ខ្មែរប៉ុស្ដិ៍ Close

អត្រាអតិផរណានៅកម្ពុជាបានធ្លាក់ចុះមកត្រឹម ៤.៩% ពី ៧.៤% នៅត្រីមាសទី៣ ឆ្នាំ២០២២

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានទូទៅ 38
អត្រាអតិផរណានៅកម្ពុជាបានធ្លាក់ចុះមកត្រឹម ៤.៩% ពី ៧.៤% នៅត្រីមាសទី៣ ឆ្នាំ២០២២ អត្រាអតិផរណានៅកម្ពុជាបានធ្លាក់ចុះមកត្រឹម ៤.៩% ពី ៧.៤% នៅត្រីមាសទី៣ ឆ្នាំ២០២២

អតិផរណាមធ្យមប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ បានធ្លាក់ចុះមកអត្រា ៤.៩% ​វិញ បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២២ ​ដែលមានអត្រា ៧.៤% ។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុប្រចាំត្រីមាសទី៣ ឆ្នាំ២០២២។

ព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុប្រចាំត្រីមាសទី៣ ដែលបានចេញផ្សាយ ដោយក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះបានបង្ហាញថា ​សន្ទស្សន៍ថ្លៃសាច់ជ្រូក ក្នុងត្រីមាសនេះ​ស្ថិតក្នុងអត្រា ៥.៥% , ត្រី ៤.៥% , ប្រេងម៉ាស៊ូត ៣៨.៥% ប្រេងសាំងធម្មតា ១៣.៦% និងឧស្ម័ន ១៦.៧%។ ទន្ទឹមគ្នានេះ អត្រាប្តូរប្រាក់ជាមធ្យមគឺស្ថិតក្នុងរង្វង់ ៤ ០៩៥.២រៀល ក្នុងមួយដុល្លារអាមេរិក ពោលគឺបានកើនឡើង ០.៥%។

ចំណែកថ្លៃទំនិញសំខាន់ៗ នៅលើទីផ្សារអន្តរជាតិនៅត្រីមាសទី៣ ឆ្នាំ២០២២ ​ប្រេងឆៅគិតជាមធ្យមមានតម្លៃ ៩៦.៦ដុល្លារអាមេរិកក្នុងមួយធុង បានកើនឡើង ៣៤.៦%, អង្ករមានតម្លៃ ៤២៩.៣ដុល្លារក្នុងមួយតោន កើនឡើង៥.៨% ខណៈដែលមាសមានតម្លៃ ១ ៨៩៣.៧ដុល្លារក្នុងមួយអោន បានធ្លាក់ចុះ៣.៥% និងកៅស៊ូ តម្លៃ ១ ៤៤៧ដុល្លារក្នុងមួយតោន ធ្លាក់ចុះ១២.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តាមក្រសួងសេដ្ឋកិច្ច អត្រាអតិផរណា​ក្នុងត្រីមាសទី៣ធ្លាក់ចុះនេះ ​​ស្របពេលស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក្នុងត្រីមាសទី៣ ឆ្នាំ​នេះ បាននិងកំពុងងើបឡើងវិញ តាមរយៈការកើនឡើងនៃភ្ញៀវទេសចរអន្តរជាតិ, គម្រោងសាងសង់, គម្រោងវិនិយោគលើវិស័យឧស្សាហកម្ម និងសេវាកម្ម និងការកើនឡើងនូវផលិតកម្មក្នុងស្រុក ស្របពេលដែលការនាំចេញបន្តមានកំណើនល្អ លើផលិតផលកាត់ដេរ និងផលិតផលមិនមែនកាត់ដេរដូចជាកង់, ខ្សែភ្លើង និងបង្គុំខ្សែភ្លើង, គ្រឿងបង្គុំរថយន្ត និងផលិតផលផ្សេងៗមួយចំនួនទៀត។

តែយ៉ាងណាបើធៀបនឹងត្រីមាសទី៣ ដូចគ្នា កាលពីឆ្នាំ២០២១ អត្រាអតិផរណា​ឆ្នាំ២០២២នេះ កើនឡើងបន្តិច ដោយត្រីមាសទី៣ ឆ្នាំ២០២១ អតិផរណាស្ថិតក្នុងអត្រា ៣.២%​៕

Fresh News

អត្ថបទទាក់ទង