភពលោកទាំងមូល ដើម្បីធ្វើការប្រកាសសង្គ្រាម ដើម្បីអបអរសន្តិភាព និងដើម្បីប្រកាសអំពីផែនការ ក៏ដូចជាសក្តានុពលថ្មីៗផងដែរ។

នៅយប់នេះ ខ្ញុំនឹងមកនិយាយអំពីវិបត្តិ និងឱកាស ការកសាងប្រទេសជាតិរបស់យើងឡើងវិញ និងការធ្វើឱ្យលទ្ធិប្រជាធិបតេយ្យរបស់យើងមានភាពរស់រវើកឡើងវិញ បូករួមនឹងអនាគតដ៏ត្រចះត្រចង់សម្រាប់អាមេរិក។

កាលពី ១០០ ថ្ងៃមុន ចាប់តាំងពីខ្ញុំបានឡើងធ្វើសច្ចាប្រណិធានចូលកាន់តំណែង ខ្ញុំបានទទួលមរតកនូវប្រទេសមួយដែលពោរពេញទៅដោយវិបត្តិ ការរាតត្បាតដ៏អាក្រក់បំផុតក្នុងមួយសតវត្សរ៍ វិបត្តិសេដ្ឋកិច្ចអាក្រក់បំផុតចាប់តាំងពីមហាវិបត្តិសេដ្ឋកិច្ច «Great Depression» និងការវាយប្រហារដ៏អាក្រក់បំផុតមកលើលទ្ធិប្រជាធិបតេយ្យរបស់យើងចាប់តាំងពីសង្គ្រាមស៊ីវិលមក។

ប៉ុន្តែ ឥឡូវនេះ បន្ទាប់ពី ១០០ ថ្ងៃ ក្រោយមក ខ្ញុំអាចរាយការណ៍ទៅកាន់ប្រជាជាតិបានថា «សហរដ្ឋអាមេរិកបាន និងកំពុងវិវឌ្ឍទៅមុខជាថ្មីម្តងទៀត ដោយអាចបង្វែរគ្រោះថ្នាក់ ទៅជាសក្តានុពល វិបត្តិទៅជាឱកាស និងផលប៉ះពាល់ទៅជាភាពខ្លាំង»។

វិបត្តិអាចវាយផ្តួលយើងបាន ក៏ប៉ុន្តែនៅសហរដ្ឋអាមេរិក យើងនឹងមិននៅស្ងៀមឡើយ ហើយយើងតែងតែក្រោកឈរឡើងវិញ។ ហើយសព្វថ្ងៃនេះគឺជាអ្វីដែលយើងកំពុងធ្វើ ដែលនោះគឺ «សហរដ្ឋអាមេរិកបាន និងកំពុងលេចត្រដែតឡើងជាថ្មី»។ យើងចាប់យកក្តីសង្ឃឹមជំនួសឱ្យការភ័យខ្លាច សេចក្តីពិតជំនួសឱ្យការកុហក និងពន្លឺជំនួសឱ្យភាពងងឹត។

បន្ទាប់ពីការជួយសង្គ្រោះ និងការស្តារឡើងជាថ្មីអស់រយៈពេល ១០០ ថ្ងៃ អាមេរិកបានត្រៀមខ្លួនរួចជាស្រេចក្នុងការឈានឆ្ពោះទៅរកជោគជ័យ។ យើងបាននិងកំពុងធ្វើការជាថ្មីម្តងទៀត បង្កើតនូវសុបិន និងឈានទៅសម្រេចវាឱ្យបានជាថ្មីម្តងទៀត ហើយយើងនឹងដឹកនាំពិភពលោកជាថ្មីម្តងទៀត។ យើងបានបង្ហាញឱ្យគ្រប់គ្នានិងពិភពលោកឃើញថា «នៅសហរដ្ឋអាមេរិក នឹងមិនមានការចុះញ៉ម នោះទេ»។

កាលពី ១០០ ថ្ងៃមុន សភាអាមេរិកបានរងនូវការឈ្លានពាន ហើយយើងត្រូវតែចាត់វិធានការ។ សូមអរគុណចំពោះការដឹកនាំដ៏អស្ចារ្យរបស់អ្នកស្រី Pelosi និងមេដឹកនាំសម្លេងភាគច្រើន Schumer និងដោយមានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាជនអាមេរិក ទាំងខាងអ្នកប្រជាធិបតេយ្យ អ្នកឯករាជ្យ និងសាធារណរដ្ឋ យើងអាចចាត់វិធានការបាន ដោយជោគជ័យ ហើយយើងក៏បានរួមគ្នាអនុម័តនូវ «ផែនការជួយសង្គ្រោះអាមេរិក – American Rescue Plan» ដែលជាកញ្ចប់សង្គ្រោះដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រអាមេរិក។

បន្ទាប់ពីខ្ញុំបានសន្យាថានឹងចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបាន ១០០ លាន ដូសក្នុងរយៈពេល ១០០ ថ្ងៃ ពេលនេះយើងបាននិងកំពុងផ្តល់ការចាក់វ៉ាក់សាំងបានចំនួនជាង ២២០ លាន ដូសក្នុងរយៈពេល ១០០ ថ្ងៃ។ យើងកំពុងប្រមែរប្រមូលធនធានរបស់រដ្ឋសហព័ន្ធទាំងអស់ ដែលយើងមាន ហើយយើងបានចែកចាយវ៉ាក់សាំងដល់ឱសថស្ថានជិត ៤ម៉ឺនកន្លែង និងមណ្ឌលសុខភាពនៅតាមសហគមន៍ជាង ៧០០ កន្លែង។

យើងក៏កំពុងបង្កើតកន្លែងចាក់វ៉ាក់សាំងនៅតាមសហគមន៍ ហើយកំពុងដាក់ពង្រាយអង្គភាពចល័តទៅក្នុងតំបន់ដែលពិបាកទៅដល់។ មនុស្សគ្រប់រូបដែល មានអាយុលើសពី ១៦ ឆ្នាំ សុទ្ធតែមានសិទ្ធិអាចចាក់វ៉ាក់សាំងបាន។ ហេតុដូច្នេះហើយ សូមប្រជាជនអាមេរិកទាំងអស់ទៅចាក់វ៉ាក់សាំងនាពេលឥឡូវនេះឱ្យបានគ្រប់ៗគ្នា។

នៅពេលដែលខ្ញុំបានស្បថចូលកាន់តំណែង មនុស្សវ័យចំណាស់តិចជាង ១% បានចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ ក៏ប៉ុន្តែនៅ ១០០ ថ្ងៃ ក្រោយមក ជិត ៨០% នៃមនុស្សវ័យចំណាស់ បានទទួលការការពារយ៉ាងពេញលេញពីវីរុសនេះ។

មរណភាពរបស់មនុស្សវ័យចំណាស់ ដោយសារវីរុសកូវីដ-១៩ បានធ្លាក់ ចុះ ៨០% ចាប់តាំងពីខែមករា ហើយជាងពាក់កណ្តាលនៃមនុស្សពេញវ័យទាំងអស់នៅសហរដ្ឋអាមេរិកបានទទួលវ៉ាក់សាំងយ៉ាងហោចណាស់ចំនួនមួយដូស។

នៅឯមជ្ឈមណ្ឌលចាក់វ៉ាក់សាំងដ៏ធំមួយនៅទីក្រុង Glendale នៃរដ្ឋ Arizona គិលានុប្បដ្ឋាយិកាម្នាក់បាននិយាយថា «ដូសវ៉ាក់សាំងនីមួយៗប្រៀបបាននឹងដូសនៃក្តីសង្ឃឹម»។ ក៏ប៉ុន្តែ យើងនៅមានការងារជាច្រើនទៀត ដែលត្រូវធ្វើដើម្បីកម្ចាត់វីរុសនេះ ហើយយើងមិនអាចកាត់បន្ថយការការពាររបស់យើងនាពេលឥឡូវនេះទេ។

ប៉ុន្តែនៅយប់នេះ ខ្ញុំអាចនិយាយបានដោយសារអ្នកទាំងអស់គ្នាដែលជាប្រជាជនអាមេរិក «ការរីកចម្រើនរបស់ យើងនៅក្នុងរយៈពេល ១០០ ថ្ងៃកន្លងមកនេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតដ៏អាក្រក់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រគឺជាសមិទ្ធិផលដ៏ធំបំផុតមួយ»។

«តើមានអ្វីទៀត ដែលយើងបានធ្វើនៅ ១០០ ថ្ងៃដំបូងនេះ?» យើងរក្សាការប្តេជ្ញាចិត្តរបស់យើង ហើយយើងនឹងបញ្ជូនមូលប្បទានប័ត្រជួយសង្គ្រោះ (Rescue Checks) ចំនួន ១.៤០០ ដុល្លារដល់គ្រួសារអាមេរិកទាំងអស់ចំនួន ៨៥%។ យើងបានផ្ញើមូលប្បទានប័ត្បានរចំនួនជាង ១៦០ លានរួចហើយ។

សម្រាប់មនុស្សជាច្រើន មូលប្បទានប័ត្រនេះបានផ្លាស់ប្តូរជីវិតរបស់ពួកគេ។ ម្តាយម្នាក់ដែលជាស្ត្រីម៉េម៉ាយនិងដែលរស់នៅរដ្ឋ Texas បានសរសេរមកកាន់ខ្ញុំថា «ពេលនាងមិនអាចធ្វើការបានមូលប្បទានប័ត្រសង្គ្រោះនេះអាចធ្វើឱ្យនាងមានម្ហូបនៅលើតុ និងបានជួយសង្គ្រោះនាងនិងកូនប្រុសរបស់នាងពីការបណ្តេញចេញពីលំនៅដ្ឋាន»។

លោកយាយម្នាក់ នៅរដ្ឋ Virginia បាន ប្រាប់ខ្ញុំថា «គាត់អាចនាំចៅស្រីរបស់គាត់ទៅជួបគ្រូពេទ្យភ្នែកជាបន្ទាន់ បន្ទាប់ពីបានពន្យារពេលអស់ជាយូរ ដោយសារតែគ្មានប្រាក់»។

នេះជាមូលហេតុ ដែលបានបង្ហាញថា «ផែនការជួយសង្រ្គោះអាមេរិកពិតជាបាននិងកំពុងផ្តល់ជំនួយស្បៀង និងអាហារូបត្ថម្ភដល់ប្រជាជនអាមេរិករាប់លាននាក់ដែលកំពុងប្រឈមមុខនឹងភាពអត់ឃ្លាន ហើយអត្រានៃភាពអត់ឃ្លានក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ»។

យើងកំពុងផ្តល់ជូនផងដែរនូវ «ជំនួយផ្នែកជួល» «Rental Assistance» ដើម្បីការពារប្រជាជនពីការបណ្តេញចេញពីផ្ទះ ការផ្តល់ប្រាក់កម្ចី ដើម្បីឱ្យអាជីវកម្មខ្នាតតូចអាចបន្តដំណើរការ ហើយនិយោជិករបស់ពួកគេក៏អាចនៅបន្តមានការងារធ្វើ។

ក្នុងអំឡុងពេល ១០០ ថ្ងៃនេះ ជនជាតិអាមេរិកាំង ៨០០.០០០ នាក់បានចុះឈ្មោះក្នុងច្បាប់ថែទាំសុខភាព «Affordable Care Act» ខណៈដែលយើងបាននិងកំពុងធ្វើការវិនិយោគដ៏ធំបំផុតមួយដែលមិនធ្លាប់មាននៅក្នុងការកែលម្អប្រព័ន្ធថែទាំសុខភាពសម្រាប់អតីតយុទ្ធជន។

ហើយអ្វីដែលសំខាន់បំផុតនោះគឺ «ដោយសារផែនការជួយសង្គ្រោះអាមេរិក យើងនឹងអាចកាត់បន្ថយអត្រានៃភាពក្រីក្ររបស់កុមារនៅអាមេរិកបាននៅពាក់កណ្តាលឆ្នាំនេះ»។

នៅក្នុងដំណើរការនេះ សេដ្ឋកិច្ចបានបង្កើតការងារថ្មីជាង ១,៣ លានកន្លែងក្នុងរយៈពេល ១០០ ថ្ងៃ ដែលជាកំណត់ត្រានៃការអាចបង្កើតបានការងារច្រើនជាងគេបង្អស់ក្នុងរយៈពេល ១០០ ថ្ងៃក្នុងចំណោមប្រធានាធិបតីទាំងអស់។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នាពេលឥឡូវនេះ បានប៉ាន់ប្រមាណថា «សេដ្ឋកិច្ចរបស់យើងនឹងកើនឡើងក្នុងអត្រាជាង ៦% ក្នុងឆ្នាំនេះ» ដែលនេះគឺជាល្បឿនលឿនបំផុតនៃកំណើន សេដ្ឋកិច្ចនៅក្នុងសហរដ្ឋអាមេរិកនៅក្នុងរយៈពេលជិត ៤ ទសវត្សរ៍កន្លងមកនេះ។

អាមេរិកកំពុងបោះជំហានឈានឆ្ពោះទៅមុខ ហើយយើងនៅមិនទាន់អាចបញ្ឈប់បានទេនាពេលឥឡូវនេះ។ យើងកំពុងប្រកួតប្រជែងជាមួយប្រទេសចិននិងប្រទេសដទៃទៀត ដើម្បីអាចទទួលបានជ័យជម្នះនៅក្នុង
សតវត្សរ៍ទី ២១ នេះ ។

យើងត្រូវធ្វើឱ្យលើសពីការស្តារឡើងវិញ ដោយយើងត្រូវតែស្តារឡើងវិញឱ្យកាន់តែប្រសើរជាងមុន។ នៅទូទាំងប្រវត្តិសាស្ត្ររបស់យើងការវិនិយោគលើវិស័យសាធារណៈនិងហេដ្ឋារចនាសម្ព័ន្ធបានផ្លាស់ប្តូរអាមេរិក។

ផ្លូវដែកឆ្លងទ្វីប និងផ្លូវហាយវេឆ្លងកាត់រដ្ឋ បានបង្រួបបង្រួមមហាសមុទ្រ ២ ហើយនាំយើងទៅរកយុគសម័យថ្មីនៃវឌ្ឍនភាព។ ជំនួយទៅកាន់សាលារដ្ឋ និងមហាវិទ្យាល័យបានបង្កើតឱ្យមានឱកាសយ៉ាងទូលំទូលាយ។ របកគំហើញវិទ្យាសាស្ត្របាននាំយើងទៅឋានព្រះច័ន្ទ្រ និងភពព្រះអង្គារ និងបានរកឃើញវ៉ាក់សាំង ហើយក៏បានផ្តល់ឱ្យយើងនូវប្រព័ន្ធអ៊ីនធើណេត និងអ្វីៗជាច្រើនទៀតផងដែរ។

ទាំងនេះគឺជាការវិនិយោគដែលយើងបានធ្វើរួមគ្នា ក្នុងនាមជាប្រទេសមួយ ហើយមានតែរដ្ឋាភិបាលទេដែលអាចធ្វើបាន។ ហើយវាក៏ជាមូលហេតុដែលខ្ញុំបានស្នើឱ្យមាន «ផែនការការងារអាមេរិក » «American Jobs Plan» ដែលជាផែនការការងារដ៏ធំបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី ២ ហើយវានឹងបង្កើតការងារដើម្បីធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់យើងដែលរួម មានផ្លូវថ្នល់ ស្ពាន និងផ្លូវហាយវេ កំពង់ផែ និងព្រលានយន្តហោះ ផ្លូវដែក និងខ្សែផ្លូវឆ្លងកាត់ ក៏ដូចជាប្រព័ន្ធទឹកស្អាត។

ផែនការការងារអាមេរិកនឹងបង្កើតការងារដែលផ្សារភ្ជាប់ប្រជាជនអាមេរិកគ្រប់រូបជាមួយនិងប្រព័ន្ធអ៊ីនធើណេតល្បឿនលឿន បូករួមទាំង ៣៥% នៃប្រជាជនអាមេរិកនៅតាមជនបទដែលនៅមិនទាន់មានអ៊ីនធើណិតប្រើប្រាស់ ហើយវិធានការនេះនឹងជួយឱ្យកូនៗ និងអាជីវកម្មរបស់យើងអាចទទួលបានជោគជ័យនៅក្នុងសេដ្ឋកិច្ចសតវត្សរ៍ទី ២១ ។

ផែនការការងារអាមេរិកក៏នឹងបង្កើតការងារតាមរយៈការបង្កើតបង្គោលខ្សែបណ្តាញអគ្គីសនីទំនើបដែលធន់ទៅនឹងព្យុះ ការវាយលុក និងបញ្ហាផ្សេងៗ ហើយផែនការការងារអាមេរិកនឹងជួយមនុស្សរាប់លាឋនាក់ឱ្យវិលត្រឡប់ទៅរកការងារនិងអាជីពរបស់ពួកគេវិញ។

ស្ត្រីចំនួន ២ លាននាក់ បានបាត់បង់ការងារនៅក្នុងអំឡុង ពេលកើតមានវីរុសរាតត្បាតនេះ ហើយគ្រួសារចំនួន ៨០០.០០០ កំពុងស្ថិតក្នុងបញ្ជីរង់ចាំរបស់ «កម្មវិធីធានារ៉ាប់រងសុខភាព » «Medicaid» ដើម្បីទទួលបានការមើលថែឪពុកម្តាយចាស់ជរា ឬមនុស្សជាទីស្រឡាញ់របស់ពួកគេ ដែលមានពិការភាព។ ផែនការការងារនេះនឹងជួយដល់ក្រុមគ្រួសារទាំងនេះ និងបង្កើតការងារសម្រាប់អ្នកថែទាំរបស់យើង ជាមួយនឹងប្រាក់ឈ្នួល និងអត្ថប្រយោជន៍កាន់តែប្រសើរជាងមុន។

អស់រយៈពេលជាយូរមកហើយ យើងបានភ្លេចប្រើពាក្យដ៏សំខាន់បំផុតមួយ នៅពេលនិយាយអំពីវិបត្តិអាកាសធាតុ ដែលនោះគឺ «ការងារ»។ សម្រាប់ខ្ញុំ ពេលខ្ញុំគិតដល់បញ្ហានៃការ ប្រែប្រួលអាកាសធាតុ ខ្ញុំក៏បានគិតដល់ការងារ។

ផែនការការងារអាមេរិកនឹងជម្រុញឱ្យវិស្វករ និងកម្មករសំណង់ដែលសាងសង់អគារនិងផ្ទះ ដែលមានលក្ខណៈសន្សំសំចៃថាមពល (Energy Efficient) ឱ្យបានកាន់តែច្រើនជាងមុន។ បុគ្គលិកអគ្គីសនីនឹងតំឡើងស្ថានីយ៍ បញ្ចូលចរន្តអគ្គិសនីចំនួន ៥០០.០០០ នៅតាមបណ្តោយផ្លូវហាយវ៉េរបស់យើង។ កសិករនឹងធ្វើការដាំដំណាំគម្របដី (Cover Crops) ។ ដូច្នេះពួកគេនឹងអាចកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតទៅក្នុងលំហរអាកាស និងទទួលបានអត្ថប្រយោជន៍បន្ថែមពីការធ្វើបែបនេះ។

ផែនការការងារអាមេរិកនឹងបង្កើតការងាររាប់លានកន្លែង ដែលមានប្រាក់ខែល្អ និងជាការងារដែលជនជាតិអាមេរិកអាចចិញ្ចឹមគ្រួសាររបស់ពួកគេបាន។ ហើយរាល់ការវិនិយោគក្នុងផែនការការងារអាមេរិកនឹងត្រូវផ្សារភ្ជាប់ទៅនឹងគោលការណ៍មួយ ដែលនោះគឺ «ទិញផលិតផលអាមេរិក» «Buy American»។

អ្នកជំនាញឯករាជ្យបានប៉ាន់ស្មានថា «ផែនការការងារអាមេរិកនឹងបន្ថែមការងាររាប់លានកន្លែង និងប្រាក់រាប់ពាន់លាន ដុល្លារទៅក្នុងកំណើន សេដ្ឋកិច្ចសម្រាប់ឆ្នាំខាងមុខ»។ ជិត ៩០% នៃការងារផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវបានបង្កើតនៅក្នុងផែនការការងារអាមេរិក មិនត្រូវការសញ្ញាបត្រមហាវិទ្យាល័យទេ ហើយ ៧៥% ក៏នឹងមិនត្រូវការសញ្ញាប័ត្ររងនោះដែរ។

ផែនការការងារអាមេរិកគឺជាប្លង់មេមួយដើម្បីកសាងអាមេរិក ហើយនេះក៏ជាមូលហេតុដែលខ្ញុំអំពាវនាវឱ្យសភាអនុម័ត «ច្បាប់ការពារសិទ្ធិក្នុងការរៀបចំ» «Protecting the Right to Organize Act-PRO» ដើម្បីគាំទ្រដល់សិទ្ធិក្នុងការបង្កើតសហជីព។

ដូចគ្នានេះដែរ សូមអនុម័តលើប្រាក់ឈ្នួលអប្បបរមា ១៥ ដុល្លារ។ មនុស្សគ្រប់រូបដែលធ្វើការលើស ៤០ ម៉ោងក្នុងមួយសប្តាហ៍ មិនគួរបន្តរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រនោះទេ។

ហើយយើងត្រូវធានាឱ្យបាននូវសមភាព និងឱកាសកាន់តែប្រសើរសម្រាប់ស្ត្រី ហើយយើងនឹងពិនិត្យមើល «ច្បាប់ស្តីពីយុត្តិធម៍នៃប្រាក់ឈ្នួល » «Paycheck Fairness Act» ដើម្បីអាចឱ្យគ្រប់គ្នាទទួលបានប្រាក់ខែដោយស្មើភាពគ្នា។

ទីបំផុត ផែនការការងារអាមេរិកនឹងធ្វើឱ្យការស្រាវជ្រាវ និងការអភិវឌ្ឍដែលមិន ពាក់ព័ន្ធនឹងវិស័យការពារជាតិទទួលបាននូវការរីកចម្រើន។ យើងនឹងឃើញការផ្លាស់ប្តូរផ្នែកបច្ចេកវិទ្យាកាន់តែច្រើននៅក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ដែលនឹងមានលក្ខណៈខ្លាំងក្លាជាងអ្វីដែលយើងបានឃើញក្នុងរយៈពេល ៥០ ឆ្នាំចុងក្រោយនេះ។

ប៉ុន្តែ យើងកំពុងដើរក្រោយគេនៅក្នុងការប្រកួតប្រជែងនេះ។ ជាច្រើនទសវត្សរ៍កន្លងមក យើងធ្លាប់វិនិយោគ ២% នៃ ផ.ស.ស របស់យើងទៅលើការស្រាវជ្រាវនិងអភិវឌ្ឍន៍។ ក៏ប៉ុន្តែសព្វថ្ងៃនេះ យើងបានចំណាយតិចជាង ១% ខណៈដែលប្រទេសចិន និងបណ្តាប្រទេសផ្សេងទៀតបានដើរ ទៅមុខយ៉ាងឆាប់រហ័ស។

ក្រសួងការពារជាតិមានទីភ្នាក់ងារមួយដែលមានឈ្មោះថា «DARPA» ដែលជាទីភ្នាក់ងារទទួលខុសត្រូវលើគម្រោងស្រាវជ្រាវជាន់ខ្ពស់ផ្នែកការពារជាតិដែល នឹងធ្វើការលើការអភិវឌ្ឍនូវរបកគំហើញនានា ដើម្បីបង្កើនសន្តិសុខជាតិរបស់យើង។

វិទ្យាស្ថានជាតិសុខភាព (NIH) ក៏គួរតែបង្កើតជាទីភ្នាក់ងារទទួលខុសត្រូវលើគម្រោងស្រាវជ្រាវជាន់ខ្ពស់បែបនេះផងដែរសម្រាប់វិស័យសុខាភិបាលដើម្បីអភិវឌ្ឍរបកគំហើញថ្មីៗ ដើម្បីការពារ ស្រាវវជ្រាវ និងព្យាបាលជំងឺ ដូចជាជំងឺភ្លេចភ្លាំង ទឹកនោមផ្អែម និងមហារីកជាដើម។

ការវិនិយោគលើវិស័យការងារ និងហេដ្ឋារចនាសម្ព័ន្ធ ដូចជាអ្វីដែលយើងកំពុងនិយាយនេះ តែងតែទទួលបានការគាំទ្រពីគណបក្សទាំង២។

អនុប្រធានាធិបតី Harris និងខ្ញុំ តែងតែជួបគ្នាជាទៀងទាត់នៅក្នុងការិយាល័យ «Oval Office» ជាមួយគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ដើម្បីពិភាក្សាអំពីផែនការការងារអាមេរិក។

ពិភពលោកទាំងមូលមិនបានរង់ចាំយើងទេ ហើយការមិនធ្វើអ្វីទាំងអស់ ក៍មិន មែនជាជម្រើសនោះដែរ។ យើងមិនអាចមមាញឹកខ្លាំងរហូតដល់ភ្លេចការប្រកួតប្រជែងនៅលើពិភពលោក ដើម្បីទាញយកជ័យជម្នះនៅក្នុងសតវត្សរ៍ទី ២១ នោះទេ។

ដើម្បីអាចឈ្នះការប្រកួតប្រជែងនាពេលអនាគត យើងក៏ត្រូវធ្វើការវិនិយោគនៅក្នុងគ្រួសាររបស់យើង និងទៅលើកូនៗរបស់យើង ហើយនេះគឺជាមូលហេតុដែលខ្ញុំនឹងលើកឡើងអំពី «ផែនការគ្រួសារអាមេរិក» «American Families Plan» នៅយប់នេះផងដែរ ដែលនឹងបង្ហាញអំពីបញ្ហាប្រឈមធំបំផុតចំនួន ៤ នៅក្នុងគ្រួសារអាមេរិកសព្វថ្ងៃ។

ទី ១ : គឺ «ការទទួលបានការអប់រំល្អ» ។ យើងធ្លាប់ជាប្រទេសដែលមានការអប់រំខ្ពស់ និងមានរបៀបរៀបរយល្អបំផុតនៅលើពិភពលោក។ ប៉ុន្តែ ការអប់រំរយៈពេល ១២ ឆ្នាំ នឹងមិនគ្រប់គ្រាន់ដើម្បីចូលរួមប្រកួតប្រជែងក្នុងសតវត្សរ៍ទី២១ នេះទេ។

ដូច្នេះ ផែនការគ្រួសារអាមេរិកនឹងធានានូវការអប់រំសាធារណៈរយៈពេល ៤ ឆ្នាំបន្ថែមទៀតសម្រាប់មនុស្សគ្រប់រូបនៅអាមេរិក។ យើងនឹងបន្ថែមការអប់រំនៅថ្នាក់មត្តេយ្យ ដែលមានគុណភាពខ្ពស់រយៈពេល ២ ឆ្នាំសម្រាប់រាល់កុមារអាយុ ៣ និង ៤ ឆ្នាំនៅអាមេរិក ហើយបន្ទាប់មក យើងនឹងបន្ថែមការអប់រំនៅកម្រិតមហាវិទ្យាល័យសហគមន៍ដោយឥតគិតថ្លៃរយៈពេល ២ ឆ្នាំ។

ទី២ : គឺ «លទ្ធភាព ក្នុងការទទួលបានការថែទាំកុមារប្រកប ដោយគុណភាពនិងតំលៃសមរម្យ» ។ យើងនឹងធានាថា «ក្រុមគ្រួសារដែលមានប្រាក់ចំណូលទាបនិងមធ្យម នឹងមិនចំណាយលើសពី ៧% នៃប្រាក់ចំណូលរបស់ពួកគេសម្រាប់ការថែទាំដែលមានគុណភាពខ្ពស់សម្រាប់កុមាររហូតដល់អាយុ ៥ ឆ្នាំ»។

ទី ៣ : គឺ «ការឈប់សម្រាកសម្រាប់គ្រួសារ» «Family Leave» និង«ការឈប់សម្រាកដើម្បីព្យាបាលជំងឺ » «Medical Leave ដល់ទៅ ១២ សប្តាហ៍»  ។ គ្មាននរណាម្នាក់នឹងត្រូវបង្ខំឱ្យជ្រើសរើស រវាងការងារ ប្រាក់ខែ និងការថែរក្សាខ្លួនឯង និងមនុស្សជាទីស្រឡាញ់ ដូចជាឪពុកម្តាយ ប្តី ឬប្រពន្ធនោះទេ។

ហើយទី ៤ : គឺ «ផែនការគ្រួសារអាមេរិកនឹងផ្ទេរប្រាក់ ដោយផ្ទាល់ទៅក្នុងហោប៉ៅរបស់គ្រួសារចំនួនរាប់លានគ្រួសារ»។ នៅក្នុងខែមីនា យើងបានពង្រីកឥណទានពន្ធសម្រាប់កុមារគ្រប់រូបនៅក្នុងគ្រួសារ ដោយក្នុងនោះ ឥណទានពន្ធកុមារ (Child Tax Credit) ដែលមានអាយុលើស ពី ៦ ឆ្នាំឡើងទៅនឹងមានចំនួន ៣.០០០ ដុល្លារ និង ៣.៦០០ ដុល្លារសម្រាប់កុមារអាយុក្រោម ៦ ឆ្នាំ។

ដូច្នេះ ឪពុកម្តាយដែលមានកូន ២ នាក់ នឹងអាចទទួលបានប្រាក់រហូតដល់ ៧.២០០ ដុល្លារ ដែលចំនួននេះនឹងអាចជួយដល់គ្រួសាររបស់ពួកគេបាន ហើយវាក៏នឹងអាចជួយដល់កុមារជាង ៦៥ លាននាក់ ក៏ដូចជាជួយកាត់បន្ថយអត្រានៃភាពក្រីក្ររបស់កុមារនៅឆ្នាំនេះ។

ផែនការជួយសង្គ្រោះអាមេរិកបាន បញ្ចុះថ្លៃធានារ៉ាប់រងសុខភាពសម្រាប់ជនជាតិអាមេរិកចំនួន ៩ លាននាក់ដែលបាន ទិញការធានារ៉ាប់រងរបស់ពួកគេក្រោម «ច្បាប់ថែទាំដោយ តំលៃសមរម្យ » «Affordable Care Act»។

បន្ថែមពីលើផែនការគ្រួសារនៅឆ្នាំនេះ ខ្ញុំនឹងធ្វើការជាមួយសភាដើម្បីដោះស្រាយបញ្ហាអាទិភាពសំខាន់ៗផ្សេងទៀតសម្រាប់គ្រួសារអាមេរិក។

ច្បាប់ថែទាំដោយតំលៃសមរម្យ «Affordable Care Act» មានសារសំខាន់ណាស់សម្រាប់ប្រជាជនអាមេរិករាប់លាននាក់ ហើយយើងនឹងធ្វើការកាត់បន្ថយថ្លៃថ្នាំដែលចេញតាមវេជ្ជបញ្ជា ខណៈដែល យើងទាំងអស់គ្នាបាន ដឹងហើយថា «តម្លៃថ្នាំនៅអាមេរិកមានតម្លៃជិត ៣ ដង ថ្លៃជាងប្រទេសដទៃទៀត»។

ខ្ញុំនឹងមិនដាក់ពន្ធលើប្រជាជនដែលរក ប្រាក់បានតិចជាង ៤ ម៉ឺនដុល្លារក្នុងមួយឆ្នាំនោះទេ ហើយវាដល់ពេលហើយដែលក្រុមហ៊ុនអាមេរិកនិងសាជីវកម្មអាមេរិកចំនួន ១% ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភបំផុត ត្រូវបង់ចំណែករបស់ពួកគេ។

ការសិក្សានាពេលថ្មីៗនេះបានបង្ហាញថា «កាលពីឆ្នាំទៅក្រុមហ៊ុនចំនួន ៥៥ នៃសាជីវកម្មធំបំផុតរបស់ប្រទេសអាមេរីកមិនបានបង់ពន្ធប្រាក់ចំណូលដល់សហព័ន្ធនោះទេចំពោះប្រាក់ចំណេញជាង ៤០ ពាន់លានដុល្លាររបស់ពួកគេ» ហើយក្រុមហ៊ុនជាច្រើនទៀតក៏បានគេចវេសពីការបង់ពន្ធផងដែរ តាមរយៈការបង្វែរប្រាក់ចំណេញនៅបរទេស។

យើងនឹងធ្វើកំណែទម្រង់ពន្ធសាជីវកម្ម។ ដូច្នេះពួកគេនឹងបង់ចំណែករបស់ពួកគេ និងជួយចំណាយសម្រាប់ការ វិនិយោគលើវិស័យសាធារណៈ។

ខ្ញុំនឹងមិនដាក់ទណ្ឌកម្មលើនរណាម្នាក់ទេ។ ក៏ប៉ុន្តែខ្ញុំក៏នឹងមិនបន្ថែមបន្ទុកពន្ធលើវណ្ណៈកណ្តាលនៅក្នុងប្រទេសនេះដែរ ខណៈដែលពួកគេបានចំណាយមកច្រើនគ្រប់គ្រាន់ហើយ។ អ្វីដែលខ្ញុំបានស្នើគឺជារឿងដែលត្រឹមត្រូវ ហើយវាគឺជាការទទួលខុសត្រូវផ្នែកសារពើពន្ធ។

ការធ្វើបែបនេះនឹងបង្កើនប្រាក់ចំណូលដើម្បីយកមកចំណាយលើផែនការ ដែលខ្ញុំបានស្នើដែលនឹងបង្កើតការងាររាប់លានកន្លែង និងធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើន។

វាដល់ពេលហើយ ដែលយើងត្រូវធ្វើឱ្យសេដ្ឋកិច្ចរីកលូតលាស់ពីខាងក្រោមឡើងទៅលើ និងចេញពីវណ្ណៈកណ្តាល។ ការមូលមតិគ្នាយ៉ាងទូលំទូលាយរបស់អ្នកសេដ្ឋកិច្ច ទាំងឆ្វេង ទាំងស្តាំ និងទាំងអ្នកនៅកណ្តាលដែលសុទ្ធតែយល់ស្របថា «អ្វីដែលខ្ញុំស្នើនឹងជួយបង្កើតការងាររាប់លានកន្លែង ហើយវានឹងជម្រុញកំណើនសេដ្ឋកិច្ចជាប្រវត្តិសាស្ត្រ»។

ខ្ញុំបាននិយាយជាញឹកញាប់ហើយថា «ភាពខ្លាំងបំផុតរបស់យើងគឺជាអំណាចនៃគម្រូរបស់យើងដែលមិនមែនគម្រូនៃអំណាចរបស់យើងនោះទេ»។ យើងត្រូវតែបង្ហាញទៅកាន់ពិភពលោកថា «យើងមិនត្រឹមតែត្រឡប់មកវិញទេ តែយើងក៏នឹងបន្តស្ថិតនៅទីនេះផងដែរ ហើយយើងនឹងមិនធ្វើដំណើររតែឯងនោះទេ គឺយើងនឹងដឹកនាំជាមួយសម្ព័ន្ធមិត្តរបស់យើង»។

គ្មានប្រទេសណាមួយអាចដោះស្រាយវិបត្តិទាំងអស់នាពេលនេះបានតែម្នាក់ឯងនោះទេ រាប់ចាប់ពីបញ្ហាភេរវកម្ម រហូតដល់ការរីកសាយនុយក្លេអ៊ែរ រហូតដល់ការធ្វើចំណាកស្រុកទ្រង់ទ្រាយធំ បញ្ហាសន្តិសុខតាមប្រព័ន្ថអ៊ីនធើណិត ការប្រែប្រួលអាកាសធាតុ និងដូចដែលយើងកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះគឺ «រោគរាតត្បាត»។

នៅពេលដែលការផ្គត់ផ្គង់វ៉ាក់សាំងរបស់យើងមានការកើនឡើង និងអាចបំពេញតម្រូវការរបស់យើងបានគ្រប់គ្រាន់ហើយ យើងនឹងក្លាយជាឃ្លាំងវ៉ាក់សាំងសម្រាប់ប្រទេសដទៃទៀត «ដូចកាល ដែលអាមេរិកធ្វើជាឃ្លាំងនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងសង្គ្រាមលោកលើកទី ២ ដែរ» ។

វិបត្តិអាកាសធាតុក៏មិនមែនជាបញ្ហាប្រឈមរបស់យើងតែម្នាក់ឯងដែរ។ វាជាបញ្ហាប្រឈមជាសកល។ សហរដ្ឋអាមេរិកមានការបំភាយកាបូនតិចជាង ១៥% ខណៈ ដែលបណ្តាប្រទេសដទៃទៀតនៅលើពិភពលោកបានបញ្ចេញ ៨៥% ។

នេះជាមូលហេតុ ដែលធ្វើឱ្យខ្ញុំបានរក្សាការប្តេជ្ញាចិត្តរបស់ខ្ញុំ ដើម្បីចូលរួមនៅក្នុងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឡើងវិញនៅថ្ងៃដំបូងរបស់ខ្ញុំនៅក្នុងការិយាល័យ។ ហើយខ្ញុំក៏បានរក្សាការប្តេជ្ញាចិត្តរបស់ខ្ញុំ ក្នុងការកោះប្រជុំកំពូលស្តីពីបញ្ហាអាកាសធាតុនៅអាមេរិក ជាមួយបណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំៗទាំងអស់នៅលើពិភពលោក រាប់ចាប់ពីប្រទេសចិននិងរុស្ស៊ី ទៅដល់ឥណ្ឌានិងសហភាពអឺរ៉ុបនៅក្នុងរយៈពេល ១០០ ថ្ងៃដំបូងរបស់ខ្ញុំ។

ខ្ញុំចង់ឱ្យពិភពលោកមើលឃើញការមូលមតិគ្នាមួយនៅក្នុងប្រវត្តិសាស្ត្រ ដែលអាចឱ្យយើងចាត់វិធានការរួមគ្នាដើម្បីជួយសង្គ្រោះភពផែនដី ហើយយើងក៏អាចបង្កើតការងាររាប់លានកន្លែង និងជម្រុញកំណើនសេដ្ឋកិច្ច ក៏ដូចជាបង្កើតឱកាស ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់មនុស្សគ្រប់គ្នានៅលើពិភពលោក។

ការវិនិយោគដែលខ្ញុំបានស្នើនៅយប់នេះក៏នឹងជួយពង្រឹងគោលនយោបាយការបរទេស ដែលផ្តល់ផលប្រយោជន៍ដល់វណ្ណៈកណ្តាលផងដែរ និងដែលមានន័យថា «ប្រជាជាតិទាំងអស់នឹងដើរតួនាទីស្រប តាមច្បាប់និងដោយ ស្មើភាពគ្នានៅក្នុងសេដ្ឋកិច្ចពិភពលោក បូករួមទាំងប្រទេសចិនផងដែរ»។

នៅក្នុងការពិភាក្សារបស់ខ្ញុំជាមួយប្រធានាធិបតី ស៊ី ជីនពីង ខ្ញុំបានប្រាប់គាត់ថា «យើងស្វាគមន៍ការប្រកួតប្រជែង ហើយយើងមិនចង់ឱ្យមានជម្លោះនោះទេ»។ ប៉ុន្តែខ្ញុំក៏បានបញ្ជាក់យ៉ាងច្បាស់ថា «ខ្ញុំនឹងការពារផលប្រយោជន៍របស់អាមេរិកហើយអាមេរិកនឹងប្រឆាំងនឹងការអនុវត្តពាណិជ្ជកម្មដែលមានលក្ខណៈអយុត្តិធម៌»។

ខ្ញុំក៏បានប្រាប់ប្រធានាធិបតី ស៊ី ដែរថា «យើងនឹងរក្សាវត្តមានយោធាដ៏ខ្លាំងមួយនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដូចដែលយើងបានធ្វើជាមួយ ណាតូ នៅអឺរ៉ុបដែរ ក៏ប៉ុន្តែមិនមែនដើម្បីចាប់ផ្តើមជម្លោះទេ គឺដើម្បីការពារពីជម្លោះ»។

ហើយខ្ញុំបានប្រាប់គាត់អំពីអ្វីដែលខ្ញុំបាន និយាយទៅកាន់មេដឹកនាំពិភពលោកជាច្រើនថា «អាមេរិកនឹងមិនងាកចេញពីការប្តេជ្ញាចិត្តរបស់យើងចំពោះសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋានទេ»។

ទាក់ទងនឹងប្រទេសរុស្ស៊ី ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ប្រធានាធិបតី ពូទីន ថា «បើទោះបី ជាយើងមិនបានបង្កើន វិធានការក៏ដោយ ក៏សកម្មភាពរបស់ពួកគេនឹងទទួលរងនូវបច្ច័យ» ហើយខ្ញុំក៏បានឆ្លើយតបដោយផ្ទាល់ទៅនឹងការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោត និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណេតមកលើរដ្ឋាភិបាល និងអាជីវកម្មរបស់យើង។

ប៉ុន្តែយើងក៏អាចសហការគ្នាបានដែរ ប្រសិនបើវាអាចផ្តល់ផលប្រយោជន៍ទៅ វិញទៅមក ដូចដែលយើងបានធ្វើនៅពេលដែលយើងបានពង្រីកសន្ធិសញ្ញា «START» ថ្មីស្តីពីអាវុធនុយក្លេអ៊ែរ និងដូចអ្វីដែលយើងកំពុងធ្វើដើម្បីដោះស្រាយវិបត្តិអាកាសធាតុ។

ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ និងកូរ៉េខាងជើង ដែលបង្ហាញការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខរបស់អាមេរិក និងសន្តិសុខរបស់ពិភពលោក យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តរបស់យើងដើម្បីដោះស្រាយការគំរាមកំហែងដែលបង្កឡើងដោយប្រទេសទាំង ២ តាមរយៈការទូត និងទណ្ឌកម្ម។

ហើយអាមេរិកនឹងបញ្ចប់សង្គ្រាមរ៉ាំរ៉ៃនៅអាហ្វហ្គានីស្ថាន។ យើងមានកម្លាំងប្រយុទ្ធដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក។ យើងបានទៅអាហ្វហ្គានីស្ថានដើម្បីចាប់ខ្លួនភេរវករដែលបានវាយប្រហារពួកយើងនៅថ្ងៃទី ៩​/១១។យើងបានទទួលរួចហើយនូវយុត្តិធម៌ពី អូសាម៉ា ប៊ីនឡាឌិន ហើយយើងក៏បានកាត់បន្ថយការគំរាមកំហែងនៃភេរវកម្ម ដែលបង្កឡើងដោយ អាល់កៃដា នៅក្នុងប្រទេសអាហ្វហ្គានីស្ថានផងដែរ។

បន្ទាប់ពីរយៈពេល ២០ ឆ្នាំ នៃការប្រើកម្លាំងនិងការលះបង់របស់អាមេរិក វាដល់ពេលដែលយើងត្រូវនាំកងទ័ពរបស់យើងត្រឡប់មកផ្ទះវិញហើយ។ ប៉ុន្តែ បើទោះបីជាយើងធ្វើបែបនេះក៏ដោយ ក៏យើងនៅតែធានាឱ្យបាននូវការកាត់បន្ថយការគំរាមកំហែងនាពេលអនាគតផងដែរ។

ប៉ុន្តែ ការគំរាម កំហែងនៃភេរវកម្មបានកើតមាននៅក្រៅប្រទេសអាហ្វហ្គានីស្ថាន ចាប់តាំងពីឆ្នាំ ២០០១ ដោយក្នុងនោះ អាល់កៃដា និង ISIS បានស្ថិតនៅយេម៉ែន, ស៊ីរី, សុម៉ាលី និងកន្លែងផ្សេងទៀតនៅអាហ្វ្រិកនិងមជ្ឈិមបូព៌ា និងនៅតំបន់ដទៃទៀត។

យើងទាំងអស់គ្នាបានឃើញអំពីភាពអយុត្តិធម៌ដែលបានកើតមានលើជនជាតិអាមេរិកាំងស្បែកខ្មៅ ដូចជា George Floyd ជាដើម។ ឥឡូវនេះគឺជាឱកាសរបស់យើងដើម្បីធ្វើឱ្យមានការរីកចម្រើនពិតប្រាកដ។

ជនជាតិអាមេរិកកាំងរបស់ខ្ញុំ! យើងត្រូវរួមគ្នាដើម្បីកសាងទំនុកចិត្តឡើងវិញ និងដើម្បីលុបបំបាត់ការរើសអើងជាតិសាសន៍នៅក្នុងប្រព័ន្ធយុត្តិធម៌របស់យើង។

ខ្ញុំដឹងថា «គណបក្សសាធារណរដ្ឋមានគំនិតផ្ទាល់ខ្លួន» ហើយពួកគេនឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយក្រុមអ្នកប្រជាធិបតេយ្យ។ យើងត្រូវធ្វើការជាមួយគ្នាដើម្បីស្វែងរកការមូលមតិគ្នា។

ជាមួយនឹងផែនការដែលខ្ញុំបានគូសបញ្ជាក់នៅយប់នេះ យើងមានឱកាស ពិតប្រាកដដើម្បីលុបបំបាត់ការរើសអើងជាតិសាសន៍ដែលបំផ្លាញជីវិតជនជាតិអាមេរិក តាមរបៀបផ្សេងៗជាច្រើន ហើយយើងក៏អាចមាន ឱកាសដើម្បីផ្តល់សមធម៌ពិតប្រាកដ ការងារដ៏ល្អ និងសាលារៀនដ៏ល្អ ផ្ទះមានតំលៃសមរម្យ ខ្យល់អាកាសនិងទឹកស្អាត បូករួមនឹងឱកាសពិតប្រាកដសម្រាប់ជនជាតិអាមេរិកាំងទាំងអស់ ទាំងស្បែកខ្មៅ, ស, អាមេរិកឡាទីន, ជនជាតិអាមេរិកាំងដើមកំណើតអាស៊ីអាមេរិក, និងជនជាតិដើមអាមេរិក។

ខ្ញុំក៏សូមថ្លែងអំណរគុណដល់ព្រឹទ្ធសភាដែលបាន បោះឆ្នោតក្នុងសម្លេង ៩៤-១ ដើម្បីអនុម័តច្បាប់ «COVID-19 Hate Crimes Act» ដើម្បីការពារជនជាតិអាមេរិកាំងដើមកំណើតអាស៊ីនិងកោះប៉ាស៊ីហ្វិកពីឧក្រិដ្ឋកម្មដ៏កាចសាហាវដែលយើងបានឃើញនៅក្នុងឆ្នាំកន្លងមកនេះ។

ខ្ញុំក៏សង្ឃឹមថា «សភាអាចអនុម័តនូវច្បាប់សមភាព Equality Act» ដើម្បីការពារសិទ្ធិរបស់អ្នកស្រលាញ់ភេទដូចគ្នា ដែលជាជនជាតិអាមេរិកាំង»។

ហើយយើងក៏នឹងពិចារណាអំពីច្បាប់ហិង្សាលើស្ត្រី «Violence Against Women Act» ខណៈដែលតាមការប៉ាន់ប្រមាណ «ស្ត្រីច្រើនជាង ៥០ នាក់ត្រូវបាន បាញ់សម្លាប់ដោយដៃគូជិតស្និទ្ធរបស់ខ្លួន ជារៀងរាល់ខែនៅអាមេរិក»។

អំពើហិង្សាដោយកាំភ្លើងគឺជាជំងឺរាតត្បាតមួយនៅអាមេរិក។ ក៏ប៉ុន្តែខ្ញុំដឹងថា «វាគឺជាកិច្ចការដ៏លំបាកក្នុងការដោះស្រាយបញ្ហានេះ»។ ខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីការពារប្រជាជនអាមេរិកពីការរាតត្បាតនៃអំពើហិង្សាដោយកាំភ្លើង។

ជនអន្តោប្រវេស្តន៍ តែងតែមានសារៈសំខាន់ចំពោះអាមេរិក។ សូមបញ្ចប់សង្គ្រាមដ៏ហត់នឿយរបស់យើងលើជនអន្តោប្រវេស្តន៍។ អស់រយៈពេលជាង ៣០ ឆ្នាំមកហើយដែលអ្នកនយោបាយបាន និយាយអំពីការធ្វើកំណែទម្រង់លើបញ្ហាអន្តោប្រវេសន៍ តែមិនបានធ្វើអ្វីទាំងអស់។

នៅថ្ងៃទី ១ ក្នុងតំណែងជាប្រធានាធិបតីរបស់ខ្ញុំ ខ្ញុំបានរក្សាការប្តេជ្ញាចិត្តរបស់ខ្ញុំ ហើយខ្ញុំបានផ្ញើច្បាប់អន្តោប្រវេសន៍ដ៏ទូលំទូលាយមួយទៅកាន់សភា។

យើងក៏ត្រូវស្វែងយល់ពីដើមចមនៃមូលហេតុដែលធ្វើឱ្យមនុស្សភៀសខ្លួនមកកាន់ព្រំដែនភាគខាងត្បូងរបស់យើង ពីប្រទេស Guatemala Honduras, El Salvador ដើម្បីគេចចេញពីអំពើពុករលួយ, ក្រុមក្មេង ទំនើង, អស្ថិរភាព នយោបាយ, ភាព​អត់​ឃ្លាន, ខ្យល់ព្យុះ និងការរញ្ជួយផែនដី។

នៅពេលខ្ញុំធ្វើជាអនុប្រធានាធិបតី ខ្ញុំបានផ្តោតលើការផ្តល់ជំនួយដែលចាំបាច់ ដើម្បីដោះស្រាយបញ្ហានៃការធ្វើចំណាកស្រុកទាំងនេះ ហើយផែនការរបស់យើងបានដំណើរការ។ ក៏ប៉ុន្តែរដ្ឋបាលមុនបានបិទវាចោល។

ខ្ញុំកំពុងស្តារកម្មវិធី នេះឡើងវិញ ហើយនិងបានស្នើឱ្យលោកស្រីអនុប្រធានាធិបតី Harris ដឹកនាំកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់យើង។ ជនអន្តោប្រវេសន៍បានធ្វើអ្វីៗជាច្រើនសម្រាប់សហរដ្ឋអាមេរិកក្នុងពេលកើតមានជំងឺរាតត្បាត ដូចដែលពួកគេបានធ្វើនៅទូទាំងប្រវត្តិសាស្ត្ររបស់យើង។

ហើយប្រសិនបើ យើងចង់ស្តារព្រលឹងរបស់អាមេរិកឡើងវិញ យើងចាំបាច់ត្រូវការពារសិទ្ធិដ៏ពិសិដ្ឋក្នុងការបោះឆ្នោត។ ប្រជាជនបានបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាពេលចុងក្រោយនេះច្រើនជាងពេលណាៗទាំងអស់ ដែលនេះគួរតែជារឿងដែលគួរសាទរ ក៏ប៉ុន្តែវាបែរជាបានរងនូវការវាយប្រហារទៅវិញ។ ដូច្នេះ សភាគួរតែអនុម័តច្បាប់ H.R.1 និងច្បាប់ស្តីពីសិទ្ធិបោះឆ្នោត «John Lewis» ឱ្យបានលឿន។

នៅពេលដែលយើងប្រមូលផ្តុំគ្នានៅយប់នេះ រូបភាពនៃហ្វូងមនុស្សដ៏ឃោរឃៅដែលបាន វាយប្រហារលើអគារកាពីតូល និងលទ្ធិប្រជាធិបតេយ្យរបស់យើង នៅតែដក់ជាប់នៅក្នុងគំនិតរបស់យើង។

គូសត្រូវរបស់អាមេរិកដែលជារដ្ឋផ្តាច់ការរបស់ពិភពលោកចង់ឃើញអាមេរិកត្រូវបានញាំញីដោយកំហឹង ការ បែកបាក់ និងអំពើឃោឃៅ។ យើងត្រូវបង្ហាញទៅ ពួកគេថា «ប្រជាធិបតេយ្យនឹងនៅតែដំណើរការ  រដ្ឋាភិបាលរបស់យើងនឹងនៅតែដំណើរការ»។

ក្នុងរយៈពេល ១០០ ថ្ងៃដំបូងរបស់យើង យើងបានចាត់វិធានការដើម្បីស្តារជំនឿរបស់ប្រជាជនមកលើលទ្ធិប្រជាធិបតេយ្យរបស់យើងឡើងវិញ។

យើងកំពុងចាក់វ៉ាក់សាំងនៅក្នុងប្រទេស។ យើងកំពុងបង្កើតការងាររាប់រយរាប់ពាន់កន្លែង។ យើងកំពុងផ្តល់នូវលទ្ធផលជាក់ស្តែង ដែលមនុស្សអាចមើលឃើញ និងអាចទទួលបាននៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ហើយយើងក៏កំពុងបើកឱកាសនិងធានានូវភាពយុត្តិធម៌ និងភាពស្មើភាពគ្នា។

រដ្ឋធម្មនុញ្ញរបស់យើងចាប់ផ្តើមដោយពាក្យថា «យើងទាំងអស់គ្នា ក្នុងនាមជាប្រជាជន» (We the People)។ ជនផ្តាច់ការនឹងមិនអាចទទួលជោគជ័យនៅពេលអនាគតទេ តែអាមេរិកនឹងអាចទទួលបានជ័យជម្នះ។ អនាគតនឹងក្លាយជារបស់អាមេរិក។

ខ្ញុំឈរនៅទីនេះនៅយប់នេះ និងនៅចំពោះមុខអ្នកទាំងអស់គ្នា ហើយខ្ញុំអាចនិយាយបានយ៉ាងជឿជាក់ថា «ខ្ញុំមិនដែលមានទំនុកចិត្ត ឬសុទិដ្ឋិនិយមចំពោះអាមេរិកខ្លាំងដូចពេលនេះទេ»។

យើងបានរងនូវបញ្ហាជាច្រើន ក៏ប៉ុន្តែយើងទាំងអស់គ្នាក្នុងនាមជាប្រជាជន មិនបានរាថយនោះទេ។ ជាមួយនឹងពន្លឺនិងក្តីសង្ឃឹម យើងនឹងអាចបង្កើតបាននូវកម្លាំងថ្មី និងដំណោះស្រាយថ្មី ដើម្បីអាចឱ្យយើងយកឈ្នះលើការប្រកួតប្រជែងនៅក្នុងសតវត្សរ៍ទី ២១ នេះបាន ។

យើងគឺជាសហរដ្ឋអាមេរិក ហើយគ្មានអ្វីដែលលើសពីសមត្ថភាពរបស់យើង ហើយក៏គ្មានអ្វីដែលយើងមិនអាចធ្វើបាននោះដែរ ប្រសិនបើយើងរួបរួមគ្នា៕ Asian Nikkei