ខ្មែរប៉ុស្ដិ៍ Close

សក្តានុពលនៃសន្តិសុខគ្រប់ជ្រុងជ្រោយថ្នាក់តំបន់នៅអាស៊ីបូព៌ា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៦ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 142
សក្តានុពលនៃសន្តិសុខគ្រប់ជ្រុងជ្រោយថ្នាក់តំបន់នៅអាស៊ីបូព៌ា សក្តានុពលនៃសន្តិសុខគ្រប់ជ្រុងជ្រោយថ្នាក់តំបន់នៅអាស៊ីបូព៌ា

ផែនការសេដ្ឋកិច្ចនៅតំបន់អាស៊ីបូព៌ា និងនៅទូទាំងតំបន់ប៉ាស៊ីហ្វិកមានភាពសម្បូរបែប និងស៊ីសង្វាក់គ្នា និងត្រូវបានបង្កើតឡើងអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ទម្លាប់នៃកិច្ចសហប្រតិបត្តិការ និងការកសាងភាពមូលមតិគ្នាបានចាក់ឬសយ៉ាងរឹងមាំនៅទូទាំងតំបន់។ ក៏ប៉ុន្តែនៅពេលនេះ វាបាននិងកំពុងជួបប្រទះនឹងបញ្ហាប្រឈមដែលកើតចេញពីការមិនទុកចិត្តគ្នាផ្នែកភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងចិន។

ចំណុចស្នូលនៃផែនការតំបន់គឺ «អាស៊ាន»។ រដ្ឋាភិបាលអូស្ត្រាលីថ្មីបានផ្តោតសារជាថ្មីលើចំណុចប្រសព្វនៃផលប្រយោជន៍របស់ខ្លួនជាមួយផលប្រយោជន៍របស់អាស៊ានដែលដូចគ្នាទៅនឹងដៃគូសន្ទនាថ្នាក់តំបន់ផ្សេងទៀតដែរ។ ប៉ុន្តែចក្ខុវិស័យរបស់អាស៊ានស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (ASEAN Outlook on the Indo-Pacific), កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចផ្តួចផ្តើមគំនិតផ្សេងៗទៀតរបស់តំបន់អាស៊ីអាគ្នេយ៍ មិនទាន់ត្រូវបានធ្វើសមហរណកម្មតាមរបៀបមួយដែលអាចជួយគ្រប់គ្រងការប្រេះស៊ាំកាន់តែរីកធំនៅក្នុងឆាកនយោបាយ និងអភិបាលកិច្ចសេដ្ឋកិច្ចសកលនៅឡើយនោះទេ។

នៅក្នុងពិភពលោកដែលយើងកំពុងរស់នៅ ប្រទេសមហាអំណាចកំពុងប្រើប្រាស់ទណ្ឌកម្មពាណិជ្ជកម្មដែលមានចរិតនយោបាយ បូករួមនឹងការឧបត្ថម្ភធនឧស្សាហកម្មដែលបាននាំមកនូវការបិទច្រក និងបង្វែរទិសពាណិជ្ជកម្មនៅក្នុងទីផ្សារអន្តរជាតិ។ ប្រព័ន្ធពហុភាគីនិយមដែលផ្អែកលើវិធានច្បាប់ដែលជាកត្តានាំមកនូវភាពជោគជ័យចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី នៅមិនទាន់មានភាពរស់វើកគ្រប់គ្រាន់ ដើម្បីជួយទប់ស្កាត់ការមិនអើពើចំពោះច្បាប់ និងបទដ្ឋានអន្តរជាតិពីសំណាក់ប្រទេសធំៗបាននៅឡើយទេ។

ឧទាហរណ៍ជាក់ស្តែងបំផុតគឺសហរដ្ឋអាមេរិក និងចិន។ សហរដ្ឋអាមេរិកលែងមានលទ្ធភាព ឬមិនចង់ដើរតួនាទីជាអ្នកធានាចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដូចដែលខ្លួនធ្លាប់បានធ្វើកាលពីអតីតកាលទៀតហើយ។ សហរដ្ឋអាមេរិកបានងាកទៅប្រើប្រាស់ការឧបត្ថម្ភធនឧស្សាហកម្មនៅក្នុងច្បាប់ «CHIPS and Science» របស់ខ្លួន និងបានដាក់សម្ពាធលើប្រទេសជប៉ុន។

សូមអាន ការហាមឃាត់របស់សហរដ្ឋអាមេរិកលើការនាំចេញបន្ទះឈីបបានបង្កផលប៉ះពាល់ដល់ដំណើរការអភិវឌ្ឍបច្ចេកវិទ្យា AI របស់ចិន

កាន់តែអាក្រក់ថែមទៀតនោះគឺ «ការបង្កើនទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសចិន និងការចាប់ជាចំណាប់ខ្មាំងនូវយន្តការអនុវត្តច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោកដែលត្រូវបានប្រព្រឹត្តិឡើងដោសហរដ្ឋអាមេរិក»។ បញ្ហាទាំងនេះបាននាំមកនូវភាពមិនប្រាកដប្រជាខ្លាំងគួរសមនៅលើឆាកអន្តរជាតិ។ ការគាបសង្កត់របស់ចិនលើសេដ្ឋកិច្ចបានធ្វើឱ្យប្រទេសនេះបន្តរងនូវការប៉ះទង្គិចគ្នាជាមួយអាមេរិក និងបណ្តាសម្ព័ន្ធមិត្ត។

ការធ្វើសមាហរណកម្មពាណិជ្ជកម្មរបស់ចិនជាមួយដៃគូក្នុងតំបន់ត្រូវបានរដ្ឋាភិបាល និងអ្នកអត្ថាធិប្បាយមួយចំនួនចាត់ទុកជា «ភាពងាយរងគ្រោះ» ក៏ប៉ុន្តែ ទីផ្សារដែលមានលក្ខណៈបើកចំហ និងប្រកួតប្រជែង បានជួយទប់ស្កាត់ផលប៉ះពាល់ដែលចេញពីការធ្វើអន្តរាគមន៍នៅក្នុងទីផ្សារក្នុងគោលបំណងបម្រើឱ្យផលប្រយោជន៍នយោបាយឬសេដ្ឋកិច្ច។

វិធានច្បាប់ពហុភាគីអាចជួបទប់ស្កាត់ការប្រើប្រាស់អំណាចសេដ្ឋកិច្ចខុសទំនង និងអាចជួយទប់ស្កាត់ការខាតបង់ដែលចេញពីការធ្វើអន្តរាគមន៍ទាំងនេះ។ អាទិភាពចម្បងគេគឺ «ការខិតខំស្វែងរកវិធីដើម្បីពង្រឹងវិធានច្បាប់នេះ» ហើយដើម្បីអាចសម្រេចកិច្ចការនេះបាន ភាពជាអ្នកដឹកនាំត្រូវតែកើតចេញពីតំបន់អាស៊ីបូព៌ាដែលជាចំណុចប្រសព្វនៃភូមិសាស្ត្រនយោបាយ, សេដ្ឋកិច្ចនិងសន្តិសុខសកល។

អាទិភាពសន្តិសុខតំបន់ដំបូងគេគឺ «ការធានាថា : សហរដ្ឋអាមេរិកនៅ តែមានការប្តេជ្ញាចិត្តចំពោះតំបន់ប៉ាស៊ីហ្វិកខាងលិច ដើម្បីជួយទប់ស្កាត់ ភាពឈ្លានពានរបស់ចិន»។ ក៏ប៉ុន្តែ យុទ្ធសាស្ត្របែបចាញ់-ឈ្នះដាច់ខាត លើការទប់ស្កាត់គ្នា ឬការផ្តាច់ទំនាក់ទំនង នៅទីបំផុតនឹងធ្វើឱ្យពិភពលោកស្ថិតនៅក្នុងស្ថានភាពកាន់តែអន់ខ្សោយ និងអស្ថិរភាព។

ក្របខណ្ឌសម្ព័ន្ធភាពរបស់សហរដ្ឋអាមេរិកនៅតែជាមូលដ្ឋានគ្រឹះនៃសន្តិសុខនិងស្ថិរភាពរបស់ប្រទេសអូស្ត្រាលី, ជប៉ុន និងនៅក្នុងតំបន់។ សម្ព័ន្ធភាពរបស់សហរដ្ឋអាមេរិកជាមួយអូស្ត្រាលី, ជប៉ុន, សិង្ហបុរី និងកូរ៉េខាងត្បូង, មូលដ្ឋានទ័ពរបស់អាមេរិកនៅជប៉ុន, មូលដ្ឋានទ័ពរួមគ្នានៅអូស្ត្រាលី បូករួមនឹងកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី AUKUS បានធ្វើឱ្យសហរដ្ឋអាមេរិកអាចបន្តចូលរួមនៅក្នុងការការពារតំបន់ប៉ាស៊ីហ្វិកខាងលិច។

ក្របខណ្ឌសន្តិសុខដ៏ទូលំទូលាយថ្នាក់តំបន់ត្រូវផ្តោតលើការពឹងពាក់អាស្រ័យគ្នាផ្នែកសេដ្ឋកិច្ច, គោលនយោបាយពហុភាគីនិងទីផ្សារប្រកួតប្រជែង។ ក្របខណ្ឌបែបនេះក៏ចាំបាច់ត្រូវផ្តោតផងដែរលើកិច្ចសហប្រតិបត្តិការសន្តិសុខ និងការស្វែងរកដំណោះស្រាយដោយសន្តិវិធីលើភាពខុសគ្នាផ្នែកនយោបាយ ដើម្បីជួយឱ្យគ្រប់គ្នាអាចឆ្លងផុតពីការរក្សាតុល្យភាពអំណាចបែបចាញ់-ឈ្នះដាច់ខាត និងដើម្បីឈានឆ្ពោះទៅរកពិភពលោកពហុប៉ូល ដែលមានរួមបញ្ចូលនូវការចូលរួមជាមួយគ្នាក្នុងលក្ខណៈវិជ្ជមាន។

គ្មានប្រទេសណាមួយ បើទោះបីជាមានទំហំធំកម្រិតណាក៏ដោយ នឹងអាចគ្រប់គ្រងលើតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឬលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកបានឡើយ ហើយគោលការណ៍ពហុភាគីនឹងជួយកំណត់នូវលក្ខខណ្ឌស្តីពីការចូលរួមធ្វើការជាមួយគ្នាដែលអាចទប់ស្កាត់ការអនុវត្តអំណាចនយោបាយខុសទំនង។

សន្ធិសញ្ញាមេត្រីភាពនិងកិច្ចសហប្រតិបត្តិការឆ្នាំ ១៩៧៦ (Treaty of Amity and Cooperation-TAC) នៅតំបន់អាស៊ីអាគ្នេយ៍ដែលត្រូវបានចុះហត្ថលេខានៅឯកិច្ចប្រជុំកំពូលអាស៊ានដំបូងគេ បានផ្តល់ជាគម្រូមួយសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងឡាយដែលស្ថិតនៅខាងក្រៅអាស៊ានក៏ដូចជាបណ្តាដៃគូសន្ទនារបស់ពួកគេ ដែលបានចុះហត្ថលេខាលើគោលការណ៍ទាំងនេះ ដែលរួមមានអូស្ត្រាលី, ចិន, ឥណ្ឌា, ជប៉ុន, កូរ៉េខាងត្បូង, នូវែលសេឡង់ និងសហរដ្ឋអាមេរិក។

សន្ធិសញ្ញាមេត្រីភាពនិងកិច្ចសហប្រតិបត្តិការអាស៊ានរួមមាន គោលការណ៍ស្តីពីការគោរពគ្នាទៅវិញទៅមកចំពោះឯករាជ្យភាព, អធិបតេយ្យ, សមភាព, បូរណភាពទឹកដី និងអត្តសញ្ញាជាតិនៃប្រជាជាតិទាំងអស់, សិទ្ធិរបស់រដ្ឋទាំងអស់ក្នុងការដឹកនាំប្រទេសជាតិរបស់ខ្លួនបានដោយគ្មានការជ្រៀតជ្រែកពីខាងក្រៅ, ការធ្វើវិទ្ធង្សនា, ឬការបង្ខិតបង្ខំ, ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក, ការដោះស្រាយការខ្វែងគំនិតគ្នា ឬជម្លោះដោយសន្តិវិធី, ការបោះបង់ចោលនូវការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង បូករួមនឹងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៅក្នុងចំណោមប្រទេសទាំងអស់។

ក្របខណ្ឌសន្តិសុខគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ដែលប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តចំពោះវិធានច្បាប់ សេដ្ឋកិច្ចពហុភាគី និងដែលប្រកាន់ខ្ជាប់ទៅនឹងគោលការណ៍របស់សន្ធិសញ្ញាមេត្រីភាព និងកិច្ចសហប្រតិបត្តិការ អាស៊ាននឹងអាចផ្តល់នូវការធានាបាននូវតំបន់មួយដែលមានលក្ខណៈសេរី, បើកចំហ, បរិយាប័ន្ន, វិបុលភាព និងស្ថិរភាពនយោបាយ។

វានឹងបង្កើតបាននូវចក្ខុវិស័យមួយសម្រាប់តំបន់ដែលដៃគូសន្ទនាអាស៊ាននឹងកំណត់អនាគតរបស់ពួកគេតាមរយៈការភ្ជាប់គោលការណ៍សំខាន់ៗទៅនឹងវិបុលភាព និងសន្តិសុខរបស់ពួកយើង។ ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនបាននាំមកនូវភាពមិនប្រាកដប្រជាកាន់តែខ្លាំងចំពោះសណ្តាប់ធ្នាប់សកល។

នៅពេលនេះ សន្តិសុខថាមពលត្រូវការការដោះស្រាយរួមជាមួយនឹងអន្តរកាលថាមពលឆ្ពោះទៅរកការកាត់បន្ថយការបំភាយឱ្យនៅត្រឹមសូន្យ។ កិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីនឹងជួយសម្រួលដល់កិច្ចការទាំងពីរនេះ។ ការរាតត្បាតនៃវីរុសកូវីដ-១៩ បានក្រើនរំឮកពួកយើងទាំងអស់គ្នាថា «គ្មានប្រទេសណាមួយអាចរួចផុតពីបញ្ហាសកលបានឡើយ»។

ការផ្លាស់ប្តូរទៅរកសណ្តាប់ធ្នាប់តំបន់ដែលមានស្ថិរភាព និងមានលក្ខណៈពហុប៉ូល នឹងតម្រូវឱ្យមានការប្តេជ្ញាចិត្តខ្ពស់ចំពោះសន្តិសុខដែលមានរួមបញ្ចូលទាំងកម្មវត្ថុសន្តិសុខជាតិ, សេដ្ឋកិច្ច និងចីរភាពបរិស្ថាន។ គោលគំនិតសន្តិសុខកាន់តែទូលាយក៏មានភាព ចាំបាច់ផងដែរនៅក្នុងពិភពលោកមួយដែលពោរពេញទៅដោយការពឹងពាក់អាស្រ័យគ្នាទៅវិញទៅមក។

ការបន្តបង្កើត និងពង្រឹងពហុភាគីភាវូបនីយកម្មតំបន់នៃសន្ធិសញ្ញាមេត្រីភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន នឹងជួយពង្រឹងទម្លាប់នៃកិច្ចសហប្រតិបត្តិការ, ការគោរពគ្នាទៅវិញទៅមក, ការប្រតិបត្តិដោយ ស្មើភាពគ្នានិងចីរភាព។ គោលការណ៍នៃសន្ធិសញ្ញាមេត្រីភាព និងកិច្ចសហប្រតិបត្តិការអាស៊ានគឺជាស្នូលនៃការចូលរួមផ្នែកសេដ្ឋកិច្ច, នយោបាយ, យុទ្ធសាស្ត្រ និងសន្តិសុខគ្រប់ជ្រុងជ្រោយនៅក្នុងតំបន់។

ដំណើរឆ្ពោះទៅសម្រេចបាននូវសន្ធិសញ្ញាមេត្រីភាព និងកិច្ចសហប្រតិបត្តិការអាស៊ានដែលមានលក្ខណៈពហុភាគីភាវូបនីយកម្មនឹងផ្តល់នូវចក្ខុវិស័យរួមសម្រាប់កិច្ចសហប្រតិបត្តិការថ្នាក់តំបន់ដែលមានរួមបញ្ចូលនូវទំនុកចិត្ត, ការកសាងភាពជឿជាក់ និងការកសាងស្ថាប័ននៅក្នុងរបៀបវារៈសន្តិសុខតំបន់គ្រប់ជ្រុងជ្រោយ។

សន្ធិសញ្ញាមេត្រីភាពនិងកិច្ចសហប្រតិបត្តិការ ដែលមានលក្ខណៈពហុភាគីភាវូបនីយកម្មនឹងក្លាយជាគំនិតផ្តួចផ្តើមភូមិសាស្ត្រនយោបាយដ៏ធំមួយនៅក្នុងតំបន់អាស៊ីដែលនឹងមានលក្ខណៈដូចគ្នាទៅនឹងការចុះហត្ថលេខាលើធម្មនុញ្ញអាត្លង់ទិក Atlantic Charter នៅឆ្នាំ ១៩៤១៕

East Asia Forum

អត្ថបទទាក់ទង