ខ្មែរប៉ុស្ដិ៍ Close

ឆ្នាំថ្មី, សភាថ្មី, ហានិភ័យសេដ្ឋកិច្ចថ្មី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 58
ឆ្នាំថ្មី, សភាថ្មី, ហានិភ័យសេដ្ឋកិច្ចថ្មី ឆ្នាំថ្មី, សភាថ្មី, ហានិភ័យសេដ្ឋកិច្ចថ្មី

ចលាចលផ្នែកសេដ្ឋកិច្ច, ហិរញ្ញវត្ថុ, និងនយោបាយនៅឆ្នាំ ២០២២ បានបង្ហាញអំពីភាពមានកម្រិតនៃការព្យាករ។ បើយើងក្រលេកមើលទៅកាន់ចក្ខុវិស័យកាលពីពាក់កណ្តាលឆ្នាំ ២០២១ ពេលនោះមានអ្នកសង្កេតការតិចតួចបំផុតដែលបានបង្ហាញនូវការព្រួយបារម្ភអំពីអត្រាអតិផរណា ហើយខ្ញុំគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សមួយក្រុមតូចនោះផងដែរ។

មតិឯកច្ឆន្ទ «Blue Chip» ដែលជាការឆ្លុះបញ្ចាំងនូវទស្សនៈយល់ឃើញរបស់អ្នកព្យាករវិស័យឯកជនចំនួន ៥០ រូបនោះបានឱ្យដឹងថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់អាមេរិកនឹងកើនឡើងត្រឹមតែ ២,៥% ប៉ុណ្ណោះនៅឆ្នាំ ២០២២។ ប៉ុន្តែនៅក្នុងរយៈពេល ១២ ខែចុងក្រោយនេះ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ «ស្នូល» (core consumer price index) ដែលបានផាត់ចេញនូវតម្លៃរបស់ស្បៀងអាហារនិងថាមពលដែលកំពុងតែមានលក្ខណៈផុយស្រួយហើយនោះ បានកើនឡើងរហូតដល់ ៦%។

ស្រដៀងគ្នានេះដែរ ធនាគារកណ្តាលរបស់អាមេរិកបានព្យាករថា សន្ទស្សន៍នៃការចំណាយទៅលើការប្រើប្រាស់របស់បុគ្គលត្រូវបានគេរំពឹងថានឹងកើនឡើងត្រឹមតែ ២,៧% ប៉ុណ្ណោះ តែពេលនេះវាបានកើនឡើង រហូតដល់ ៥%។

ក្រោយមក នៅពេលអត្រាអតិផរណាចាប់ផ្តើមហក់ឡើង ក្រុមអ្នកសង្កេតការជាច្រើនទទូចថា «វាគ្រាន់តែជារឿងបណ្តោះអាសន្នតែប៉ុណ្ណោះ»។ គោលនយោបាយរឹតបន្តឹងរូបិយវត្ថុយ៉ាងលឿនជាប្រវត្តិសាស្ត្ររបស់ធនាគារកណ្តាលអាមេរិកដែលបានដំឡើងអត្រាគោលនយោបាយរបស់ខ្លួនម្តងហើយម្តងទៀតចំនួន ០,៧៥% ហើយក្រោយមកក៏បានបន្ថយមកនៅត្រឹម ០,៥% នៅក្នុងខែនេះ គឺកម្រស្ថិតនៅក្នុងការតាមឃ្លាំមើលរបស់អ្នកសង្កេតការធនាគារកណ្តាលណាស់។

សូមអាន បណ្ដាប្រទេសអាស៊ាន​នឹង​រង​ផលប៉ះ​ពាល់​ពី​ការ​ដំឡើង​អត្រា​ការ​ប្រាក់​របស់​សហរដ្ឋ​អាមេរិក​នៅក្នុង​ឆ្នាំ ២០២៣

នៅពាក់កណ្តាលឆ្នាំ ២០២១ បំណុលរដ្ឋាភិបាលអាមេរិក (US Treasury bill) រយៈពេល ៣ ខែ ទទួលបានទិន្នផលត្រឹមតែ ០,១% ប៉ុណ្ណោះ តែបច្ចុប្បន្នទិន្នផលនោះមានចំនួន ៤,២៣%។

ដោយសារការព្យាករមិនត្រឹមត្រូវបែបនេះ កាលពីពាក់កណ្តាលឆ្នាំ ២០២១ មានមនុស្សតិចតួចណាស់ដែលបានព្យាករអំពីការធ្លាក់ចូលទៅក្នុងឱនភាពសេដ្ឋកិច្ចនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ ប៉ុន្តែនៅពេលនេះ ក្រុមអ្នកវិភាគ Blue Chip ជិត ៩០% រំពឹងថា កំណើន GDP ពិតប្រាកដនៅឆ្នាំ ២០២៣ នឹងមានចំនួនតែ ១% ឬតិចជាងនោះ ហើយប្រមាណជា ៤០% នៃអ្នកវិភាគទាំងនោះរំពឹងថា កំណើន GDP នឹងធ្លាក់មកនៅត្រឹមកម្រិត ០ ឬអវិជ្ជមានតែម្តង។

ក្រោយទទួលបានវឌ្ឍនភាពច្រើននៅក្នុងអំឡុងពេលបិទខ្ទប់ ទីផ្សារហ៊ុនបានដាំក្បាលចុះហើយផ្សារហ៊ុនបច្ចេកវិទ្យាបានទទួលរងគ្រោះយ៉ាងខ្លាំង។

ការព្យាករផ្នែកនយោបាយមិនមានភាពប្រសើរខ្លាំងពេកនោះទេ។ មានមនុស្សតិចតួចណាស់ដែលបានព្យាករថា រដ្ឋាភិបាលស្តាំនិយមនឹងចូលមកកាន់អំណាចនៅក្នុងប្រទេស Suède និង Italie ឬ លោក Binyamin Netanyahu នឹងក្លាយជានាយករដ្ឋមន្ត្រី Israel ជាថ្មីម្តងទៀតនោះ។

អ្នកស្ទង់មតិភាគច្រើននៅសហរដ្ឋអាមេរិករំពឹងថា គណបក្សសាធារណរដ្ឋ នឹងទទួលបានជ័យជម្នះនៅក្នុងសភាសម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិនេះ។ ប៉ុន្តែគណបក្សនោះបានចាញ់អាសនៈនៅក្នុងព្រឹទ្ធសភា និងទទួលបានសម្លេងភាគច្រើនស្តួចស្តើងប៉ុណ្ណោះនៅក្នុងសភាជាន់ទាប ដោយសារតែបេក្ខជនដែលគាំទ្រដោយអតីតប្រធានាធិបតី Donald Trump មិនបានបំពេញការងារបានល្អ។

ទោះបីជាមានការព្យាករបែបអាក្រក់ទាំងអស់នេះនៅពេលថ្មីៗនេះក៏ពិតមែនក្តី តែអ្នកធ្វើគោលនយោបាយ, វិនិយោគិន, និងពលរដ្ឋនៅតែចាំបាច់ត្រូវមានផែនការសម្រាប់ថ្ងៃអនាគត ដែលតម្រូវឱ្យមានការបង្កើតចក្ខុវស័យជាមូលដ្ឋានផងដែរ។

ខណៈបញ្ហាកំពុងជាប់គាំង សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកកំពុងបញ្ជូនសញ្ញាច្របូកច្របល់ជាខ្លាំង ហើយទីផ្សារការងារនៅតែមានសភាពរស់រវើកគួរសម។ ជាមួយនឹងអត្រានិកម្មភាពចំនួន ៣,៧% និងអត្រាការងារទំនេរសម្រាប់អ្នកគ្មានការងារធ្វើចំនួន ១,៧% អាជីវកម្មទាំងឡាយកំពុងតែត្រដាបត្រដួសក្នុងការស្វែងរកបុគ្គលិកបម្រើការ។

ខណៈអត្រាការងារបានវិលទៅរកកម្រិតមុនការរាតត្បាតជំងឺឆ្លងវិញនោះ ការចូលរួមរបស់កម្លាំងពលកម្មនៅតែមានភាពយឺតយ៉ាវដែលគួរឱ្យព្រួយបារម្ភបំផុតក្នុងចំណោមមនុស្សប្រុសដែលស្ថិតក្នុងអាយុពេញកម្លាំង (២៥-៥៤ ឆ្នាំ)។

ដូចបានលើកឡើងអញ្ចឹងថា មាន «បុគ្គលិកដែលមិនចូលរួមនៅក្នុងកម្លាំងការងារ» ប្រមាណ ១ ទៅ ២ លាននាក់ ដែលនឹងត្រូវចូលរួមនៅក្នុងកម្លាំងពលកម្ម ប្រសិនបើមិនមានការបន្ទច់បង្អាក់ពីការរាតត្បាតជំងឺឆ្លងទេនោះ។ បុគ្គលិកចាស់ៗខ្លះដែលបានបាត់បង់ការងារ បានសម្រេចចិត្តឆាប់ចូលនិវត្តន៍ ខណៈអ្នកផ្សេងៗទៀតខ្លះមិនបានវិលត្រឡប់មកវិញទេ ដោយសារតែពួកគេនៅបន្តបារម្ភអំពីសុខភាព, ខ្វះការថែទាំសម្រាប់ក្មេងៗ, មិនមានការពង្រីកប្រាក់ឧបត្ថម្ភពីសំណាក់រដ្ឋាភិបាលសម្រាប់ជួយលើកទឹកចិត្តឱ្យពួកគេបន្តធ្វើការងារ និងបង្កើនការសន្សំប្រាក់ ឬមានការប្រែប្រួលនៃតុល្យភាពរវាងការងារនិងកំរឹតជីវភាពនៃការរស់នៅ។

ក្រៅពីអត្រាអតិផរណា និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ដែលនឹងនៅតែមិនប្រែប្រួលរហូតមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់សម្រាប់អត្រាគោលដៅចំនួន ២% នោះ កត្តាដ៏ធំបំផុតតែមួយគត់នៅក្នុងចក្ខុវិស័យឆ្នាំ ២០២៣ នោះគឺថា តើក្រុមហ៊ុនទាំងឡាយនឹងឆ្លើយតបបែបណាទៅនឹងការធ្លាក់ចុះនៃតម្រូវការ ហើយតើធុរកិច្ចទាំងឡាយនឹងប្រកាសនូវការកាត់បន្ថយបុគ្គលិកច្រើនដូចរាល់ដងឬទេ? ឬតើផលលំបាកក្នុងការស្វែងរកនិងរក្សាបុគ្គលិកដែលមានគុណវុឌ្ឍ អាចធ្វើឱ្យពួកគេកាត់បន្ថយប្រាក់ចំណេញរយៈពេលខ្លីដើម្បីរក្សាទុកបុគ្គលិកឱ្យនៅធ្វើការដដែលដែរទេ? បុគ្គលិកនៅក្នុងវិស័យបច្ចេកវិទ្យាជាច្រើនត្រូវបានបញ្ឈប់ពីការងាររួចហើយ ប៉ុន្តែករណីនោះគឺដោយសារតែក្រុមហ៊ុនទាំងនោះបានជ្រើសរើសបុគ្គលិកច្រើនហួសហេតុពេកនៅក្នុងឆ្នាំ ២០២០ និងឆ្នាំ ២០២១។

កត្តាអវិជ្ជមានធំបំផុតនោះគឺអត្រាអតិផរណាបានថយចុះជាសន្សឹមៗ ប៉ុន្តែវានៅតែចំនួនលើសពីចំនួនគោលដៅចំនួន ២% របស់ធនាគារកណ្តាល។ អ្វីដែលជាសំណួរបន្ទាប់មកទៀតនោះគឺតើស្ថិរភាពតម្លៃអាចត្រូវបានស្តារឡើងវិញបានឆាប់រហ័ស តាមរយៈកំណើនតម្រូវការយឺតជាងមុន, ការមានដំណោះស្រាយសម្រាប់បញ្ហាខ្សែច្រវាក់ផ្គត់ផ្គង់, និងគោលនយោបាយរូបិយវត្ថុកាន់តែតឹងរឹងនោះដែរឬទេ?

អ្វីដែលជាហានិភ័យដ៏ធំមួយនោះគឺថា ក្រុមហ៊ុនទាំងឡាយនឹងដំឡើងអត្រាប្រាក់ឈ្នួលដើម្បីទាក់ទាញ ឬរក្សានិយោជិតដែលនេះជាការចាប់ផ្តើមហក់ឡើងនៃតម្លៃប្រាក់ឈ្នួល។ កន្លងមក កំណើនប្រាក់ឈ្នួលបានស្ថិតនៅពីក្រោយកំណើនតម្លៃទំនិញ ដែលនេះជាមូលហេតុដែលអ្នកស្ទង់មតិជាច្រើនជឿថា សហរដ្ឋ អាមេរិកបានស្ថិតនៅក្នុងឱនភាពសេដ្ឋកិច្ចរួចទៅហើយ ប៉ុន្តែគ្មានការធានាថា ចរន្តនេះនឹងមានរយៈពេលយូរនោះទេ។

ទ្រឹស្តីរបស់ធនាគារកណ្តាលបានចែងថា ការរឹតបន្តឹងរូបិយវត្ថុនឹងត្រូវធ្វើឡើងនៅក្នុងរយៈពេលវែង ជារឿយៗអាចមានរយៈពេលពី ១២ ទៅ ១៨ ខែ ហើយអត្រាការប្រាក់តាមគោលដៅត្រូវតែកើនឡើងលើសពីអត្រាអតិផរណាតាមការរំពឹងទុកនៅថ្ងៃអនាគត សម្រាប់រយៈពេលមួយ។ អត្រាអតិផរណានៅឆ្នាំ ២០២៣ ត្រូវបានគេរំពឹងថានឹងស្ថិតនៅក្នុងរង្វង់ ៤% នេះបើយោងតាមការព្យាកររបស់ក្រុមអ្នកសង្កេតការ Blue Chip ហើយមានចំនួនត្រឹមតែ ៣% ប៉ុណ្ណោះ បើតាមការព្យាកររបស់ទីផ្សារសញ្ញាបណ្ណ និងជិត ៥% បើតាមការស្ទង់មតិស្តីពីអារម្មណ៍របស់ពលរដ្ឋ។

អ្នកសុទិដ្ឋិនិយមកំពុងរំពឹងទុកអំពីការដំឡើងអត្រាការប្រាក់បន្ថែមរបស់ធនាគារកណ្តាលក្នុងកម្រិតមធ្យម ពោលគឺពីកម្រិត ៤,២៥% – ៤,៥%។ ធនាគារកណ្តាលអាមេរិកបានប្រមើលមើលអំពីការកើនឡើងដល់កម្រិតខ្ពស់បំផុតចំនួន ៥,១%។

ក្តីសង្ឃឹមសម្រាប់ភាពធូរស្រាលខ្លះនៅចុងឆ្នាំនេះ បានបាត់បង់ទៅវិញក្រោយប្រធានធនាគារកណ្តាល លោក Jerome Powell បានលើកឡើងថា ការកាត់បន្ថយអត្រាការប្រាក់ឱ្យវិលទៅកាន់ចំនួន ៥,១% វិញ នោះនឹងមិនកើតមាននោះទេ រហូតដល់ឆ្នាំ ២០២៤។ ហើយសូម្បីតែនៅឆ្នាំ ២០២៤ ក៏ដោយ ក៏គេនឹងពិបាកក្នុងសម្រេចឱ្យបាននូវកម្រិត ២% របស់ធនាគារកណ្តាលផងដែរ។

ការថមថយកំណើនសេដ្ឋកិច្ចក្នុងកម្រិតមធ្យម ដោយមានការបាត់បង់ការងារតិចតួចនោះ គឺពិតជាកម្រកើតមានណាស់នៅក្នុងប្រវត្តិសាស្ត្រ។

ចក្ខុវិស័យមិនសូវល្អរបស់ប្រទេសជាច្រើនផ្សេងទៀតនោះ នឹងបន្ថែមផលលំបាកបន្ថែមទៀតដល់ការគ្រប់គ្រងការថមថយសេដ្ឋកិច្ចនៅក្នុងកម្រិតមធ្យម។ នៅក្នុងបរិការណ៍នៃកំណើនសេដ្ឋកិច្ចផុយស្រួយ ឬការធ្លាក់ចុះទៅក្នុងឱនភាពសេដ្ឋកិច្ចទាំងស្រុង ដោយរាប់ចាប់តាំងពីប្រទេសចិននិងទ្វីបអឺរ៉ុបរហូតដល់បណ្តាប្រទេសកំពុងអភិវឌ្ឍនៅទ្វីបអាមេរិកខាងត្បូង, អាស៊ី, និងអាហ្វ្រិកនោះ ការបន្តឡើងថ្លៃប្រាក់ដុល្លារ គឺជាដំណឹងដ៏អាក្រក់សម្រាប់ការនាំចេញទំនិញរបស់អាមេរិក។

នៅពេលសភាថ្មីចាប់ផ្តើមនីតិកាលនៅថ្ងៃទី៣ ខែមករា ខាងមុខ គណបក្សសាធារណៈរដ្ឋទំនងជានឹងអាចធ្វើការរាំងខ្ទប់ចំពោះការផ្តួចផ្តើមគំនិតភាគច្រើនរបស់ប្រធានាធិបតី Joe Biden ជាពិសេសគឺរឿងដែលពាក់ព័ន្ធនឹងការចំណាយដើម្បីដកសម្ពាធសារពើពន្ធចេញពីការ ប្រយុទ្ធប្រឆាំងអត្រាអតិផរណារបស់ធនាគារកណ្តាល។ ពួកគេនឹងខិតខំប្រឹងប្រែងកាន់តែខ្លាំងដើម្បីដាក់កម្រិតលើការអនុម័តបញ្ញត្តិកម្មថ្មីៗ និងបង្កើនការត្រួតពិនិត្យទៅលើស្ថាប័ននីតិប្រតិបត្តិ។

ក្រុមតំណាងរាស្ត្ររបស់គណបក្សសាធារណរដ្ឋនឹងអនុម័តរបៀបវារៈក្នុងស្រុកនិងសារពើពន្ធដែលមានលក្ខណៈអភិរក្សតាមរបៀបរបស់ពួកគេ និងព្យាយាមជម្រុញឱ្យព្រឹទ្ធសភាអនុម័តសេចក្តីព្រៀងច្បាប់ ដែលនឹងប៉ះពាល់ដល់ជំហររបស់គណបក្សប្រជាធិបតេយ្យ លើបញ្ហាមួយចំនួនដូចជាបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់, បទល្មើសនានា, ការចំណាយ, និងបញ្ហាស្រដៀងគ្នានេះផ្សេងៗទៀត។

សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាធិបតេយ្យ និងលោក Biden នឹងមិនអើពើចំពោះសំណើរទាំងនោះ ហើយបញ្ញត្តិកម្មធំៗទាំងអស់ទំនងជានឹងត្រូវជាប់គាំង។ នៅទីបំផុត ករណីខាងលើនេះអាចជារឿងល្អមួយ ដោយសារកំណត់ត្រានីតិបញ្ញត្តិដ៏គួរឱ្យសង្ស័យរបស់សភានៅពេលបច្ចុប្បន្នកំពុងតែបង្ហាញថា វាត្រូវចំណាយអស់ច្រើ តែទទួលបានអត្ថប្រយោជន៍ត្រលប់មកវិញតិចតួចប៉ុណ្ណោះ៕

Project Syndicate